jump to navigation

មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីស្រុកខ្មែរ.
24 comments

រៀង​រាល់​ពេល​ចូល​ទស្សនា​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ម្ដង​ៗ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ខ្លោច​ចិត្ត​នឹង​ផ្ទាំង​រូប​​គំនូរ​រឿង​រាម​កេរ្ដិ៍ នៅ​តាម​ថែវ ព្រះ​ឧបោសថ​រតនារាម ព្រះវិហារ​ព្រះ​កែវ​មក៌ត​ណាស់។ រូប​គំនូរ​រឿង​រាម​​កេរ្ដិ៍ នៅ​តាម​ថែវ​ព្រះ​វិហារ​នេះ គឺ​ជា​មត៌ក​ដ៏​ថ្លៃ​ថ្លា និង​មាន​តម្លៃ​វិសេស​វិសាល​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​ជា​ស្នាដៃ និង​កេរតំណែល​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​បន្សល់​ទុក​ដោយ​អតីត​ព្រះ​មហាក្ស័ត្រិយ៍ និង​​បុព្វជន​ខ្មែរ។

ដោយ​សារ​សង្គ្រាម​ហែក​ហួរ​ក្នុង​ប្រទេស បណ្ដា​រូប​គំនូរ​ទាំង​អស់​ត្រូវ​បាន​បំផ្លាញ​ដោយ​ស្នាដៃ​មនុស្ស​ខ្មែរ​ជាតិ​ខ្លួន​ឯង រហូត​ស្ទើរ​មើល​មិន​បាន​ទៅ​ហើយ បើ​ទោះ​បី​ក្នុង​អតីត​រដ្ឋ​កម្ពុជា​ធ្លាប់​ត្រូវ​បាន​ស្ដារ​ម្ដង​រួច​​មក​ហើយ​ក្ដី។

មក​ដល់​ក្នុង​សម័យ​នេះ​ទៀត​សោត ព្រះ​រាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ជិត​២០​ឆ្នាំ​មក​​ហើយ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​រូប​គំនូរ​រាម​កេរ្តិ៍​ទាំង​នោះ មិន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ទាល់​តែ​សោះ តែ​អ្វី​ដែល​​គួរ​ឲ្យ​សោក​ស្ដាយ​នោះ​ទៅ​ទៀត ក្រៅ​ពី​មិន​ត្រូវ​បាន​ស្ដារ​ហើយ រូប​គំនូរ​ទាំង​នោះ​មិន​ត្រូវ​បាន​ទទួល​ការ​​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ពី​សំណាក់​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វាំង​ផង​ទៀត។ ជា​រឿយ​ៗ​រូប​គំនូរ​ទាំង​​នោះ​ត្រូវ​បាន​បំផ្លាញ​បន្ថែម​ថ្មី​​ៗ​នេះ​ទៀត ដូច​ជា​ការ​ដាក់​របស់​ចោល​មុខ​ថែវ​គំនូរ និង​ការ​លាប​ថ្នាំ​​លើ​ពិដាន ហូរ​ហៀរ​លើ​ផ្ទាំង​គំនូរ​។ល។

ការ​ចូល​ទស្សនា​រូប​គំនូរ​ដែល​មាន​ភាព​មិន​យក​ចិត្ត​ទុក​ដាក់​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សោក​សង្រេង​​ខ្លាំង​ណាស់ ចំពោះ​ស្នាដៃ​ដ៏​មហាសាល​នៃ​អតីត​​បុព្វជន​ខ្មែរ ហើយ​បើ​យើង​ងាក​ទៅ​មើល​រូប​គំនូរ​បែប​​គ្នា​នេះ​ដែរ នៅ​ឯ​ព្រះ​បរម​រាជវាំង​ក្រុង​បាងកក គេ​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សម្បើម​ណាស់។

ក្នុង​​នាម​ជា​កូន​ខ្មែរ​មួយ​រូប​នៃ​ខេមរ​ប្រទេស ដោយ​យល់​ឃើញ​ពី​កេរតំណែល​ដ៏​មហា​សាល​នេះ ខ្ញុំ​សូម​អំពាវ​​នាវ​ឲ្យ​រាជការ​ទទួល​បន្ទុក​ព្រះ​បរមរាជ​វាំង​ចតុម្មុខ មេត្តា​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា និង​ស្ដារ​ឡើង​វិញ​​ជា​បន្ទាន់​នូវ​រូប​គំនូរ​រឿង​រាម​កេរ្ដិ៍​នេះ។ ប្រសិន​បើ​គ្មាន​ថវិកា​គ្រប់​គ្រាន់​ខ្ញុំ​ថា​យើង​ជា​ជន​ជាតិ​ខ្មែរ​ទាំង​​មូល​ពិត​ជា​នឹង​ចូល​រួម​ចំណែក​ម្នាក់​បន្តិច​ៗ​ដើម្បី​អាច​មាន​លទ្ធភាព​ស្ដារ​រូប​ទាំង​នោះ​បាន​ជា​ប្រាកដ៕


ថែវគំនូររឿងរាមកេរ្ដិ៍មិនត្រូវបានការថៃទាំទាល់តែសោះ

មានការដាក់សម្ភារៈពាសវាលកាលមុខរូបគំនូរ

រូបគំនូរខូចខាតស្ទើរគ្មានសល់

រូបគំនូរត្រូវបានបំផ្លាញនិងខូចខាត

រូបគំនូរដ៏មហាសាលនៃខេមរជនត្រូវបានបំផ្លាញ និងខូចខាតស្ទើរទាំងស្រុង

__________________________________________________________
អានផងដែរ
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers