jump to navigation

រឿង​ចៃដន្យ ខែ កក្កដា 18, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
5 comments

វា​អាច​ថា​ជា​រឿង​ចៃដន្យ​ក៏​ថា​បាន​សម្រាប់​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​បាន​សង្កេត​ គឺ​វា​កើត​ឡើង​ផ្ទួន​ៗ​ចំពោះ​ខ្ញុំ​​ទាក់​ទង​នឹង​លេខ។

ម្សិល​មិញ​នេះ (១៧ កក្កដា ២០០៩) បន្ទាប់​ពី​ចេញ​ពី​រៀន ខ្ញុំ​ក៏​បាន​ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ឯ​ហាង​ចិន​មួយ​ក្បែរ​សាលា ដ្បិត​​មាន​អារម្មណ៍​ថា​ហាក់​ចង់​ញ៉ាំ​អាហារ​ចិន។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ទី​នេះ គឺ​ថា បន្ទាប់​​ពី​ញ៉ាំ​អាហារ​រួច​ហើយ ហៅ​គេ​មក​គិត​លុយ គឺ​វិក្ក័យប័ត្រ​ដែល​ចេញ​មក​នោះ គឺ​អស់ 222 បាត​គត់ គ្មាន​កន្ទុយ​ឡើយ។ ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា ប្រហែល​ជា​ចៃដន្យ​ហើយ។ ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍​អី​ទេ នរណា​ៗ​ក៏​ជួប​​អញ្ចឹង​ដែរ។

ចេញ​ពី​កន្លែង​ញ៉ាំ​បាយ ខ្ញុំ​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្សារ​មួយ​ឈ្មោះ ប៊ីក​ស៊ី ដើម្បី​ទិញ​របស់​របរ​ប្រើ​ប្រាស់ និង​សម្រាប់​ញ៉ាំ​មួយ​ចំនួន ព្រោះ​ស្អែក​ថ្ងៃ​សៅរ៍​អាទិត្យ​ផង។

បន្ទាប់​ពី​ដើរ​ទិញ​ទំនិញ​ប្រមាណ​ជាង​១​ម៉ោង​ក្រោយ​មក បាន​របស់​របរ​មួយ​ចំនួន​ច្រើន​គួរ​សម ហើយ​ក៏​ទៅ​គិត​លុយ ដើម្បី​មក​ផ្ទះ​វិញ។ អ្វី​ដែល​ចៃដន្យ​មួយ​ទៀត​ក្នុង​ថ្ងៃ​តែ​មួយ​នេះ គឺ​ចំនួន​ទឹក​ប្រាក់​ដែល​ខ្ញុំ​ទិញ​ថ្ងៃ​នេះ​គឺ​អស់ 666 បាត​គត់ គ្មាន​កន្ទុយ​ទៀត បើ​ទោះ​ជា​ប្រភេទ​របស់​ខ្លះ​មាន​ទាំង​២៥ កាក់ ៥០​កាក់​ក៏​ដោយ។ វា​ជា​រឿង​ចៃដន្យ​ពេក​ណាស់។

តែ​អ្វី​មួយ​ដែល​ខ្ញុំ​បាន​សង្កេត​ចំពោះ​ខ្លួន​ឯង​ទាក់​ទង​នឹង​លេខ​នេះ គឺ​ថា រាល់​ពេល​ដែល​ខ្ញុំ​មើល​ម៉ោង​ម្ដង​ៗ មិន​ដឹង​ថា​ជា​ចៃដន្យ​ឬ​យ៉ាង​ណា គឺ​រាល់​លេខ​​ម៉ោង​ដែល​ខ្ញុំ​​បាន​ឃើញ​គឺ​មាន​សភាព​ល្អ​ណាស់ ដូច​ជា៖ 11:11, 12:34, 00:00, 07:08… ជា​ដើម ។ល។

ទាំង​នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​ខ្ញុំ​សង្កេត​ខ្លួន​ឯង​ទេ។ វា​មិន​បាន​ក្លាយ​ជា​ប្រផ្នូល​អ្វី​ផង​ដែរ​ទេ ដ្បិត​ខ្ញុំ​មិន​ដែល​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​ជា​ការ​កាត់​ឆ្នោត​អ្វី​ដែរ ព្រោះ​ខ្ញុំ​មិន​ចេះ​លេង​ឆ្នោត​ផង។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​វា​ជា​រឿង​ចៃដន្យ ដែល​នាំ​មក​នូវ​ភាព​រីករាយ​មួយ​សម្រាប់​ខ្ញុំ​តែ​ប៉ុណ្ណេះ​ឯង អេវំ