សង្គមខ្មែរ និងការរលំរលាយពង្សត្រកូល ថ្ងៃ អង្គារ 5 ខែមេសា 2011
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.trackback

បច្ចុប្បន្ននេះមានការសង្កេតជាទូទៅ ជាពិសេសក្រុមឪពុកម្ដាយវ័យក្មេងៗ ពីនិន្នាការនៃការដាក់ឈ្មោះកូនៗរបស់គេប្លែកៗទៅតាមបរិបទសង្គម ឬតាមការស្រមើស្រម៉ៃរបស់ពួកគេ។ យុវវ័យភាពនៃក្រុមឪពុកម្ដាយទាំងនោះបាននឹងកំពុងបង្កើតជាវប្បធម៌ថ្មីមួយដល់សង្គមខ្មែរ ដែលឈានទៅដល់ក្ដីរលំរលាយនៃពូជពង្សត្រកូលរបស់ខ្លួន។
អ្វីដែលខ្ញុំចង់លើកមកបង្ហាញនៅទីនេះ គឺមិនទាក់ទងសោះឡើយទៅនឹងភាពពេញនិយមដាក់ឈ្មោះកូនជាភាសាអឺរ៉ុប ទាំងៗកូនៗអ្នកខ្លះកើតមកខ្មៅក្រឹប សក់រួញអង្គាដី បបូរមាត់ក្រាស់ដូចចុកថ្នាំ ឯម៉ែឪដាក់ឈ្មោះសុទ្ធតែ ដាវីត, អាលីហ្សាបែត, ជូលី, ផែតធ័រ, ចន… (ដោយសារឃើញគេស្អាត ឬល្បី។ល។ ចង់ដាក់ឈ្មោះកូនតាម) ។ល។ sic ធ្វើម្ដេចនេះជាភាពពេញនិយមរបស់ឪពុកម្ដាយវ័យក្មេងសម័យនេះ។ តែអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងប្រកាសនេះ គឺវប្បធម៌ថ្មីមួយទៀតនៃការយកឈ្មោះឪពុកមកដាក់ជានាមត្រកូលកូន។
តាមពិតសង្គមខ្មែរមិនទើបតែមានពេលនេះទេ តែពេលនេះវាបានក្លាយទៅជារបត់ថ្មី ហើយស្ទើរតែក្លាយជាវប្បធម៌បាត់ទៅហើយក្នុងចំណោមម៉ែឪវ័យក្មេងទាំងនោះ។ ក្រុមឪពុកម្ដាយទាំងនោះ ជារឿយៗនៅពេលដែលកូនៗរបស់ពួកគេកើតមក ពួកគេមិនបានយកនាមត្រកូលរបស់ឪពុក (ដែលជាទំនៀម) មកដាក់ឲ្យកូនទេ៖
ជាឧទាហរណ៍៖ ប្រសិនបើឪពុកឈ្មោះ សុខ ចាន់ថា កូនរបស់គេដែលកើតមក គេបែរទៅជាដាក់ឈ្មោះថា ចាន់ថា ដេវីត (ដោយយកឈ្មោះឪពុកជានាមត្រកូលរបស់កូនទៅវិញ)។ ឬបើមិនដូច្នោះទេ គេយកឈ្មោះឪពុកម្ដាយបូកបញ្ចូលគ្នា មកធ្វើជានាមត្រកូលកូន។ ឧទាហរណ៍បើម្ដាយឈ្មោះ គង រាសី កូនគេបែរទៅជាឈ្មោះ ថាសី ដេវីត (មុខខ្មៅអែ ឈ្មោះ ដេវីត
) ទៅវិញ។ល។
ទំនៀមទម្លាប់បែបថ្មីរបស់ក្រុមម៉ែឪវ័យក្មេងទាំងនេះ កំពុងតែធ្វើឲ្យសង្គមខ្មែរបាត់បង់វង្សត្រកូល និងបាននឹងកំពុងធ្វើឲ្យមនុស្សខ្មែរស្ទើរតែទាំងអស់មានត្រកូលខុសគ្នា បើទោះបីស្ថិតនៅក្នុងសែស្រឡាញជីដូនតែមួយក៏ដោយ។ ប្រការនេះវាខុសគ្នាទាំងស្រុងទៅនឹងសង្គមចិន ដែលគេខិតខំរក្សា «ត្រកូល» របស់ពួកគេមិនឲ្យបាត់បង់ រហូតឈានទៅដល់ការបង្កើតជាសមាគមអ្នកមានត្រកូលដូចគ្នា រាប់អានគ្នា ស្រឡាញ់គ្នា និងជួយធុរៈគ្នាផងទៀត។ ងាកមកមើលសង្គមខ្មែរបច្ចុប្បន្នវិញ ម្នាក់ៗ ជាពិសេសខ្មែរសម័យថ្មី បែរជាខិតខំបំបែកគ្នា តាមរយៈការដាក់ត្រកូលខុសៗគ្នា នៅក្នុងក្រុមគ្រួសារឯងទៅវិញ។
ប្រពៃណីបែបថ្មីរបស់ឪពុកម្ដាយវ័យក្មេងក្នុងសង្គមខ្មែរនាសម័យនេះ គឺជាមហន្តរាយមួយសម្រាប់សង្គមខ្មែរនាថ្ងៃអនាគត។ អ្នកមិនគួរប្រតិបត្តិវប្បធម៌នេះឡើយ។ ឪពុកម្ដាយបងប្អូននៃក្រុមឪពុកម្ដាយវ័យក្មេងទាំងនោះគឺតែមានការណែនាំ លើកទឹកចិត្តឲ្យមានការដាក់នាមត្រកូលដើម ជៀសវាងចេះតែដាក់ឈ្មោះកូនតាមក្ដីស្រមើស្រម៉ៃនៃម៉ែឪវ័យក្មេងទាំងនោះ។ បើទោះបីចុងក្រោយជាសេរីភាព និងសិទ្ធិសម្រេចនៃគេជាឪពុកម្ដាយរបស់កូន តែក្រុមឪពុកម្ដាយទាំងនោះក៏កំពុងភ្លេចថា ទារកតូចនោះ ក៏មានសិទ្ធិដែរ ហើយគេ (ទារក) កំពុងតែត្រូវបានរំលោភសិទ្ធិបាត់ទៅហើយ។ សិទ្ធិដែលឪពុកម្ដាយគេ ដាក់ឈ្មោះតាមក្ដីស្រម៉ៃ sic







ហើយចុះឈ្មោះ សាក់ សុភៀង?
មុននឹងនិយាយជូតសាបោឲ្យអស់សិនអូនតូច អាឡិអាឡះណាស់ haha…
សាក់ សុភៀង
ភ័ក្ត្រថ្ងៃនេះនិយាយត្រូវ!! បងៗខ្មុំដាក់ឈ្មោះឲ្យកូនគេដូរត្រកូលអស់ហើយ អញ្ចឹងតិចទៀតត្រកូលខ្មុំត្រូវបាត់ពីពិភពគុនហើយ!
ទៅទះវិញដាក់គាត់ម៉ាដំបងរ៉ូវ
ទោះកូនៗឈ្មោះបរទេស ក៏មិនដូរត្រកូលដែរ ខ្សែចិនប្រកាន់ណាស់ ចំលែកតែខ្មែរ ហក់លោតតាមគេ បើសិនជាបានកូនអឺរ៉ុប ដាក់ឈ្មោះខ្មែរក៏គេឆ្ងល់ នេះកូនខ្មែរឈ្មោះ អឺរ៉ុប អ្នកខ្លះមិនមែនឈ្មោះអឺរ៉ុប តែខំទៅកែឈ្មោះ កែត្រកូល កែបញ្ជីជាតិ ដើម្បីឲ្យបានឈ្មោះបរទេសនឹងគេ
ទោះខ្ញុំសរសេរប្រកាសបែបនេះ ក៏គ្មានអ្នកមើល ទាល់តែសុភក្រ្តសរសេរ បានគេដឹងច្រើន
នេះឲ្យដឹងប្រឹងស្រុកខ្មែរ
ខ្ញុំយកឈ្មោះប៉ាមកធ្វើត្រកូលដែរ។ តែខ្មែរមិនមែនចិនទេ។ ធ្លាប់លឺគេថាខ្មែរគ្មានត្រកូល។ ខ្មែរជាទូទៅ គេយកឈ្មោះឪពុក ឫជីតាមកដាក់។ មិនមានត្រកូលវែងឆ្ងាយដូចចិននោះទេ។
ពីដើមៗមិញខ្មែរអត់ត្រកូលមែន មានតែឈ្មោះហៅមួយម៉ាត់ៗ តែក្រោយៗមក ខ្មែរមានត្រកូលហើយ កុំសូវអត់ត្រកូល គេហៅពួកអត់ត្រកូល គឺពួកព្រៃ ខ្មែរយើងចេញពីព្រៃហើយ
ប៉ុន្តែរឿងត្រកូលសំរាប់ខ្មែរខ្ញុំគិតថាវានៅតែមិនសំខាន់សំរាប់ការបន្តរពូជ ពង្ស។ សំខាន់ទៅលើអ្នកជំនាន់ក្រោយចេះគោរពបុព្វការរីជនរបស់ខ្លូន។សំរាប់ខ្ញុំក៏បានដាក់ឈ្មោះកូនតាមភាសាក្រិកដែរ ប៉ុន្តែគ្រាន់តែឈ្មោះហៅ ក្រៅទេ។ ពីព្រោះខ្ញុំគិតថា រឺក៏កំពុងចាប់ផ្តើមឥឡូវខ្មែរយើងជាច្រើនកំពុង ធ្វើការជាមួយបរទេស និងប្រើប្រាស់ភាសាអង់គ្លេសជាយានក្នុងការទំនាក់ ទំនងជាសាកល ដូច្នេះជាការល្អបើកូនមានឈ្មោះជាសកលមួយ ធ្វើអោយ បរទេសគេងាយស្រួលហៅ និងងាយចំណាំ។ ដូច្នេះខ្ញុំមិនគិតថាជាការ រំលាយពូជពង្សខ្មែរទេ។ ខ្ញុំគិតថាពីដើមសម័យប្រើបា្រស់ភាសាបាលី រឺសស្ក្រឺត ក៏គេប្រើប្រាស់ភាសានេះដាក់ឈ្មោះដែរ។ តែទោះជាយ៉ាងណាក៏ដោយសូមអរគុណសុភ្រ័ក្តដែលបានលើកឡើង ប្រធានបទសំរាប់ជាការដាស់តឿនក្រើនរំលឺកមួយផ្នែកដែរ។ កូនរបស់ខ្ញុំឈ្មោះ សោមរក្សា ហៅ Abigal, សំរាប់ងាយស្រួលហៅទេ មិនចង់ថាកូនខ្ញុំអឺរ៉ុបទេ។
ខ្ញុំក៏គិតថា ខ្មែរពីមុន ប្រើឈ្មោះឳពុកសំរាប់ប្រើជាត្រកូល កូនដែរ តែអ្នកខ្លះ ក៏យកត្រកូលជីតា ឬ ត្រកូលឳពុកដូចគ្នាដែរ ! សំរាប់អ្នកមានបុណ្យស័ក្តិ អ្នកខ្លះគេអាចរក្សាត្រកូល របស់ឳពុក តែអ្នកខ្លះក៏ប្រើឈ្មោះរបស់ឳពុកដែរ ! រឿងបែបនេះ វាមានយូរហើយ មិនដល់ថ្នាក់គេថា ខ្មែរ ជាពួកចេញពីព្រៃ ឬ អត់ត្រកូលទេ! ម្យ៉ាងមុនហ្នឹងមានដីស្អាតធ្វើទីក្រុង ពីមុនក៏សុទ្ធតែព្រៃដែរ ! ហេហេ
រឿងដាក់ឈ្មោះកូនជាភាសាបរទេសក៏ជារឿង
ព្រូយបារម្មណ៌មួយដែរប៉ុន្តែរឿងដែលបារម្មជាងគេ
គឺជនបរទេសមករស់នៅក្នុងទឹកដីខ្មែរយើងពេញទឹកពេញដីនោះ
រឿងនេះខ្ញុំបារម្ភជាងគេគឺខ្លាចដូចដើមពោធិដុះលើដើមត្នោត
មិនចាំបាច់អោយខ្ញុំអធិបាយអ្វីច្រើនទៀតទេ
អ្នកទាំងអស់គ្នាគង់យល់ដូចខ្ញុំហើយមែនទេ?
អត្តបទនេះ ត្រូវបានគេយកទៅចុះផ្សាយនៅ ៖
http://khmerpress.com/?p=5553
ពិនិត្យមើលៗ ជាអត្តបទរបស់លោក មែន ឬ មិនមែន?
អីយ៉ា! សាក់ សុភៀងល្បីណាស់តើ!!
វាយ៉ាងម៉េចបានម្ដងហើយម្ដងទៀត គេចេះតែយកអត្ថបទរបស់ខ្ញុំទៅផ្សាយបន្តពាសវាលកាល ដោយមិនបានសុំអីមួយម៉ាត់អញ្ចឹងហ្ន៎។
ចាំមើលឲ្យតែយកអត្ថបទទៅពិភាក្សាផ្ដេសផ្ដាយដូចខេអាយ ទៀតមុខជាត្រូវសរសេរប្រកាសស្ដីឲ្យទៀតហើយ…!
អរគុណកំឡោះខ្មែរដែលជួយធ្វើភ្នែកធ្វើច្រមុះឲ្យ ខ្ញុំគ្មានពេលបើកវេបសៃត៍ពួកពូកែជេរសោះឡើយ…។
កំឡោះខ្មែរអត់បានធ្វើជាភ្នែកជាច្រមុះជូនលោកម្ចាស់ប្លុកទេ! គ្រាន់តែដើរឆ្វែលឆ្លងភូមិ ក៏ឃើញដោយចៃដន្យ។ ចឹងទេក៏ឆ្លៀតប្រាប់ ម្ចាស់អត្ថបទទៅ ក្រែងមិនទាន់ដឹង!
អត់ដឹងមែនហ្នឹងណា ចឹងបានថាអរគុណហើយ ង៉ៃក្រោយឃើញទៀតជួយប្រាប់ហ៎ង
ល្បីពេក ឲ្យគេលួចខ្លះទៅ ទ្រព្យច្រើនហូរហៀរ គេលួចតែបន្តិចបន្តួចមានទៅឆ្អី
អត្ថបទបែបនេះប៉ុន្មានអាទិត្យមុន RFI.FR គេបានចុះផ្សាយរួចហើយ! តែមិនសូវល្បីដូច អ្នកភូមិវើដប្រេសចុះ ផ្សាយទេ! ហាហា យាយចឹង អ្នកណាគេ សាក់ សុភៀង? ដូចប្រហែលៗ
អត្ថបទ RFI គេនិយាយតែពីរឿងកូនខ្មែរដាក់ឈ្មោះបរទេសទេ អត្ថបទខ្ញុំមិនបាននិយាយរឿងនេះទេ សូមអានឲ្យច្បាស់កុំឲ្យមានការភាន់ច្រឡុំ
ខ្ញុំដឹងតើ បានខ្ញុំនិយាយថា អត្ថបទបែបនេះ ! ខ្ញុំនៅរក្សាសិទ្ធ ជូនល្បងគ្រប់យ៉ាង ! ហេហេ គឺប្រភេទ អត្ថបទ និយាយពី ទំនោរនៃ ប្រជាជនខ្មែរ ដាក់ឈ្មោះបរទេសអោយទៅកូនៗ ឬ ប្រើប្រាស់ឈ្មោះបរទេស ! បើនិយាយពីគំនិតនៃ អត្ថបទគឺដូចគ្នា ឬ ថា ស្រដៀងគ្នា ! ការបរិយាយ ដោយឡែកពីគ្នា ! យ៉ាងណា គឺបានចូលរួមចំនែក រក្សាវប្បធម៌ប្រពៃណីខ្មែរ ដូចគ្នា!
តើវប្បធម៌ប្រពែណីខ្មែរ នៃការដាក់ឈ្មោះអោយកូនចៅ មានអ្វីខ្លះទៅ? តើអាច បរិយាយក្នុងប្រកាសលើកក្រោយបានទេ?
Ratha Hin! សូមមើលទីនេះអំពីការដាក់ឈ្មោះអោយកូនចៅ http://learn4khmer.wordpress.com/2011/01/12/how-to-name-your-children/
ពុកខ្ញុំក៏យកឈ្មោះឪពុកគាត់មកដាក់ធ្វើត្រកូលឲ្យពួកខ្ញុំដែរ គាត់មិនបានយកឈ្មោះជីតារបស់គាត់មកដាក់អោយពួកខ្ញុំទេ បានន័យថា ខ្ញុំនិងពុកមានត្រកូលខុសគ្នា។ហើយបងប្អូនជីដូនមួយខ្ញុំទាំងអស់សុទ្ធតែមាន ត្រកូលដូចគ្នាទាំងអស់។
វាមិនមែនបានន័យថាយើងបំបាត់ត្រកូលដើមរបស់យើងទេ! ប៉ុន្តែវាមានន័យណាស់សំរាប់ជីតាខ្ញុំ ហើយគាត់មានមោទកភាពចំពោះទង្វើរបស់ ឪពុកខ្ញុំនេះ។ ខ្ញុំក៏ពេញចិត្តឈ្មោះត្រកូលខ្ញុំដែរ ព្រោះកាលណាអានឈ្មោះរបស់ខ្ញុំ ខ្ញុំនឹកដល់លោកតាដ៏ពូកែ និង ចិត្តទូលាយរបស់ខ្ញុំ៕
ចឹងបានតែថា ក្រពើវាមិនដែលថាកូនវាមុខដូចពងមនុស្សទេ មានតែមនុស្សទេដែលថាមុខផងខ្លួនដូចពងក្រពើ។
ហាហាហា!
សៅ សៅ ជាត្រកូលល្បី រាប់រយជំនាន់!
[...] និងប្រុយណេ, សង្គមខ្មែរ និងការរលំរលាយពង្ស…, រុករើទូខោអាវចេញម្ដង, [...]