jump to navigation

ថ្ងៃ​នេះ​អក​អំបុក សំពះ​ព្រះ​ខែ ខែ វិច្ឆិកា 2, 2009

Posted by សុភ័ក្ត្រ in កីឡា, អំពីស្រុកខ្មែរ.
trackback

(ត​ពី​ប្រកាស​មុន)

  • ថ្ងៃ​ទី ២ គឺ​ថ្ងៃ ១៥ កើត ខែ​កត្តិក

ម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​តន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុះ​ឡើង​ដូច​ថ្ងៃ​ទី​១។

ព្រះ​រាជ​វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី (ទាហាន ស៊ីវិល) មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី​១។

ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ

ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ មាន​របៀប​ដូច​រៀបរាប់​តទៅ​៖

ពួក​ព្រះ​ក្រាល​រៀប​ចំ​ក្រាល​កម្រាល​នៅ​ទី​ខាង​លើ​មាត់​ច្រាំង ត្រង់​​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ នៅ​ចំ​កណ្ដាល​កម្រាល​នោះ​មាន​រៀប​រណ្ដាប់​អំបាល​នេះ គឺ អំបុក ២ តោក​ធំ ដូង​ខ្ចី ១០ ផ្លែ ចេក​ពង​មាន់ ១០ ស្និត ទៀន​ធំ ១៤ ដើម (តំណាង​ខែត្រ ១៤) (កកន៖ បច្ចុប្បន្ន​មាន​ជាង​២៤​ខេត្ត​ក្រុង) ដោយ​មាន​ជើង​ដំកល់​សម្រាប់​បង្វិល​សម្រក់​គ្រប់​ទាំង ១៤ ដើម។ រៀប​រួច​ហើយ​ដល់​ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​ចន្ទ​ពេញ​វង់​ត្រង់​ចំ​ពី​លើ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ ទ្រង់​ស្ដេច​ចេញ​មក​គង់​ប្រថាប់​កណ្ដាល​ទី​ប្រជុំ ដោយ​ជួបជុំ​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋ​មន្ត្រី និង​នាហ្មឺន​សព្វ​មុខ​មន្ត្រី​គង់​អង្គុយ​គាល់​ត្រៀប​ត្រា។ លុះ​ជួប​ជុំ​ហើយ ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​ក្រុម​សង្ឃការី ក្រាប​ថ្វាយ​បង្គំ​ចូល​ទៅ​អុជ​ទៀន​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ទេវតា នាំ​នមស្ការ​ព្រះ​រតនត្រ័យ ហើយ​សូត្រ​ប្រកាស​ទេវតា​ដោយ​ពាក្យ​ប្រកាស​ដូច​តទៅ​នេះ៖

ភោន្តោ ទេវ​សង្ឃា​យោ បពិត្រ​អស់​ពពួក​ទេព​និករ​អ​មរ​មេឃ​ទាំង​មួយ​សែន​កោដិ​ចក្រវាឡ មាន​ទេពតា​ដែល​ឋិត​នៅ​ក្នុង​ឋាន​ឆកាមាវចរ​សួគ៌​ទាំង​៦ ជាន់ គឺ​ឋាន​ចតុម្មហ​រាជិកា តាវត្តិង្ស យាមា តុស្សិត និម្មានរតី បរ​និម្មិត មាន​សម្ដេច​ព្រះ​អមរិន្ទ្រា​ទេវរាជ ជា​ដើម និង​ឋាន​សោឡស​ព្រហ្ម​លោក ១៦ ជាន់ មាន​សម្ដេច​ព្រះ​មហា​ព្រហ្ម​ជា​ប្រធាន ព្រម​ទាំង​ភុម្ម​ទេវា រុក្ខ​ទេវា អារក្ខ​ទេវា អាកាស​ទេវា បណ្ដា​ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ភ្នំ និគម​ជនបទ ច្រក​ជ្រោះ​ជ្រលង​ដង​អូរ កុម្ភីរ​ជលសា ស្ទឹង បឹងបួ ជួរ​ទន្លេ និង​ទេព្ដា​ដែល​ឋិត​នៅ​គ្រប់​វត្ត​អារាម ក្នុង​ខែត្រ​ខ័ណ្ឌ​ពន្ធ​សីមា ព្រះ​រាជ​អាណាចក្រ​កម្ពុជា មាន​ទេវតា​រក្សា​ស្វេតច្ឆត្រ និង​ទេវតា​រក្សា​ព្រះ​អង្គ​កន្លោង ទេវតា​រក្សា​ព្រះ​ដំណាក់​ផែ​ជា​ដើម។

អាយន្ត្វេត្ថ សមាគមេ យើង​ខ្ញុំ​ទាំង​អស់​សូម​អញ្ជើញ​ទេព្តា​គ្រប់​ព្រះ​អង្គ ស្ដេច​យាង អញ្ជើញ មក​សន្និបាត​ប្រជុំ ក្នុង​ព្រះ​រាជ​ដំណាក់​ផែ​នេះ​ជា​ក្រសិណ។

ដ្បិត​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ (នរោត្ដម សុរាម្រឹត វិសុទ្ធ​មហា​ខត្តិយវង្ស វិសុទ្ធិ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី) ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​រៀប​ព្រះ​រាជ​ពិធី​បុណ្យ​ចុះ​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ទ្រង់​ត្រាស់​បង្គាប់​មន្ត្រី​ខ្ញុំ​រាជការ​គ្រប់​ដំណែង​ឲ្យ​រៀប​តាក់តែង​អុំ​ទូក លយ​ព្រះ​កន្ទោង អុជ​កាំជ្រួច​រន្ទា ប្រទីប​ជ្វាលា​មាន​រស្មី​ភ្លឺ​ព្រោងព្រាត រុង​រឿង​ល្អ​ជាទី​អស្ចារ្យ មាន​ទាំង​ដូរ្យតន្ត្រី​រាំ​ប្រគំ​ថ្វាយ​ព្រះ​រតនត្រ័យ និង​ព្រះ​ចង្កូម​កែវ ដែល​ទ្រង់​ព្រះ​សណ្ឋិត​គង់​នៅ​ក្នុង​ឋាន​ភុជង្គ​នាគ និង​ព្រះ​ពុទ្ធ​បាទ​ដែល​នៅ​ក្នុង​ស្ទឹង​យោនក​បុរី និង​ព្រះ​ចូឡាមុនី(?) ដែល​ទ្រង់​សណ្ឋិត​នៅ​ក្នុង​ឋាន​តាវត្តឹង្ស ព្រម​ទាំង​ព្រះ​ចេតិយ​ដែល​ទ្រង់​ព្រះ​សណ្ឋិត​ក្នុង​ឋាង​ព្រហ្ម​លោក ព្រម​ទាំង​បូជា​ដល់​ទេពតា​គ្រប់​ព្រះ​អង្គ, ព្រះ​រាជ​ពិធី​បុណ្យ​នេះ (ចូល​ពី​ថ្ងៃ​អង្គារ ១៤ កើត​ខែ​កត្តិក ឆ្នាំ​ច​សំរិទ្ធិស័ក ព.ស. ២៥០១ ត្រូវ​នឹង​ថ្ងៃ ២៥ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៨ ដរាប​ដល់​ថ្ងៃ​ពុធ ១៥ កើត ខែ​កត្តិក នេះ) ជា​ថ្ងៃ​ពេញ​បូណ៌មី​ព្រះ​ចន្ទ​ពេញ​វង់ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រៀប​គ្រឿង​សក្ការៈ អំបុក ចេក ដូង ថ្វាយ ព្រះ​​ខែ បូជា​ចំពោះ​ព្រះ​បរម​រូប​ព្រះ​ស​ស​បណ្ឌិត​បរម​​ពោធិសត្វ ដែល​ទ្រង់​ព្រះ​សណ្ឋិត​តាំង​នៅ​ក្នុង​វង់​ព្រះ​ចន្ទ​សព្វ​ថ្ងៃ​នេះ និង​បញ្ច​វលាហកៈ ទាំង ៥ ព្រះ​អង្គ ព្រម​ទាំង​ទេព្តា​គ្រប់​ព្រះ​អង្គ តាម​ព្រះ​រាជប្បវេណី​អំពី​បុរាណ​រៀង​មក លុះ​ដល់​ថ្ងៃ (ព្រហស្បតិ៍) ១ រោច ខែ – ឆ្នាំ​ដដែល​នេះ ពិធី​ផ្ដាច់​ព្រ័ត្រ​ជា​កិច្ច​សម្រេច​ព្រះ​រាជ​ពិធី​បុណ្យ។ ហេតុ​នេះ សូម​ទេព្តា​គ្រប់​ព្រះ​អង្គ​ស្ដេច​យាង អញ្ជើញ​ធ្វើ​ទស្សនកិច្ច និង​សេព​សោយ​នូវ​គ្រឿង​សក្ការៈ​បូជា​ ជា​ទី​កំសាន្ត​តាម​សព្វ​ព្រះ​ហ្ឫទ័យ ស្រេច​ហើយ​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​គាំ​ពារ (ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្ដេច​ព្រះ​មហាក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី​) សូម​កុំ​ឲ្យ​មាន​រោគា​ព្យាធិ​ចូល​មក​បៀតបៀន​ក្នុង​ព្រះ​អង្គ​ឡើយ សូម​ទ្រង់​មាន​ជោគជ័យ មាន​តេជះ ឈ្នះ​សឹក​សត្រូវ​គ្រប់​ទិសានុទិស ហើយ​សូម​ទ្រង់​បាន​ប្រកប​នូវ​ព្រះ​សុខ​ភាព​ និង​វឌ្ឍនភាព ទ្រង់​តាំង​នៅ​ក្នុង​សិរី​រាជ​សម្បត្តិ ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​អស់​កាល​ជា​អង្វែង ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋមន្ត្រី ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​សភា នាហ្មឺន​តូច​ធំ ខ្ញុំ​រាជការ​ប្រុស-ស្រី និង​អាណា​ប្រជានុរាស្ត្រ ដែល​ជា​ពលរដ្ឋ​ទាំង​អស់ នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី​នេះ ក៏​សូម​ឲ្យ​បាន​សេចក្ដី​សុខ​ចម្រើន​គ្រប់​គ្នា​ទាំង​អស់​ត​ទៅ។

ម្យ៉ាង​ទៀត យើង​ខ្ញុំ​ទាំង​ឡាយ សូម​បួងសួង​ចង់​ដឹង​នៅ​ឧទកធារា ដែល​ទេព្តា​គ្រប់​ព្រះ​អង្គ មាន​បញ្ច​វលាហកៈ​ជា​ដើម​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​ទាំង ១៤ ខែត្រ ក្នុង​ឆ្នាំ (កុរ​នក្សត្រ​ឯកស័ក ព.ស.២៥០២​) នៅ​ខាង​មុខ​នេះ តើ​ខែត្រ​ណា​មាន​ភ្លៀង​ច្រើន​ជាង​ខែត្រ​​ណា យើង​ខ្ញុំ​សូម​សន្មត​ទៀន​ទាំង ១៤ នេះ ជា​តំណាង​ទឹក​ភ្លៀង​គ្រប់​ខែត្រ​ទាំង​អស់ គឺ​

  • ទៀន​ទី ១ តំណាង​ទឹក​ភ្លៀង​ខែត្រ​​កណ្ដាល
  • ទៀន​ទី ២ តំណាង​ទឹក​ភ្លៀង​ខែត្រ​​កំពង់​ចាម
  • ទៀន​ទី ៣ តំណាង​ទឹក​ភ្លៀង​ខែត្រ​​​បាត់​ដំបង
  • ទៀន​ទី ៤ តំណាង​ទឹក​ភ្លៀង​ខែត្រ​​កំពត
  • ទៀន​ទី ៥ តំណាង​ទឹក​ភ្លៀង​ខែត្រ​​ព្រៃវែង
  • ទៀន​ទី ៦ តំណាង​ទឹក​ភ្លៀង​ខែត្រ​​កំពង់ឆ្នាំង
  • ទៀន​ទី ៧ តំណាង​ទឹក​ភ្លៀង​ខែត្រ​​តាកែវ
  • ទៀន​ទី ៨ តំណាង​ទឹក​ភ្លៀង​ខែត្រ​​ស្វាយ​រៀង
  • ទៀន​ទី ៩ តំណាង​ទឹក​ភ្លៀង​ខែត្រ​កំពង់​ធំ
  • ទៀន​ទី ១០ តំណាង​ទឹក​ភ្លៀង​ខែត្រ​សៀមរាប
  • ទៀន​ទី ១១ តំណាង​ទឹក​ភ្លៀង​ខែត្រ​ក្រចេះ
  • ទៀន​ទី ១២ តំណាង​ទឹក​ភ្លៀង​ខែត្រ​កំពង់​ស្ពឺ
  • ទៀន​ទី​១៣ តំណាង​ទឹក​ភ្លៀង​ខែត្រ​ពោធិ៍សាត់
  • ទៀន​ទី​១៤ តំណាង​ទឹក​ភ្លៀង​ខែត្រ​ស្ទឹង​ត្រែង។

សូម​ទេព្តា​ និង​មហា​ព្រហ្ម បញ្ចវលាហកៈ​គ្រប់​ព្រះ​អង្គ​មេត្តា​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ឲ្យ​បាន​បរិបូណ៌​ដើម​ឆ្នាំ ​និង​កណ្ដាល​ឆ្នាំ​ ចុង​ឆ្នាំ ឲ្យ​បាន​គ្រប់​ខែត្រ​ទាំង​អស់ ហើយ​សូម​ឲ្យ​កើត​ផលានុផល គឺ ស្រូវ​អង្ករ សណ្ដែក ល្ង ពោត ក្របាស ថ្នាំ ឲ្យ​បាន​បរិបូណ៌។​​​​​​

ប្រកាស​ទេព្តា​ចប់​ហើយ ព្រះ​រាជា​ទ្រង់​ស្ដេច​អុជ​ទៀន​ទាំង ១៤ ដើម រួច​បង្វិល​ទៀន​ទាំង ១៤ សម្រក់​ផ្សង សុំ​ទឹក​ភ្លៀង​ឲ្យ​បរិបូណ៌​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​កើត​ផលានុផល​ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា​ពលរដ្ឋ។

លុះ​ផ្សង​រួច ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​បរម​រាជានុញ្ញាត​ព្រះ​រាជ​ទាន​រណ្ដាប់​ដង្វាយ​ទាំង​ឡាយ មាន​អំបុក​ចេក​ជាដើម ដល់​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំងឡាយ​ឲ្យ​ទទួល​ព្រះ​រាជ​ទាន​ជា​ទី​កំសាន្ត​សប្បាយ។

ទំនៀម​អក​អំបុក សំពះ​ព្រះ​ខែ ខាង​ពិធី​រាស្ត្រ​មាន​របៀប​រៀប​ចំ​នឹង​រណ្ដាប់​ប្រហែល​ព្រះ​រាជ​ពិធី​ដែរ ហើយ​ក្នុង​ពេល​អក​ពួក​រាស្ត្រ​គេ​តែង​ងើយ​មុខ​ឡើង​មើល​ទៅ​ដួង​ព្រះ​ចន្ទ ដែល​នៅ​កណ្ដាល​អម្ពរ​ចំ​ពី​លើ​សិរសា ប្រណម្យ​អញ្ជលី ហើយ​ទើប​ចាប់​អំបុក​ឡើង​អក, ខាង​ព្រះ​រាជ​ពិធី​ក៏​ធ្វើ​ដូច្នេះ​ដែរ គ្រាន់​តែ​មាន​របៀប​នឹង​រណ្ដាប់​ឧត្ដុង្គ​ឧត្ដម​ជាង​ពិធី​រាស្ត្រ​ប៉ុណ្ណោះ។

ក្នុង​ថ្ងៃ ១៥ កើត ក្រៅ​ពី​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ តាំង​ពី​ម៉ោង ១៤ គឺ​ម៉ោង ៤ រសៀល​រហូត​ដល់​ភ្លឺ មាន​ព្រះ​រាជ​ពិធី​ដទៃ​ដូច​ថ្ងៃ​ទី​១។

អាន​បន្ត

វិចារ»

1. ថ្ងៃ​នេះ កាត់​ព្រ័ត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 3, 2009

[...] ត​ពី​ប្រកាស​មុន [...]

2. កម្ពុជបុត្រ - ខែ វិច្ឆិកា 3, 2009

និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ?