កម្ពុជា, ឃ្លាត់បានតែម៉ាំង ថ្ងៃពុធ 26 ខែមករា 2011
Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย.comments closed

* ប្រសិនបើអ្នកបានចូលមកដល់ទីនេះ តាមរយៈគេហទំព័រ ខេអាយ មេឌា សូមអានអត្ថបទមួយនេះសិន៖ «លិខិតចំហទៅ KI មេឌា» សូមអរគុណ!
ថ្ងៃនេះ (២៦ មករា ២០១១) កម្ពុជាបានបង្ហាញប្រជាជនខ្លួនឲ្យឃើញជាក់ច្បាស់ពីភាព«ឃ្លាត់ៗ បានតែម៉ាំង» របស់ខ្លួន។ ជម្លោះរឿងរ៉ាវប្រាសាទព្រះវិហាររវាងប្រទេសកម្ពុជា និងថៃ គ្មានអ្វីក្រៅអំពីការធ្វើនយោបាយ បែបល្ខោនក្នុងវាំងនននោះទេ ខណៈដែលនៅស្រុកថៃវិញ ប្រជាជនគេមានសិទ្ធិដឹងឮ និងសេរីភាពគ្រប់បែបយ៉ាង ទាំងៗទីតាំង ក៏ដូចជាប្រាសាទមិនមែនជារបស់ពួកគេ (ថៃ) ផងនោះ។
ចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករួចមក ប្រទេសថៃបានយកករណីនេះ ក៏ដូចជាស្រុកខ្មែរទាំងមូលជាចំណាត់ខ្មាំងនៃខ្លួន ហើយដែលកម្ពុជា តាមពិតគ្មានអ្វីខ្លាំងសោះ ត្រូវរងខ្លួនលេងតាំងល្ខោនដែលថៃចងក្រងឲ្យរហូតដល់វិនាទីនេះ។
«ខ្មែរពូកែអួត» ជាប្រយោគមួយមិនដែលភ្លេចទេក្នុងត្រចៀកខ្មែរ តែសម្រេចសម្រួលគឺ បានតែមាត់ហ្នឹងឯង។ រឿងរ៉ាវករណីស្លាកសញ្ញាដែលខ្មែរបានដាក់នៅតំបន់ព្រះវិហារ ហើយបើតាមចាំកាលណោះហានក្លាណាស់ រហូតដល់សរសេរន័យបែបទូងក្បាលថៃទៅឲ្យអន្តរជាតិដឹងឮផង ដោយសរសេរថា «ទីនេះទាហានថៃចូលឈ្លានពាន… »។ ការដាក់ស្លាកដែលត្រូវបានរាយការណ៍ថាបន្ទាប់ពីទាហានថៃដកថយ (ពិតឬមិនពិតមិនដឹង) ចេញពីវត្តកែវដោយទំនងមិនបានគិតគូរឲ្យដិតដល់សម្រាប់វិបាកនាថ្ងៃមុខ ឬទំនងយកចិត្តអាទិទេពនោះ ដែលចុងក្រោយគ្មានអ្វីក្រៅពីឲ្យខ្មែរទាំងផងខ្មាស់គេ។
ជារឿយៗម្ចាស់ផែនដីខ្មែរតែងតែបដិសេធមិនទទួលស្គាល់អ្វីដែលថៃហៅថាតំបន់ត្រួតស៊ីគ្នា នៅតំបន់ប្រាសាទព្រះវិហារ។ តែសំណួរនៅត្រង់ថា បើប្រកាសក្ដែងៗថាទីនោះជាទឹកដីខ្មែរ ហេតុអ្វីថៃមានសិទ្ធិម្ល៉េះ ហើយស្លាកដែលដាក់លើដីខ្មែរមានអ្វីថៃអាចបញ្ជាឲ្យរុះរើបាន? តែអ្វីដែលដឹងគឺថាថ្ងៃនេះអាប៉ោងបើកគ្រប។ ថៃបានជំទាស់ ព្រមគំរាមឲ្យខ្មែរដកស្លាកមេបញ្ហានោះជាបន្ទាន់។ មិនបានប៉ុន្មានថ្ងៃផង ខ្មែរក្រៅពីមាត់នៅខ្លាំងម្សិលមិញនេះ បានកាត់បន្ថយដោយលួចដកស្លាកចាស់ ដាក់ស្លាកថ្មី និងសរសេរត្រឹមពាក្យ«ទីនេះ ជាទឹកដីកម្ពុជា» ហើយបានយកទៅដាក់ម្សិញនេះ ដោយស្ងាត់ៗ មិនទាន់ទាំងបានមួយថ្ងៃស្រួលបួលផង ស្លាកទី២នេះ ក៏ត្រូវបាន មិនត្រឹមដកចេញទេ គឺត្រូវបានកម្ទេចចោល នៅនឹងកន្លែងយ៉ាងវេទនាភ្នែកផងទៀត តាមបញ្ជារបស់ថៃ? sic
គ្មានអ្វីត្រូវឆ្ងល់ថាមុននេះមួយថ្ងៃ មេទាហានខ្មែរនៅម៉ាំងឃ្លាត់ថានឹងមិនដកស្លាកនេះចេញព្រោះទីនេះជាទឹកដីខ្មែរ sic តែថ្ងៃនេះវិញ ទ័ពខ្លួនឯងអ្នកដាក់ ហើយទ័ពខ្លួនឯងអ្នកកម្ទេចក្នុងទឹកដីខ្លួន យ៉ាងវេទនាភ្នែកខ្មោចតាឌី និងយ៉ាងអាម៉ាស់មុខព្រោះតែខ្លាចថៃ។
ពេលដាក់មិនឲ្យគេដឹង ពេលកម្ទេចប្រកាសពេញផែនដីឲ្យគេឃើញ!
នេះហើយដែលគេថា កម្ពុជា, ឃ្លាត់បានតែម៉ាំង!

ស្លាកដំបូងដែលបានដាក់ថា «ទីនេះ! ជាកន្លែងដែលកងទ័ពសៀម ចូលមកឈ្លានពានទឹកដីកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ហើយដកថយទៅវិញ នៅវេលាម៉ោង១០.៣០នាទី ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០» (រូបថតចេញពីទូរទស្សន៍ថៃ លេខ៣)
នៅទីតាំងដើម ស្លាកទី១នោះ ត្រូវគេបានលួចដក និងដាក់ដោយសម្ងាត់នូវស្លាកទី២វិញ ដោយបានដាក់ថា «ទីនេះ! ជាទឹកដីកម្ពុជា HERE! IS CAMBODIA» (រូបថតភ្នំពេញប៉ុស្តិ៍)
តែថ្ងៃនេះស្លាកដែលថាក់ថា ទីនេះ! ជាទឹកដីកម្ពុជា នោះត្រូវបានកម្ទេចចោលយ៉ាងសង្វេគទៅហើយ។ (រូបថតស៊ីអ៊ីអិន)
កម្ទេចចោលពាក្យថា «ទីនេះ! ជាទឹកដីកម្ពុជា» ឬថា ទីនេះ មិនមែនជាទឹកដីកម្ពុជាទៀតហើយ?!
______________________________________________________
អានព័ត៌មានបន្ថែម៖
១. ផ្ទាំងអក្សរចារិក ដែលសម្គាល់ពីកងទ័ពថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវបានដកចេញជាលើកទី២
២. ផ្ទាំងថ្មដែលចារិកអក្សរថាទាហានថៃឈ្លានពានត្រូវបានវាយកម្ទេចចោល
៣. ថៃដកទ័ពទៅវិញបន្ទាប់ពីកម្ពុជាយល់ព្រមដកផ្ទាំងចារឹកថ្មីចេញ
អានផងដែរ៖
១. អភិសិទ្ធិចេញថ្លែងការណ៍ករណីខ្មែរចាប់ជនជាតិថៃ
២. យ៉ាងម៉េចហើយទំនាក់ទំនងស្រឡាញ់-ស្អប់?






