ចេញ -ល- មកពីណា? ថ្ងៃ អង្គារ 12 ខែមិថុនា 2012
Posted by សុភ័ក្ត្រ in អំពីភាសា.add a comment
តាំងពីធំដឹងក្ដីចូលរៀនភាសាខ្មែរមក ខ្ញុំបានរៀន បានសរសេរពាក្យថា «។ល។» អានថា ល៉ៈ (រូបលេខ១) ដើម្បីសរសេរ ឬនិយាយពាក្យុដែលមិនទាន់អស់សេចក្ដី និងមានតទៅទៀត។ ឧទាហរណ៍៖ នៅក្នុងបន្ទប់គេងខ្ញុំ មានរបស់ប្រើប្រាស់ជាច្រើន ដូចជា កៅអី, តុ, សៀវភៅ, ខ្មៅដៃ, ចង្កៀង…។ល។

បច្ចុប្បន្ន នៅតាមសៀវភៅ ព្រមទាំងសារព័ត៌មាន, គេហទំព័រមួយចំនួន ។ល។ ខ្ញុំសង្កេតឃើញមានគេប្រើ «-ល-» (រូបលេខ២) ខ្ញុំមិនដឹងថា គេអានដូចម្ដេចទេ ដ្បិតខ្ញុំមិនដែលបានរៀន ឬគ្រូខ្ញុំគាត់ចេះមិនដល់បានជាមិនបានបង្រៀនខ្ញុំ?
នៅក្នុងវចនានុក្រមខ្មែរក៏មិនឃើញមាននិយាយពី «-ល-» នេះទេ គឺមានតែ «។ល។» ដែលប្រាប់ឲ្យអានថា ល៉ៈ គឺដូចអ្វីដែលខ្ញុំបានរៀនតាំងពីធំដឹងក្ដីមក ដោយ ។ល។ នេះមកពិពាក្យថា បេយ្យាល។
បេយ្យាលៈ ប៉ៃយ៉ាល៉ៈ បា ( ន. ) ឈ្មោះវណ្ណយុត្តមួយយ៉ាង សម្រាប់ប្រើបំព្រួញសេចក្ដីវែងឲ្យខ្លីឬច្រើនឲ្យតិច, ប្រើតែអក្សរ១តួខាងដើមថា ។ បេ ។ (ប៉េ) ក៏បាន, ប្រើតែអក្សរខាងចុងថា ។ល។ (ល៉ៈ) ក៏បាន។ (ល៉ៈ) ក៏បាន ។
ហេតុច្នេះទេ ដែលគេសរសេរ «-ល-» ពេញទឹកពេញដីបច្ចុប្បន្ននេះមិនដឹងគេសម្អាងលើប្រភពណា ឬក៏អានថាម៉េចក៏ខ្ញុំមិនដឹង…៕









