jump to navigation

ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍ ថ្ងៃ អង្គារ 15 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
21 comments
  • ២២-២៣ កុម្ភៈ ២០១១

តាម​ពិតទៅសិង្ហបុរី គឺជាប្រទេសដំបូងដែលខ្ញុំបានទៅលេងនៅក្រៅប្រទេស កាលពីចុងឆ្នាំ២០០១ ពោលគឺរយៈពេល១០ឆ្នាំមុននេះ។ កាលនោះ គឺខ្ញុំបានត្រូវជ្រើសរើសជាតំណាងនិស្សិតកម្ពុជាក្នុងចំណោម១០នាក់ (ស្រី៥ ប្រុស៥) ដើម្បីចូលរួមបោះជំរុំយុវជននិស្សិតអាស៊ាន Sunburst Youth Camp ដែលឆ្នាំនោះកម្ពុជាយើងទើបតែបានចូលរួមជាលើកទី១។

កាលពីខែកុម្ភៈ កន្លងទៅនេះ ខ្ញុំក៏បានធ្វើដំណើរទៅលេងប្រទេសសិង្ហបុរីនេះម្ដងទៀតជាលើកទីពីរ ក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ពីលើកទី១នោះរួចមក។ អ្វីដែលប្លែកគ្រានេះ គឺថាជាការធ្វើដំណើរលក្ខណៈឯកជនសុទ្ធសាធ និងធ្វើដំណើរតាមរថយន្ត ខុសពីគ្រាទី១ ដែលធ្វើដំណើរតាមយន្តហោះ ជាលើកទីមួយផងដែរ ចូលទៅសិង្ហបុរី

នៅល្ងាចថ្ងៃទី២២ បន្ទាប់ពីលេងកម្សាន្តនៅប្រទេសប្រុយណេ អស់រយៈពេល៣យប់៤ថ្ងៃរួចមក ពួកយើងក៏បានធ្វើដំណើរត្រឡប់មកទីក្រុងកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ីវិញ។ ម៉ោងប្រមាណ៩យប់ ពួកយើងបានមកដល់កួឡា ឡូមពួរ និងស្រស់ស្រូបអាហាររួច ពួកយើងត្រូវបែកផ្លូវគ្នា ដោយអ្នកខ្លះត្រូវនៅកួឡា ឡូមពួរ ដើម្បីធ្វើដំណើរត្រឡប់មកស្រុកខ្មែរវិញ ចំណែកឯ៤នាក់ រួមនឹងខ្ញុំ ត្រូវធ្វើដំណើរតាមរថយន្តបន្តទៀតនាយប់នោះ ដើម្បីមកសិង្ហបុរី

នៅយប់នោះ ទម្រាំតែរករថយន្តក្រុងបានដើម្បីធ្វើដំណើរមកសិង្ហបុរី ពួកយើងត្រូវចំណាយពេលជាច្រើន រហូតស្ទើរមិនបានមកសិង្ហបុរីទៅហើយ។ ទីបំផុតពួកយើងបានចេញពីទីក្រុងកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី តាមរថយន្តក្រុងដែលមានតម្លៃប្រមាណ៣០ដុល្លារអាមេរិក នៅម៉ោង១២ និង៣០នាទីអាធ្រាតឆ្ពោះមកសិង្ហបុរី។

ការធ្វើដំណើរពេលយប់បែបនេះចំណាយពេលលឿនជាងពេលថ្ងៃ ប្រមាណ៤ម៉ោងប៉ុណ្ណោះក៏ធ្វើដំណើរមកដល់ព្រំដែនម៉ាឡេស៊ី សិង្ហបុរី ទៅហើយ។ បន្ទាប់ពីឆ្លងកាត់អន្តោប្រវេសន្តទាំងពីរប្រទេសហើយ ឡានក្រុងក៏បានទម្លាក់ពួកយើងនៅម៉ោងប្រមាណ៥ភ្លឺ ធ្វើឲ្យពួកយើងឡេឡឺគ្រប់គ្នា ដែលបីនាក់ក្នុងចំណោមគ្នាយើងទាំង៤ មិនមាននរណាម្នាក់ធ្លាប់មកសិង្ហបុរីនៅឡើយទេ មានតែខ្ញុំ ដែលមិនធ្លាប់មកអស់រយៈពេលមួយទសវត្សរ៍ទៅហើយដែលនោះ។ ហេតុនេះពេញមួយដំណើរកម្សាន្តនៅទីនេះ ត្រូវខ្ញុំជាអ្នករ៉ាប់រងទាំងស្រុង :)  (អានភាគបញ្ចប់)


ព្រឹកព្រលឹមនៅសិង្ហបុរី

សិង្ហបុរីមានអ្វីខ្លះក្រៅពីផ្ទះថ្ម?

អាគារកប់ពពកនានានៅក្រុងសិង្ហបុរី

សិង្ហ ដែលជាអត្តសញ្ញាណប្រទេសនេះ

អាគារកប់ពពកនៅសិង្ហបុរី

អាគារសួនអាកាសដែលទើបសាងសង់ថ្មីនៅសិង្ហបុរី

______________________________________
អានផងដែរ
១. ទៅលេងប្រុយណេ
២. សិង្ហបុរី
៣. ដំណើរកម្សាន្តគ្រានេះ
៤. ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍ (ចប់)
៥. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
៦. ភ្លៀងធ្លាក់ខ្លាំងនៅបីប្រទេស
៧. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ (ចប់)
៨. ចរាចរណ៍នៅសិង្ហបុរី
៩. ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ
១០ ចេញមកសាំងហ្កាពួរ

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers