មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥ ថ្ងៃ ចន្ទ 11 ខែមេសា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.25 comments

មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក
ចុល្លសករាជ ១៣៧៣ – មហាសករាជ ១៩៣៣
ពុទ្ធសករាជ ២៥៥៥ – គ្រឹស្តសករាជ ២០១១
សុភមស្ដុ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៥៤ ព្រះវស្សា ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំថោះ ត្រីស័កតទៅចូលពុទ្ធសករាជ ២៥៥៥។
នឹងគណនាឆ្នាំថោះ ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃព្រហស្បតិ៍ ១១ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១១ វេលាម៉ោង ១៣ និង ១២ នាទី រសៀល។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី ដើរតាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិរិណីទេវី ជាបុត្រទី៥នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀត ផ្កាមន្ទារ អភរណៈទ្រង់ពាក់ កែវមក៌ត ភក្សាហារទ្រង់សោយផ្លែសណ្ដែកល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់អង្គុយពាក់ឆៀងលើខ្នងគុជសារ (សត្វដំរី) ដែលជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរ ចំនួន ៦០ នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំ ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោ ឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហ្ឬទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោរបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀងទៅ។
- ថ្ងៃព្រហស្បតិ៍ ១១ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០១១ វេលាម៉ោង ១៣ និង ១២ នាទី ជាថ្ងៃចូលឆ្នាំថោះ ត្រីស័ក។
- ថ្ងៃសុក្រ ១២ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ ២០១១ ជាវារៈ វ័នបត។
- ថ្ងៃសៅរ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រឹស្តសករាជ ២០១១ នៅវេលាម៉ោង ១៥ និង ៣០ នាទី ១២ វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំថោះ ត្រីស័ក ចុល្លសករាជ ១៣៧៣ និងមហាសករាជ ១៩៣៣ តទៅ។
ក្នុងឱកាសសង្ក្រាន្តបី ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្ដាប់ទទួលទេវតា
រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររកសណ្ដែក និងល្ង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា។
កំណត់សម្គាល់
ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។
ទំនាយប្រចាំឆ្នាំ
- កែនព្រះពិរុណសាស្ត្រៈ ឆ្នាំនេះ ភពពុធ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៣បង្អុរទឹកភ្លៀង៦០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ២៤០មេ ព្រៃហេមពាន្ត១៨០មេ មហាសមុទ្ទ១២០មេ ជម្ពូទ្វីបមនុស្សលោក៦០មេ។ ភ្លៀងដើមឆ្នាំតិច កណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងឧត្ដមល្អ។
- កែនធារាទិគុណរៈ ឆ្នាំនេះមានកេណ្ឌ មួយ (១) តេជោធាតុចុះទំនាយថា នឹងមានភ្លើងកាចសាហាវជាងឆ្នាំកន្លងទៅ។
- ទឹកជំនន់ និងទឹកទន្លេៈ ឆ្នាំនេះទឹកជំនន់ដោយភ្លៀង និងទឹកទន្លេមានច្រើន គឺមានកម្រិត ១០លើ១៦ គឺមានសំណល់១០ ទឹកមានជាមធ្យម។
- កែនធញ្ញាហារៈ ឆ្នាំនេះមានកេណ្ឌ (៦) ឈ្មោះថាលាភៈ ទំនាយថា ស្រូវ សំណាប ស្រែចម្ការបានផល៩ភាគ ខូច១ភាគ ប្រជានុរាស្ត្រ នឹងមានសេចក្ដីសុខសួស្ដី ចម្រើនជាភិយោភាព ធញ្ញាហារ មង្សាហារ ផល្លាហារ នឹងមានបរិបូណ៌ឧត្ដមល្អណាស់។
ស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តរបស់ក្រសួងធម្មការ និងសាសនា
____________________________________________________
អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
ចូលឆ្នាំឬមិនមែន? ថ្ងៃ ចន្ទ 11 ខែមេសា 2011
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.8 comments
ស្រុកខ្មែរពីមួយឆ្នាំទៅមួយឆ្នាំកាន់តែប្លែកទៅៗសម្បើមណាស់។ ខ្ញុំចាំថាប្រហែលប៉ុន្មានឆ្នាំមុនស្រុកខ្មែរ ធូរធារ ឲ្យតែជិតដល់រដូវបុណ្យចូលឆ្នាំនេះម្ដងៗ ម្នាក់ៗដូចជាមានចិត្តរំភើបណាស់។ នៅតាមភូមិដែលខ្ញុំរស់នៅ តាំងពីដើមរហូតដល់ចង់ ឲ្យតែស្បៃរាត្រីកាលចូលមកដល់ ក្មេងនាំៗនាំគ្នាលេងល្បែងប្រជាប្រិយ ឬយ៉ាងហោចណាស់ក៏នាំគ្នាចាក់ធុងបាស្សរាំដែរ បើទោះបីជាការលេងល្បែងប្រជាប្រិយបានថយចំនួនច្រើនក្ដី។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ឆ្នាំថ្មីនៅមិនដល់ប៉ុន្មានថ្ងៃទៀតផងនឹងចូលមកទៅហើយ នៅឡើយឯភូមិខ្ញុំហាក់ដូចជាគ្មានសកម្មភាពអ្វីសោះ។ សោះកក្រោះគ្មានសំឡេងអ្វីសោះទេ ហើយមើលទៅឆ្នាំថ្មីគ្មានអ្វីគួររំភើបទៀតហើយ។ កុំថាឡើយលេងល្បែងប្រជាប្រិយ សូម្បីធុងបាស្សរាំ ក៏គ្មានឃើញផ្ទះណាមួយចាក់អបអរចូលឆ្នាំដូចបណ្ដាឆ្នាំកន្លងទៅៗទៀតឡើយ។
-
សូម្បីធម្មជាតិក៏លែងរំភើបរឿងចូលឆ្នាំ
រឿងមួយទៀតទាក់ទងនឹងបុណ្យចូលឆ្នាំនេះគឺថា កាលពីមុន យ៉ាងហោចណាស់២សប្ដាហ៍មុនចូលឆ្នាំខ្មែរដែរ ខែចែត្រចូលដល់កាលណា រៃចាប់ផ្ដើមយំទ្រហឹងអឺងកង។ រៃចាប់ផ្ដើមយំកាល វាបានក្លាយទៅជាសញ្ញាណបញ្ជាក់ថាទេសកាលចូលឆ្នាំខ្មែរជិតចូលមកដល់ហើយ។ តែដោយឡែកអីតែឆ្នាំនេះ ស្អែកខានស្អែកចូលឆ្នាំទៅហើយ សូម្បីស្រមោលរៃក៏មិនឃើញដែរ កុំថាឡើយសំឡេងយំរបស់ពួកវា។
អ្វីដែលគួរឲ្យចង់សើចទាក់ទងនឹងធម្មជាតិនោះ ពេលចូលដើមខែបួនភ្លាមស្រាប់តែធ្លាក់ខ្យល់រំភើយ ដូចខ្មែរកក្ដិកជាថ្មី មួយៗចង់ឆ្ងល់។
ដល់វាប្លែកៗចឹងពេកទៅ ខ្ញុំសែនឆ្ងល់ណាស់។ ចង់សួរខ្លួនឯងថា ជិត «ចូលឆ្នាំខ្មែរ ហើយមែនឬមិនមែន?»! នៅពេលដែលមនុស្ស និងធម្មជាតិនាំគ្នាប្រែប្រួលអស់បែបនេះ៕
________________________________________________________
អានផងដែរ៖
១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ






