jump to navigation

ជ្រុង​មួយ​នៃ​ក្រុង​ភ្នំពេញ ខែ កក្កដា 17, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
12 comments

មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា​អ្នក​សុំ​ទាន​នៅ​ក្រុង​របស់​យើង​មាន​ចំនួន​កើន​ឡើង​ជា​ច្រើន និង​មាន​រូបភាព​ផ្លាស់​ប្ដូរ​មក​ជា​កុមារ​ៗ​តូច​ៗ​មក​តាម​សុំ​ទាន​អ្នក​ដំណើរ​នៅ​តាម​ភ្លើង​ស្តុប​នានា​នៅ​ដង​វិថី​​ទីក្រុង។

វា​មើល​ទៅ​គួរ​ឲ្យ​អានិត​ណាស់ តែ​មិន​ដឹង​ជា​ធ្វើ​ដូច​ម្ដេច ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​សាលា​រាជធានី មិន​មាន​ចាត់​សកម្មភាព​ប្រមូល​កុមារ​ៗ​ទាំង​នោះ​ទៅ​អប់​រំ ឬ​ចូល​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ ឬ​យ៉ាង​ណា​ទេ។

ការ​បណ្ដោយ​ឲ្យ​កុមារ​នាំ​គ្នា​មក​ធ្វើ​ដូច​នេះ វា​ហាក់​ដូច​ជា​មិន​ល្អ​មើល មិន​បាច់​និយាយ​ដល់​សិទ្ធិ​កុមារ​ទេ។ មិន​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​សង្គម​យើង​បាត់​បង់​ភាព​ថ្លៃ​ថ្នូរ​សម្បើម​ណាស់។ ពួក​កុមារ​ៗ​អស់​ទាំង​នោះ នឹង​បាន​ជំរុញ​ឲ្យ​មិត្រ​ភ័ក្ដិ​របស់​ពួក​គេ​មក​សុំ​របៀប​នេះ​ជា​បន្ត​បន្ទាប់ គ្មាន​ថ្ងៃ​ឈប់​ឡើយ។ ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពួក​គាត់​អាច​នឹង​បណ្ដោយ​ខ្លួន​ចំពោះ​គ្រោះ​ថ្នាក់​សម្បើម​ណាស់ ព្រោះ​ពេល​ខ្លះ ពួក​គាត់​នាំ​គ្នា​អង្គុយ​លើ​របាំង​ចែក​ថ្នល់ ដើម្បី​រង់​ចាំ​សុំ​ទាន​តែ​ម្ដង។

រូប​ភាព​ខាង​ក្រោម​នេះ គឺ​ក្មេង​ប្រុស​ម្នាក់​កំពុង​បី​ទារក​តូច​មួយ​ដើម្បី​ដើរ​សុំ​ទាន។ ការ​ធ្វើ​ដូច​នេះ គឺ​ប្រហែល​ជា​ដើម្បី​ឲ្យ​អ្នក​ដំណើរ​ទន់​ចិត្ត​អានិត ផ្ដល់​ប្រាក់​ឲ្យ​គាត់។ នេះ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ទៀត​ដែល​អ្នក​សុំ​ទាន​តែង​តែ​ធ្វើ។

ខ្ញុំ​សង្កេត​ឃើញ​មាន​សណ្ឋាន​បែប​នេះ​ច្រើន​ណាស់​នៅ​តាម​ដង​វិថី​នា​ទីក្រុង​របស់​យើង។ សង្ឃឹម​ថា​ថ្ងៃ​អាជ្ញាធរ​របស់​យើង​នឹង​បាន​ឃើញ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ។ ដោះ​ស្រាយ​ពួក​គាត់​កុំ​ឲ្យ​ធ្វើ​របៀប​នេះ ព្រោះ​នេះ​មិន​មែន​ជា​ការ​ចិញ្ចឹម​ជីវិត​បែប​ឋិតឋេរ​ទេ៕


រូប​នេះ​ខ្ញុំ​ថត​នៅ​ឯ​ភ្លើង​ស្តុប​ពេទ្យ​ចិន កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០០៩

________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ភាព​គ្មាន​សណ្ដាប់​ធ្នាប់​នៃ​ចំណត​រថយន្ត​កណ្ដាល​ក្រុង​ភ្នំពេញ