jump to navigation

ភ្លៀង​ធំ​​នៅ​ថ្ងៃ​ទី​៣​ នៃ​បុណ្យ​អុំ​ទូក ខែ វិច្ឆិកា 3, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

នៅ​រសៀល​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​បង្ហើយ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ​ត្រូវ​រំខាន​ដោយ​ព្រះ​ភិរុណ​មួយ​មេ​យ៉ាង​ធំ​ ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​រាជ​ពិធី​ត្រូវ​អាក់​ខាន​ផង​ដែរ ជា​ពិសេស​គឺ​ពិធី​ហែរ​ប្រទីប។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ការ​ប្រណាំង​ទូក​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ ដោយ​ព្រះ​ករុណា​ជា​អម្ចាស់​ទ្រង់​បាន​ចែក​រង្វាន់​ជ័យ​លាភី​ដល់​កីឡាករ​ប្រណាំង​ទាំង​អស់​ផង​ៗ​ដង រី​ឯ​ព្រះ​រាជ​ពិធី​កាត់​ព្រ័ត្រ​វិញ​ក៏​នៅ​តែ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ដោយ​ការ​ចូល​រួម​យ៉ាង​ផុស​ផុល និង​គួរ​ឲ្យ​ស្ញប់​ស្ញែង​ជា​ខ្លាំង​ពី​សំណាក់​បង​ប្អូន​កីឡាករ និង​ក្រោម​ការ​ពេញ​ព្រះ​ទ័យ​ពី​ព្រះ​មហាក្ស័ត្រិយ៍ និង​ថ្នាក់​ដឹក​នាំ​ទាំង​អស់​ដែល​កំពុង​ទត និង​ទស្សនា​គួរ​ជា​ទី​មោទនៈ។

  • ព្រះ​ករុណា​ជា​អម្ចាស់​សព្ធ​ព្រះ​ទ័យ​បង្ហាញ​ព្រះ​ភ័ក្ត្រ​កណ្ដាល​ព្រះ​ភិរុណ

តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ​ទូរទស្សន៍​ជាតិ (ទទក) ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ទ្រង់​បាន​សព្ធ​ព្រះ​រាជ​ហ្ឬទ័យ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ដល់​កូន​ក្មួយ​ព្រះ​អង្គ​ដែរ​សុខ​ចិត្ត​នៅ​រួម​ពិធី​នា​ថ្ងៃ​ទី​បី​នេះ​ទោះ​បី​មាន​ភ្លៀង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ព្រះ​ករុណា​ទ្រង់​បាន​យាង​ចូល​ព្រះ​បរម​រាជវាំង​វិញ​បន្ទាប់​ពី​ពិធី​ឯ​ទន្លេ​ចតុម្មុខ​បាន​បញ្ចប់ ដោយ​ទ្រង់​សព្ធ​ព្រះ​ទ័យ​ឈរ​ក្នុង​ព្រះ​ទីន័ង​រថយន្ត​បើក​ដំបូល លើក​ព្រះ​ហត្ថ​បក់​ស្វាគមន៍​កូន​ក្មួយ​ព្រះ​អង្គ​ដែរ​ឈរ​អម​ជុំ​វិញ​ផ្លូវ ទោះ​បី​មេឃ​កំពុង​បង្អុរ​ទឹក​ភ្លៀង​យ៉ាង​ណា​ក៏​ដោយ។

  • ស្ថានីយ៍​ប្រគុំ​តន្ត្រី​ត្រូវ​អាក់​ខាន

ការ​ប្រគុំ​តន្ត្រី​នានា​របស់​ស្ថានីយ៍​ទូរទស្សន៍​ខ្មែរ​ត្រូវ​បាន​រំខាន​ដោយ​សារ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​នេះ លើក​លែង​តែ​ស្ថានីយ៍​ទូរទស្សន៍​លេខ​៩​មួយ​គត់ គ្រប់​ស្ថានីយ៍​ដែល​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទាំង​អស់​ត្រូវ​បាន​លើក​ពេល​រហូត​ដល់​ម៉ោង​ជាង​៩​យប់​ឯណោះ​ទើប​ចាប់​ផ្ដើម​ប្រគុំ​តន្ត្រី​ និង​ការ​ផ្សារ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​បាន។

  • អ្នក​ទស្សនា​នៅ​បន្ត​រង់​ចាំ

អ្វី​ដែល​ញួរ​ឲ្យ​សរសើរ និង​ស្ញើច​ចំពោះ​ប្រិយមិត្រ​អ្នក​តាម​ដាន​ការ​ប្រគុំ​តន្ត្រី​នោះ​គឺ​ថា ពួក​គាត់​នៅ​រង់​ចាំ​តាម​ដាន​ការ​ប្រគុំ​តន្ត្រី​នេះ គ្រប់​ស្ថានីយ៍​ផ្សាយ​បន្ត​ផ្ទាល់​ទាំង​អស់​មាន​មនុស្ស​ម្នា​នៅ​រង់​ចាំ​ទស្សនា​យ៉ាង​ណែន​ណាំ​ដូច​ថ្ងៃ​ទី​១ និង​ទី​២​ដែរ ទោះ​បី​ជា​មេឃ​ភ្លៀង​ក៏​ដោយ។ គួរ​ឲ្យ​សរសើរ​ពួក​គាត់​ជា​ពន់​ពេក។

  • អ្នក​ទស្សនា​បុណ្យ​ឆ្នាំ​នេះ​​ថយ​ចុះ

បើ​តាម​ការ​សង្កេត​គឺ​ថា​ឆ្នាំ​នេះ​ប្រជាជន​មក​ចូល​រួម​បុណ្យ​ហាក់​បី​ដូច​ជា​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ។ នេះ​ក៏​ប្រហែល​ជា​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច ការ​រាល​ដាល​ជំងឺ​ផ្ដាសាយ និង​ជា​ពិសេស​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​បញ្ចប់​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ប្រជាជន​ចូល​រួម​ច្រើន​តែ​ត្រូវ​រំខាន​ដោយ​ព្យុះ​ភ្លៀង​យ៉ាង​ធំ៕

ជួប​គ្នា​ឆ្នាំ​ក្រោយ​ទៀត​បង​ប្អូន!


ម៉ោង​ជាង​៩​យប់​ទៅ​ហើយ​ទើប​ស្ថានីយ៍​ទូរទស្សន៍​នានា​អាច​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​បាន

ការ​ប្រគុំ​តន្ត្រី​របស់​ស្ថានីយ៍​បាយ័ន​ប្រជាជន​នៅ​រង់​ចាំ​ទស្សនា​កុះ​ករ

ការ​ផ្សាយ​ និង​ប្រគុំ​តន្ត្រី​របស់​ទូរទស្សន៍​លេខ​៥​ក៏​ឃើញ​មាន​អ្នក​ទស្សនា​កុះ​ករ​ដែរ

ឯ​ស្ថានីយ៍​លេខ​៣​វិញ​ក៏​ដូច្នោះ​ដែរ

ដោយ​ឡែក​ស្ថានីយ៍​លេខ​៩​មិន​មាន​ការ​អាក់​ខាន​ទេ និង​មនុស្ស​ម្នា​យ៉ាង​ច្រើន​ដដែល

______________________________________________________
អាន​ផង​ដែរ
១. ទិដ្ឋភាព​បុណ្យ​អុំ​ទូក ថ្ងៃ​ទី​មួយ