ឬថា ភូថង អេ មោទនថៃជាងជាតិខ្លួន? ថ្ងៃ ចន្ទ 14 ខែមីនា 2011
Posted by សុភ័ក្ត្រ in កីឡា, បរិយាយថ្ងៃនេះ, បុគ្គលសំខាន់, អំពីស្រុកខ្មែរ, ภาษาไทย.18 comments

សម្រាប់ជនជាតិខ្មែរ នរណាៗក៏ស្គាល់ ក៏ឮ ក៏ដឹង ដែរ ភូថង អេ ឬ អេ ភូថង (តាមទម្លាប់) ជាស្ដេចប្រដាល់ស្រុកខ្មែរ។ កំពូលអ្នកប្រដាល់គ្មានគូប្រៀបកែងឆេះ ជង្គង់ទិព្វ ឬថាម្យ៉ាងឲ្យខ្លី កំពូលអ្នកប្រដាល់ក្បាច់ខ្មែរបុរាណ របស់នគរក្រុងកម្ពុជា។
ក្នុងនាមជាបុគ្គលសាធារណៈ ឬជាអ្នកល្បីរបស់ប្រទេសជាតិ ភូថង អេ ប្រាកដណាស់ ជាមនុស្សដែលត្រូវបានទទួលការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ក្រុងក្រសែភ្នែកខេមរជន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅត្រង់ថា តើភូថង អេ ពិតជាបានប្រតិបត្តិខ្លួនឲ្យសមជាបុគ្គលម្នាក់ដែលខ្មែរទូទាំងនគរបានផ្ដល់កិត្តិយសដល់រូបគាត់ហើយឬនៅ?
ជាអ្នកកើតជាឯខេត្តជាយដែលព្រំប្រទល់ថៃ (កោះកុង) ដែលម្ដងនោះ ធ្លាប់បានដាច់សង្វែគយ៉ាងខ្លាំងចេញពីសង្គមខ្មែរឯទៀត កំពូលអ្នកប្រដាល់របស់ស្រុកខ្មែររូបនេះ ប្រាកដណាស់ច្បាស់ជាឆ្លងឥទ្ធិពលស្រុកថៃច្រើនជាងមាតុភូមិរបស់ខ្លួន។ សំនៀងបែបមិនច្បាស់យកជាបានការរបស់ភូថង អេ បានក្លាយជាគំនិតផុសចេញជាសំណួរថា ភូថង អេ គួរគឺជាមនុស្សដែលអាចតំណាងឲ្យជាតិខ្មែរឬមួយក៏ទេ។
ការនៅដិតដាមក៏ខ្លាំងក្លារបស់ភូថង អេ ប្រទាក់ក្រឡានឹងស្រុកថៃ បើសូម្បីតែត្រកូលគាត់ គឺសន្ដានជាថៃសុទ្ធសាធ (ថៃសរសេរ ภูทอง) រួមទាំងទម្លាប់នៃការហៅឈ្មោះរបស់គាត់ គឺ អេ ភូថង (เอ ภูทอง) ដែលជាការហៅតាមបែបថៃ យកឈ្មោះដាក់មុន ខុសពីខ្មែរជាទូទៅហៅត្រកូលមុននោះ ហើយដែលឈ្មោះគាត់តាមពិតគឺត្រូវហៅ ភូថង អេ នេះឯង។ រហូតមកដល់ពេលមានកូនទៅទៀត អ្នកប្រដាល់លេខ១របស់ខ្មែរយើងនៅតែបន្តទម្លាប់ដាក់ឈ្មោះកូនជាភាសាថៃ និងតាមបែបថៃនេះបន្តទៅទៀត។
នៅមានរឿងជាច្រើនទៀតដែល អេ មានទំនាក់ទំនងនឹងថៃ ក្នុងនាមជាមនុស្សកំពូលរបស់ខ្មែរ។ យើងមិននិយាយដល់ការសាក់រូបសត្វគ្រុឌ ដែលមនុស្សភាគច្រើនទទួលស្គាល់ ហើយថៃបានចាត់ទុកជាតំណាងរបស់ខ្លួនទៅហើយនោះ មកនិយាយទេ ដ្បិតគ្រុឌមិនមែនកម្មសិទ្ធផ្ដាច់មុខរបស់ថៃឯណា តែអ្វីជាកម្មសិទ្ធិផ្ដាច់មុខរបស់ថៃជាក់ៗនោះ គឺតួអក្ខរវិរុទ្ធរបស់ថៃ សាក់ជាប់នឹងដៃអ្នកប្រដាល់តំណាងជាតិខ្មែររូបនេះ។ ភូថង អេ បានបង្ហាញឲ្យជាតិខ្មែរឃើញនូវភាពមោទនរបស់គាត់ចំពោះថៃនូវអក្សរថៃដែលសរសេរថា สุมาลี (សុ-មា-លី អានថា៖ ស៊ុម៉ាលី) នៅនឹងដៃរបស់គាត់។ សំណួរនៅត្រង់ថា ចុះហេតុម្ដេចបានជាកំពូលមនុស្សខ្មែរ ដែលជាតិបានផ្ដល់កត្តិយសដល់រូបគាត់មានមោទនភាពអ្វីម្ល៉េះនូវភាពជាថៃ គ្រប់ទង្វើរបស់គាត់។ ហេតុអ្វីបានជាគាត់មិនសាក់ជាតួអក្សរខ្មែរ? ឬថា ភូថង អេ មោទនថៃជាងជាតិខ្លួន?
ក្នុងនាមជាមនុស្សមួយរូបដែលបានសាងឈ្មោះ រស់សុខរស់សាន្ត ធំធាត់នឹងអង្ករខ្មែរ ចាប់ភពលើផែនដីរបស់ដូនតាខ្មែរ ភូថង អេ គួរតែមានមោទន នឹងភាពជាខ្មែរឲ្យបានច្រើនជាងនេះ។ ភូថង អេ គួរតែដឹងដោយចិត្ត និងរូបវិញ្ញាណហើយថា ខេមរជនមួយនគរនេះបានផ្ដល់កត្តិយសដល់រូបគាត់ដ៏មហាអស្ចារ្យ លើសពីខ្មែរសមញ្ញរូបនានាដទៃទៀត។ ហេតុដូចនេះ ភូថង អេ គួរតែមានមោទនចំពោះជាតិខ្លួន ដូចដែលជាតិខ្លួនបានផ្ដល់ទៅឲ្យរូបគាត់ផងដែរ៕

កាសែតល្បីឈ្មោះ Cambodia Daily (weekly) បានចុះរូបថតភូថង អេ អ្នកប្រដាល់កំពូលរបស់កម្ពុជា ដែលក្នុងដៃឆ្វេងរបស់គាត់មានសាក់អក្សរថៃ






