នរណាជា ស្ម័គ្រ សុន្ទរវេជ? ថ្ងៃ អង្គារ 24 ខែវិច្ឆិកា 2009
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.trackback
លោក ស្ម័គ្រ សុន្ទរវេជ [អានថា៖ ស្មាក់-សុន-ទៈ-រៈ-វេជ] (ថៃ៖ สมัคร สุนทรเวช) សរសេរឡាតាំងជា Samak Sundaravej និងមានឈ្មោះចិនជា 李沙馬 [Lǐ Shāmǎ] មានកំណើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៣៥ លោកគឺជាអតីតនាយករដ្ឋមន្ត្រីទី២៥ របស់រាជអាណាចក្រថៃ។
ប្រវត្តិ
លោក ស្ម័គ្រ សុន្ទរវេជ ជាបុត្ររបស់ ស្វេកឯក ពញាបម្រុងរាជបរិពារ (ស្មៀន សុន្ទរវេជ) និងលោកជំទាវបម្រុងរាជបរិពារ (អាំផាន់ ចិត្រករ)។ លោក ស្ម័គ្រ សុន្ទរវេជ គឺជាបុត្រទី៤ ក្នុងចំណោមបងប្អូនទាំងអស់៦នាក់។
លោក ស្ម័គ្រ សុន្ទរវេជ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ សុរត្ន សុន្ទរវេជ និងមានបុត្រីភ្លោះពីរនាក់គឺ កានតាភា និង កាញ្ចនាករ។
ការសិក្សា
- មត្តេយ្យសិក្សា៖ សាលារៀនស្ត្រីបាងខុនព្រហ្ម
- បឋមសិក្សា៖ សាលារៀនទេវេស្នសិក្សា
- មធ្យមសិក្សា៖ សាលារៀនសេនត៍ខាប្រៀល
- អាជីវសិក្សា៖ សាលារៀនអាសាំសិនពាណិជ្ជ
- ឧត្ដមសិក្សា៖ នីតិសាស្ត្របណ្ឌិត, គណៈនីតិសាស្ត្រ មហាវិទ្យាល័យធម្មសាស្ត្រ
ការចូលរួមនយោបាយ
លោក ស្ម័គ្រ សុន្ទរវេជ គឺជាអ្នកនយោបាយជាន់ខ្ពស់ និងមានប្រជាប្រិយភាពម្នាក់របស់ប្រទេសថៃ ដោយចាប់ផ្ដើមអាជីពពីអ្នកបម្រើការងារនៅក្រុមហ៊ុនរថយន្តក្រុង និងក្រោយមកបានចូលរួមក្នុងគណបក្សប្រជាធិបតេយ្យ នាឆ្នាំ១៩៦៨ រហូតបានជាប់ឆ្នោតសមាជិកសភាមណ្ឌលក្រុងទេពមហានគរ (បាងកក) នាឆ្នាំ១៩៧១។
ជាបន្តបន្ទាប់ លោក ស្ម័គ្រ សុន្ទរវេជ បានឡើងកាន់តំណែងនាអនុរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសំខាន់ៗមួយចំនួនដូចជា ក្រសួងមហាផ្ទៃ, ក្រសួងគមនាគម និងព្រមទាំងបានធ្វើជាឧបនាយករដ្ឋមន្ត្រីជាច្រើនអណត្តិផងដែរ។
លោក ស្ម័គ្រ សុន្ទរវេជ គឺជាអ្នកកតាំងគណបក្សប្រជាករថៃ រហូតបានឈ្នះឆ្នោតយ៉ាងភ្លូតទឹកភ្លូកដី ជាប្រវត្តិសាស្ត្របានឡើងកាន់តំណែងជាអភិបាលក្រុងបាងកក គ្រប់អណត្តិចំនួន៤ឆ្នាំគឺពីរឆ្នាំ២០០០ ដល់ ២០០៤ និងក្រោយមកបានឈ្នះឆ្នោតជាសមាជិកព្រឹទ្ធសភាទៀតផង តែត្រូវរំលាយដោយសារព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់លោកអតីតនាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ មក។
ក្រោយមកនៅឆ្នាំ២០០៧ លោកបានទទួលតំណែងជាប្រធានគណបក្សកម្លាំងប្រជាជន ដឹកនាំចូលរួមការបោះឆ្នោតរហូតឈ្នះបានទទួលតំណែងខ្ពស់បំផុតគឺជានាយករដ្ឋមន្ត្រីទី២៥របស់ប្រទេសថៃ ដោយកាន់តំណែងបានប្រមាណ៧ខែ នៅខណៈដែលប្រទេសថៃជួបបញ្ហាចលាចលក្នុងប្រទេស ដោយមានពួកប្រឆាំងអាវលឿងទាមទារទម្លាក់លោក ដោយចោទរដ្ឋាភិបាលលោកថាជាកូនជីងរបស់អតីតនាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។
នយោបាយទាក់ទងនឹងប្រទេសកម្ពុជា
លោក ស្ម័គ្រ សុន្ទរវេជ គឺត្រូវបានគេមើលឃើញជាទូទៅថាជាអ្នកមាត់ឆៅ និយាយត្រង់ទៅត្រង់មក។ ក្នុងរយៈពេលលោកកាន់តំណែងលោកត្រូវបានក្រុមគណបក្សប្រឆាំងរបស់លោក អភិសិទ្ធិ វេជ្ជាជីវៈ វាយប្រហារយ៉ាងខ្លាំងជាពិសេសទាក់ទងនឹងប្រាសាទព្រះវិហាររបស់ខ្មែរ។ អ្វីដែលជាសច្ចធម៌នោះគឺថា លោក ស្ម័គ្រ សុន្ទរវេជ ទទួលស្គាល់នូវអ្វីដែលជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ដោយបានចោទពួកប្រឆាំងថៃយកហេតុផលឆ្កួតលីលា មកវាយប្រហារគ្នារហូតធ្វើឲ្យប្រទេសថៃបែកបាក់ក្នុងសង្គមរហូតមកដល់សព្វថ្ងៃនេះ។
នៅក្នុងសម័យអង្គប្រជុំរដ្ឋសភាវេលាមួយ លោក ស្ម័គ្រ សុន្ទរវេជ បាននិយាយថាប្រាសាទព្រះវិហារជារបស់កម្ពុជាពិតប្រាកដដោយសារប្រទេសថៃបានចាញ់ក្ដីតុលាការអន្តរជាតិរាប់ឆ្នាំមកហើយ ដោយប្រទេសថៃមិនបានតវ៉ាអ្វីទេ ចុះហេតុម្ដេចបានជាទើបមករញ៉េរញ៉ៃអីពេលនេះ ហើយលោកថែមទាំងបានចោទសួរថា រួចចុះទង់ដែលបានដោតនៅលើប្រាសាទរាប់ស៊ិបឆ្នាំមកនេះ គឺជាទង់ជាតិរបស់ប្រទេសណា? តើពួកបក្សប្រឆាំងហ៊ានអះអាងថាទង់ជាតិនោះជាទង់ជាតិថៃដែរឬទេ? បានជានាំគ្នាអះអាងពីកម្មសិទ្ធិលើប្រាសាទព្រះវិហារទាំងឆ្កួតលីលាយ៉ាងនេះ?
លោក ស្ម័គ្រ សុន្ទរវេជ បានមកបំពេញទស្សនកិច្ចប្រទេសកម្ពុជាជាផ្លូវការក្នុងរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០៨ សន្ទរកថារបស់លោកបានថ្លែងយ៉ាងច្បាស់ពីការគាំទ្រប្រទេសកម្ពុជា របស់រដ្ឋាភិបាលលោកទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារដូចនេះថា៖
… ខ្ញុំចង់បញ្ជាក់សារជាថ្មី គឺថៃមិនបានជំទាស់កាលដែលកម្ពុជា ដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនោះទេ។ ប៉ុន្តែកាលដាក់បញ្ចូលប្រាសាទព្រះវិហារគឺកុំឲ្យតែទាក់ទងនឹងបញ្ហាព្រំដែន …

លោក ស្ម័គ្រ ក្នុងពេលមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា (មីនា ២០០៨)
លក្ខណៈពិសេសផ្ទាល់ខ្លួន
លោក ស្ម័គ្រ សុន្ទរវេជ មានឯកលក្ខណៈពិសេសផ្ទាល់ខ្លួនជាមនុស្សនិយាយត្រង់ទៅត្រង់មក។ លោកចូលចិត្តធ្វើម្ហូបអាហារ និងបានធ្វើជាពិធីករកម្មវិធីម្ហូបអាហារនៅតាមកញ្ចក់ទូរទស្សន៍ផងទៀត បើទោះបីជាលោកកំពុងតម្រុងតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ។ នៅពេលធ្វើដំណើរទៅក្រៅប្រទេសម្ដងៗ លោករៀបឫកជាសាមញ្ញជន ដោយដើរផ្សារទិញម្ហូប ជាក់ស្ដែងក្នុងពេលលោកមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា លោកបានដើរផ្សារទួលទំពូងទៀតផង ដើម្បីស្វែងយល់ពីជីវិតសាមញ្ញជនរបស់ខ្មែរ។ នៅអំឡុងពេលការប្រកួតកីឡាអូឡាំពិកនៅឯទីក្រុងប៉េកាំង សាធារណរដ្ឋចិនប្រជាមានិត លោកក៏បានទៅចម្អិនអាហារឲ្យក្រុមកីឡាករថៃបានទទួលទានផងដែរ។
ក្រៅពីនេះទៀត លោក ស្ម័គ្រ សុន្ទរវេជ គឺជាអ្នកមានជំនាញខាងសិល្បៈតន្ត្រីដ៏សម្បូរម្នាក់ ដោយលោកចេះចាំច្រៀងស្ទាត់ជំនាញភ្លេងចម្រៀងតន្ត្រីបុរាណថៃ និងចេះតែងបទកំណាព្យ ចាប់ចុងចួន បានយ៉ាងល្អឥតខ្ចោះ។ លោក ស្ម័គ្រ សុន្ទរវេជ ជាអ្នកស្រឡាញ់សត្វឆ្មាជាខ្លាំង និងបានថែមទាំងតែងកំណាព្យឲ្យឆ្មារបស់លោកពេលឆ្មាបានស្លាប់ទៀតផង។
គ្រឿងរាជឥស្សរិយយស
- ព.ស.២៥១៧ ត្រិតាភរណ៍មកុដថៃ
- ព.ស.២៥១៨ ត្រិតាភរណ៍ដំរីស
- ព.ស.២៥១៩ ទ្វីតិយាភរណ៍មកុដថៃ
- ព.ស.២៥២០ រតនាភរណ៍ (ថ្នាក់ទី២)
- ព.ស.២៥២២ ប្រថមាភរណ៍មកុដថៃ
- ព.ស.២៥២៤ ប្រថមាភរណ៍ដំរីស
- ព.ស.២៥២៦ មហាបរមាភរណ៍ដំរីស
- ព.ស.២៥២៧ ទុតិយចុលចមក្លៅ
- ព.ស.២៥២៧ មហាវជិរមកុដ
- ព.ស.២៥៣៩ បឋមតិរេកគុណាភរណ៍
- ព.ស.២៥៤៥ ទុតិយចុលចមក្លៅវិសេស
ការធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រី និងមរណភាព
លោក ស្ម័គ្រ សុន្ទរវេជ បានធ្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីដោយសារការចោទប្រកាន់ពីសំណាក់សាលយុត្តិធម៌ថៃ ដោយគ្រាន់តែលោកបានបន្តអាជីពធ្វើជាពិធីករក្នុងកម្មវិធីទូរទស្សន៍ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៨។ ក្រោយមកលោកក៏បានលាចេញពីតំណែងប្រធានគណបក្សកម្លាំងប្រជាជន និងបានចូលទៅព្យាបាលជំងឺមហារីកថ្លើម នៅឯមន្ទីរពេទ្យបម្រុងរាស្ត្រ និងបន្តទៅព្យាបាលនៅឯសហរដ្ឋអាមេរិក និងធ្វើដំណើរត្រឡប់មកព្យាបាលនៅប្រទេសថៃវិញរហូតទទួលអនិច្ចកម្មនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ វេលាម៉ោង០៨.៤៨នាទី ក្នុងវ័យ៧៤ឆ្នាំ។
សពរបស់លោក ស្ម័គ្រ សុន្ទរវេជ នឹងត្រៀមយកចេញពីមន្ទីរពេទ្យបម្រុងរាស្ត្រ ដោយកងកិត្តិយសសមនឹងកិត្តិយស ដើម្បីយកមកបំពេញកុសលនៅឯសាលា១០០ឆ្នាំ ក្នុងបរិវេណវត្តបេញ្ចនបពិត្រតុសិតវនារាម និងមានពិធីព្រះរាជទានទឹកហ្លួងចំអាសសពនាថ្ងៃស្អែកនេះ គឺថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩។
កកន៖ សូមចូលរួមសម្ដែងមរណទុក្ខដ៏ជ្រៀលជ្រៅចំពោះក្រុមគ្រួសារសពលោក ស្ម័គ្រ សុន្ទរវេជ និងសូមវិញ្ញាណរបស់លោកភប់ប្រសព្វនឹងសុគតិកុំបីឃ្លៀងឃ្លាតឡើយ៕
_____________________________________________________
អានផងដែរ៖
១. ស្ម័គ្រ៖ Our nation has no claim over Preah Vihear
២. ស្ម័គ្រ សុន្ទរវេជ ទទួលមរណភាព
៣. ស្ម័គ្រ សុន្ទរវេជ នាយករដ្ឋមន្ត្រីថៃទី២៥
៤. បុណ្យសពលោក ស្ម័គ្រ សុន្ទរវេជ







គាត់ទៅបានសុខហើយ…
[...] ស្ម័គ្រ សុន្ទរវេជ [...]
ភ្ញាក់ផ្អើលមែនទែន ដែលឃើញ Bangkok Post ប្រកាសថាគាត់ស្លាប់ព្រឹកម៉ិញនេះ ។ មិននឹកស្មានថាគាត់ស្លាប់សោះ ។ អ្វីៗដូចជានៅថ្មីៗនៅឡើយ ។
[...] នាយ ស្ម័គ្រ សុន្ទរវេជ [...]
[...] រ៉ូហ៍ មូ ហ្យុន ទទួលមរណភាព ៥. នរណាជា ស្ម័គ្រ សុន្ទរវេជ? ៦. បុណ្យសពលោក [...]
[...] ស្ម័គ្រ សុន្ទរវេជ [...]