ថ្ងៃនេះ កាត់ព្រ័ត្រ ខែ វិច្ឆិកា 3, 2009
Posted by សុភ័ក្ត្រ in កីឡា, អំពីស្រុកខ្មែរ.trackback
-
ថ្ងៃទី ៣ គឺថ្ងៃ ១ រោច ខែកត្តិក
ម៉ោង ១៤ គឺម៉ោង ២ រសៀល ប្រណាំងទូកង ទូកមួង ដោយមានតន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យ ប្រគំតាមរយៈទូកចុះឡើងដូចថ្ងៃទី១។
ព្រះរាជវង្សានុវង្ស រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជអាណាចក្រ នាហ្មឺនសព្វមុខមន្ត្រី ទាំងទាហានទាំងស៊ីវិល មន្ត្រីកិត្តិយស ចូលក្រាបបង្គំគាល់ នៅកន្លែងដដែល ដូចថ្ងៃទី១។
ម៉ោង ១៥:៣០ នាទី គឺម៉ោង ៣ កន្លះរសៀល អង្គទូតអញ្ជើញមកក្រាបបង្គំគាល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រិយានី តាមសេចក្ដីអញ្ជើញ។ ចាងហ្វាងក្រុមព្រះរាជមន្ទីរ ព្រះរាជង្គរក្សទី ១ ចាំទទួលនៅត្រង់ជណ្ដើរចុះទៅព្រះរាជដំណាក់ផែ។ ទាហានក្រុមរក្សាព្រះអង្គ ក្រុមខេមរភូមិន្ទ ក្រុមភ្លេងកងវរសេនាតូចរក្សាព្រះអង្គ គោរពគំនាប់នៅវេលាអញ្ជើញមកដល់ និងត្រឡប់ទៅវិញ។
លុះជួបជុំហើយ ចាត់ការប្រណាំងទូកកាត់ព្រ័ត្រ ដោយរបៀបដូចតទៅនេះ៖
ថ្ងៃទី ៣ គឺថ្ងៃ ១ រោច ខែកត្តិក ជាថ្ងៃបង្ហើយ មានការប្រណាំងទូកកាត់ព្រ័ត្រយ៉ាងឧឡារិកជាងថ្ងៃមុនៗ គឺលើកទី ១ លើកទី ២ ផ្គូទុកជាគូៗ ដូចថ្ងៃទី ១ ទី ២ ដែរ, ប្លែកតែលើកទី ៣ ក្រោយបំផុតភ្ជុំពួកទូកទាំងអស់នៅដើមទី ទូកចែវដោយទូកចែវ ទូកអុំដោយទូកអុំ ហើយទូកទាំងនោះ ចេញស្របស្មើគ្នាមកទាំងហ្វូង បែរមុខមកខាងត្បូងបណ្ដោយទឹក មានអាការដូចជាខំនាំគ្នាបណ្ដេញទឹកឲ្យស្រកហូរចុះទោសមុទ្រឆាប់ៗ។
ការប្រណាំងទុកនេះ មានបោះយុថ្កាភ្ជាប់សំប៉ាន ១ ចំកណ្ដាលទន្លេ ៤ មុខ ត្រង់មុខព្រះរាជតំណាក់ផែ មានភ្នាក់ងារម្នាក់ស្លៀកខោខៀវពាក់ងាវក្រហម អង្គុយលើសំប៉ាននោះកាន់ដំបងចាំវាយស្គរតូចមួយ នៅពេលដែលពួកទុកមកដល់ទីនោះ ១ លើក ៗ ជាសទ្ទសញ្ញា តាំងពីលើកទី ១ ទី ២ រហូតដល់លើកទី ៣ ក្រោយបំផុត ឲ្យដំណឹងថាទូកណាឈ្នះទូកណាចាញ់។ ធ្វើដូច្នេះតាំងពីថ្ងៃដំបូង តែនៅថ្ងៃក្រោយបំផុតសន្មតហៅថា «ព្រះរាជពិធីកាត់ព្រ័ត្រ»។ ពេលនោះល្អមើលជាងពេលទៀត មហាជនរាប់ម៉ឺននាក់ដែលរង់ចាំទស្សនា មាននេត្រាបាញ់តម្រង់ទៅទូក ទៅ ទីកាត់ព្រ័ត្រនោះគ្រប់ៗ គ្នាដោយសេចក្ដីរីករាយយ៉ាងមហិមារៀងខ្លួន។
អស់ព្រះរាជពិធីអុំទូកត្រឹមប៉ុណ្ណេះ។
កំណត់សម្គាល់លេខយោង
- ត្រង់វង់ក្រចកនេះ សម្រាប់ចុះព្រះបរមនាមនៃព្រះរាជាដែលទ្រង់រាជ្យ ក្នុងរជ្ជកាលដែលទ្រង់ធ្វើព្រះរាជពិធីនេះ
- ត្រង់វង់ក្រចកនេះ សម្រាប់កាលបរិច្ឆេទដែលធ្វើព្រះរាជពិធីរៀងរាល់ឆ្នាំ
- ត្រង់វង់ក្រចកនេះ សម្រាប់ចុះព្រះបរមនាមក្នុងរជ្ជកាលដែលធ្វើព្រះរាជពិធីនេះ
- ត្រង់វង់ក្រចកនេះ សម្រាប់ចុះព្រះបរមនាមក្នុងរជ្ជកាលដែលធ្វើព្រះរាជពិធីនេះ
- សម្រាប់ចុះកាលបរិច្ឆេទនៃព្រះរាជពិធីនេះ
- ចំនួននេះ កំណត់តាមខែត្រក្នុងព្រះរាជអាណាចក្រដែលមានក្នុងសម័យធ្វើព្រះរាជពិធីនេះ
ចប់បរិបូរណ៍
ស្រង់ចេញពី http://www.budinst.gov.kh/?q=node/312







និងសម្ដេចព្រះមហាក្សត្រិយានី ?