ព្រះរាជពិធីសំពះព្រះខែ អកអំបុក និងផ្សងទឹកភ្លៀង ប្រចាំព.ស.២៥៥៣ ខែ វិច្ឆិកា 2, 2009
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.add a comment
ថ្ងៃនេះអកអំបុក សំពះព្រះខែ ខែ វិច្ឆិកា 2, 2009
Posted by សុភ័ក្ត្រ in កីឡា, អំពីស្រុកខ្មែរ.2 comments
-
ថ្ងៃទី ២ គឺថ្ងៃ ១៥ កើត ខែកត្តិក
ម៉ោង ១៦ គឺម៉ោង ៤ រសៀល ប្រណាំងទូកង ទូកមួង ដោយមានតន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យ ប្រគំតាមរយៈទូកចុះឡើងដូចថ្ងៃទី១។
ព្រះរាជវង្សានុវង្ស រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជាណាចក្រ នាហ្មឺនសព្វមុខមន្ត្រី (ទាហាន ស៊ីវិល) មន្ត្រីកិត្តិយស ចូលក្រាបបង្គំគាល់ នៅកន្លែងដដែល ដូចថ្ងៃទី១។
ម៉ោង ២៤ គឺម៉ោង ១២ យប់ ព្រះរាជពិធីសំពះព្រះខែ
ព្រះរាជពិធីសំពះព្រះខែ មានរបៀបដូចរៀបរាប់តទៅ៖
ពួកព្រះក្រាលរៀបចំក្រាលកម្រាលនៅទីខាងលើមាត់ច្រាំង ត្រង់ជណ្ដើរចុះទៅព្រះរាជដំណាក់ផែ នៅចំកណ្ដាលកម្រាលនោះមានរៀបរណ្ដាប់អំបាលនេះ គឺ អំបុក ២ តោកធំ ដូងខ្ចី ១០ ផ្លែ ចេកពងមាន់ ១០ ស្និត ទៀនធំ ១៤ ដើម (តំណាងខែត្រ ១៤) (កកន៖ បច្ចុប្បន្នមានជាង២៤ខេត្តក្រុង) ដោយមានជើងដំកល់សម្រាប់បង្វិលសម្រក់គ្រប់ទាំង ១៤ ដើម។ រៀបរួចហើយដល់ម៉ោង ២៤ គឺម៉ោង ១២ យប់ ព្រះចន្ទពេញវង់ត្រង់ចំពីលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ ទ្រង់ស្ដេចចេញមកគង់ប្រថាប់កណ្ដាលទីប្រជុំ ដោយជួបជុំព្រះរាជវង្សានុវង្ស គណៈរដ្ឋមន្ត្រី និងនាហ្មឺនសព្វមុខមន្ត្រីគង់អង្គុយគាល់ត្រៀបត្រា។ លុះជួបជុំហើយ ឧកញ៉ាព្រះស្ដេចចាងហ្វាងក្រុមសង្ឃការី ក្រាបថ្វាយបង្គំចូលទៅអុជទៀនថ្វាយព្រះរតនត្រ័យ នឹងទេវតា នាំនមស្ការព្រះរតនត្រ័យ ហើយសូត្រប្រកាសទេវតាដោយពាក្យប្រកាសដូចតទៅនេះ៖
ភោន្តោ ទេវសង្ឃាយោ បពិត្រអស់ពពួកទេពនិករអមរមេឃទាំងមួយសែនកោដិចក្រវាឡ មានទេពតាដែលឋិតនៅក្នុងឋានឆកាមាវចរសួគ៌ទាំង៦ ជាន់ គឺឋានចតុម្មហរាជិកា តាវត្តិង្ស យាមា តុស្សិត និម្មានរតី បរនិម្មិត មានសម្ដេចព្រះអមរិន្ទ្រាទេវរាជ ជាដើម និងឋានសោឡសព្រហ្មលោក ១៦ ជាន់ មានសម្ដេចព្រះមហាព្រហ្មជាប្រធាន ព្រមទាំងភុម្មទេវា រុក្ខទេវា អារក្ខទេវា អាកាសទេវា បណ្ដាដែលឋិតនៅក្នុងព្រៃភ្នំ និគមជនបទ ច្រកជ្រោះជ្រលងដងអូរ កុម្ភីរជលសា ស្ទឹង បឹងបួ ជួរទន្លេ និងទេព្ដាដែលឋិតនៅគ្រប់វត្តអារាម ក្នុងខែត្រខ័ណ្ឌពន្ធសីមា ព្រះរាជអាណាចក្រកម្ពុជា មានទេវតារក្សាស្វេតច្ឆត្រ និងទេវតារក្សាព្រះអង្គកន្លោង ទេវតារក្សាព្រះដំណាក់ផែជាដើម។
អាយន្ត្វេត្ថ សមាគមេ យើងខ្ញុំទាំងអស់សូមអញ្ជើញទេព្តាគ្រប់ព្រះអង្គ ស្ដេចយាង អញ្ជើញ មកសន្និបាតប្រជុំ ក្នុងព្រះរាជដំណាក់ផែនេះជាក្រសិណ។
ដ្បិតព្រះករុណាព្រះបាទសម្ដេចព្រះ (នរោត្ដម សុរាម្រឹត វិសុទ្ធមហាខត្តិយវង្ស វិសុទ្ធិហរិពង្ស គុណាតិរេក ធម្មចរិយោត្ដម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជាធិបតី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ នាយករដ្ឋមន្ត្រី) ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានរៀបព្រះរាជពិធីបុណ្យចុះព្រះរាជដំណាក់ផែ ហើយទ្រង់ត្រាស់បង្គាប់មន្ត្រីខ្ញុំរាជការគ្រប់ដំណែងឲ្យរៀបតាក់តែងអុំទូក លយព្រះកន្ទោង អុជកាំជ្រួចរន្ទា ប្រទីបជ្វាលាមានរស្មីភ្លឺព្រោងព្រាត រុងរឿងល្អជាទីអស្ចារ្យ មានទាំងដូរ្យតន្ត្រីរាំប្រគំថ្វាយព្រះរតនត្រ័យ និងព្រះចង្កូមកែវ ដែលទ្រង់ព្រះសណ្ឋិតគង់នៅក្នុងឋានភុជង្គនាគ និងព្រះពុទ្ធបាទដែលនៅក្នុងស្ទឹងយោនកបុរី និងព្រះចូឡាមុនី(?) ដែលទ្រង់សណ្ឋិតនៅក្នុងឋានតាវត្តឹង្ស ព្រមទាំងព្រះចេតិយដែលទ្រង់ព្រះសណ្ឋិតក្នុងឋាងព្រហ្មលោក ព្រមទាំងបូជាដល់ទេពតាគ្រប់ព្រះអង្គ, ព្រះរាជពិធីបុណ្យនេះ (ចូលពីថ្ងៃអង្គារ ១៤ កើតខែកត្តិក ឆ្នាំចសំរិទ្ធិស័ក ព.ស. ២៥០១ ត្រូវនឹងថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៥៨ ដរាបដល់ថ្ងៃពុធ ១៥ កើត ខែកត្តិក នេះ) ជាថ្ងៃពេញបូណ៌មីព្រះចន្ទពេញវង់ ទ្រង់ត្រាស់បង្គាប់ឲ្យរៀបគ្រឿងសក្ការៈ អំបុក ចេក ដូង ថ្វាយ ព្រះខែ បូជាចំពោះព្រះបរមរូបព្រះសសបណ្ឌិតបរមពោធិសត្វ ដែលទ្រង់ព្រះសណ្ឋិតតាំងនៅក្នុងវង់ព្រះចន្ទសព្វថ្ងៃនេះ និងបញ្ចវលាហកៈ ទាំង ៥ ព្រះអង្គ ព្រមទាំងទេព្តាគ្រប់ព្រះអង្គ តាមព្រះរាជប្បវេណីអំពីបុរាណរៀងមក លុះដល់ថ្ងៃ (ព្រហស្បតិ៍) ១ រោច ខែ – ឆ្នាំដដែលនេះ ពិធីផ្ដាច់ព្រ័ត្រជាកិច្ចសម្រេចព្រះរាជពិធីបុណ្យ។ ហេតុនេះ សូមទេព្តាគ្រប់ព្រះអង្គស្ដេចយាង អញ្ជើញធ្វើទស្សនកិច្ច និងសេពសោយនូវគ្រឿងសក្ការៈបូជា ជាទីកំសាន្តតាមសព្វព្រះហ្ឫទ័យ ស្រេចហើយសូមមេត្តាជួយឧបត្ថម្ភគាំពារ (ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ នាយករដ្ឋមន្ត្រី) សូមកុំឲ្យមានរោគាព្យាធិចូលមកបៀតបៀនក្នុងព្រះអង្គឡើយ សូមទ្រង់មានជោគជ័យ មានតេជះ ឈ្នះសឹកសត្រូវគ្រប់ទិសានុទិស ហើយសូមទ្រង់បានប្រកបនូវព្រះសុខភាព និងវឌ្ឍនភាព ទ្រង់តាំងនៅក្នុងសិរីរាជសម្បត្តិ ឲ្យបានថ្កុំថ្កើងរុងរឿងអស់កាលជាអង្វែង ព្រមទាំងព្រះរាជវង្សានុវង្ស គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាព្រះរាជអាណាចក្រកម្ពុជា រដ្ឋសភា នាហ្មឺនតូចធំ ខ្ញុំរាជការប្រុស-ស្រី និងអាណាប្រជានុរាស្ត្រ ដែលជាពលរដ្ឋទាំងអស់ នៅក្នុងព្រះរាជអាណាចក្រកម្ពុជាធិបតីនេះ ក៏សូមឲ្យបានសេចក្ដីសុខចម្រើនគ្រប់គ្នាទាំងអស់តទៅ។
ម្យ៉ាងទៀត យើងខ្ញុំទាំងឡាយ សូមបួងសួងចង់ដឹងនៅឧទកធារា ដែលទេព្តាគ្រប់ព្រះអង្គ មានបញ្ចវលាហកៈជាដើមបង្អោរទឹកភ្លៀងឲ្យធ្លាក់ចុះមកក្នុងព្រះរាជអាណាចក្រកម្ពុជាទាំង ១៤ ខែត្រ ក្នុងឆ្នាំ (កុរនក្សត្រឯកស័ក ព.ស.២៥០២) នៅខាងមុខនេះ តើខែត្រណាមានភ្លៀងច្រើនជាងខែត្រណា យើងខ្ញុំសូមសន្មតទៀនទាំង ១៤ នេះ ជាតំណាងទឹកភ្លៀងគ្រប់ខែត្រទាំងអស់ គឺ
- ទៀនទី ១ តំណាងទឹកភ្លៀងខែត្រកណ្ដាល
- ទៀនទី ២ តំណាងទឹកភ្លៀងខែត្រកំពង់ចាម
- ទៀនទី ៣ តំណាងទឹកភ្លៀងខែត្របាត់ដំបង
- ទៀនទី ៤ តំណាងទឹកភ្លៀងខែត្រកំពត
- ទៀនទី ៥ តំណាងទឹកភ្លៀងខែត្រព្រៃវែង
- ទៀនទី ៦ តំណាងទឹកភ្លៀងខែត្រកំពង់ឆ្នាំង
- ទៀនទី ៧ តំណាងទឹកភ្លៀងខែត្រតាកែវ
- ទៀនទី ៨ តំណាងទឹកភ្លៀងខែត្រស្វាយរៀង
- ទៀនទី ៩ តំណាងទឹកភ្លៀងខែត្រកំពង់ធំ
- ទៀនទី ១០ តំណាងទឹកភ្លៀងខែត្រសៀមរាប
- ទៀនទី ១១ តំណាងទឹកភ្លៀងខែត្រក្រចេះ
- ទៀនទី ១២ តំណាងទឹកភ្លៀងខែត្រកំពង់ស្ពឺ
- ទៀនទី១៣ តំណាងទឹកភ្លៀងខែត្រពោធិ៍សាត់
- ទៀនទី១៤ តំណាងទឹកភ្លៀងខែត្រស្ទឹងត្រែង។
សូមទេព្តា និងមហាព្រហ្ម បញ្ចវលាហកៈគ្រប់ព្រះអង្គមេត្តាបង្អោរទឹកភ្លៀងឲ្យធ្លាក់ចុះមកក្នុងព្រះរាជអាណាចក្រកម្ពុជា ឲ្យបានបរិបូណ៌ដើមឆ្នាំ និងកណ្ដាលឆ្នាំ ចុងឆ្នាំ ឲ្យបានគ្រប់ខែត្រទាំងអស់ ហើយសូមឲ្យកើតផលានុផល គឺ ស្រូវអង្ករ សណ្ដែក ល្ង ពោត ក្របាស ថ្នាំ ឲ្យបានបរិបូណ៌។
ប្រកាសទេព្តាចប់ហើយ ព្រះរាជាទ្រង់ស្ដេចអុជទៀនទាំង ១៤ ដើម រួចបង្វិលទៀនទាំង ១៤ សម្រក់ផ្សង សុំទឹកភ្លៀងឲ្យបរិបូណ៌ក្នុងព្រះរាជអាណាចក្រកម្ពុជា ដើម្បីឲ្យកើតផលានុផលដ៏សម្បូណ៌សប្បាយដល់ប្រជាពលរដ្ឋ។
លុះផ្សងរួច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះបរមរាជានុញ្ញាតព្រះរាជទានរណ្ដាប់ដង្វាយទាំងឡាយ មានអំបុកចេកជាដើម ដល់នាហ្មឺនសព្វមុខមន្ត្រីទាំងឡាយឲ្យទទួលព្រះរាជទានជាទីកំសាន្តសប្បាយ។
ទំនៀមអកអំបុក សំពះព្រះខែ ខាងពិធីរាស្ត្រមានរបៀបរៀបចំនឹងរណ្ដាប់ប្រហែលព្រះរាជពិធីដែរ ហើយក្នុងពេលអកពួករាស្ត្រគេតែងងើយមុខឡើងមើលទៅដួងព្រះចន្ទ ដែលនៅកណ្ដាលអម្ពរចំពីលើសិរសា ប្រណម្យអញ្ជលី ហើយទើបចាប់អំបុកឡើងអក, ខាងព្រះរាជពិធីក៏ធ្វើដូច្នេះដែរ គ្រាន់តែមានរបៀបនឹងរណ្ដាប់ឧត្ដុង្គឧត្ដមជាងពិធីរាស្ត្រប៉ុណ្ណោះ។
ក្នុងថ្ងៃ ១៥ កើត ក្រៅពីព្រះរាជពិធីសំពះព្រះខែ តាំងពីម៉ោង ១៤ គឺម៉ោង ៤ រសៀលរហូតដល់ភ្លឺ មានព្រះរាជពិធីដទៃដូចថ្ងៃទី១។






