jump to navigation

ខួប​ប្រាំ​មួយ​​ឆ្នាំ​នៃ​ប្លក់​កំណត់​ហេតុ​សុភ័ក្ត្រ (ស្រែ​ខ្មុក) ថ្ងៃពុធ 21 ខែធ្នូ 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
16 comments

មក​ដល់​ថ្ងៃ​នេះ (២១ ធ្នូ ២០១១) ប្លក់​កំណត់​ហេតុ​សុភ័ក្ត្រ ឬ​ស្រែ​ខ្មុក មាន​អាយុ​កាល​៦​ឆ្នាំ​ហើយ។ ដោយ​ចាប់​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០០៥ ពេញ​រយៈ​ពេល​៦​ឆ្នាំ​នេះ ខ្ញុំ​អាច​និយាយ​ថា ទំព័រ​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​អំណត់ និង​ព្យាយាម​តស៊ូ ខណៈ​ដែល​ប្លក់​ជា​ច្រើន​ដែល​បាន​បង្កើត​ក្នុង​រយៈ​ពេល​ប្រហែល​គ្នា​​បាន​ដេក​លង់​លក់​អស់​ទៅ​ហើយ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​អ្នក​ប្លក់​ថ្មី​ៗ​ជា​ច្រើន​ទៀត​មាន​វត្តមាន​មិន​ដាច់​នៅ​លើ​វើរ៍ដប្រេស្ស។

ជាមួយ​នឹង​ប្រកាស​លើក​ទី​១ ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា វា​ពិត​ជា​គួរ​ឲ្យ​មោទនភាព​ណាស់​ដែល​ប្លក់​នេះ​អាច​តស៊ូ​បាន​រហូត​មក​ដល់​អាយុ​កាល​៦​ឆ្នាំ​នេះ ហើយ​បើ​ធៀប​នឹង​អាយុ​មនុស្ស​វិញ វា​បាន​ក្លាយ​ជា​ក្មេង​ធំ​រូប​រាង និង​ដល់​អាយុ​ចូល​រៀន​ថ្នាក់​បឋម​សិក្សា ឆ្នាំ​ទី​១ បាន​ហើយ។

រយៈ​ពេល​៦​ឆ្នាំ​នេះ មាន​ប្រកាស​សរុប​រហូត​ដល់​ទៅ​១.៩១៦​​ប្រកាស (មក​ដល់​ថ្ងៃ​នេះ) ហើយ​ដែល​មាន​ចម្រុះ​ទៅ​ដោយ​ប្រកាស​ទាំង​ផ្ទាល់​ខ្លួន និង​សង្គម ផង​ដែរ​លាយ​ចម្រុះ​គ្នា ហេតុ​ដូច្នេះ​ហើយ អ្វី​ដែល​ប្លែក​បន្តិច​សម្រាប់​ឆ្នាំ​នេះ គឺ​ខ្ញុំ​បាន​ប្រើ​ឈ្មោះ​ប្លក់​នេះ​បន្ថែម​មួយ​ទៀត​ពី​កំណត់​ហេតុ​សុភ័ក្ត្រ មក​ជា «ស្រែ​ខ្មុក»។ ​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ មាន​ចំនួន​ចុច​ចូល​ទស្សនា​ទី​នេះ ប្រមាណ ៣៦៣.៤៣៧ ដង ឬ​ជា​មធ្យម​ប្រមាណ​២៦៩,៦៩​ដង​ក្នុង​មួយ​ថ្ងៃ និង​មក​ពី​បណ្ដា​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន​១១៧ ប្រទេស​ផ្សេង​ៗ​គ្នា​ដែរ។

ការ​គាំទ្រ​ពី​សំណាក់​ប្រិយ​មិត្រ​អ្នក​អាន​នៅ​ទី​នេះ គឺ​ពិត​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​ឲ្យ​ប្លក់​មួយ​នេះ​រស់​រាន​ត​ទៅ​មុខ​ទៀត ដើម្បី​អាច​ឃើញ​ប្រកាស ខួប​១០​ឆ្នាំ, ២០​ឆ្នាំ, ៣០​ឆ្នាំ…. ។ល។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​មិត្រ​ៗ​ទាំង​អស់​នៅ​ទី​នេះ ដែល​បាន​គាំទ្រ​ប្លក់​កំណត់​ហេតុ​សុភ័ក្ត្រ (ស្រែ​ខ្មុក) ជា​រៀង​រហូត​មក។ សូម​ប្រិយមិត្រ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​និរន្តរ៍​អើយ ជា​ពិសេស​ក្នុង​ឱកាស​ឆ្នាំ​ថ្មី គ.ស.​២០១២ ដែល​នឹង​កំពុង​ឈាន​ចូល​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

អប​អរ​សាទរ​ខួប​ប្រាំ​មួយ​ឆ្នាំ​នៃ​ប្លក់​កំណត់​ហេតុ​សុភ័ក្ត្រ (ស្រែ​ខ្មុក)
២១ ធ្នូ ២០០៥ -​ ២១ ធ្នូ ២០១១

________________________________________________
អាន​ផង​ដែរ
១. ខួប​ប្រាំ​ឆ្នាំ​នៃ​ប្លក់​កំណត់​ហេតុ​សុភ័ក្ត្រ

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers