jump to navigation

ទៅ​លេង​ប្រុយណេ ថ្ងៃ អង្គារ 1 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in ទេសចរណ៍, អំពីសុភ័ក្ត្រ.
32 comments

សប្ដាហ៍​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​ប្រុយណេ ដារូស្សាឡាម ជា​លើក​ដំបូង ដោយ​ទៅ​កាន់​ទីក្រុង បានដារ សេរី បេហ្កាវាន ​រាជធានី​នៃ​រាជាណាចក្រ​ដែល​សម្បូរ​ទៅ​ដោយ​ទ្រព្យ​ធន​ប្រេង​មួយ​នេះ។ ដូច​លោក​អ្នក​ដឹង​ស្រាប់​​ហើយ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​រាជាណាចក្រ​មួយ​នេះ​ជា​ប្រទេស​អ្នក​មាន​មួយ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន ឬ​ក្នុង​ពិភព​លោក​ក៏​ថា​បាន។ ជា​ទូទៅ​ការ​សុំ​ទិដ្ឋាការ​ចូល​ប្រទេស​ប្រុយណេ មាន​ភាព​តឹង​តែង​គួរ​​សម ឬ​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់​នៅ​ក្នុង​អាស៊ាន​ប្រទេស​នេះ ដោយ​តម្រូវ​ឲ្យ​មាន​នីតិវិធី​ច្រើន​គួរ​​សម។ តម្លៃ​ទិដ្ឋាការ​សម្រាប់​ជាតិ​ខ្មែរ គឺ​១៨​ដុល្លារ​អាមេរិក។

ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​គ្រា​នេះ គឺ​ត្រូវ​ឆ្លង​កាត់​ប្រទេស​ម៉ាឡេស៊ី ដោយ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង កួឡា ឡូមពួរ ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង បានដារ សេរី បេហ្កាវាន ផ្ទាល់​តែ​ម្ដង។ ការ​ធ្វើ​ដំណើរ​តាម​​យន្ត​ហោះ​នេះ ត្រូវ​ចំណាយ​ពេល​ប្រមាណ​​២​ម៉ោង​២០​នាទី (ម៉ោង​នៅ​ប្រុយណេ​លើ​ម៉ោង​នៅ​ស្រុក​ខ្មែរ​មួយ​ម៉ោង)។ ខ្ញុំ​បាន​ចេញ​ពី​ម៉ាឡេស៊ី​​នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​វេលា​ម៉ោង​៧​ព្រឹក​គត់ នឹង​វេលា​ថ្ងៃ​ត្រង់​ក៏​បាន​មក​ដល់​​ប្រទេស​ប្រុយណេ។ អាកាស​យានដ្ឋាន​ប្រទេស​នេះ មិន​ជា​ធំ​ណាស់​ណា​ទេ ក៏​ប៉ុន្តែ​មាន​សភាព​ទាន់​​សម័យ និង​មាត្រដ្ឋាន​អន្តរជាតិ​ច្រើន​ជាង​អាកាសយានដ្ឋាន​ភ្នំពេញ​យើង។

ជាមួយ​នឹង​ប្រជាជន​ក្នុង​ក្រុង​សរុប​ជាង​មួយ​សែន​នាក់ និង​ប្រជាជន​ក្នុង​ទីប្រជុំ​ជន​ជាង​២​ម៉ឺន​​នាក់ លោក​អ្នក​នឹង​ប្រទះ​ភាព​ស្ងប់​ស្ងាត់​ច្រើន​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​នេះ លើក​លែង​តែ​ផ្នែក​​ខ្លះ​មាន​សភាព​រវល់​ច្រើន​គួរ​សម​ដូច​ភ្នំពេញ​ដែរ។ បើ​ទោះ​បី​ជា​មិន​មាន​ប្រជាជន​ច្រើន​ដូច​​​បណ្ដា​ទីក្រុង​ធំ​ៗ​ក្នុង​លោក​ក៏​ដោយ បានដារ សេរី បេហ្កាវាន មាន​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ទាំង​អស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​​បែប​ទាន់​សម័យ​ដូច​ទីក្រុង​ធំ​ៗ​ទាំង​អស់​ក្នុង​លោក (សូម​អាន​អត្ថបទ៖ ចរាចរណ៍​នៅ​ប្រុយណេ) ក៏​ដូច​ជា​ផលិត​ផល​ទាន់​សម័យ និង​លំដាប់​ពិភព​លោក​ផង​ដែរ។ តែ​អ្វី​ដែល​លោក​អ្នក​ធ្លាប់​បាន​ដឹង​ថា​ប្រុយណេ ជា​ប្រទេស​ផលិត​ប្រេង​នោះ​គឺ​ពិត​ណាស់ ប្រេង​សាំង​នៅ​ស្រុក​នេះ​ថោក​ជាង​ទឹក​សុទ្ធ​ទៅ​ទៀត ដែល​ទឹក​សុទ្ធ​ចំណុះ​៣០០​មិល្លីលីត្រ​មាន​ប្រមាណ​ជិត​មួយ​ដុល្លារ (ប្រាក់​ប្រុយណេ ឬ​ប្រមាណ​៣០០០​រៀល​) នោះ ប្រេង​សាំង​ក្នុង​១​លីត្រ​មាន​តម្លៃ​តែ​៥០​សេន ដុល្លារ​ប្រុយណេ ឬ​ប្រមាណ​តែ​១៦០០​រៀល​តែ​ប៉ុណ្ណោះ។

ខ្ញុំ​បាន​ស្នាក់​នៅ​រយៈ​ពេល​៣​យប់​៤​ថ្ងៃ នៅ​ក្នុង​ទីក្រុង​មួយ​នេះ ដោយ​បាន​ទស្សនា​ទី​កន្លែង​សំខាន់​ៗ​​ជា​ច្រើន រួម​ទាំង​បាន​ទស្សនា​ពិធី​សម​បុណ្យ​ឯក​រាជ្យ​ជាតិ​នៃ​ប្រុយណេ​ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​កត់​​សម្គាល់​នោះ គឺ​ថា​គ្រប់​កន្លែង​ទស្សនា​នានា​នៅ​ក្នុង​ប្រទេស​នេះ​មិន​តម្រូវ​ឲ្យ​អ្នក​ទេសចរ​បង់​ប្រាក់​​ចូល​ទស្សនា​ទេ។ ប្រជាជន​នៅ​ទី​នេះ​ដែល​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ភាសា​ម៉ាឡេ​នោះ ភាគ​ច្រើន​មាន​​អធ្យាស្រ័យ (តាម​រយៈ​ការ​ប្រើ​ប្រាស់​យាន​យន្ត) ហើយ​ម្ហូប​អាហារ​ទៀត​សោត គឺ​ប្រហាក់​ប្រហែល ឬ​​ដូច​គ្នា​ទៅ​នឹង​ម៉ាឡេស៊ី​ ឬ​ឥណ្ឌូណេស៊ី តែ​ម្ដង។

ដោយ​សារ​ប្រុយណេ ជា​ប្រទេស​ប្រកាន់​សាសនា​ឥស្លាម ដំណើរ​កម្សាន្ត​របស់​ខ្ញុំ​ភាគ​ច្រើន​គឺ​ទៅ​កាន់​ព្រះ​វិហារ ឬ​ម៉ាសាជិត​សំខាន់​ៗ និង​ធំ​ៗ ដែល​មាន​ភាព​ល្បី​ឈ្មោះ​របស់​ប្រទេស​នេះ ដូច​ជា អូម៉ារ អាលី សៃហ្វូដឌិន និង​ Jame’Asr Hassanil Bolkiah ជា​ដើម។ នេះ​រាប់​ជា​លើក​ដំបូង​របស់​​ខ្ញុំ​ផង​ដែរ ក្នុង​ការ​ចូល​ទៅ​​ក្នុង​ព្រះ​វិហារ​របស់​សាសនា​ឥស្លាម។ ដូច​ក្នុង​នាម​ជា​ប្រទេស​អ្នក​មាន​ព្រះវិហារ​របស់​ប្រុយណេ ភាគ​ច្រើន​មាន​សភាព​ធំ​ធេង ប្រដាប់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់ និង​បិទ​​ទៅ​ដោយ​មាស នៅ​ផ្នែក​ខ្លះ​នៃ​ព្រះវិហារ គឺ​សម្បើម​អស្ចារ្យ​ណាស់​នៅ​ពេល​យើង​ចូល​ទៅ​ដល់ រហូត​ដល់​​ជន​ជាតិ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី លាន់​មាត់ ព្រោះ​មិន​មាន​បែប​ដូច​គ្នា​នេះ​នៅ​ប្រទេស​ពួក​គេ ដែល​​ប្រកាន់​សាសនា​ដូច​គ្នា​ដែរ​នេះ​ទេ។ ក្រៅ​ពី​នេះ​ ខ្ញុំ​ក៏​បាន​ទៅ​ទស្សនា​ព្រះ​រាជ​វាំង​ស្ដេច​ប្រុយណេ, ភូមិ​​ក្នុង​ទឹក កំពង់​អេយេរ៍, និង​សារមន្ទីរ​របស់​ប្រទេស​នេះ​ជា​ដើម​។ល។

នៅ​ល្ងាច​ថ្ងៃ​​អង្គារ ទី​២២ ខែ​​កុម្ភៈ ឆ្នាំ​២០១១ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រុយណេ ឆ្ពោះ​​មក​ទីក្រុង​ កួឡា ឡូមពួរ ប្រទេស​ម៉ាឡេស៊ី ជា​ថ្មី​ម្ដង​ទៀត ដោយ​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ក្នុង​រាជាណាចក្រ​មួយ​​នេះ៕


ផែន​ដី​ប្រុយណេ​ពី​លើ​អាកាស ឃើញ​សមុទ្ទ និង​ដី​គោក

ទិដ្ឋភាព​ផ្លូវ​មួយ​នៅ​ប្រុយណេ

វិហារ​ចិន​នៅ​ប្រុយណេ

វិហារ អូម៉ារ អាលី សៃហ្វូដឌិន

វិហារ អូម៉ារ អាលី សៃហ្វូដឌិន នា​ពេល​រាត្រី

ព្រះ​បរម​រាជ​វាំង មាន​រាប់​ពាន់​បន្ទប់

កំពង់អាយេរ៍

វិហារ Jame’Asr Hassanil Bolkiah

ស្ថានីយ៍​ប្រេង​សាំង​សែល ដែល​មាន​សិទ្ធិ​រក​ស៊ី​ផ្ដាច់​មុខ​នៅ​ប្រុយណេ

អាកាសយានដ្ឋាន​ក្រុង​ប្រុយណេ

___________________________________________________
អាន​បន្ថែម៖
១. មក​ដល់​អាណាចក្រ​ប្រេង
២. ដំណើរ​កម្សាន្ត​គ្រា​នេះ
៣. ចរាចរណ៍​នៅ​ប្រុយណេ
៤. ពិធី​សម​បុណ្យ​ឯករាជ្យ​ជាតិ​ប្រុយណេ ដារូស្សាឡាម
៥. សមុទ្ទ​ប្រុយណេ
៦. ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍
៧. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ
៨. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ (ចប់)
៩. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ
១០. អាគារ​ស្នាក់​នៅ​យុវជន ពូសាត បេលៀ
១១. កំពឹស​ចៀន​ប្រុយណេ
១២. ចំណត​រថយន្ត​ក្រុង​នៅ​ប្រុយណេ
១៣. ស្លាក​សញ្ញា និង​ប៉ាយ​ឃោសនា​នានា​នៅ​ប្រុយណេ
១៤. កំពង់អាយេរ៍
១៥. សួន​កម្សាន្ត ជេរូដុង ដ៏​កម្សត់

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers