jump to navigation

អន់​ចិត្ត​នឹង​អ៊ែរ​អាស៊ី ថ្ងៃពុធ 20 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
10 comments

ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​អ៊ែរ អាស៊ី ខ្ញុំ​បាន​ធ្វើ​ច្រើន​ដង​ហើយ កាល​តាំង​ពី​ក្រុមហ៊ុន​នេះ​ចាប់​ផ្ដើម​ហោះ​ដំបូង​នៅ​កម្ពុជា​មក​ម្ល៉េះ។ ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​មក​និយាយ​ពី​ការ​អន់​ចិត្ត​អន់​ថ្លើម​មួយ​ចំពោះ​អ៊ែរ អាស៊ី (ម៉ាឡេស៊ី)។ ស្រុក​យើង​ក្រុមហ៊ុន អ៊ែរ អាស៊ី ​នេះ​មាន​ពីរ គឺ​ទី​១​របស់​ថៃ និង​ទី​២​របស់​ម៉ាឡេ។

កាល​ពី​ទៅ​ម៉ាឡេស៊ី កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នោះ គឺ​ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ អ៊ែរ អាស៊ី (ម៉ាឡេស៊ី) នេះ​ឯង​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​កួឡា ឡូមពួរ។ លោក​អ្នក​ដឹង​ទេ ថ្ងៃ​នោះ​មនុស្ស​ម្នា​ជិះ​យន្តហោះ​ច្រើន​ណាស់​សឹង​ពេញ​ប្រៀប ដែល​ក្នុង​នោះ​ប្រមាណ​យ៉ាង​ហោច​ណាស់​៧០​ភាគ​រយ​ទៅ​ហើយ ជា​អ្នក​ដំណើរ​ជន​ជាតិ​ខ្មែរ។ តែ​អ្វី​ដែល​ចំឡែក​នោះ​គឺ​ថា ការ​ប្រកាស​នានា​នៅ​លើ​យន្តហោះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​៤​ភាសា​ឯណោះ តែ​ទី​បំផុត​គ្មាន​ភាសា​ខ្មែរ​ទៅ​វិញ។ ភាសា​ដែល​គេ​ប្រកាស​នោះ ដែល​ក្រៅ​ពី​ភាសា​ម៉ាឡេស៊ី និង​អង់គ្លេស គេ​បែរ​ទៅ​ជា​ប្រកាស​ភាសា​វៀតណាម និង​ថៃ ថែម​ទៅ​វិញ ខណៈ​ដែល​យន្តហោះ​ចេញ​ពី​ស្រុក​ខ្មែរ និង​អ្នក​ដំណើរ​ខ្មែរ​ពេញ​យន្តហោះ។

កាល​ពី​មុន​ធ្លាប់​ឮ​រដ្ឋាភិបាល​ខ្មែរ​តម្រូវ​ឲ្យ​ជើង​យន្តហោះ​និយាយ​ភាសា​ខ្មែរ​ដែរ តែ​ដូច​ដឹង​ស្រាប់​ហើយ​ប្រពន្ធ​ស្រុក​យើង​ដូច​ភ្លើង​ចំបើង​អញ្ចឹង​បាន​តែ​មួយ​ភ្លែត សាប​រលាប​អស់ ឥឡូវ​នេះ គ្មាន​យន្តហោះ​ណា​គេ​ប្រើ​ភាសា​ខ្មែរ​ទេ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ខ្ញុំ​ធ្លាប់​បាន​ឮ​ម្ដង​ភាសា​ខ្មែរ​តាម​យន្តហោះ ប្រេស៊ីដេនត៍ អ៊ែរឡាញ។

អ៊ែរ អាស៊ី មាន​ប្រជាប្រិយ​ភាព​ណាស់​នៅ​កម្ពុជា​យើង ដែល​មួយ​ជើង​ៗ​មាន​មនុស្ស​ខ្មែរ​ហោះយ​ពេញ​ៗ មិន​ថា​ទៅ​ឬ​មក ហេតុ​ដូច​នេះ​ក្រុមហ៊ុន​នេះ​គួរ​តែ​ដាក់​ភាសា​ខ្មែរ​ចូល មិន​គួរ​ណា​ឡើយ​ទៅ​ដាក់​ភាសា​វៀតណាម និង​ថៃ ដែល​មិន​សូវ​មាន​ជន​ជាតិ​ទាំង​ពីរ​នេះ​ជិះ​នោះ​ទេ៕


ក្នុង​យន្តហោះ​អ៊ែរ​អាស៊ី ដែល​មិន​មាន​ភាសា​ខ្មែរ

យន្តហោះ​អ៊ែរ​អាស៊ី ដែល​មិន​មាន​ភាសា​ខ្មែរ​មក​ដល់​​ក្រុងកូឡា ឡូមពួរ ប្រទេស​ម៉ាឡេស៊ី

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers