jump to navigation

ផែនទី​បោះឆ្នោត​ខេត្ត​ជា​សមរភូមិ​ចាញ់ ឈ្នះ ថ្ងៃ សុក្រ 26 ខែកក្កដា 2013

Posted by សុភ័ក្ត្រ in បោះ​ឆ្នោត​២០១៣.
trackback

130726_06

ភ្នំពេញៈ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ។ ក្នុង​រយៈ​ពេល​មួយ​ខែ​នៃ​យុទ្ធនាការ​ឃោសនា​នេះ គេ​សង្កេត​ឃើញ​គូ​ប្រជែង​នយោបាយ កំណត់​យក​ខេត្ត​ធំៗ​ចំនួន ៦ ជា​ផែនទី​ប្រជែង​គ្នា​ដណ្តើម​សំឡេង​គាំទ្រ ដើម្បី​ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ ២០១៣ នេះ។

ខេត្ត កំពង់ចាម

ជា​ខេត្ត​ដែល​មាន​ប្រជាប្រិយ បំផុត​មាន​អាសនៈ ១៨ និង​ជា​តំបន់​សម្បូរ​ដោយ​ខ្មែរ​អ៊ិស្លាម​ច្រើន​គួរសម។ កំពង់ចាម គឺជា​ខេត្ត​ក្នុង​ចំណោម​ខេត្ត​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា បំផុត កាល​ពី​ការ​បោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ ២០១២ (ជា​កន្លែង​ដែល​គណបក្ស​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៤០ ភាគរយ​នៃ​អាសនៈ​សរុប)។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ចំនួន ១១ អាសនៈ នៅ​មណ្ឌល​នេះ កាល​ពី​ឆ្នាំ ២០០៨ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​រំពឹង​ថា គណបក្ស​ប្រឆាំង​នឹង​ដណ្តើម​បាន​ច្រើន​ជាង​មុន ក្នុង​ការ​បោះឆ្នោត​លើក​នេះ​។ ជា​សញ្ញា​កម្លាំង​ខ្លាំង​នៃ​ខេត្ត​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ប្រធាន​សភា​/ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន លោក ហេង សំរិន ទាំង​ពីរ​នាក់​ឈរ​ជា​បេក្ខជន​នៅ​ក្នុង​ខេត្ត​នេះ​ហើយ​រដ្ឋ​មន្រ្តី ក្រសួង​ការ​បរទេស​លោក ហោ ណាំហុង ក៏​នៅ​ខេត្ត​នេះ​ដែរ។ ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ព្រះ​អង្គ​ម្ចាស់ រាជ​បុត្រី នរោត្តម អារុណរស្មី ក៏​កំពុង​ឈរ​ជា​បេក្ខជន​នៅ​ខេត្ត កំពង់ចាម​ដែរ​ហើយ​សង្ឃឹម រក្សា​អាសនៈ​ដែល​ឈ្នះ​ដោយ​អតីត​គណបក្ស នរោត្តម រណឫទ្ធិ ក្នុង​ឆ្នាំ ២០០៨ (ដែល​រួម​បញ្ចូល​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច)។

ខេត្ត ព្រៃវែង

បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧ អាសនៈ​ក្នុង​ចំណោម​អាសនៈ ១១ នៅ​ខេត្ត ព្រៃវែង នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ ដោយ​សារ​ការ​ធ្លាក់​ចុះ​ឥទ្ធិពល​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ក៏​ដោយ ក៏​ខេត្ត​នេះ​គឺ​ជា​ខេត្ត​ប្រកួត​ប្រជែង​ខ្លាំង​បំផុត​នៅ​ក្នុង​ការ បោះឆ្នោត ឃុំ-សង្កាត់ នា​ឆ្នាំ ២០១២ រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស សម រង្ស៊ី ដែល​បាន​សំឡេង​ឆ្នោត​គាំទ្រ​សរុប​ចំនួន ២១០.២០៩ ទល់​នឹង ២៥៨.៧១៦ សំឡេង។ ដោយ​សារ​តែ​ឥឡូវ​នេះ​គណបក្ស​ទាំង​ពីរ​នេះ​បាន​រួម​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត ព្រៃវែង អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ខេត្ត​ប្រកួត​ប្រជែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​រវាង​គណបក្ស​ប្រជាជន កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​សារ​តែ​ខេត្ត​នេះ​មាន​ទី​តាំង​នៅ​ជាប់​ព្រំដែន​វៀតណាម ក្រុម​អ្នក​សង្កេត​ការណ៍​គិត​ថា វោហារ​ស័ព្ទ​លើក​ឡើង​ប្រឆាំង​នឹង​អន្តោប្រវេសន៍ វៀតណាម របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ទាក់​ទាញ​សម្រាប់​អ្នក​បោះឆ្នោត។

ខេត្ត សៀមរាប

បើ​ទោះ​ជា​ខេត្ត សៀមរាប ជា​ជំរំ​ខ្លាំង​មួយ​របស់​បក្ស​កាន់​អំណាច​យូរ មក​ហើយ​ក៏​ដោយ (គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ៤​ក្នុង​ចំនួន ៦ នៅ​ទី​នេះ​ក្នុង​ឆ្នាំ ២០០៣ និង​កើន​ដល់ ៥ អាសនៈ​ក្នុង​ឆ្នាំ ២០០៨) ប៉ុន្តែ​ប្រសិន​បើ​យុទ្ធនាការ​ឃោសនា​ដ៏​ខ្លាំង​មួយ​របស់​គណបក្ស ប្រឆាំង ដែល​ធ្វើ​ឡើង​ថ្មីៗ​នេះ​មាន​ប្រសិទ្ធភាព នោះ​ខេត្ត​នេះ​អាច​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើង​។ អ្នក​គាំទ្រ​ប្រមាណ ១១ ម៉ឺន​នាក់ បាន​ចេញ​ស្វាគមន៍​លោក សម រង្ស៊ី នៅ​ទី​នោះ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ចំនួន​អ្នក​គាំទ្រ​ច្រើន​ជាង​នៅ​ភ្នំពេញ (មូលដ្ឋាន​ខ្លាំង​របស់​បក្ស​នេះ) សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​ពី​ការ​រស់​នៅ​និរទេស​។

វោហារ​ស័ព្ទ​របស់​លោក សម រង្ស៊ី នៅ​ខេត្ត សៀមរាប មាន​បំណង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ថា អាជីវកម្ម​របស់​«ជនជាតិ​វៀតណាម» មាន​ការ​គ្រប់​គ្រង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​ដែល​ផ្តល់​ប្រាក់​ចំណូល ច្រើន​ក្នុង​ខេត្ត​នេះ។ ក្រុម​អ្នក​វិភាគ ក៏​បាន​គិត​ដែរ​ថា ស្តង់ដារ​រស់​នៅ​ក្នុង​ខេត្ត សៀមរាប ដែល​ជា​ខេត្ត​ក្នុង​ចំណោម​ខេត្ត​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​នឹង​ជា​បញ្ហា​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។

ខេត្ត កំពង់ស្ពឺ

បើ​ទោះ​ជា​ខេត្ត​តូច​មួយ (មាន​អាសនៈ​ចំនួន ៦) និង​ជា​ខេត្ត​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​ខ្លាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ការ​បោះឆ្នោត​ជាតិ​លើក​មុន​ក៏​ដោយ​ក៏​ក្រុម​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា ខេត្ត កំពង់ស្ពឺ ជា​ខេត្ត​ដែល​ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស​ធំៗ ទាំង​ពីរ​នឹង​បង្កើន​កំដៅ​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។ គណបក្ស​នានា​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៣៣ ភាគរយ​នៃ​អាសនៈ​សរុប​នៅ​ទី​នេះ ក្នុង​ការ​បោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ ២០១២។ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​មុន គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​រួម​បញ្ចូល​គ្នា​បាន​ឈ្នះ ៣៤ ភាគរយ​នៃ​សំឡេង​ឆ្នោត​សរុប ទល់​នឹង ៥៦ ភាគរយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ការ​កើន​ឡើង ២៨ ភាគរយ​នៃ​សំឡេង​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត ឆ្នាំ ២០០៨​។ គូ​បដិបក្ខ​ចាស់ ក៏​នឹង​មក​ដឹក​នាំ​នៅ​ក្នុង​ខេត្ត កំពង់ស្ពឺ ផង​ដែរ គឺ​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្រ្តី​ដំបូង​របស់​កម្ពុជា​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម និង​ជា​គូបដិបក្ខ​របស់​លោក ហ៊ុន សែន ហើយ​លោក ប៉ែន សុវណ្ណ ឈរ​លំដាប់​លេខ​រៀង​ទី១ នៃ​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​ជា​អ្នក​ជំនួស​សម្រាប់​ការ​កាន់​អំណាច គឺជា​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត​នេះ​ដែរ។ ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នេះ សម្រាប់​គាត់​ជា​សញ្ញា​បោះ​ជំហាន​នៃ​ជំនាន់​ថ្មី​ក្នុង​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

រាជធានី ភ្នំពេញ

រាជធានី ភ្នំពេញ មាន​អាសនៈ​ចំនួន ១២ នឹង​ជា​សមរភូមិ​ប្រយុទ្ធ​មួយ​សម្រាប់​ការ​បោះឆ្នោត។ ក្នុង​ឆ្នាំ ២០០៣ ពាក់​កណ្តាល​នៃ​អាសនៈ​ទាំង​អស់ បាន​ទៅ​គណបក្ស សមរង្ស៊ី​ហើយ​គណបក្ស​ប្រជាជន​ឈ្នះ​បាន ៤ អាសនៈ​និង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន ២ អាសនៈ។

ជាមួយ​នឹង​ការ​បាត់​បង់​ទាំង​ស្រុង​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល ៧ អាសនៈ ទល់​នឹង​គណបក្ស សម រង្ស៊ី ដែល​ទទួល​បាន​ចំនួន ៥ ក្នុង​ឆ្នាំ ២០០៨។ សម្រាប់​ការ​បោះឆ្នោត​លើក​នេះ ទម្ងន់​ខ្លាំង​មួយ​គឺ​នឹង​មាន​ដោយ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម និង​អតីត​អភិបាល​រាជធានី ភ្នំពេញ លោក កែប ជុតិមា កំពុង​ឈរ​ជា​បេក្ខជន​សម្រាប់​គណបក្ស​កាន់​អំណាច ខណៈ​តំណាង​រាស្រ្ត​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ លោក សុន ឆ័យ និង​អ្នក​នាំ​ពាក្យ​គណបក្ស​គឺ​លោក យឹម សុវណ្ណ ឈរ​ឈ្មោះ​នៅ​ទី​នេះ។

ខេត្ត កណ្តាល

ជា​ខេត្ត​មាន​អាសនៈ​ចំនួន ១១ ខេត្ត កណ្តាល​ជា​អាសនៈ​សភា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​គិត​ថា​ជា​«ខេត្ត​ដែល​ត្រូវ​ផ្តោត»​លើ​ការ​បោះឆ្នោត​នេះ។ ក្នុង​ឆ្នាំ ២០០៨ គណបក្ស សម រង្ស៊ី ទទួល​បាន ៣ អាសនៈ។ ដៃ​គូ​គឺ​គណបក្ស​សិទ្ធិ​មនុស្ស​បាន ១ អាសនៈ​ដែរ​នៅ​ពេល​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បាត់បង់​អាសនៈ​ទាំង​អស់​ចំនួន ៣ នៅ​ក្នុង​ខេត្ត​នេះ។ បក្ស​ប្រឆាំង​សង្ឃឹម​ថា​នឹង​ដណ្តើម​អាសនៈ​ខ្លះ​ពី​អាសនៈ​ចំនួន ៧ របស់​គណបក្ស​ប្រជាជន​ដែល​ដើម្បី​កេរ្តិ៍​ឈ្មោះ លោក ហ៊ុន សែន គណបក្ស​កាន់​អំណាច​នឹង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព៕ PS

ចម្លង​ចេញ​ទាំង​ស្រុង​ពី៖ ភ្នំពេញ ប៉ុស្តិ៍

About these ads

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 166 other followers

%d bloggers like this: