jump to navigation

លិខិត​ចំហ​ទៅ KI មេឌា ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
34 comments

KI​ ត្រូវ​បញ្ឈប់​ការ​យក​ប្រកាស​​ខ្ញុំ​ទៅ​កេង​នយោបាយ
និង​យក​​​​ទៅ​ផ្សាយ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត

ពេញ​មួយ​ថ្ងៃ​នេះ មាន​អ្នក​​ចូល​មក​បើក​មើល និង​ផុសត៍​មតិ​ប្លែក​ៗ​សំដៅ​ប្រឆាំង​រដ្ឋាភិបាល​ បន្ទាប់​ពី​គេហទំព័រ អ្វី​ដែល​គេ​ហៅ​ថា “ខេ​អាយ មេឌា” ក្រុម​ប្រឆាំង​​ដាច់​ក្បាល​ដាច់​កន្ទុយ​របស់​អស់​លោក យក​ប្រកាស​មួយ​របស់​ខ្ញុំ​ដែល​បាន​ដាក់​ពី​​ម្សិល​មិញ​នេះ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ និង​​គ្មាន​ការ​អនុញ្ញាត​​សោះ​ឡើយ។ ទង្វើ​របស់​ខេ​អាយ​នេះ ពិត​ណាស់​មិន​ស័ក្ដិសម​ឡើយ​, ទាំង​ក្នុង​ពេល​អតីត​កាល បច្ចុប្បន្ន និង​តទៅ​អនាគត, ក្នុង​ការ​តាំង​​ខ្លួន​ជា​អ្នក​មាន​ចំណេះដឹង ឬ​អ្វី​ដែល​គេ​ហៅ​ថា អ៊ីនថែលលីជេន ស្អី​នោះ។ ដ្បិត​ការ​យក​របស់​របរ​ជា​កម្មសិទ្ធិ​របស់​​បុគ្គល​ណា​ម្នាក់ ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ វា​បាន​ផ្ទុយ​ទាំង​​ស្រុង​ទៅ​នឹង​កម្មសិទ្ធិ​បញ្ញា ហើយ​ដែល​អ្នក​ចេះ​ដឹង​គេ​មិន​ធ្វើ។

អ្វី​ដែល​លើស​ពី​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ក្រៅ​អំពី​យក​អត្ថបទ​របស់​ខ្ញុំ​​ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ហើយ វេបសៃត៍ ក៏​ដូច​ជា​ក្រុម​​របស់​ពួក​លោក​កំពុង​តែ​កែ​ប្រែ ក្នុង​ចរឹត​បំផ្លែង​អត្ថបទ​របស់​ខ្ញុំ​ឲ្យ​​ទៅ​ជា​អត្ថបទ​នយោបាយ ក្នុង​ន័យ​ប្រឆាំង​រដ្ឋាភិបាល ដូច​ដែល​ក្រុម និង​វេបសៃត៍​របស់​ពួក​លោក​​នេះ បាន​នឹង​កំពុង​ធ្វើ, បាន​នឹង​កំពុង​រវើរវាយ និង​​ការ​ប្រឆាំង​ហួស​ហេតុ គ្មាន​ទិស​គ្មាន​តំបន់។

ហេតុ​ដូច​នេះ ខ្ញុំ​សូម​ជូន​ដំណឹង​ដល់​ក្រុម ឃេ​អាយ ទាំង​អស់ ត្រូវ​​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​យក​ប្រកាស​របស់​ខ្ញុំ​ទៅ​ដាក់​នៅ​វេបសៃត៍​​របស់​អស់​លោក ដើម្បី​បំផ្លែង​បម្រើ​មហិច្ឆតា​នយោបាយ​របស់​អស់​​លោក។ ប្រការ​សំខាន់​បំផុត​នោះ​គឺ​ថា ខេ​អាយ មេឌា មិន​មាន​​គោល​គំនិត​អ្វី​ណា​មួយ​ស្រប​នឹង​ខ្ញុំ​ទាល់​តែ​សោះ។ ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​ស្រឡាញ់​​បាវចនា និង​រដ្ឋធម្មនុញ្ញ​​បច្ចុប្បន្ន ដែល​កើត​ឡើង​ពិត​ៗ​ពី​​ប្រជាជន​ភាគ​ច្រើន ដែល​កំពុង​រស់​នៅ​ក្នុង​ផែន​ដី​កម្ពុជា​នេះ។ ខ្ញុំ​ទទួល​​ស្គាល់​នូវ​សមិទ្ធផល​នានា​របស់​រដ្ឋាភិបាល​ដែល​បាន​នឹង​កំពុង​ធ្វើ ដែល​​ទស្សនៈ និង​ហេតុ​ផល​អស់​ទាំង​នេះ មិន​ស្រប​គ្នា​ទាល់​តែ​សោះ ជាមួយ​នឹង ​ខេ​អាយ មេឌា។ ហេតុ​ដូច​នេះ ប្រកាស​របស់​ខ្ញុំ​ទាំង​ឡាយ មិន​មាន​ហេតុ​​ផល​អ្វី​ត្រូវ​មាន​វត្តមាន​នៅ​ក្នុង​វេបសៃត៍​ (ខេ​អាយ) មួយ​នេះ​ទេ។

រាល់​ប្រកាស​ទាំង​អស់​របស់​ខ្ញុំ បាន​សរសេរ​ចេញ​ឡើង​ក្នុង​នាម​ជា​ពល​​រដ្ឋ​សាមញ្ញ​មួយ ដោយ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ ឬ​បុគ្គល​ ឬ​បក្ខ ឬ​​ពួក​ ណា​មួយ​ឡើយ។ ហើយ​រាល់​ប្រកាស​នានា គឺ​ធ្វើ​ឡើង​តាម​វិធី​​សមធម៌ បើ​ទិទៀន គឺ​ក្នុង​ន័យ​ស្ថាបនា ធ្វើ​ឲ្យ​ប្រសើរ​ឡើង ពោល​គឺ​​មិន​មែន រិះ​គន់​បែប អគតិ មិន​ទទួល​ស្គាល់​ការ​ពិត​ដូច​ដែល​ក្រុម ​ខេ​អាយ ​របស់​លោក​បាន​ធ្វើ​នោះ​ទេ។

ជា​ថ្មី​ម្ដង​ទៀត ក្នុង​នាម​ជា​ពលរដ្ឋ​ក្នុង​ស្រុក​ម្នាក់ ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​មិន​ពេញ​ចិត្ត​ទាល់​សោះ​នូវ​សកម្មភាព​របស់​ក្រុម​លោក ដែល​បាន​​ប្រមាថ មាក់​ងាយ ជាតិ​សាសន៍ មេ​ដឹក​នាំ​ខ្លួន រហូត​ទៅ​ដល់​​ព្រះ​មហាក្ស័ត្រិយ៍ ដែល​ពួង​ប្រជា​គោរព​សក្ការៈ, បង្ក​ជា​ផល​រមាស់​រហូត​ដល់​មាន​ការ​បិទ​រាំង​ខ្ទប់​វេបសៃត៍​របស់​អស់​លោក ហើយ​ដែល​ខ្ញុំ​​គាំទ្រ​ទាំង​ស្រុង​ក្នុង​ការ​បិទ​ខ្ទប់​ប្លក់​របស់​លោក​នេះ។ ឥឡូវ​នេះ ក្រុម​​របស់​លោក​បាន​ហៀរ​មក​ដល់ wordpress នេះ​ទៀត។ ខ្ញុំ​សូម​​និយាយ​ថា ខ្ញុំ​មិន​ស្វាគមន៍​ពួក​លោក​មក​  wordpress នេះ​ទេ។ វត្ត​មាន​របស់​លោក​មិន​យូរ​មិន​ឆាប់ wordpress អាច​នឹង​​មាន​បញ្ហា​ជា​យថា​ហេតុ។ បើ​ក្រុម​លោក​ពិត​ជា​ស្នេហា​ភាព​​ជា​អាត្មា​នៃ​ខ្លួន​ប្រាកដ​មែន ខ្ញុំ​សូម​ណែនាំ​ដល់​ក្រុម​លោក​ជៀស​ឲ្យ​​ឆ្ងាយ​ពី​ពិភព​ហ្វ្រី​ប្លក់​នេះ ដើម្បី​ទុក​ឲ្យ​ឱកាស​ដល់​ខ្មែរ​ឯ​ទៀត ហើយ​​សូម​លោក​ទៅ​ទិញ​ដូមេន និង​បង្ហោះ​ជា​វេបសៃត៍​ឯករាជ្យ​ផ្ទាល់​ខ្លួន​​ឯង​ទៅ។ ខ្ញុំ​មិន​ប្រឆាំង​នឹង​ក្រុម​អស់​លោក​ទេ តែ​ខ្ញុំ​មិន​ពេញ​ចិត្ត​​ទាល់​តែ​សោះ​នូវ​ទង្វើ​របស់​ក្រុម​លោក៕

ខមមេត៍​របស់​ខ្ញុំ ទៅ​គេហទំព័រ ខេ​អាយ មេឌា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​យក​ប្រកាស​ខ្ញុំ​ទៅ​ចុះ​ផ្សាយ

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers