jump to navigation

អភិសិទ្ធិ​ចេញ​ថ្លែងការណ៍​ករណី​ខ្មែរ​ចាប់​ជន​ជាតិ​ថៃ ថ្ងៃ អាទិត្យ 23 ខែមករា 2011

Posted by សុភ័ក្ត្រ in នយោបាយ, អំពីស្រុកខ្មែរ, ภาษาไทย.
11 comments

យប់​នេះ អស់​រយៈ​ពេល​៣០​នាទី​គត់ (២០:៣០ -២១:០០) នាយ អភិសិទ្ធិ វេជ្ជាជីវៈ នាយក​រដ្ឋមន្ត្រី​នៃ​រាជ​អាណាចក្រ​ថៃ បាន​ចេញ​តាម​ទូរទស្សន៍ ក្នុង​កម្មវិធី​ពិសេស​មួយ​ឈ្មោះ​ថា «រាយការណ៍​ពិសេស​ពី​នាយករដ្ឋមន្ត្រី» (ថៃ៖ รายงานพิเศษจากนายกรัฐมนตรี) ដោយ​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់​ស្ថានីយ៍​ទូរទស្សន៍​ទាំង​អស់ ទាក់​ទង​នឹង​ហេតុការណ៍​ដែល​កម្ពុជា​បាន​ចាប់​ជន​ជាតិ​ថៃ​៧​នាក់​កាល​ពី​ចុង​ឆ្នាំ​២០១០​មក​នោះ។

នាយករដ្ឋមន្ត្រី​មុខ​ស្រស់ សម្ដី​ផ្អែម​តែ​ពិស​ពុល​រូប​នេះ បាន​និយាយ​ថា ខ្លួន​រង់​ចាំ​បក​ស្រាយ​ហេតុការណ៍​ទាំង​នេះ​ជូន​ប្រជាជាតិ​ថៃ​ឲ្យ​បាន​ដឹង​​តាំង​ពី​ហេតុ​ការណ៍​កើត​ឡើង​ភ្លាម​ៗ​មក​ម្ល៉េះ តែ​ដោយ​សារ​កម្ពុជា​បាន​សម្រេច​យក​រឿង​នេះ​ទៅ​តុលាការ ហើយ​បន្ទាប់​ពី​តុលាការ​បាន​កាត់​ទោស និង​មាន​ជន​ជាតិ​ថៃ​ចំនួន​៥​នាក់​បាន​ត្រឡប់​ទៅ​ស្រុក​ថៃ​ហើយ​វិញ​នោះ ទើប​ខ្លួន​សម្រេច​ចិត្ត​ចេញ​តាម​ទូរទស្សន៍​បក​ស្រាយ​រឿង​នេះ។

នាយ អភិសិទ្ធិ បាន​ព្យាយាម​ប្រាប់​ដល់​ជន​ជាតិ​ថៃ​ថា ការ​ដែល​តុលាការ​កម្ពុជា​បាន​កាត់​សេចក្ដី​ដល់​ជន​ជាតិ​ថៃ​ទាំង​៥​រូប​ថា​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នោះ មិន​មាន​ចំណង​អ្វី​ទៅ​នឹង​ការ​ទទួល​ស្គាល់​ទឹក​ដី​នោះ​ជា​របស់​កម្ពុជា​ទេ ដ្បិត​អ្នក​ដែល​មាន​សិទ្ធិ​អារ​កាត់​បាន​គឺ​គណៈ​កម្មាធិការ​ព្រំដែន​រួម​កម្ពុជា​ថៃ ឬ​ជីប៊ីស៊ី​ឯណោះ​ទេ រួម​និង​អនុស្សារណៈ​ឆ្នាំ​២០០០ ហេតុ​នេះ​ទៅ​អនាគត​កម្ពុជា​មិន​អាច​យក​ហេតុ​ផល​នេះ​មក​អាង​ទេ។

ក្រៅ​ពី​នេះ នាយ អភិសិទ្ធិ នៅ​បាន​ខិត​ខំ​ការពារ​អ៊ឹម​អូ​យូ ឬ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​ថៃ ដែល​កាល​ណោះ​គណៈ​បក្ស​របស់​លោក​ជា​តំណាង​បាន​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា។

នាយ អភិសិទ្ធិ តាំង​ពី​មុន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ប្រឆាំង​នឹង​កម្ពុជា​យ៉ាង​ចេញ​មុខ ជា​ពិសេស​គឺ​រឿង​ទាក់​ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ។ នៅ​ថ្ងៃ​នេះ​ផង​ដែរ នាយ​ អភិសិទ្ធិ ក៏​បាន​បញ្ជា​ឲ្យ​មេ​ទ័ព​ថៃ​ឲ្យ​ដោះ​ស្រាយ​ជាមួយ​កម្ពុជា​ក្នុង​ការ​ដក​ស្លាក​ដែល​ខាង​កម្ពុជា​ដាក់​នៅ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​បាន​ដាក់​ថា ជា​កន្លែង​ដែល​កង​ទ័ព​ថៃ​ឈ្លាន​ពាន​នោះ​ផង​ទៀត។ ចាំ​មើល​ថា​តើ​ខាង​កម្ពុជា​មាន​ជំហរ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ការ​ដក​ស្លាក​នេះ​ចេញ​នោះ? (សូម​អាន​អត្ថបទកម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង)


នាយ អភិសិទ្ធិ ចេញ​មុខ​តាម​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍​រាយការណ៍​ករណី​ខ្មែរ​ចាប់​ថៃ

នាយ អភិសិទ្ធិ ចង្អុល​បង្ហាញ​ផែន​ដី​ដែល​ខ្មែរ​ចាប់​ថៃ

_____________________________________________________
អាន​ផង​ដែរ
១. ទាហាន​ខ្មែរ​ចាប់​បាន​អាប​ថៃ
២. ហ៊ុន សែន ជួប​ជើង​ខ្លាំង​ពិត​ប្រាកដ
៣. កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង
៤. យ៉ាង​ម៉េច​ហើយ​ទំនាក់​ទំនង​ស្រឡាញ់-ស្អប់?
៥. ដាក់​ទោស​ “ អាប” ឈ្មោល វីរៈ ៨​ឆ្នាំ នាង​អាប​ញី​៦​ឆ្នាំ

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers