បាត់ទង់ជាតិលើប្រាសាទព្រះវិហារ ថ្ងៃ អង្គារ 15 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in ព្រះវិហារ, អំពីស្រុកខ្មែរ.25 comments
ខ្ញុំមិនដែលបានទៅទស្សនាប្រាសាទព្រះវិហារដោយផ្ទាល់ទេ តែតាមរយៈរូបភាពក្ដី វីដេអូក្ដី ខ្ញុំតែងតែឃើញទង់ជាតិនៃប្រទេសកម្ពុជាយើងបក់រវេចៗលើប្រាសាទព្រះវិហារ នៅឯគោបុរៈទី៥ តាំងពីយូរយារណាស់មកហើយ រហូតដល់រយៈពេលចុងក្រោយប្រមាណឆ្នាំ២០០៨ ចាប់ផ្ដើមមានជម្លោះជាមួយប្រទេសថៃ ដែលលោកនាយករដ្ឋមន្ត្រីថៃកាលណោះ ស្ម័គ្រ សុន្ទរវេជ ធ្លាប់បានលើកក្នុងសភាជាតិថៃថា ទង់កម្ពុជាបក់លើប្រាសាទរាប់ឆ្នាំមកហើយ មានជនថៃណាដែលអះអាង ថាជាទង់របស់ថៃ?
ក៏ប៉ុន្តែ អ្វីដែលចម្លែកក្នុងចិត្ត ហើយដែលទាក់ទាញចំណាប់អារម្មណ៍ខ្ញុំក្រោយពេលលោកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន នាយ អភិសិទ្ធិ វេជ្ជាជីវៈ ឲ្យកម្ពុជាដកទង់ពីវត្តកែវសិក្ខានោះ ខ្ញុំក៏ឃើញថាទង់ជាតិខ្មែរនៅលើប្រាសាទព្រះវិហារដែលធ្លាប់តែបក់រវិចៗនោះ ដូចជាមិនឃើញមានទៀតទេ។ ជាពិសេសរូបភាពចុងក្រោយបំផុតកាលប្រយុទ្ធគ្នានាដើមខែកុម្ភៈ ឆ្នាំ២០១១ គឺរូបភាពច្បាស់ណាស់ថាមិនមានទង់ជាតិខ្មែរទៀតទេ។
គួរឲ្យសោកស្ដាយណាស់ដែរ តែខ្ញុំមិនបានដឹងថាទង់ជាតិខ្មែរនោះ ត្រូវបានដកចេញពីប្រាសាទព្រះវិហារតាំងពីពេលណាមកទេ ឬថាតាំងពីមុនជម្លោះទៅទៀត។
ក្រោយពេលប្រាសាទព្រះវិហារត្រូវបានចុះចូលជាបេតិកភណ្ឌពិភពលោកមក ទង់ចំនួន៣ក៏ត្រូវបានបង្ហូតនៅក្បែរប្រាសាទនេះដែរ ដែលក្នុងនោះរួមមានទង់ជាតិខ្មែរយើងមួយដែរ។ តាមវិធាននេះ ខ្ញុំគិតថា ឬមួយទង់ជាតិខ្មែរដែលបានដាក់លើប្រាសាទពីមុនមកត្រូវបានដកចេញក្រោយដាក់ទង់ទាំងបីនោះទេដឹង? បើបងប្អូនណាបានដឹង ឬធ្លាប់ទៅឃើញសូមជួយប្រាប់ផង៕

រូបភាពចុងក្រោយបំផុតកាលពីពេលប្រយុទ្ធគ្នាដើមខែនេះ មិនឃើញមានទង់ជាតិទៀតទេ

រូបភាពដូចគ្នាដែលកាលពីមុននោះ គឺឃើញមានទង់ជាតិដែលធ្លាប់ដាក់លើប្រាសាទ

ទង់បី (រួមមានទង់ជាតិខ្មែរមួយដែរ) ត្រូវបានបង្ហូតក្បែរប្រាសាទបន្ទាប់ពី ប្រាសាទព្រះវិហារត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោក
_________________________________________________
អានផងដែរ៖
១. ថៃប្រកាសឲ្យខ្មែរដកទង់ជាតិ និងរុះរើវត្តកែវសិក្ខាគិរីស្វារៈ






