បក្សភឿថៃ ឈ្នះឆ្នោតនៅប្រទេសថៃ ថ្ងៃ អាទិត្យ 3 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in ภาษาไทย.10 comments
លទ្ធផលជាបន្ទាប់បានចេញច្បាស់ហើយថា (ទោះមិនទាន់ផ្លូវការ) គណៈបក្សភឿថៃ ដែលគាំទ្រដោយក្រុមអាវក្រហមរបស់ប្រទេសថៃ បានទទួលសំឡេងច្រើនលើសលុប ឈ្នះលើគណៈបក្សប្រជាធិបតេយ្យរបស់ដែលកំពុងដឹកនាំប្រទេសថៃបច្ចុប្បន្ន។ កាលដែលគណៈបក្សភឿថៃឈ្នះឆ្នោតនាគ្រានេះ និងនាំទៅឲ្យនាង យិងលក្សណ៍ ជិនវ័ត្រ ក្លាយជានាយករដ្ឋមន្ត្រីថៃទី១ ដែលជាស្ត្រី និងទី១៦ របស់ពិភពលោកផងដែរ។
នេះគឺជាជោគជ័យដ៏ធំធេងរបស់គណៈបក្សភឿថៃ ដែលទទួលបានអសនៈលើសពាក់កណ្ដាល (ប្រមាណ២៦៤) នៅក្នុងរដ្ឋសភាថៃ ដែលមានអសនៈសរុបចំនួន៥០០។ ចំណែកឯគណៈបក្សកាន់អំណាចវិញ បានទទួលអសនៈតែប្រមាណ១៦០កៅអីតែប៉ុណ្ណោះ។ ការបរាជ័យដ៏អាម៉ាសរបស់គណៈបក្សកាន់អំណាចដែលមាននាយ អភិសិទ្ធិ វេជ្ជាជីវៈ ជានាយករដ្ឋមន្ត្រីនោះ ត្រូវបានប្រឈមដែលមុននេះលោក (អភិសិទ្ធិ) បានធ្លោយមាត់ថាលោកនឹងលាចេញពីតំណែងប្រធានបក្សប្រសិនបើលទ្ធផលគណៈបក្សលោកធ្លាក់ចុះនោះ។
គណៈបក្សភឿថៃ គឺត្រូវបានដឹងថាជាគណៈបក្សមួយដែលបានគាំទ្រច្រើនលើសលុបពីសំណាក់ពួកក្រុមអាវក្រហម ដែលស្មោះស្ម័គ្រ និងអតីតនាយករដ្ឋមន្ត្រីធ្លាក់ពីតំណែង នាយ ទក្សិណ ជិនវ័ត្រ ចំណែកឯនាង យិងលក្សណ៍ ជិនវ័ត្រ ទៀតសោតគឺជាប្អូនស្រីបង្កើតរបស់លោក។ ពួកប្រជាជនថៃអាវក្រហមដែលភាគច្រើនរស់នៅម្ដុំភាគខាងជើង និងភាគឦសានប្រទេសថៃ ហើយដែលសុទ្ធសឹងជាខេត្តដែលមានជីវភាពក្រីក្រនោះ បានបោះឆ្នោតឲ្យគណៈបក្សភឿថៃ ឈ្នះឆ្នោតដាច់សំឡេងតែម្ដង នេះដោយសារពួកគេបានជឿជាក់លើគោលនយោបាយរបស់អតីតគណៈបក្សថៃស្រឡាញ់ថៃ របស់លោក ទក្សិណ ជិនវ័ត្រ ហើយដែលពេលនេះបានផ្លាស់មកជាបក្សភឿថៃនោះ។

រូបភាពបង្ហាញពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនៅប្រទេសថៃនាថ្ងៃនេះ
ព័ណ៌ក្រហមគឺខេត្តដែលគណៈបក្សភឿថៃឈ្នះ (២៦២កៅអី) និងព័ណ៌ខៀវគឺគណៈបក្សប្រជាធិបតេយ្យ (១៦០កៅអី)
ចុចទីនេះមើលរូបធំ
_______________________________________________
អានផងដែរ៖
១. នយោបាយថៃ៖ នរណាថាគ្រាន់បើជាងខ្មែរ?
២. ស្ទង់មតិ៖ គណៈបក្សណានឹងឈ្នះឆ្នោតនៅប្រទេសថៃ
៣. ផ្ដើមហើយការបោះឆ្នោតនៅប្រទេសថៃ
៤. អភិសិទ្ធិ ចិត្តសឿងលេងល្ខោនចុះចេញពីប្រធានបក្ស
៥. ទំនាក់ទំនងខ្មែរថៃនឹងប្រសើរឡើង(?)
៦. បាយបាយ អភិសិទ្ធិ
៧. យិងលក្សណ៍ ជិនវ័ត្រ នាយករដ្ឋមន្ត្រីស្ត្រីទី១របស់ថៃ
ផ្ដើមហើយការបោះឆ្នោតនៅប្រទេសថៃ ថ្ងៃ អាទិត្យ 3 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in ภาษาไทย.11 comments
នាព្រឹកនេះ ០៣ កក្កដា ២០១១ ប្រទេសថៃបានចាប់ផ្ដើមការបោះឆ្នោតជាសាកលហើយ ដោយចាប់ផ្ដើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣ល្ងាចថ្ងៃនេះ។ មេដឹកនាំគណៈបក្សធំៗទាំងពីរ គឺនាង យិងលក្សណ៍ ជិនវ័ត្រ នៃគណៈបក្សភឿថៃ និងនាយ អភិសិទ្ធិ វេជ្ជាជីវៈ នៃគណៈបក្សប្រជាធិបតេយ្យក៏បានទៅបោះឆ្នោតរួចរាល់ហើយដែរ កាលពីព្រឹកមិញនេះ នៅតាមមណ្ឌលរបស់ពួកគេរៀងខ្លួន។
ការបោះឆ្នោតនៅប្រទេសថៃគ្រានេះ ត្រូវបានមតិជាតិ និងអន្តរជាតិឃ្លាំសង្កេតមើលជាខ្លាំងបន្ទាប់ពីប្រទេសដែលមានឈ្មោះល្បីខាងសន្តិភាព និងប្រជាធិបតេយ្យមួយនេះ ត្រូវបានប្រទះបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រជាជនជាច្រើនត្រូវបានគេរំពឹងថានៅទៅចូលរួមបោះឆ្នោតច្រើនជាងពេលណាៗទាំងអស់ នៅក្នុងប្រវត្តិការរបស់ប្រទេសថៃ។

នាង យិងលក្សណ៍ ជិនវ័ត្រ និងនាយ អភិសិទ្ធិ វេជ្ជាជីវៈ កំពុងដាក់សន្លឹកឆ្នោតចូលទៅក្នុងហិបបោះឆ្នោតកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ២០១១
គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ បានឲ្យដឹងថាលទ្ធផលមិនផ្លូវបានអាចនឹងត្រូវបានគេដឹងនៅម៉ោងប្រមាណ៦ល្ងាចថ្ងៃនេះ។
លទ្ធផលស្ទង់មតិរបស់អ្នកប្រើប្រាស់ប្លក់ខ្មែរវិញឃើញថា មកដល់ម៉ោង១៣ថ្ងៃនេះ (០៣ កក្កដា ២០១១) គណៈបក្សភឿថៃ ត្រូវបានគេគិតថានឹងឈ្នះគណៈបក្សប្រជាធិបតេយ្យដោយចំនួន៨៦,០៥ ភាគរយ លើ ១៣,៩៥ ភាគរយ។ (លោកអ្នកអាចបន្តការស្ទង់មតិបានរហូតដល់ម៉ោង៣រសៀលនេះ៕
_______________________________________________
អានផងដែរ៖
១. នយោបាយថៃ៖ នរណាថាគ្រាន់បើជាងខ្មែរ?
២. ស្ទង់មតិ៖ គណៈបក្សណានឹងឈ្នះឆ្នោតនៅប្រទេសថៃ
៣. បក្សភឿថៃ ឈ្នះឆ្នោតនៅប្រទេសថៃ
៤. អភិសិទ្ធិ ចិត្តសឿងលេងល្ខោនចុះចេញពីប្រធានបក្ស
៥. ទំនាក់ទំនងខ្មែរថៃនឹងប្រសើរឡើង(?)









