jump to navigation

បឹង​កក់​បឹង​កម្ម ថ្ងៃ អង្គារ 12 ខែកក្កដា 2011

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
11 comments

ម្សិល​មិញ​នេះ (១១ កក្កដា ២០១១) រាជ​ធានី​ភ្នំពេញ ដឹក​នាំ​ដោយ​លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ​ដ៏​ស្រស់​ស្អាត បាន​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​អ្វី​ដែល​គេ​ហៅ​ថា ទីក្រុង​រណប​ថ្មី កណ្ដាល​ក្រុង​ចាស់ លើ​គំនរ​ទុក្ខ​សោក​រាស្ត្រ​បឹងកក់ ជា​ច្រើន​រយ​នាក់។ បុព្វហេតុ​នៃ​ក្រុង​ថ្មី, បឹង​កក់ បឹង​កម្ម។

បើ​ព្យាយាម​និយាយ​ឲ្យ​នៅ​ផ្លូវ​កណ្ដាល​ ប្រជាជន​ទី​នោះ​ពិត​ជា​មាន​រួម​ចំណែក​ខុស និង​ទទួល​ខុស​ត្រូវ​ដែល។ ការ​មក​តាំង​ទី​រស់​នៅ​អនាធិបតេយ្យ​ពាស​វាល​ពាស​កាល ដែល​ទី​នោះ​ពី​មុន​ជា​សួន​កម្សាន្ត​សម្រាប់​អ្នក​ក្រុង​នោះ។ រដ្ឋ​ក៏​បាន​ផ្ដល់​ជម្រើស​ច្រើន​បែប ច្រើន​យ៉ាង​សម្រាប់​ពួក​គាត់ តែ​ពួក​គាត់​ទាំង​នោះ ហាក់​នៅ​រឹង​មិន​ព្រម​ទទួល​ជម្រើស​ណា​មួយ​សោះ។ តែ​ក្នុង​នាម​ជា​អាជ្ញាធរ កំហុស​ធំ​ពន់​ពេក ដែល​គួរ​ទទួល​ស្គាល់។ ទុក្ខ​រាស្ត្រ​ម្នាក់​គឺ​ជា​ទុក្ខ​របស់​មន្ត្រី ដែល​ជា​ខ្ញុំ​នៃ​រាជការ ទទួល​បណ្ដា​ស័ក្ដិ ប្រាក់​ខែ​ពី​ញើស​ឈាម​ប្រជា។ ការ​​លុប​បឹង​ធម្មជាតិ​នៃ​ទីក្រុង​គឺ​ជា​កំហុស​មួយ​ដែល​គួរ​ហ៊ាន​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ។ ពី​ចំណុច​ចាប់​ផ្ដើម​​ប្រាក់​រាស្ត្រ​ថា​លុប​តែ​ប៉ុន្មាន​ភាគ​រយ​នៃ​ផ្ទៃ​បឹង តែ​បច្ចុប្បន្ន​គឺ​លុប​ផ្ទៃ​បឹង​កក់​ទាំង​មូល។

ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​ចង​ចាំ​សម្ដី​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញ​ កែប ជុតិមា ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ក្រុង​បឹង​កក់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដូច​​តទៅ៖

លោក​ កែប ជុតិមា បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ប្រមាណ​ជាង​១០០​នាក់​ដែល ​សុទ្ធ​​សឹ​ង​ជា​មន្ត្រី​រាជ​ការ​បុគ្គលិក​​ក្រុម​​​​ហ៊ុន​ស៊ូកាគូអ៊ីន​ និង​សិស្ស​​មក​ពី​វិទ្យាល័យ​ប៊ុន​រ៉ានី​ហ៊ុន​សែន​វត្ត​ភ្នំ​ថា​ តាម​ប្រវត្តិ​សាស្ត្រ​ទី​ក្រុង​ភ្នំ​ពេញ​ដ៏​ចំណាស់​​​នេះ​​ ​​បា​ន​អភិវ​ឌ្ឍ​ ដោយ​ការ​ចាក់​បំពេញ​ដី​ជា​បន្ត​បន្ទាប់​ ដូ​ច្នេះ​​កា​រ​ចាក់​ដី​លុបបឹង​កក់​ដើម្បី​អភិវឌ្ឍ​​​មិន​​​ជា​រឿង​«ចម្លែក ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​​ទេ​»។​ លោក​អភិបាល​​បាន​បន្ត​ថា​ បឹង​នៅ​ភ្នំពេញ​នៅ​សល់​មួយ​ចំនួន​ទៀត​[ដែល​មិន​ទាន់​បូម​ខ្សាច់​ចាក់​ បំពេញ]  ពិសេស​បឹង​ដែល​ធំ​ជាង​គេ​គឺ​ បឹង​ទំពុន ​«​យើង​នឹង​អភិវឌ្ឍ​ទៀត​បឹង​ទំពុន…​ហើយ​ ភ្នំពេញ​ បើ​យើង​មិន​ចាក់​ដី​បំ​ពេញ​ ​​តើ​វា​មាន​ទី​ក្រុង​នេះ​ទេ?»​។ (ស្រង់​ចេញ​ពី​ភ្នំពេញ​ប៉ុស្តិ៍)

អ្វី​ដែល​លោក កែប ជុតិមា ប្រហែល​ជា​នៅ​ខ្វះ​ចន្លោះ​ចំណុច​មួយ​ចំនួន​ខាង​លើ ខ្ញុំ​សូម​បក​ស្រាយ​ដូច​ត​ទៅ៖

ពិត​ឥត​ប្រកែក​បាន, ការ​ចាក់​ដី​លុប​បឹង​ដើម្បី​អភិវឌ្ឍន៍ គឺ​គ្មាន​អ្វី​ចំឡែក​ទេ អ្នក​ដឹក​នាំ​ខ្មែរ​ជំនាន់​មុន​ៗ​ក៏​បាន​ធ្វើ​ដែរ ដូច្នេះ​អ្នក​ដឹក​នាំ​ជំនាន់​នេះ​ក៏​ធ្វើ​បាន​ដូច​គ្នា តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ថា អ្នក​ដឹក​នាំ​ជំនាន់​មុន ចាក់​ដី​លុប​បឹង​នានា​ក្នុង​ក្រុង​ដើម្បី​សាងសង់​សម្បត្តិ​រួម​សាធារណៈ មាន​បឹង​តេជោ​។ល។ សាងសង់​សួន​ច្បារ​មុខ​ស្ថានីយ​រថ​ភ្លើង, សាង​សង់​ផ្សារ​ធំ​ថ្មី, សាង​សង់​វិមាន​ឯក​រាជ្យ​។ល។ គឺ​សុទ្ធ​សឹង​សាង​ជា​ប្រយោជន៍​សង្គម​ទាំង​អស់ ខណៈ​លុប​បឹង​កក់ សាងសង់​របស់​របរ​ឯក​ជន ជួល​ឲ្យ​ឯក​ជន​រហូត​មួយ​ទសវត្សរ៍ ហើយ​ដែល​ត្រូវ​ដេញ​ប្រជាជន​ទីណាត់​ទីណែង។ នេះ​គឺ​អ្វី​ដែល​មិន​ដូច​គ្នា។

លោក ក៏​បាន​មាន​ប្រសាសន៍​ពិត​ណាស់​ទៀត​ថា បើ​មិន​ចាក់​ដី​បំពេញ​ទេ គ្មាន​ទេ​ភ្នំពេញ។ យេស! អ្នក​ដឹក​នាំ​ជំនាន់​មុន​លោក​ចាក់​ដី​បំពេញ​ដើម្បី​ពង្រីក​ភ្នំពេញ​ដែល​កាល​នោះ​មាន​តែ​មួយ​ផ្នែក​តូច គឺ​ចាក់​ដី​បំពេញ​ជាយ​ក្រុង ដើម្បី​ធ្វើ​ឲ្យ​ក្រុង​ធំ​ឡើង ខណៈ​ពេល​នេះ​ចាក់​ដី​បំពេញ​តែ​ដី​នៅ​កណ្ដាល​ក្រុង ឯ​ជាយ​ក្រុង​នៅ​ដដែល​ដូច​ស្រុក​ស្រែ។

សូម​ជូន​ពរ​យុទ្ធនាការ​សាងសង់​ក្រុង​បឹង​កក់ ដើម្បី​លើក​សម្រស់​ភ្នំពេញ​ក្លាយ​ជា «ទីក្រុង​គុជ​នៃ​អាស៊ី!» ជយោ​ៗៗ!

_______________________________________________________
អាន​បន្ថែម
១. អភិវឌ្ឍ​ទីក្រុង​ត្រូវ​លុប​បឹង​ធំ​ៗ
២. ព្យុះ​ហួស​បឹង​កក់
៣. បឹង​កក់​មិន​ទាន់​ចប់​ឯណា!
៤. រូប​ភាព​វេទនា​ភាព​នៃ​ប្រជាជន​ខ្មែរ ​ដែល​មាន​ឥទ្ធិពល​បាំង​ភ្នែក និង​បិទ​មាត់​លោក ហ៊ុន សែន ម្ចាស់​គ្រង​ផែន​ដី

តាមដាន

Get every new post delivered to your Inbox.

Join 114 other followers

%d bloggers like this: