ម៉ែឪខ្ញុំ (ស៊ីសិន២) ខែ កក្កដា 24, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.11 comments
លោកអ្នកដែលបានតាមដានប្លក់ខ្ញុំ ប្រហែលជាបានអានហើយប្រកាសអំពី «ម៉ែឪខ្ញុំ» ដែលខ្ញុំបានដាក់តាំងពីជាងមួយខែមុនមកម្ល៉េះ។ ថ្ងៃនេះ ខ្ញុំសូមបន្តរឿងនេះទៀតចុះ បន្ទាប់ពីរឿងរ៉ាវបញ្ហាគ្រួសារខ្ញុំវិវត្តន៍ទៅមុខទៀតហើយពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំមិនចង់និយាយទេ និយាយទៅវាដូចជាហែកកេរ្ដិ៍គ្រួសារឯងឲ្យគេដឹង តែបើមិននិយាយវាមិនកើត វាតឹងទ្រូងពេក បាននិយាយចេញមកក្រៅទៅវាធូរទ្រូងខ្លះ។
ដូចដែលខ្ញុំបានទាយទុកមុនហើយកាលពីលើកមុននោះ គឺថាទាំងតាទាំងយាយខ្ញុំគ្មានអ្នកណាអាចជួយខ្ញុំបានទេ ផ្ទុយទាំងវិញ ទាំងតាទាំងយាយបាននាំគ្នាលើកដៃព្រមៗ ឲ្យម៉ែឪខ្ញុំចាត់ការខ្ញុំតាមអំពើចិត្តទៀតផង។
ដូចលោកអ្នកបានដឹងកាលពីប្រកាសលើកមុនហើយ អំពីអំណាចតេជះនៃបងប្រុសខ្ញុំ ដែលគាត់មានឫទ្ធិបារមីខ្លាំងក្លាឥតមានគ្រូបាអាចារ្យណាប្រដៅបងខ្ញុំបានឡើយ។ អំណាចជេស្ដារបស់បងប្រុសខ្ញុំ បានធ្វើឲ្យជំនិតដែលធ្លាប់ជួយការពារខ្ញុំនោះ ក៏លែងហ៊ានការពារខ្ញុំទៅទៀតហើយ។ ចុះឡើងៗជំនិតខ្ញុំ ដែលធ្លាប់ជួយការពារកាន់ជើងខ្ញុំ បែរជាទៅចុះចូលដៃជាមួយបងប្រុសខ្ញុំទៅវិញ លោកអ្នកជួយគិតទៅមើល៍ វាគួរឲ្យចង់សើចណាស់មែនទេ។
ដោយសារតែអំណាចមហិមារបស់បងប្រុសខ្ញុំនេះ គ្មានមិត្រ គ្មានភ័ក្ដិឯណាហ៊ានមកចូលខាង ឬជួយខ្ញុំទៀតទេ បើទោះបីគេគ្រប់រូបដឹងថា នេះវាអយុត្តិធម៌ណាស់ចំពោះរូបខ្ញុំក៏ដោយចុះ។
ថ្ងៃនេះ ខ្ញុំបានទៅជួបជាមួយម៉ែឪខ្ញុំដូចការគ្រោងទុក។ ខ្ញុំទៅតែម្នាក់ឯងដោយគ្មានជំនិតណាជួយខ្ញុំនោះ។ ខ្ញុំយល់ច្បាស់ណាស់អំពីចរិតនៃម៉ែឪខ្ញុំ។ ខ្ញុំចង់តែឃើញមុខម៉ែឪខ្ញុំឲ្យបានច្បាស់លាស់ និងចង់ឲ្យគាត់ពិចារណាឲ្យបានដោយវិចារណញ្ញាណរបស់ពួកគាត់ កុំឲ្យមើលឃើញខ្លាំងពេកពីអំណាចបងប្រុសរបស់ខ្ញុំ។
ពិតហើយ វាច្បាស់លាស់ណាស់ ដូចរាល់ដង គឺថាមិនមានវត្តមានបងប្រុសរបស់ខ្ញុំទេ នៅក្នុងជំនួបរវាងខ្ញុំនឹងម៉ែឪខ្ញុំនោះ គឺមានតែអ្នកជិតខាង និងអ្នកភូមិ រួមទាំងអ្នកមកពីខេត្តក្រៅផង មកមើលជួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ បន្ទាប់ពីជួបជជែកគ្នាអស់ប្រមាណមួយព្រឹកធំមក ម៉ែឪខ្ញុំក៏គាត់មិនដឹងជាយ៉ាងម៉េចគាត់ទេ។ ចុះឡើងៗ គាត់ថាឲ្យខ្ញុំទៅផ្ទះខ្ញុំវិញសិនទៅ ចាំសប្ដាហ៍ក្រោយគាត់ផ្ដល់ចម្លើយ ដំណោះស្រាយរវាងខ្ញុំ និងបងប្រុសខ្ញុំនេះ។
នេះហើយ ម៉ែឪខ្ញុំ!
_______________________________________________
អានផងដែរ៖
១. ម៉ែឪខ្ញុំ




