សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ ថ្ងៃ អាទិត្យ 17 ខែមករា 2010
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.trackback
សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០០៩បានកន្លងទៅ និងធ្មេចបើកៗជាងកន្លះខែទៀតទៅហើយសម្រាប់ឆ្នាំ២០១០នេះ គិតទៅម៉ោងដូចជាជិះអាប៉ារូម៉ាណូយ៉ាងម៉េចទេ លឿននោះលឿនតាមមិនជាប់។ សម្រាប់ពេញមួយឆ្នាំ២០០៩នេះ គឺជាពេលដែលខ្ញុំចាប់ផ្ដើមជីវិតជានិស្សិតសាជាថ្មី និងរស់នៅលើទឹកដីថៃស្ទើរពេញមួយឆ្នាំ។ ដោយឡែកបណ្ដាអ្នកលេងប្លក់ហាក់ដូចជាធូរស្បើយ ពេញមួយឆ្នាំ២០០៩នេះដោយអសកម្មរៀងៗខ្លួន អ្នកខ្លះបានត្រឹមផ្អើលដំបូងរួចក៏រលត់សង្ខារទៅវិញក៏មានដែរ។ ណាស់ហ្អើយជីវិតសត្វលោកចឹងឯង កុំគិតពីរឿងគេ គឺមកគិតរឿងប្លក់នេះល្អជាង។
ចប់ឆ្នាំ២០០៩នេះ ប្លក់នេះមានកំណើតបាន៤ឆ្នាំហើយ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកមកបើកមើលច្រើនគួរសម និងរហូតមកដល់ពេលនេះមានការចូលមើលចំនួនជាង១សែន៩ម៉ឺនដង។ សរុបទៅមួយឆ្នាំកន្លងទៅនេះគឺមានចំនួនបើកមើលប្រមាណ៧ម៉ឺនដង ដោយជាមធ្យមប្រមាណជាង១៥០ដងក្នុងមួយថ្ងៃ (អានប្រកាស៖ សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩)។
នៅដើមឆ្នាំនេះរង្វង់ខែមករា និងកុម្ភៈ ខ្ញុំបានដាក់ប្រកាសភាគច្រើនទាក់ទងនឹងទស្សនកិច្ចសិក្សាដែលខ្ញុំបានធ្វើជាច្រើនកន្លែងទៅតាមបណ្ដាខេត្តនានារបស់ប្រទេសថៃរួមទាំងទីក្រុងបាងកកផងដែរ។ ជាថ្មីម្ដងទៀត សារព័ត៌មានព្រៃនគរក៏បានយកអត្ថបទចាស់ៗរបស់ខ្ញុំមួយចំនួនទៅចុះដែរ ដែលអត្ថបទទាំងនោះទាក់ទងនឹងទស្សនកិច្ចរបស់ខ្ញុំទៅកាន់ព្រៃនគរកាលពីប៉ុន្មានឆ្នាំកន្លងទៅ។ នៅចុងខែមីនា ខ្ញុំបានដាក់ប្រកាសជាច្រើនទាក់ទងនឹងការនាំប្អូនៗខ្ញុំមកលេងបាងកក ឯកាលពីដើមខែមេសាវិញ ខ្ញុំបានទៅលេងប្រទេសភូមា ក្នុងដំណើរមួយជាចំណែកនៃការសិក្សារបស់ខ្ញុំនៅទីនេះ។ ប្រកាសជាច្រើនបានដាក់ទាក់ទងនឹងការទៅប្រទេសភូមានេះ ពេញមួយខែមេសា រហូតដល់ខែឧសភាទៀតផង។
ខែមេសា ឧសភា ខ្ញុំបានត្រឡប់ទៅលេងប្រទេសកម្ពុជា ហើយបានហួសបន្តទៅលេងព្រៃនគរ ប្រទេសវៀតណាមផងដែរ ប្រកាសមួយចំនួនទាក់ទងនឹងការទៅលេងព្រៃនគរនៃក៏បានដាក់ផងដែរ កាលពីខែឧសភា។ ជាពិសេសរដូវចូលឆ្នាំខ្មែរ ខ្ញុំបានទៅលេងនៅកៀនស្វាយ និងឧដ្ដុង្គផងដែរ។
ចាប់ពីខែមិថុនា មកស្ថានការណ៍នយោបាយកម្ពុជាថៃកាន់តែធ្ងន់ធ្ងរទៅៗ ខ្ញុំក៏បានដាក់ប្រកាសជាច្រើនទាក់ទងនឹងបញ្ហានេះ ជាពិសេសអត្ថបទបែបវិភាគមួយចំនួនដូចជា៖ បរាជ័យថៃឡេនដ៍!, ហ៊ុន សែន ជួបជើងខ្លាំងពិតប្រាកដ ជាដើម។ ក្រៅពីនេះខ្ញុំបានស្រាវជ្រាវ និងដាក់អត្ថបទចាស់ជាច្រើនទាក់ទងនឹងប្រវត្តិនានានៃការធ្វើព្រះរាជពិធីបុណ្យរំលាយព្រះសពអតីតព្រះមហាក្ស័ត្រិយ៍ខ្មែរជាដើម។
នៅខែកក្កដាវិញ ប្លក់នេះចាប់ផ្ដើមរន្ថើនបន្ទាប់ពីខ្ញុំបានដាក់ប្រកាសមួយចំនួនទាក់ទងនឹងការបើកអាកាសចរណ៍ជាតិកម្ពុជា (ខេមបូឌា អង្គរ អ៊ែរ៍, មោទនភាពនៃអាកាសចរជាតិ (?)) រហូតមានអ្នកមកខមមេនត៍ជាច្រើន និងអត្ថបទមួយចំនួនត្រូវបានគេហទំព័រKI-Media ទៅចុះផ្សាយបន្តរហូតធ្វើឲ្យបង្កើនចំនួនអ្នកចូលទស្សនាថ្មីជាច្រើនមកកាន់ប្លក់នេះ។ អត្ថបទ សមាជិកគ្រួសារខ្ញុំដទៃទៀត ក៏ទទួលបានអ្នកពេញចិត្តច្រើនដែរ។
ចាប់ពីពាក់កណ្ដាលឆ្នាំ២០០៩នេះមក ខ្ញុំព្យាយាមដាក់ប្រកាសជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ឲ្យបានមួយក្នុងមួយថ្ងៃ។ នៅក្នុងខែសីហាមានប្រកាសគួរឲ្យចាប់អារម្មណ៍មួយចំនួនដូចជា៖ តំណាលរង្វង់មូលក្បាលថ្នល់, មុខមាត់ថ្មីនៃ sopheak.net។ល។
នៅខែកញ្ញា ខ្ញុំក៏បានដាក់ប្រកាសឡើងវិញ Repost: ពួកល្មោភកាម បន្ទាប់ពីអ្នកមកមើលដដែលជាដដែលស្វែងរកពាក្យមិនសមគួរនៅទីនេះ។ នៅឯខែតុលាវិញប្រកាសពីរដែលគួរចាប់អារម្មណ៍មាន ទិញម៉ាស៊ីនថតថ្មី Nikon D3000, តម្រួតចរាចរណ៍ត្រូវ…។
សម្រាប់ខែវិច្ឆិកាវិញ អត្ថបទពេលដែលត្រូវបែក…! មានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសចំពោះរូបភាពដែលខ្ញុំបានច្នៃប្រឌិតមួយ រវាងលោកនាយករដ្ឋមន្ត្រីខ្មែរ និងថៃដើរបែរខ្នងគ្នា រហូតមានគេយកទៅនិយាយបន្ត និងចុះផ្សាយបន្តជាច្រើន។
នៅឯចុងឆ្នាំនេះវិញ គឺនៅខែធ្នូឯណេះ រដូវប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី២៥បានចាប់ផ្ដើមនៅឯទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ខ្ញុំបានឧទ្ទិសអត្ថបទជាច្រើន និងតាមដានរាល់ថ្ងៃពីក្រុមកីឡាករកម្ពុជាយើងដែលបានទៅចូលរួមប្រកូតកីឡានៅទីនោះ នឹងបានអ័បដេតពីចំនួនមេដាយដែលខ្មែរយើងទទួលបានជារៀងរាល់ថ្ងៃ។
បើពិនិត្យមើលប្រភពអ្នកទស្សនាគឺចេញមកពីប្រទេសកម្ពុជាច្រើនជាងគេ បន្ទាប់មកអាមេរិក, ថៃ, បារាំង, អូស្ត្រាលី, វៀតណាម, ជប៉ុន, កាណាដា, ស្វីស និងកូរ៉េខាងត្បូង។ អ្នកទស្សនាមានមកពីបណ្ដាប្រទេសជាច្រើននៅលើលោកសរុបមក៨៤ប្រទេសឯណោះ។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ សម្រាប់ឆ្នាំ២០០៩នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕
________________________________________________
អានផងដែរ៖
១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩
២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ
៤. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ
៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ







[...] [...]
[...] [...]
[...] [...]
[...] [...]
[...] ក្នុងប្លក់សុភ័ក្ត្រ ៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្… ៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ [...]