សង្គមខ្មែរ និងការរលំរលាយពង្សត្រកូល ថ្ងៃ អង្គារ 5 ខែមេសា 2011
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.29 comments

បច្ចុប្បន្ននេះមានការសង្កេតជាទូទៅ ជាពិសេសក្រុមឪពុកម្ដាយវ័យក្មេងៗ ពីនិន្នាការនៃការដាក់ឈ្មោះកូនៗរបស់គេប្លែកៗទៅតាមបរិបទសង្គម ឬតាមការស្រមើស្រម៉ៃរបស់ពួកគេ។ យុវវ័យភាពនៃក្រុមឪពុកម្ដាយទាំងនោះបាននឹងកំពុងបង្កើតជាវប្បធម៌ថ្មីមួយដល់សង្គមខ្មែរ ដែលឈានទៅដល់ក្ដីរលំរលាយនៃពូជពង្សត្រកូលរបស់ខ្លួន។
អ្វីដែលខ្ញុំចង់លើកមកបង្ហាញនៅទីនេះ គឺមិនទាក់ទងសោះឡើយទៅនឹងភាពពេញនិយមដាក់ឈ្មោះកូនជាភាសាអឺរ៉ុប ទាំងៗកូនៗអ្នកខ្លះកើតមកខ្មៅក្រឹប សក់រួញអង្គាដី បបូរមាត់ក្រាស់ដូចចុកថ្នាំ ឯម៉ែឪដាក់ឈ្មោះសុទ្ធតែ ដាវីត, អាលីហ្សាបែត, ជូលី, ផែតធ័រ, ចន… (ដោយសារឃើញគេស្អាត ឬល្បី។ល។ ចង់ដាក់ឈ្មោះកូនតាម) ។ល។ sic ធ្វើម្ដេចនេះជាភាពពេញនិយមរបស់ឪពុកម្ដាយវ័យក្មេងសម័យនេះ។ តែអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងប្រកាសនេះ គឺវប្បធម៌ថ្មីមួយទៀតនៃការយកឈ្មោះឪពុកមកដាក់ជានាមត្រកូលកូន។
តាមពិតសង្គមខ្មែរមិនទើបតែមានពេលនេះទេ តែពេលនេះវាបានក្លាយទៅជារបត់ថ្មី ហើយស្ទើរតែក្លាយជាវប្បធម៌បាត់ទៅហើយក្នុងចំណោមម៉ែឪវ័យក្មេងទាំងនោះ។ ក្រុមឪពុកម្ដាយទាំងនោះ ជារឿយៗនៅពេលដែលកូនៗរបស់ពួកគេកើតមក ពួកគេមិនបានយកនាមត្រកូលរបស់ឪពុក (ដែលជាទំនៀម) មកដាក់ឲ្យកូនទេ៖
ជាឧទាហរណ៍៖ ប្រសិនបើឪពុកឈ្មោះ សុខ ចាន់ថា កូនរបស់គេដែលកើតមក គេបែរទៅជាដាក់ឈ្មោះថា ចាន់ថា ដេវីត (ដោយយកឈ្មោះឪពុកជានាមត្រកូលរបស់កូនទៅវិញ)។ ឬបើមិនដូច្នោះទេ គេយកឈ្មោះឪពុកម្ដាយបូកបញ្ចូលគ្នា មកធ្វើជានាមត្រកូលកូន។ ឧទាហរណ៍បើម្ដាយឈ្មោះ គង រាសី កូនគេបែរទៅជាឈ្មោះ ថាសី ដេវីត (មុខខ្មៅអែ ឈ្មោះ ដេវីត
) ទៅវិញ។ល។
ទំនៀមទម្លាប់បែបថ្មីរបស់ក្រុមម៉ែឪវ័យក្មេងទាំងនេះ កំពុងតែធ្វើឲ្យសង្គមខ្មែរបាត់បង់វង្សត្រកូល និងបាននឹងកំពុងធ្វើឲ្យមនុស្សខ្មែរស្ទើរតែទាំងអស់មានត្រកូលខុសគ្នា បើទោះបីស្ថិតនៅក្នុងសែស្រឡាញជីដូនតែមួយក៏ដោយ។ ប្រការនេះវាខុសគ្នាទាំងស្រុងទៅនឹងសង្គមចិន ដែលគេខិតខំរក្សា «ត្រកូល» របស់ពួកគេមិនឲ្យបាត់បង់ រហូតឈានទៅដល់ការបង្កើតជាសមាគមអ្នកមានត្រកូលដូចគ្នា រាប់អានគ្នា ស្រឡាញ់គ្នា និងជួយធុរៈគ្នាផងទៀត។ ងាកមកមើលសង្គមខ្មែរបច្ចុប្បន្នវិញ ម្នាក់ៗ ជាពិសេសខ្មែរសម័យថ្មី បែរជាខិតខំបំបែកគ្នា តាមរយៈការដាក់ត្រកូលខុសៗគ្នា នៅក្នុងក្រុមគ្រួសារឯងទៅវិញ។
ប្រពៃណីបែបថ្មីរបស់ឪពុកម្ដាយវ័យក្មេងក្នុងសង្គមខ្មែរនាសម័យនេះ គឺជាមហន្តរាយមួយសម្រាប់សង្គមខ្មែរនាថ្ងៃអនាគត។ អ្នកមិនគួរប្រតិបត្តិវប្បធម៌នេះឡើយ។ ឪពុកម្ដាយបងប្អូននៃក្រុមឪពុកម្ដាយវ័យក្មេងទាំងនោះគឺតែមានការណែនាំ លើកទឹកចិត្តឲ្យមានការដាក់នាមត្រកូលដើម ជៀសវាងចេះតែដាក់ឈ្មោះកូនតាមក្ដីស្រមើស្រម៉ៃនៃម៉ែឪវ័យក្មេងទាំងនោះ។ បើទោះបីចុងក្រោយជាសេរីភាព និងសិទ្ធិសម្រេចនៃគេជាឪពុកម្ដាយរបស់កូន តែក្រុមឪពុកម្ដាយទាំងនោះក៏កំពុងភ្លេចថា ទារកតូចនោះ ក៏មានសិទ្ធិដែរ ហើយគេ (ទារក) កំពុងតែត្រូវបានរំលោភសិទ្ធិបាត់ទៅហើយ។ សិទ្ធិដែលឪពុកម្ដាយគេ ដាក់ឈ្មោះតាមក្ដីស្រម៉ៃ sic






