អាគារខ្ពស់ៗនៅអាស៊ីអគ្នេយ៍ ខែ កក្កដា 25, 2009
Posted by សុភ័ក្ត្រ in Tiếng Việt, ภาษาไทย, ພາສາລາວ, ពីនេះពីនោះ, ភាសាភូមា, អំពីស្រុកខ្មែរ.7 comments
ក្នុងសម័យសាកលភាវូបនីយកម្មនេះ អាគារខ្ពស់បានក្លាយមកជាតំណាងនៃការរីកចម្រើននៃរដ្ឋនីមួយៗទៅហើយ។ ប្រទេសនានានៅលើសកលលោកនាំគ្នាប្រកួតប្រជែងសាងសង់អាគារខ្ពស់ៗកប់ពពកដើម្បីសំញែងពីភាពរីកចម្រើនរបស់ប្រទេសខ្លួននីមួយៗ។ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ដែលជាប្រទេសតូចតាចទើបងើបពីសង្គ្រាម ក៏ចេះតែខំប្រកួតនឹងគេដែរ ចំពោះការកសាងអគារនេះ យ៉ាងហោចណាស់ក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានធ្លាប់ទាំងចេញសេចក្ដីនែនាំលើកទឹកចិត្តឲ្យមានការសាងសង់អាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ និងផ្ដល់មេដាយលើកទឹកចិត្តដល់អ្នកណាដែលបានសាងសង់អាគារខ្ពស់ៗជាងគេទៀតផង។
នៅក្នុងប្រទេសអាស៊ីអគ្នេយ៍ទាំង១០ប្រទេសនេះ អាគារខ្ពស់ៗទំនើបៗបានសាងសង់ឡើងពាសពេញឧបទ្វីបនេះ មិនចាញ់ប្រទេសនានានៅលើសាកលលោកទេ មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមានអាគារខ្ពស់ជាងគេ ព្រមទាំងធ្លាប់ជាប់ជាអាគារខ្ពស់ជាងគេរបស់ពិភពលោកផងដែរ បន្ទាប់មកគឺអាគារនៅទីក្រុងបាងកក ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២ខ្ពស់ជាងគេ។
នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ មុខមាត់របស់អាស៊ីអគ្នេយ៍នឹងផ្លាស់ប្ដូរថែមទៀត នៅពេលដែលប្រទេសកំពុងអភិវឌ្ឍន៍នានា មានដូចជា កម្ពុជា និងវៀតណាម ជាដើមកំពុងតែចូលខ្លួនទៅក្នុងសង្គមបែបបស្ចឹមប្រទេសនោះ។ រៀតណាម ដែលកំពុងសម្រុកសាងសង់អាគារកប់ពពក ពាសពេញផ្ទៃប្រទេសនោះ កំពុងតែឈានមុខគេក្នុងការកសាង ហើយនៅតែប៉ុន្មានពីរបីឆ្នាំខាងមុខនេះ អាគារខ្ពស់ៗនៅវៀតណាម នឹងឈរលំដាប់លេខ២ លើប្រទេសថៃទៅទៀត។
ប្រទេសកម្ពុជាយើងមកដល់ថ្ងៃនេះ មានអាគារខ្ពស់ជាប់ចំណាត់ថ្នាក់លេខ៧ ដែរនៅអាស៊ីអគ្នេយ៍ គឺអាគារកាណាឌីយ៉ា ឬ OCIC Tower ដែលមានកម្ពស់៣២ជាន់ ព្រមទាំងអគារខ្ពស់ៗមួយចំនួនទៀតដូចជា អាគារមាស៤២ជាន់ (Gold Tower 42) និងអាគារហិរញ្ញវត្ថុអន្តរជាតិ៥២ជាន់ (FIC 52) ជាដើម។ ចំណែកឯប្រទេសភូមា ដ្បិតតែពេលនេះ មានអាគារទាបជាងប្រទេសកម្ពុជាមែន តែបើនិយាយពីបរិមាណអាគារខ្ពស់ៗចាប់ពី១៥ជាន់ឡើងទៅ គឺមានច្រើនពាសពេញទីក្រុង ពោលគឺច្រើនជាងទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជាច្រើនណាស់ ហើយប្រជាជនប្រទេសនេះមានទម្លាប់រស់នៅអាគារខ្ពស់ៗទៀតផង។ ក៏ដូចជាប្រទេសកម្ពុជា និងរៀតណាមដែរ គម្រោងសាងសង់អាគារខ្ពស់ៗជាច្រើនទៀតកំពុងត្រូវបានសាងសង់នៅក្នុងប្រទេសនេះ។ ចំណែកឯនៅក្នុងប្រទេសលាវ ឯណេះវិញ គេមិនឃើញមានគម្រោងសាងសង់អាគារខ្ពស់ៗណាមួយគួរឲ្យកត់សម្គាល់ទេ ដែលមកដល់ពេលនេះ ទីក្រុងវៀងច័ន្ទន៍របស់ប្រទេសលាវ មានអាគារខ្ពស់ជាងគេមួយកម្ពស់១៤ជាន់ ឈ្មោះ ដនច័ន្ទន៍ផាលេស។
ខាងក្រោមនេះជាលំដាប់អាគារខ្ពស់ៗនៅប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ (ស្រង់ចេញពី www.emporis.com)
- ម៉ាឡេស៊ី អាគារ Petronas Tower 1 ទីក្រុងកូឡាឡាំពួរ, កម្ពស់៤៥៣ម៉ែត្រ, ៨៨ជាន់, ឆ្នាំ១៩៩៨
- ថៃ អាគារ Baiyoke Tower II ទីក្រុងបាងកក, កម្ពស់៣០៤ម៉ែត្រ, ៨៥ជាន់, ឆ្នាំ១៩៩៧
- សិង្ហបុរី អាគារ Republic Plaza កម្ពស់២៨០ម៉ែត្រ, ៦៦ជាន់, ឆ្នាំ១៩៩៦
- ហ្វីលីពីនស៍ អាគារ PBCOM Tower ទីក្រុង Makati កម្ពស់២៥៩ម៉ែត្រ, ៥៥ជាន់, ឆ្នាំ២០០០
- ឥណ្ឌូនេស៊ី អាគារ Wisma 46 ទីក្រុងចាការតា, កម្ពស់២៥០ម៉ែត្រ, ៥០ជាន់, ឆ្នាំ១៩៩៦
- វៀតណាម អាគារ Saigon Trade Center ទីក្រុងព្រៃនគរ, កម្ពស់១៤៥ម៉ែត្រ, ៣៣ជាន់, ឆ្នាំ១៩៩៧
- កម្ពុជា អាគារកាណាឌីយ៉ា ឬ OCIC Tower ទីក្រុងភ្នំពេញ, ៣២ជាន់, ឆ្នាំ២០០៩
- ភូមា អាគារ Traders Hotel ទីក្រុងរ៉នកុន, ២២ជាន់, ឆ្នាំ១៩៩៦
- ប្រ៊ុយណេ អាគារក្រសួងហិរញ្ញវត្ថុ, កម្ពស់១២០ម៉ែត្រ, ២១ជាន់, ឆ្នាំ២០០១
- លាវ អាគារ Don Chan Palace Hotel, ទីក្រុងវៀងច័ន្ទន៍, ១៤ជាន់, ឆ្នាំ២០០៤

រូបភាពនៃអាគារទាំង១០នៅអាស៊ីអគ្នេយ៍














