jump to navigation

ប្រវត្តិ​ពាក្យ «ពញា» ថ្ងៃ អាទិត្យ 19 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in អំពីភាសា, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
trackback

កកន៖ មានប្រជាជនខ្មែរមិនតិចទេ ដែលអានពាក្យ «ពញា» ជា ព-ញៀ រួមទាំងសាស្ត្រាចារ្យខ្មែរ, គ្រូអក្សរសាស្ត្រខ្មែរ និងមន្ត្រីរាជការខ្មែរផងដែរ។ តាមពិតពាក្យ «ពញា» នេះត្រូវអានថា «ព្ញា» គឺ ព ជើង ញ និងស្រៈ អា។ សម្ដេចព្រះសង្ឃរាជ ជួន ណាត ធ្លាប់បានមានព្រះបន្ទូលថាទំនងដោយសារខ្មែរស្ទើរភ្លើងដែលចេះតាមក្រោយបារាំងសរសេរពាក្យនេះជា «Ponhea» ក៏បែរជានាំគ្នាអានតាមបារាំងទៅជា «ពញា» រហូតដល់សព្វថ្ងៃនេះ។

ដើម្បីឲ្យបានស្គាល់ពាក្យនេះជាក់ច្បាស់ ខ្ញុំសូមលើកយកពីសាវតារពាក្យ «ពញា» នេះពីវចនានុក្រមខ្មែរ និងភាសាប្រទេសជិតខាងយើង ដែលបានខ្ចីពាក្យនេះទៅប្រើដូចតទៅ៖

  • តាមវចនានុក្រមខ្មែរ

ពញា [ព្ញា] ស.; ល. ( ន. ) (ប្រើពាក្យនេះជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ពះញា អ. ថ. ផ្ញា “ឲកញ៉ា”)

ពាក្យ ពញា នេះជា អញ្ញត្រសព្ទ ពីព្រោះត្រូវសរសេរផ្ញើជើង ញ ជា ញ បែរជាសរសេររាយតួជា ពញា វិញ ដើម្បីកុំឲ្យច្រឡំនឹង ឭ (ឭ ឮ);

កាលពីបុរាណព្រេងនាយ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា ពញា ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ ពញា បែរជាហៅ អង្គ វិញ ដូចជា អង្គអិម, អង្គអេង, អង្គតន់, អង្គដួង ជាដើម, ចំណេរកាលតពីនោះមក ប្រែហៅថា ព្រះអង្គម្ចាស់ វិញ ដរាបដល់មកសម័យបច្ចុប្បន្ននេះ។

ក្នុងសម័យបន្ទាប់ពីប្រែ ពញា ជា អង្គ វិញនោះ ព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យ ពញា នេះមកប្រើជាឋានន្តរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា ៣ ថ្នាក់គឺ ពញា, ចៅពញា, សម្ដេចចៅពញា;

លុះចំណេរកាលតពីនោះមកទៀត ប្រើពាក្យ ឲកញ៉ា, អ្នកឲកញ៉ា, លោកអ្នកឲកញ៉ា ជាជំនួសពាក្យ ពញា វិញ ដរាបមកដល់សព្វថ្ងៃនេះ; ឯពាក្យ ពញា បែរប្រើជាឋានន្តរ មេឃុំ វិញថា ពញារក្សាភិបាលឃុំ…; មកដល់សម័យរាជការសង្គមរាស្ត្រនិយមព្រះពុទ្ធសាសនាឯករាជអព្យាក្រឹត ផ្លាស់ពាក្យ មេឃុំ ជា នាយសង្កាត់ វិញថា នាយសង្កាត់…;

ទាំងពាក្យ ឃុំ ក៏ហៅថា សង្កាត់ ដែរ ហៅថា សង្កាត់នេះ សង្កាត់នោះ តាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថា សង្កាត់លេខ ១; សង្កាត់លេខ ២; សង្កាត់លេខ ៣។ល។ (នេះជាប្រវត្តិនៃពាក្យ ពញា)។

ដូចដែលបានអធិប្បាយនៅក្នុងវចនានុក្រម ពាក្យ «ពញា» នេះក៏មានវត្តមាននៅក្នុងភាសាថៃ និងភាសាលាវផងដែរ។ ភាសាទាំងពីរនេះ ប្រើពាក្យនេះជា ព្រះយា អ. ថ. ផ្រៈយ៉ា។ ដោយសរសេរជា พระยา គឺ ពរះយា។ នៅក្នុងវចនានុក្រមរាជបណ្ឌិត្យស្ថានរបស់ថៃ (ราชบัณฑิตยสถาน) បានឲ្យនិយមន័យពាក្យ នេះជា៖

พระยา น. บรรดาศักดิ์ข้าราชการผู้ใหญ่สูงกว่าพระ ตํ่ากว่าเจ้าพระยา
เช่น พระยาอนุมานราชธน.

មានសេចក្ដីជាភាសាខ្មែរគឺ

ព្រះយ៉ា ន. បណ្ដាស័ក្ដិខ្ញុំរាជការថ្នាក់ខ្ពស់ជាងថ្នាក់ព្រះ ទាបជាងចៅពញា
ដូចជា ព្រះយ៉ាអនុមានរាជ ធន។

ហេតុដូចនេះយើងអាចសន្និដ្ឋានថា ឋានន្តរនៃមន្ត្រីថ្នាក់ខ្ពស់ថៃសម័យដើមមានបីថ្នាក់គឺ៖ ព្រះ, ព្រះយ៉ា (ពញា) និងចៅព្រះយ៉ា (ចៅពញា)។ គឺចៅពញា ជាឋានន្តរខ្ពស់បំផុតនៃមន្ត្រីថៃ។

ក៏ប៉ុន្តែបើអនុលោមតាមវចនានុក្រមខ្មែរវិញ ចៅពញា គឺត្រឹមជាឋានន្តរថ្នាក់ទី២នៃមន្ត្រីថ្នាក់ខ្ពស់សម័យដើមរបស់ខ្មែរប៉ុណ្ណោះ ដ្បិតឋានន្តរនៃមន្ត្រីខ្មែរមានចាប់ពី៖ ពញា, ចៅពញា និង សម្ដេចចៅពញា ដែលជាឋានៈខ្ពស់បំផុត។

ចំណែកឯនៅក្នុងភាសាលាវវិញ ពាក្យនេះក៏ប្រើដូចនៅក្នុងភាសាថៃដែរ ដោយសរសេរជា ພຣະຍາ គឺ ពរះញា អ. ថ. ផ្រៈញ៉ា។ តែសម័យបច្ចុប្បន្នលាវកាត់អក្សរ “ រ” (ຣ) ចោល ដូចនេះនៅត្រឹម ພະຍາ គឺ ពះញ៉ា អានថា ផៈញ៉ា។

មិនមានឯកសារពីឋានន្តរនៃការប្រើពាក្យ ພຣະຍາ/ພະຍາ នេះនៅក្នុងសង្គមលាវទេ តែតាមប្រភពគេហទំព័រមួយបានឲ្យដឹងថា ພຣະຍາ/ພະຍາ (ពញា) ច្រើនជាឋានន្តរមន្ត្រីនៅក្នុងផ្នែកតុលាការ ប្រើចំពោះបុគ្គលទូទៅ តែបើបុគ្គលនោះជាព្រះវង្សវិញ គឺប្រើជា ເຈົ້າພຣະຍາ គឺ «ចៅពញា» នេះឯង។

ដូចនៅក្នុងវចនានុក្រមខ្មែរបានរៀបរាប់ស្រាប់ ពាក្យ «ពញា» ត្រូវបានប្រើប្រាស់ជាយសស័ក្ដិរាជការខ្មែរពីជំនាន់ដើម ដែលមានកំណត់ត្រាមួយចំនួនដូចតទៅនេះ៖

  • ចៅពញាបណ្ដាស័ក្ដិខ្ញុំរាជការថ្នាក់ខ្ពស់ គឺខ្ពស់ជាង ពញា និងទាបជាង សម្ដេចចៅពញា។
  • ពញាជ័យជាឋានន្តរស័ក្ដិខ្ញុំរាជការ
  • ពញារក្សាភិបាលជាឋានន្តរស័ក្ដិអតីតចៅហ្វាយឃុំ
  • ពញាពិស្ណុលោកជាឋានន្តរស័ក្ដិអតីតចៅហ្វាយខែត្រទ្រាំង
  • ពញាមន្ត្រីភ័ក្ដីជាឋានន្តរស័ក្ដិអតីតចៅហ្វាយខែត្រកំពង់សៀម
  • ពញាវង្សាអនុជិតជាឋានន្តរស័ក្ដិអតីតចៅហ្វាយខែត្របាទី
  • ពញាសួគ៌ាលោកជាឋានន្តរស័ក្ដិអតីតចៅហ្វាយខែត្រពោធិសាត់
  • ពញាអរជូន ជាឋានន្តរស័ក្ដិអតីតចៅហ្វាយខែត្រត្បូងឃ្មុំ

មតិ»

1. តា ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​កុម្ភៈ 2012

ខ្ញុំគិត​ថា​ញ្ញាទាំង ៥ រាប់ពី​ក្រោម​ទៅជា​ស្ដេច​ត្រាញ់​នៅ​សម័យ​មុន តើ​មែន​ឬមិនមែន ?

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​កុម្ភៈ 2012

ប្រហែល​អញ្ចឹង​ហើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers