jump to navigation

ផ្សារ​ណាត់​បៃតង​នៅ​ក្រុង​សុរិន្ទ្រ ថ្ងៃ សៅរ៍ 26 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
5 comments

ព្រឹក​មិញ​នេះ​ពួក​អ្នក​ទេសចរណ៍​យើង​បាន​នាំ​គ្នា​ចូល​ទៅ​លេង​ផ្សារ​អ្នក​ស្រុក​សុរិន្ទ្រ ក្នុង​ក្រុង​សុរិន្ទ្រ ដែល​គេ​ហៅ​ថា​ផ្សារ​​ណាត់​បៃតង (ថៃ៖ ตลาดนัดสีเขียว)។ ស្ថិត​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីសណ្ឋាគារដែល​ពួក​យើង​ស្នាក់ ផ្សារ​នេះ គឺ​មួយ​ផ្នែក​អនុញ្ញាត​ឲ្យ​ក្រុម​កសិករ​សុរិន្ទ្រ​បាន​ដាក់​លក់​របស់​របរ​ដែល​គ្មាន​ប្រើ​ជាតិ​គីមី។

ដោយ​មាន​ទំហំ​ធំ​គួរ​សម ផ្សារ​ណាត់​បៃតង​បែប​នេះ​មាន​រហូត​ដល់​ទៅ​៤​ផ្សារ​នៅ​ទូទាំង​ខេត្ត​សុរិន្ទ្រ និង​បើក​ដាក់​លក់​តាំង​ពី​ព្រឹក​ព្រហាម​រហូត​ដល់​ថ្ងៃ​ត្រង់។

ការ​លក់​ដូរ​ស្ទើរ​តែ​តាម​បែប​បុរាណ​ទាំង​អស់ ដោយ​មនុស្ស​ម្នា​មាន​អធ្យាស្រ័យ​នឹង​គ្នា នៅ​ពេល​ដែល​ដាក់​លក់​មិន​អស់​ក៏​ចែក​គ្នា​ផ្លាស់​ប្តូរ​គ្នា​ មាន​បន្លែ​បន្លុក​ជា​ដើម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ពួក​គាត់។

ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ សុរិន្ទ្រ គឺ​ជា​អតីត​ដែន​ដី​មួយ​ស្ថិត​ជាមួយ​នឹង​ចក្រ​ភព​ខ្មែរ ច្នេះ​ទេ​ប្រជា​ជន​នៅ​ទី​នោះ (ភាគ​ច្រើន​ចាស់​ៗ) គឺ​អាច​នៅ​និយាយ​ភាសា​ខ្មែរ (ខ្មែរ​បុរាណ) បាន​ខ្លះ ដោយ​លាយ​ជាមួយ​នឹង​ភាសា​ថៃ​របស់​ពួក​គាត់​ដែល​ជា​ជន​ជាតិ​ថៃ។ អ្នក​លក់​ដូរ​ទាំង​អស់​នៅ​ក្នុង​ផ្សារ​ណាត់​នេះ គឺ​មិន​តិច​ជាង​៥០​ភាគ​រយ​ទេ គឺ​អាច​ប្រាស្រ័យ​ភាសា​ខ្មែរ​បាន។ សម្រាប់​លោក​អ្នក​ដែល​មាន​ភូមិ​កំណើត​នៅ​សៀមរាប ឬ​ឧត្ដរ​មាន​ជ័យ អាច​នឹង​ស៊ាំ​នឹង​សំនៀង​ភាសា​ខ្មែរ​របស់់​ពួក​គាត់ ដ្បិត​ពួក​គាត់​និយាយ​ភាសា​ខ្មែរ​តាម​បែប​សំនៀង​ប្រហាក់​ប្រហែល​នឹង​ខ្មែរ​នៅ​សៀម​រាប ឧត្ដរ​មាន​ជ័យ​ដែរ។

ម្ហូប​អាហារ របស់​របរ​លក់​ដូរ​ទី​នោះ គឺ​ភាគ​ច្រើន​គាត់​ដាំ​ដោយ​ខ្លួន​ឯង​ជា​របៀប​គ្រួសារ ដូច្នេះ​ទេ របស់​របរ​ទាំង​នោះ​មាន​តម្លៃ​ថោក​ស្ទើរ​មិន​ជឿ គឺ​ប្រមាណ​ពី​១០ ទៅ​២០​បាត​តែ​ប៉ុណ្ណោះ (ប្រមាណ​១៥០០ ទៅ​២០០០​រៀល)។

ផ្សារ​ណាត់​នេះ​បើក​តែ​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍ តែ​ប៉ុណ្ណោះ ប្រសិន​បើ​លោក​អ្នក​មាន​ឱកាស​បាន​ទៅ​លេង​ក្រុង​សុរិន្ទ្រ សូម​កុំ​ភ្លេច​ចូល​ទស្សនា​ផ្សារ​នេះ និង​ទិញ​របស់​របរ​តាម​អធ្យាស្រ័យ៕


ទិដ្ឋភាពក្នុងផ្សារណាត់

ទិដ្ឋភាពក្នុងផ្សារណាត់

ស្លាកសញ្ញាបញ្ជាក់ថាទីនេះលក់របស់ដែលគ្មាប្រើថ្នាំគីមី

បន្លែដែលដាំដោយអ្នកសុរិន្ទ្រយកមកដាក់លក់

ទិដ្ឋភាពក្នុងផ្សារ

របស់របរដែលយកមកដាក់លក់

មានសិល្បៈសម្ដែងផងក្នុងផ្សារ

ទិដ្ឋភាពក្នុងផ្សារណាត់

ខ្នុរនេះថោកណាស់ មួយដុំតែ១៥០០រៀលទេ

របស់ដែលដាក់លក់ក្នុងផ្សារ

____________________________________________________
អានផងដែរ
១. ទៅលេងភូមិតម្បាញសូត្រនៅសុរិន្ទ្រ
២. ទៅទស្សនាសួនដំរីនៅសុរិន្ទ្រ
៣. ទឹកគ្រឿងអ្នកស្រុកសុរិន្ទ្រ
៤. តាប៉ែ​សុរិន្ទ្រ
៥. ជីវភាព​អ្នក​ស្រុក​សុរិន្ទ្រ

តាមដាន

Get every new post delivered to your Inbox.

Join 115 other followers

%d bloggers like this: