jump to navigation

ឬ​ថា ភូថង អេ មោទន​ថៃ​ជាង​ជាតិ​ខ្លួន? ថ្ងៃ ចន្ទ 14 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in កីឡា, បរិយាយ​ថ្ងៃ​នេះ, បុគ្គល​សំខាន់, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

សម្រាប់​ជន​ជាតិ​ខ្មែរ​ នរណា​ៗ​ក៏​ស្គាល់ ក៏​ឮ ក៏​ដឹង ដែរ ភូថង អេ ឬ អេ ភូថង (តាម​ទម្លាប់) ជា​ស្ដេច​ប្រដាល់​ស្រុក​ខ្មែរ។ កំពូល​អ្នក​ប្រដាល់​គ្មាន​គូ​ប្រៀប​កែង​ឆេះ ជង្គង់​ទិព្វ ឬ​ថា​ម្យ៉ាង​ឲ្យ​ខ្លី កំពូល​អ្នក​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ របស់​នគរ​ក្រុង​កម្ពុជា។

ក្នុង​នាម​ជា​បុគ្គល​សាធារណៈ ឬ​ជា​អ្នក​ល្បី​របស់​ប្រទេស​ជាតិ ភូថង អេ ប្រាកដ​ណាស់ ជា​មនុស្ស​ដែល​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ក្រុង​ក្រសែ​ភ្នែក​ខេមរជន។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ នៅ​ត្រង់​ថា តើ​ភូថង អេ ពិត​ជា​បាន​ប្រតិបត្តិ​ខ្លួន​ឲ្យ​សម​ជា​បុគ្គល​ម្នាក់​ដែល​ខ្មែរ​ទូទាំង​នគរ​បាន​ផ្ដល់​កិត្តិយស​ដល់​រូប​គាត់​ហើយ​ឬ​នៅ?

ជា​អ្នក​កើត​ជា​ឯ​ខេត្ត​ជាយ​ដែល​ព្រំ​ប្រទល់​ថៃ (កោះ​កុង) ដែល​ម្ដង​នោះ ធ្លាប់​បាន​ដាច់​សង្វែគ​យ៉ាង​ខ្លាំង​ចេញ​ពី​សង្គម​ខ្មែរ​ឯ​ទៀត កំពូល​អ្នក​ប្រដាល់​របស់​ស្រុក​ខ្មែរ​រូប​នេះ ប្រាកដ​ណាស់​ច្បាស់​ជា​ឆ្លង​ឥទ្ធិពល​ស្រុក​ថៃ​ច្រើន​ជាង​មាតុភូមិ​របស់​ខ្លួន។ សំនៀង​បែប​មិន​ច្បាស់​យក​ជា​បាន​ការ​របស់​ភូថង អេ បាន​ក្លាយ​ជា​គំនិត​ផុស​ចេញ​ជា​សំណួរ​ថា ភូថង អេ គួរ​គឺ​ជា​មនុស្ស​ដែល​អាច​តំណាង​ឲ្យ​ជាតិ​ខ្មែរ​ឬ​មួយ​ក៏​ទេ។

ការ​នៅ​ដិត​ដាម​ក៏​ខ្លាំង​ក្លា​របស់​ភូថង អេ ប្រទាក់​ក្រឡា​នឹង​ស្រុក​ថៃ បើ​សូម្បី​តែ​ត្រកូល​​គាត់ គឺ​សន្ដាន​ជា​ថៃ​សុទ្ធ​សាធ (ថៃ​សរសេរ ภูทอง) រួម​ទាំង​ទម្លាប់​នៃ​ការ​ហៅ​ឈ្មោះ​របស់​គាត់ គឺ អេ ភូថង (เอ ภูทอง) ដែល​ជា​ការ​ហៅ​តាម​បែប​ថៃ យក​ឈ្មោះ​ដាក់​មុន ខុស​ពី​ខ្មែរ​ជា​ទូទៅ​ហៅ​ត្រកូល​មុន​នោះ ហើយ​ដែល​ឈ្មោះ​គាត់​តាម​ពិត​គឺ​ត្រូវ​ហៅ ភូថង អេ នេះ​ឯង។ រហូត​មក​ដល់​ពេល​មាន​កូន​ទៅ​ទៀត អ្នក​ប្រដាល់​លេខ​១​របស់​ខ្មែរ​យើង​នៅ​តែ​បន្ត​ទម្លាប់​ដាក់​ឈ្មោះ​កូន​ជា​ភាសា​ថៃ និង​តាម​បែប​ថៃ​នេះ​បន្ត​ទៅ​ទៀត។

នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ អេ មាន​ទំនាក់​ទំនង​នឹង​ថៃ ក្នុង​នាម​ជា​មនុស្ស​កំពូល​របស់​ខ្មែរ។ យើង​មិន​និយាយ​ដល់​ការ​សាក់រូប​សត្វ​គ្រុឌ ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​ស្គាល់ ហើយ​ថៃ​បាន​ចាត់​ទុក​ជា​តំណាង​របស់​ខ្លួន​ទៅ​ហើយ​នោះ មក​និយាយ​ទេ ដ្បិត​គ្រុឌ​មិន​មែន​កម្មសិទ្ធ​ផ្ដាច់​មុខ​របស់​ថៃ​ឯណា តែ​អ្វី​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ថៃ​ជាក់​ៗ​នោះ គឺ​តួ​អក្ខរវិរុទ្ធ​របស់​ថៃ សាក់​ជាប់​នឹង​ដៃ​អ្នក​ប្រដាល់​តំណាង​ជាតិ​ខ្មែរ​រូប​នេះ។ ភូថង អេ បាន​បង្ហាញ​ឲ្យ​ជាតិ​ខ្មែរ​ឃើញ​នូវ​ភាព​មោទន​របស់​គាត់​ចំពោះ​ថៃ​នូវ​អក្សរ​ថៃ​ដែល​សរសេរ​ថា สุมาลี (សុ-មា-លី អាន​ថា៖ ស៊ុម៉ាលី) នៅ​នឹង​ដៃ​របស់​គាត់។ សំណួរ​នៅ​ត្រង់​ថា ចុះ​ហេតុ​ម្ដេច​បាន​ជា​កំពូល​មនុស្ស​ខ្មែរ ដែល​ជាតិ​បាន​ផ្ដល់​កត្តិយស​ដល់​រូប​គាត់​មាន​មោទនភាព​អ្វី​ម្ល៉េះ​នូវ​ភាព​ជា​ថៃ គ្រប់​ទង្វើ​របស់​គាត់។ ហេតុ​អ្វី​បាន​ជា​គាត់​មិន​សាក់​ជា​តួ​អក្សរ​ខ្មែរ? ឬ​ថា ភូថង អេ មោទន​ថៃ​ជាង​ជាតិ​ខ្លួន?

ក្នុង​នាម​ជា​មនុស្ស​មួយ​រូប​ដែល​បាន​សាង​ឈ្មោះ រស់​សុខ​រស់​សាន្ត ធំ​ធាត់​នឹង​អង្ករ​ខ្មែរ ចាប់​ភព​លើ​ផែន​ដី​របស់​ដូន​តា​ខ្មែរ ភូថង អេ គួរ​តែ​​មាន​មោទន នឹង​ភាព​ជា​ខ្មែរ​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ភូថង អេ គួរ​តែ​ដឹង​ដោយ​ចិត្ត និង​រូប​វិញ្ញាណ​ហើយ​ថា ខេមរជន​មួយ​នគរ​នេះ​បាន​ផ្ដល់​កត្តិយស​ដល់​រូប​គាត់​ដ៏​មហា​អស្ចារ្យ លើស​ពី​ខ្មែរ​សមញ្ញ​រូប​នានា​ដទៃ​ទៀត។ ហេតុ​ដូច​នេះ ភូថង អេ គួរ​តែ​​មាន​មោទន​ចំពោះ​ជាតិ​ខ្លួន ដូច​ដែល​ជាតិ​ខ្លួន​បាន​ផ្ដល់​ទៅ​ឲ្យ​រូប​គាត់​ផង​ដែរ៕


កាសែត​ល្បី​ឈ្មោះ Cambodia Daily (weekly) បាន​ចុះ​រូប​ថត​ភូថង អេ អ្នក​ប្រដាល់​កំពូល​របស់​កម្ពុជា ដែល​ក្នុង​ដៃ​ឆ្វេង​របស់​គាត់​មាន​សាក់​អក្សរ​ថៃ

មតិ»

1. អេ ភូថង « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

[...] ឬ​ថា ភូថង អេ មោទន​ថៃ​ជាង​ជាតិ​ខ្លួន… LikeBe the first to like this . [...]

2. វិចិត្រ - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

ខ្ញុំ​ក៏​មិន​ចូលចិត្ត​ចរឹត​របៀប​នេះដែរ តែ​ក៏​បន្ទោស​គាត់​មិន​ចេញ​ដែរ។

បើ​យើង​មើល​មក​ខ្មែរ​គ្នា​ឯង​វិញ​ ដែល​រស់​នៅ​ស្រុក​គេ​សញ្ជាតិ​គេ មាន​តិច​ណាស់​ដែល​ទទួល​យក​វប្បធម៌​គេ​។ ម្នាក់​ៗ រស់​នៅ​លើ​ដីគេ ​ចូល​សញ្ជាតិ​គេ​ហើយ​ក៏​ដោយ នៅ​តែ​រស់​ក្នុងភាព​ជា​ខ្មែរ ហើយ​គ្មាន​ភក្ដី​ភាព​អ្វី​នឹង​ប្រទេស​ដែល​ខ្លួន​រស់​នៅ​នោះ​ទេ។ កុំ​ថា​ឡើយ​ដល់​ទៅ​និយាយ​ភាសាស្រុក​គេ​ មិន​មាន​សំនៀង​ដូចជនជាតិ​គេ សូម្បី​តែ​ចេះ​និយាយ​អោយបាន​ត្រឹម​ត្រូវ មិននឹង​ចេះ​ផង។ ទាំង​ការ​ស្លៀកពាក់ ការ​និយាយ​ស្ដី អាកប្បកិរិយា ទំនៀមទំលាប់ នៅ​ដដែល​ទាំង​អស់។ នៅ​តែ​មោទនភាព​ជាតិ​ខ្មែរ​ដដែល។

ដូច្នេះ​ច្រាសមក​វិញ ជនជាតិ​គេមក​រស់​នៅ​ស្រុក​ខ្មែរ គេ​នៅ​តែ​រស់​នៅ​របៀប​ជា​ជនជាតិ​គេ​ដដែល។ ចិន​រស់​តាម​របៀប​ចិន ហើយ​មើល​ងាយ​ខ្មែរ​ទៀត យួន​រស់​តាម​របៀប​យួន … ។

ក្មេងស្រែ - ថ្ងៃពុធ 16 ខែ​មីនា 2011

នៅតែមានសញ្ជាតិខ្មែរសំដែងអត្តចរិតផ្ទុយពីលោកគ្រូនិយាយ ជាពិសេស​ស្រករក្រោយៗ ។ ក្មួយៗខ្ញុំ​មកដល់ស្រុកខ្មែរវិញ​អត់​ចេះ​និយាយ​រ៉េ​ខ្មែរ ។ ម៉ែវា ក៏​អត់​សូវ​និយាយខ្មែរដែរ និយាយសុទ្ធតែ​អាគាំង ទៅផ្សារ​មិន​ទៅរ៉េ ទៅស្តរ, ផឹកវ៉ាញ, ស៊ីត្រីកំផ្លាញ បានតាត្រូវម៉ាកំផ្លាង!

វិចិត្រ - ថ្ងៃពុធ 16 ខែ​មីនា 2011

ប៉ុន្តែ​យើង​សរសើរ​នរណា សរសើរ​ខ្មែរ​នៅ​អាមេរិច​រក្សា​វប្បធម៌​ខ្មែរ រឺ​សរសើរ​ក្មេង​ខ្មែរ​នៅ​អាមេរិចបំភ្លេច​វប្បធម៌​ខ្មែរ?

បើ​យើង​ធ្វើ​ដាក់​គេ​យ៉ាងណា គេធ្វើ​ដាក់​យើង​មក​វិញ​បែប​ដដែល កុំ​ខឹង​គេ។

ដូច​ខ្ញុំ ដូច​ក្មេងស្រែ​អីនេះ ទៅ​ដល់​ស្រុក​ណា​នៅ​តែ​ស៊ីប្រហុក​ ស៊ីបាយ​ខ្មែរដដែល អោយ​ទៅ​ប្រកាន់​ខឹង​នឹង​សៀមខ្ចាត់​ភ្លាត់​មក​នៅ​ស្រុក​ខ្មែរ​ប្រកាន់​លក្ខណៈ​ជា​សៀម​យ៉ាង​ម៉េច​នឹង​កើត។​​

ខ្មែរ​យើង​ខ្លះ រស់​នៅ​ស្រុក​គេ​ម្ភៃ​សាមសិប​ឆ្នាំ នៅ​តែមោទនភាព​ជាតិ​ខ្មែរ​ដដែលហ្នឹង ដល់​អ៊ីចឹងពួក​ចិនពួក​យូន​រស់​នៅ​ស្រុក​ខ្មែរ​ម៉ាជាតិ​ហើយ ក៏​វា​នៅ​តែមោទនភាព​ជាតិ​ចិន​ជាតិ​យួនដដែល​ដូច​តែ​គ្នា​ហ្នឹង។

3. កែវ ឌីណា - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

គាត់ប្រហែលជាមានទំនាក់ទំនងជាមួយស្រីថៃទេដឹង ព្រោះមានរូបបេះដូង ធ្លុះធ្លាយនៅជិតពាក្យសុម៉ាលី ។

4. សាយ័ន្ត - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

ប្រហែលគាត់សាក់មុនល្បីដឹង? សាក់តាំងពីអង្កាល់យើងមិនបានដឹងផងហ្នឹង!
តែទម្លាប់ហៅឈ្មោះអេ ភូថង គឺត្រូវបន្ទោសអ្នក អត្ថធិប្បាយជាង ព្រោះបើគាត់ហៅខ្លួនឯង គឺមិនបានជួយកែអោយគាត់ ណាមួយអ្នកល្បីស្រុកខ្មែរ ដូចជាគ្មានអ្នកគ្រប់គ្រងផ្លូវការ សំរាប់កែប្រែ ឬ រៀបចំការរស់នៅ កុំអោយគេចាប់កំហុសដូចស្រុកគេទេ ! ចឹងការរស់នៅរបស់គាត់ គឺរបៀបសាមញ្ញធម្មតាជាង ធ្វើខ្លួនជាអ្នកល្បី! ចំនែករឿងទំនោវប្បធម៌បរទេស ខ្ញុំគិតថា មកពីគាត់ល្បី កាលពេលដែលថៃ វាយលុកទីផ្សារខ្មែរខ្លាំង ទាំងទំនិញ ភាពយន្ត សំលៀកបំពាក់…ជាពិសេសគឺ អ្នកខ្លះចេះថៃ អាចនឹងរកការងារបានគ្រាន់បើដែរ ! ចឹងបើអោយគាត់ប្តូរទំលាប់ ហៅថា ភូថង អេ ហាក់ដូចជាចេញមុខដោយចំហពេក ! មានតែរុញទូកបណ្តោយទឹកទៅ ! អ្វីដែលសំខាន់គឺថា គាត់ជាមនុស្ស ឬ ថាជាពលរដ្ឋខ្មែរ ពេញច្បាប់ មិនបានបទល្មើសណា ដែលធ្វើអោយខាតប្រយោជន៏ជាតិ !
កុំអោយមានអ្នកប្រដាល់ខ្មែរ ម្នាក់ដែល អាជ្ញាកណ្តាលធ្លាប់បញ្ឈប់នៅលើ សង្វៀនព្រោះតែ មិនព្រមតដៃ ព្រោះតែរឿងស៊ីសំនូក….ទីបំផុត អាជីពក៏បាត់ ឈ្មោះល្បីក៏លែងមាន

5. ទឹម បឿន - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

មាន​រឿង​ដូច្នេះ​ផង!

6. ហនុមាន - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

ដែលមានខ្មែរសុទ្ធណា ឈ្មោះ ភូថង រ៉េ ? ស្លាប់ បើនិយាយពីរឿងសាក់វិញនោះអត់អាចយកជាផ្លូវការបានរ៉េ ចុះមានអ្នកខ្លអសាក់ ភាសា ចិន ជប៉ុន ហើយអត់ចេះមើលផងនោះ អាចសំគាល់ថាជាជនជាតិដែលសាក់បានដែររ៉េ ?

7. រចនា - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

អរគុណ​សម្រាប់​ប្រកាស!

សុភ័ក្ត្រ - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

ហាហា… ម៉េច​បាន​ត្រូវ​អរគុណ!

រចនា - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

មក​ពី​មិន​ដែល​ដឹង​អី​សោះ អាន​ហើយ​បាន​ដឹង​រឿង​ដែល​មិន​ធ្លាប់​ដឹង.. អរគុណ! ហេហេ បើ​មិន​យក​ទេ យក​ទៅ​វិញ​ក៏​បាន! :P

សុភ័ក្ត្រ - ថ្ងៃ អង្គារ 15 ខែ​មីនា 2011

ឲ្យ​ហើយ​យក​វិញ ពក​ក ហាហា…

រចនា - ថ្ងៃពុធ 16 ខែ​មីនា 2011

ហេហេ ^^

8. vuthdevelop - ថ្ងៃពុធ 16 ខែ​មីនា 2011

ខាង​ក្រោម​នេះ​ គឺ​ជាការដកស្រង់​ក្បាច់​រូបភាព​វីដេ នៅ​ក្នុង​ការប្រកួត​រវាង អេ ភូថង និង​អ្នក​ប្រដាល់​ជនជាតិ​បរទេស៖

9. vuthdevelop - ថ្ងៃពុធ 16 ខែ​មីនា 2011

ខាង​ក្រោម​នេះ​ គឺ​ជាការដកស្រង់​​រូបភាព​វីដេ នៅ​ក្នុង​ការផ្តួល​រំលំ​អ្នក​ប្រដាល់​ជនជាតិ​បរទេស ដោយ អេ ភូថង៖

10. Khmerling - ថ្ងៃពុធ 16 ខែ​មីនា 2011

មិនដឹងថានៅក្នុងអត្តសញ្ញាប័ណ្ណគាត់សរសេរមួយណាមុនផង ។ ខ្ញុំជឿ​ថាម្ចាស់ខ្លួនអាចមិនដឹងខ្លួនថាខ្លួនមានចំណុចដែលត្រូវរិះគន់បែបនេះទេ ។ យើងជាទស្សនិកជនយើងពិតជាមើលឃើញចំណុចល្អនិងអន់របស់តួ​សម្ដែង។ ឬបើគាត់យល់អំពីបញ្ហាទាំងនេះ (ការហៅឈ្មោះ និង ការសាក់អក្សរ​ថៃនៅនឹងខ្លួន) ហើយគាត់នៅតែធ្វើដោយចេតនា នោះអ្នកប្រដាល់​រូបនេះអស់​លក្ខណៈ​ជាអ្នក​ប្រដាល់តំណាង​ប្រទេសខ្មែរហើយ ។ ខ្ញុំនៅ​តែយល់ថា ការសាក់អក្សរថៃអាចកើត​មុនល្បី ហើយការហៅ​ឈ្មោះ​អាច​ជាការកើត​ពីការនិយមហៅរបស់ពិធីករ និងខ្មែរភាគច្រើន ដោយជួនកាលគេគិតថា អេ នេះជាត្រកូល ។

11. lavorn (ឡាវ័ន​) - ថ្ងៃ អង្គារ 22 ខែ​មីនា 2011

ឈ្មោះ​បរទេស​មិន​ប្រាកដ​ថា​ អ្នក​នោះ​មាន​ខ្សែ​ស្រឡាយ​បរទេស​ទេ​ កូន​របស់​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ​សុទ្ធតែ ជូលីណា​ អី​ណោះ​!! តែ​សុំ​ទោស​អត់​មាន​កាត់​បរទេស​អី​មួយ​តំ​ណក់​ទេ​ គ្រាន់​តែ​ជា​ការ​និយម​។ គ្រួសារ​លោក​ពូ​ អេ​ភូថង​ នៅ​ជាប់​ព្រំ​ដែន​ថៃ​ ដូច​នេះ​បែប​គាត់​ទទួល​ឥទ្ធិពល​ពី​ថៃ​តាំង​ពី​តូច​មក​ តែខ្ញុំ​យល់​ថា​ក៏​មិន​មែន​មាន​តែ​គាត់​ដែរ​ អ្នក​រស់​នៅ​ម្តុំ​គាត់​ក៏​គង់​នឹង​ដូច​គ្នា​ យើង​បន្ទោស​គាត់​មិន​បាន​ទេ​។ ការ​និយាយ​ស្តី​ ក៏​មិន​មែន​មាន​តែ​គាត់​ដែល​និយាយ​មិន​ច្បាស់​ ​ខ្ញុំ​ធ្លាប់​ស្គាល់​ច្រើន​នាក់​ដែរ​ អ្នក​នៅ​ជាប់​ព្រំ​ដែន​ថៃ​សុទ្ធ​សឹង​តែ​មិន​ច្បាស់​ដូច​តែ​គ្នា​នឹង​។
ដូច​យើង​ដឹង​ស្រាប់​ហើយ​ ខ្មែរ​យើង​មាន​ចរិក​បន្ទាប​បន្ថោក​ជាតិ​ឯង​តំកើង​ជាតិ​ដទៃ​​។ បើ​គ្រួសារ​មាន​កាត់​ខ្សែ​ស្រឡាយ​ចិន​ ឬ​កាត់​សាសន៍​ណា​ផ្សេង​នោះ​ ហាក់​មាន​មោទន​ភាព​ជា​ខ្លាំង​។ តែ​ចំ​លែក​ត្រង់​ បើ​កាត់​យួន​ ឬ​ចាម​វិញ​ មិន​សូវ​ហ៊ាន​អួត​ប្រាប់​គេ​ទេ​។ ចឹង​ពូ​ អេ​ គាត់​សាក់​ជា​ភាសា​ថៃគ្រាន់​តែ​​ ចង់​បង្ហាញ​ថា​គាត់​ចេះ​ថៃ ?
យើង​ដឹង​ទ័ព​ទៅ​សួរ​គាត់​តែ​ម្តង​ទៅ​ កុំ​ឲ្យ​សៅ​ហ្មង​^^ ហ៊ី​ៗៗ

12. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] នៅ​ខែ​មីនា វិញ ខ្ញុំ​បាន​ដាក់​ប្រកាស​ភាគ​ច្រើន​ទាក់​ទង​នឹង​ដំណើរ​កម្សាន្ត​របស់​ខ្ញុំ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី, ប្រុយណេ និង​សិង្ហបុរី។ ហើយ​ចំណែក​ឯ​ប្រកាស​ផ្សេង​ទៀត ដែល​ផុស​ផុល និង​មាន​ការ​ជជែក​វែក​ញែក​រហូត​បង្ខំ​ចិត្ត​ដល់​ខ្ញុំ​បិទ​លែង​ឲ្យ​មាន​បញ្ចេញ​វាចារ​នោះ គឺ​ប្រកាស «កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច»។ ចរាចរណ៍​នៅ​ប្រុយណេ, ទៅ​លេង​ប្រុយណេ, ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍, ឬ​ថា ភូថង អេ មោទន​ថៃ​ជាង​ជាតិ​ខ្លួន? [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers