jump to navigation

ទៅ​លេង​កៀន​ស្វាយ ថ្ងៃ ចន្ទ 22 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in វីដេអូ, អំពីសុភ័ក្ត្រ.
1 comment so far

កាល​ពី​ថ្ងៃ​ទី​១៧ មេសា ២០១៣ កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​រមណីយដ្ឋាន​កៀនស្វាយ​។ ជា​រៀង​រាល់​ឆ្នាំ​មិន​ភ្លេច​អា​រឿង​ទៅ​លេង​កៀន​ស្វាយ​នេះ ដ្បិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំពេញ និង​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ទេ។ ឥឡូវ​នេះ​ផ្លូវ​ក៏​ស្រួល​បើក​ឡាន​ប្រមាណ​១៥​នាទី​ទៅ​ដល់​កៀន​ស្វាយ​បាត់​ទៅ​ហើយ។

កៀនស្វាយ​ឥឡូវ​មិន​ដូច​ពី​មុន​ទេ សម័យ​តេជោ​ហើយ គេ​អភិវឌ្ឍន៍​យ៉ាង​ស្អាត !ឡ! នេះ​ជា​គ្រា​ទី​មួយ​ហើយ ដែល​ខ្ញុំ​បាន​ទៅ​លេង​កៀនស្វាយ​បន្ទាប់​ពី​គេ​មាន​ធ្វើ​ជា​រោង​ដាក់​ឲ្យ​អ្នក​លក់​ដូរ​នៅ​ទី​នោះ​នាំ​គ្នា​លក់ (មិន​ដឹង​ជា​យក​លុយ​ប៉ុន្មាន​ពី​ពួក​គាត់​ទេ)។ ឃើញ​តែ​ស្អាត​របស់​គេ​ហើយ តែ​ចំពោះ​ខ្ញុំ​វិញ​មិន​ជា​គាំទ្រ​ទេ មើល​ទៅ​ហាក់​បី​ដូច​ជា​បាត់​បង​អស់​ធាតុ​ដើម​ជា​ទី​ផ្សារ​ទេចរណ៍​ជន​បទ មក​លើក​នេះ មើល​ទៅ​ដូច​ជា​មក​ដើរ​ផ្សារ​លេង​ធម្មតា បាត់​អស់​លក្ខណៈ​ធម្មជាតិ​។ បើ​ខ្ញុំ​ជា​អ្នក​ដឹក​នាំ​នៅ​ទី​នោះ​វិញ​ខ្ញុំ​មិន​ធ្វើ​ដូច្នេះ​ទេ តែ​រៀប​ចំ​ឲ្យ​មាន​របៀប​រៀបរយ​វិញ​ល្អ​ជាង​។ ណាស់​ហើយ​គេ​ថា​អ្នក​ថា​បាន​តែ​ថា​ទេ តែ​អ្នក​ធ្វើ​បាន​គេ​ធ្វើ :D


កៀនស្វាយ​បច្ចុប្បន្ន

កន្លែង​លក់​ខាង​ក្រៅ

ត្រី​អាំង​ស្រស់​ៗ

លក់​ដាច់​ណាស់

បង្កង​អាំង ថ្លៃ​ណាស់

_________________________________________________________
អាន​ផង​ដែរ
១. កៀនស្វាយ​ឥឡូវ

ម៉ោ​ស្រុក​ថៃ​វិញ ថ្ងៃ​ព្រហស្បតិ៍ 18 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ល្ងាច​មិញ​នេះ​ខ្ញុំ​បាន​ត្រឡប់​មក​ស្រុក​ថៃ​វិញ​ហើយ តាម​ជើង​យន្ត​ហោះ​អ៊ែរ អាស៊ី FD67777 ពី​ភ្នំពេញ​មក​កាន់​ក្រុង​បាងកក​ បន្ទាប់​ពី​បាន​ទៅ​សម្រាក​នៅ​ស្រុក​ខ្មែរ​ប្រមាណ​មួយ​សប្ដាហ៍​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បាន​ទៅ​លេង​នៅ​សៀម​រាប​អស់​៣​ថ្ងៃ​រួច​មក​៕


ព្រលាន​យន្តហោះ​ស្រុក​ខ្មែរ

នៅ​លើ​យន្តហោះ​ល្ងាច​មិញ​នេះ

ផែន​ដី​ខ្មែរ​ពី​លើ​អាកាស

ផែនដី​ថៃ​ពី​លើ​អាកាស

៣​ថ្ងៃ​នៅ​សៀមរាប ថ្ងៃពុធ 17 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
4 comments

ពេញ​មួយ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់​ទាំង​៣​ថ្ងៃ​នេះ ខ្ញុំ​បាន​ចំណាយ​ពេល​​ទាំង​ស្រុង​ទៅ​លេង​ខេត្ត​សៀមរាប ជាមួយ​ក្រុម​គ្រួសារ។ តាំង​ពី​ព្រឹក​​ថ្ងៃ​ទី​មួយ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ឯណុះ (ថ្ងៃ​ទី​១៤ មេសា) ខ្ញុំ​បាន​ចេញ​ដំណើរ​​ទៅ​ខេត្ត​សៀមរាប តាំង​ពី​ព្រលឹម និង​បាន​ទៅ​ដល់​នៅ​ម៉ោង​ប្រមាណ​​ជា​២​រសៀល ចូល​សម្រាក​នៅ​ក្នុង​សណ្ឋាគារ​អង្គរ​ ក្រុង​សៀមរាប។

បន្ទាប់​ពី​ចូល​ឆែក​អ៊ីន​អី​រួច​រាល់​ហើយ ក៏​ជិះ​មក​អង្គរ​វត្ត​ក្រវែល​លេង​ជុំ​​វិញ​អង្គរ​តូច រហូត​ទៅ​ដល់​អង្គរ​ធំ ទស្សនា​នូវ​ពិធី​ជា​ច្រើន​ដែល​រៀប​ចំ​​ដោយ​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ​នេះ។ មើល​ទៅ​ហ៊ឹក​ហ៊ាក់​របស់​គេ​និង​គួរ​ជា​ទី​សប្បាយ​រីក​រាយ តែ​ខ្ញុំ​មិន​បាន​ចុះ​ទៅ​លេង​ទេ។ រហូត​ដល់​​ពេល​ល្ងាច​ទៅ​ទៅ​ទទួល​ទាន​អាហារ​បុហ្វហ្វេ​នៅ​ភោជនីយដ្ឋាន​​មេគង្គ​។ រួច​ក៏​បន្ត​មក​ដើរ​លេង​នៅ​ផ្សារ​រាត្រី​ឯ​ក្រុង​សៀម​រាប​បន្ត​ទៀត​។


សកម្មភាព​លេង​ល្បែង​កម្សាន្ត​នៅ​បរិវេណ​ប្រាសាទ​អង្គរ​តូច

សកម្មភាព​លេង​ល្បែង​កម្សាន្ត​នៅ​បរិវេណ​ប្រាសាទ​អង្គរ​តូច

សកម្មភាព​លេង​ល្បែង​កម្សាន្ត​នៅ​បរិវេណ​ប្រាសាទ​អង្គរ​តូច

សកម្មភាព​លេង​ល្បែង​កម្សាន្ត​នៅ​បរិវេណ​ប្រាសាទ​អង្គរ​តូច

អ្នក​ទេសចរណ៍​ខ្មែរ​នាំ​គ្នា​អង្គុយ​ទទួល​ទាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត

ស្អែក​ឡើង ដែល​ជា​ថ្ងៃ​ទី​២ គឺ​ថ្ងៃ​ចន្ទ ១៥ មេសា ២០១៣ បន្ទាប់​ពី​​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​រួច ក៏​ចេញ​មក​ដើរ​លេង​អង្គរ​តូច​។ មនុស្ស​​ម្នា​ច្រើន​សម្បើម​ណាស់ ជាមួយ​នឹង​អាកាស​ធាតុ​ក្ដៅ​មែន​ទែន។ ដើរ​​ចូល​អង្គរ​វត្ត បាន​ត្រឹម​ពាក់​កណ្ដាល​ផ្លូវ​ក៏​ដើរ​ត្រឡប់​ក្រោយ​មក​វិញ​ និង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​​នៅ​មុខ​អង្គរ​វត្ត​ទៅ ហេហេ…។

ក្រោយ​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច ក៏​ត្រឡប់​មក​សណ្ឋាគារ​វិញ​​សម្រាក រហូត​ដល់​ម៉ោង​១៥​ទៅ​ចេញ​ទៅ​លេង​ភូមិ​វប្បធម៌​។ មិន​​ថា​កន្លែង​ណា​ជា​កន្លែង​ណា​ទេ​សម្រាប់​រយៈ​ពេល​ចូល​ឆ្នាំ​ឆ្នាំ​នេះ គឺ​​ថា​មនុស្ស​ម្នា​ពេញ​ទាំង​អស់​។ នៅ​ពេល​ល្ងាច​ក្នុង​ភូមិ​វប្បធម៌​ក៏​បាន​​ទស្សនា​នៅ​ក្នុង​ភូមិ​ខ្មែរ​ស្ដី​ពី​រឿង​កបិល​មហា​ព្រហ្ម ដែល​គេ​ធ្វើ​ល្អ​របស់​​គេ​ដែរ​។ បន្ទាប់​មក​ក៏​មក​ស្រស់​ស្រូប​អាហារ​ពេល​ល្ងាច បុហ្វហ្វេ​ទៀត​​នៅ​ក្នុង​ភូមិ​វប្បធម៌​នេះ​ឯង​។​ បន្ទាប់​មក​ក៏​មក​ដើរ​លេង​ឯ​ផ្សារ​រាត្រី​ទៀត និង​ដើរ​លេង​ម្ដុំ​ផ្លូវ​បារ​ដែរ​។ មនុស្ស​ច្រើន​មែន​ទែន​។


សកម្មភាព​នៅ​ភូមិ​ខ្មែរ​នៅ​ក្នុង​ភូមិ​វប្បធម៌

សកម្មភាព​នៅ​ភូមិ​ខ្មែរ​នៅ​ក្នុង​ភូមិ​វប្បធម៌

ការ​សម្ដែង​រឿង​កបិល​មហា​ព្រហ្ម

ការ​សម្ដែង​រឿង​កបិល​មហា​ព្រហ្ម

ថ្ងៃ​ចូល​ឆ្នាំ​ទី​៣ គឺ​ថ្ងៃ​អង្គារ ១៦ មេសា ២០១៣ បន្ទាប់​ពី​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​រួច​រាល់​ហើយ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក ក៏​ចេញ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ឆ្ពោះ​ទៅ​ឆ្លង​កាត់​អង្គរ​តូច​និង​អង្គរ​ធំ ត្រូវ​ស្ទះ​ចរាចរណ៍​ដោយ​សារ​ច្រក​ចូល​ប្រាសាទ​អង្គរ​ធំ​។ ម៉ោង​ប្រមាណ​១៧​ទើប​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​។

  • ចូល​ឆ្នាំ​នេះ​អត់​បាន​ទៅ​​វត្ត

ជា​រៀង​រាល់​ចូល​ឆ្នាំ​ថ្មី​ម្ដង​ៗ​ខ្ញុំ​មិន​ដែល​ភ្លេច​រឿង​ទៅ​វត្ត​ទេ យ៉ាង​ហោច​ណាស់​បាន​១​វត្ត​ដែរ តែ​ឆ្នាំ​នេះ​រវល់​តែ​ទៅ​លេង​សៀម​រាប ក៏​មិន​បាន​ទៅ​វត្ត​និង​គេ មិន​ដឹង​ថា​ទិដ្ឋភាព​វត្ត​ឆ្នាំ​នេះ​យ៉ាង​ម៉េច​ដែរ​ទេ។ តែ​យ៉ាង​ហោច​ណាស់ កាល​ពី​ពេល​ចេញ​ទៅ​ស្រុក​ខ្មែរ​នា​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៣ នោះ​ក៏​បាន​ស្រង់​ព្រះ​ម្ដង​ដែរ នៅ​ឯ​ព្រលាន​យន្តហោះ​ដន​មឿង​។ និង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ឯ​ផ្ទះ​ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ចម្រើន​ព្រះ​សង្ឃ​ដូច​តែ​រាល់​ឆ្នាំ​ផង​ដែរ​៕


សូត្រ​មន្ត​ផ្ទះ​ខ្ញុំ កាល​ពី​ថ្ងៃ​១៣ មេសា

សូត្រ​មន្ត​ផ្ទះ​ខ្ញុំ កាល​ពី​ថ្ងៃ​១៣ មេសា

_____________________________________________
អាន​ផង​ដែរ
១. សណ្ឋាគារ​អង្គរ    

អាវុធ​គ្រាប់​ធន់​ប៉ុណ្ណឹង​ៗ​នឹង​ទៅ​តម្លើង​សាច់​ដុំ​ដាក់​ពី​ណា​គេ? ថ្ងៃ អង្គារ 2 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីសុភ័ក្ត្រ.
1 comment so far

និយាយ​ៗ​ទៅ​ចង់​តែ​សើច​ពេល​អាន​អត្ថបទ​ដែល​សរសេរ​ថា សម្ដេច​ហ៊ុន សែន​៖ ការបាញ់​គ្រាប់​ពិត BM21 មិន​មែន​ជា​ការ​តម្លើង​សាច់ដុំ​ដាក់​ប្រទេស​ណា​ទេ​។ ឲ្យ​មែន​ៗ​ទៅ​ ខ្ញុំ​មិន​ដឹង​ជា​មាន​អស់​លោក​ណា​ថា ឃើញ​អាវុធ​ដែល​កង​ទ័ព​កម្ពុជា​បាញ់​ពី​ព្រឹក​មិញ​នេះ​ថា​ជា​ការ​គំរាម ឬ​តម្លើង​សាច់​ដុំ​ដាក់​ស្រុក​ណា​ទេ? បើ​ថា​ចេញ​មក​របៀប​កូរ៉េ​ខាង​ជើង​អី​វ៉ាន់​នោះ ខ្ញុំ​ថា​គួរ​តែ​និយាយ​ចេញ​មក​បាន។ នេះ​អាវុធ​ត្រឹម​បែប​ស្រុក​ខ្មែរ​បាញ់​ព្រឹក​មិញ​នេះ កោត​តែ​មាន​អ្នក​និយាយ​ថា​កម្ពុជា​ចង់​តម្លើង​សាច់​ដុះ​នោះ​ទៅ​រួច sic

ឱ ពុទ្ធោ​អរហំ ហ្អឺយ! ស្រុក​ខ្មែរ​យើង​បើ​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​នឹង មិន​ដឹង​ជា​យក​ឈ្នះ​ប្រទេស​ណា​បាន​ឲ្យ​ពិត​ប្រាកដ​ទេ។ ក៏​ប៉ុន្តែ​ការ​សម​ល្បង​កម្លាំង​មិន​មែន​ជា​ការ​ខុស​ឆ្គង​អ្វី​ទេ។ យ៉ាង​ហោច​ណាស់​ក៏​បាន​ដឹង​ថា​គ្រាប់​ណា​ល្អ គ្រាប់​ណា​ស្អុយ​បាន​ដែរ។ តែ​បើ​ធ្វើ​សង្គ្រាម​នោះ យ៉ាង​ហោច​ណាស់​បាន​ត្រឹម​ទប់ បាន​ត្រឹម​ទល់ កុំ​ឲ្យ​ចាញ់​រហ័ស​ពេក​អី​វ៉ាន់​ថា។

មួយ​រយៈ​ពេល​នេះ​បើ​ថា​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង គឺ​គ្មាន​ប្រទេស​ណា​ក្រៅ​ពី​ប្រទេស​ថៃ​ទេ គឺ​រឿង​រ៉ាវ​ព្រះ​វិហារ​នេះ​ឯង។ ហើយ​បើ​ថា​ឃើញ​ខ្មែរ​បាញ់​សម​យុទ្ធ​គ្រាប់​ពិត​អី​អស់​ហ្នុង​ដូច​ថ្ងៃ​នេះ​នោះ មិន​បាច់​បារម្ភ​ថា​ថៃ​គេ​ចោទ​ថា​យើង​តម្លើង​សាច់​ដង​សាច់​ដុំ​អី​នោះ គេ​មិន​ចោទ​ទេ។ ចំពោះ​គ្រឿង​អាវុធ​យុទ្ធោបរណ៍​នោះ ថៃ​គេ​មាន​ម៉ា​កំប្លេ​ឯណុះ ពួក​នេះ​ធ្លាប់​អួត​ថា ត្រឹម​១០​នាទី គេ​បញ្ជូន​យន្តហោះ​ចម្បាំង​កម្ទេច​ភ្នំពេញ​បាត់​ទៅ​ហើយ។ អូ! ហូ ស្ដាប់​ហើយ​ព្រឺ​ខ្លួន។ ហេតុ​ដូច​នោះ មិន​បាច់​ភ័យ​គិត​ថា​គេ​ចោទ​ថា​យើង​តម្លើង​សាច់​ដុះ​ទេ ទាន៕

____________________________________________
អាន​ផង​ដែរ
១. សម្ដេច​ហ៊ុន សែន​៖ ការបាញ់​គ្រាប់​ពិត BM21 មិន​មែន​ជា​ការ​តម្លើង​សាច់ដុំ​ដាក់​ប្រទេស​ណា​ទេ

ស្លាក​ឈ្មោះ៖ រឿង​រ៉ាវ​ពី​ក្មេង ថ្ងៃពុធ 27 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments


ស្លាក​ឈ្មោះ​ដែល​គូរ​ដោយ​សិស្ស​ដើម្បី​បិទ​ពី​លើ​គ្រប​សៀវភៅ

មិន​ដឹង​ជា​មាន​នរណា​នៅ​ចាំ​បាន​ទេ កាល​ពី​នៅ​រៀន​បឋម​សិក្សា គ្រូ​​តែង​ឲ្យ​រៀប​ចំ​សៀវភៅ​យ៉ាង​ស្អាត មាន​ទាំង​គម្រប មាន​ទាំង​ស្លាក​ឈ្មោះ​ត្រឹម​ត្រូវ។ កាល​ពី​សម័យ​នោះ​កម្សត់ និង​ខ្សត់​ណាស់ សិស្ស​គ្រប់​គ្នា​ត្រូវ​នាំ​គ្នា​យក​​ក្រដាស​សៀវភៅ​មក​វាយ​បន្ទាត់​គូស​ជា​ស្លាក​ឈ្មោះ ដូច​រូប​ខាង​លើ​នេះ​ដើម្បី​បិទ​ពីលើ​គម្រប​សៀវភៅ។ សម្រាប់​សិស្ស​ទាំង​ហ្លាយ​ណា​មាន​លុយ​ច្រើន គេ​យក​សៀវភៅ​គេ​ទៅ​អ៊ុត​ថង់​ប្លាស្ទិក​យ៉ាង​ស្អាត និង​មាន​របៀប​រៀប​រយ​។ ពេល​ដាក់​ពិន្ទុ គ្រូ​ក៏​ដាក់​ទៅ​តាម​នឹង​ដែរ។

មិន​ដឹង​ជា​សម័យ​បច្ចុប្បន្ន​នេះ ក្មេង​ៗ​មាន​នៅ​ធ្វើ​បែប​នេះ ដូច​សម័យ​មុន​ដែរ​ឬ​ទេ​ហ្ន៎?!

ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
4 comments

នៅ​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ កោដ្ឋ [អាន​ថា៖ កោត] ជា​ភាសា​បាលី មាន​ន័យ​ថា ជង្រុក ឬ​របស់​សម្រាប់​ដាក់​សព, ដាក់​ធាតុ ជា​ដើម​។ល។

ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​សព មាន​អត្ថន័យ​ធំ​ធេង​ណាស់​នៅ​ក្នុង​សង្គម​ខ្មែរ​សម័យ​បុរាណ។ ដោយ​ហេតុ​ថា​ការ​ដាក់​សព​នៅ​ក្នុង​កោដ្ឋ​ខុស​ពី​ការ​ដាក់​សព​នៅ​ក្នុង​ម្ឈូស មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​សភាព​មិន​មែន​ជា​មនុស្ស​សាមញ្ញ​ចំពោះ​សព​ដែល​បាន​ទទួល​មរណភាព​ទៅ។

មាន​មនុស្ស​ជា​ច្រើន​មិន​តិច​ទេ ដែល​ឆ្ងល់​ថា​ តើ​គេ​ដាក់​សព​នៅ​ក្នុង​កោដ្ឋ​ដោយ​វិធី​ណា។ ចំពោះ​សពដែល​ត្រូវ​យក​ទៅ​ដាក់​ក្នុង​កោដ្ឋ​គេ​ត្រូវ​ដាក់​ក្នុង​សណ្ឋាន​ជា​លក្ខណៈ​អង្គុយ ប្រៀប​ប្រដូច​ទារក​ដែល​នៅ​ក្នុង​ឧទរ​ម្ដាយ មុន​នឹង​ប្រសូត​មក​ខាង​ក្រៅ។ ហេតុ​ដូច​នេះ មនុស្ស​មួយ​ចំនួន​ដែល​យល់​ថា​គេ​ដាក់​សព​ឈរ​នៅ​ក្នុង​កោដ្ឋ​នោះ ជា​មតិ​មិន​ត្រឹម​ត្រូវ​ទេ។

ដោយ​ហេតុ​ពី​ភាព​ខុស​គ្នា​នៃ​ការ​ដាក់​សព​អង្គុយ​នៅ​ក្នុង​កោដ្ឋ និង​ការ​ដាក់​សព​ឲ្យ​ដេក​នៅ​ក្នុង​ម្ឈូស​នោះ មនុស្ស​មួយ​ចំនួន​យល់​ថា​ការ​ដាក់​សព​សណ្ឋាន​អង្គុយ​នេះ គឺ​ប្រៀប​ជា​ការ​ជូន​ដំណើរ​បុគ្គល​ដែល​ស្លាប់​នោះ ទៅ​កាន់​ស្ថាន​សួគ៌ គឺ​មិន​មែន​សាមញ្ញជន​ឡើយ។ ហេតុ​ដូច​នេះ​គេ​កម្រ​ឃើញ​មាន​ណាស់​ដែល​មនុស្ស​ធម្មតា​ស្លាប់​ទៅ​ហើយ សង្គម​ខ្មែរ​មិន​បាន​ប្រើ​កោដ្ឋ​ដាក់​សព​ទេ លើក​លែង​តែ​អ្នក​ដែល មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម មាន​ព្រះ​រាជា និង​ព្រះរាជវង្សានុវង្ស, ព្រះ​សង្ឃ ឬ​អ្នក​ទាំង​ហ្លាយ​ផ្សេង​ទៀត​ដែល​ព្រះ​មហាក្ស័ត្រិយ៍​ទ្រង់​ព្រះ​រាជានុញ្ញាតិ ជា​ដើម។ល។

បើ​ទោះ​បី​ហេតុ​ដូច​នេះ​ក្ដី ប្រពៃណី​នៃ​ការ​ប្រើ​ប្រាស់​កោដ្ឋ​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​បាន​សាប​រលាប និង​បាត់​បង់​បាត់​ទៅ​ហើយ គឺ​ទោះ​បី​ព្រះ​រាជា ឬ​ព្រះ​សង្ឃ ។ល។ ក៏​មិន​មាន​ឃើញ​ពី​ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​ព្រះ​សព​ហើយ។ ជាក់​ស្ដែង អតីត​ព្រះ​មហា​វីរក្សត្រិយ៍ ព្រះ នរោត្ដម សីហនុ ដែល​ទ្រង់​បាន​ព្រះ​សុវណ្ណគត​នា​ពេល​ថ្មី​ៗ​នេះ ព្រះ​បរម​សព​ក៏​មិន​ត្រូវ​បាន​ដាក់​ក្នុង​ព្រះ​កោដ្ឋ ដូច​កាល​ពី​អតីត​ព្រះ​មហាក្សត្រិយ៍​សម័យ​មុន​ៗ​ទៀត​ទេ។ ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​ព្រះ​សព​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ឃើញ​មាន​ចុង​ក្រោយ​បង្អស់ គឺ​មាន​នៅ​កាល​ពី​ជាង​៥២​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កាល​ពី​ឆ្នាំ​១៩៦០ គឺ​ក្នុង​បុណ្យ​ព្រះ​បរម​សព​សម្ដេច ព្រះ នរោត្ដម សុរាម្រឹត ព្រះ​រាជ​បិតា​នៃ​ព្រះ នរោត្ដម សីហនុ នេះ​ឯង។

នៅ​ក្នុង​សង្គម​ថៃ ដែល​មាន​វប្បធម៌​ប្រហាក់​ប្រហែល​នឹង​សង្គម​ខ្មែរ​​ដែរ​នោះ ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​សព ក៏​បាត់​បង់​ដែរ ពោល​គឺ​មិន​មាន​ព្រះ​សព​ ឬ​សព​ណា​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​កោដ្ឋ​ទៀត​ឡើយ (អាន​ប្រកាសអាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ)។ ក៏​ប៉ុន្តែ បើ​ទោះ​បី​ជា​ប្រពៃណី​នៃ​ការ​យក​សព​ទៅ​ដាក់​ក្នុង​កោដ្ឋ​ត្រូវ​បាន​បាត់​បង់​ក្ដី ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​សង្គម​ថៃ មិន​មាន​ការ​បាត់​បង់​ទេ។ កោដ្ឋ នៅ​តែ​ជា​គ្រឿង​សម្គាល់​សម្រាប់​ ​ព្រះ​រាជា និង​ព្រះរាជវង្សានុវង្ស, ព្រះ​សង្ឃ និង​អ្នក​មាន​ឋានៈ​ខ្ពស់​ខ្ពស់​នៅ​ក្នុង​សង្គម​ថៃ​ដដែល។ បុគ្គល​អស់​ទាំង​ហ្លាយ​ដែល​បាន​រៀប​រាប់​ខាង​មុន​នេះ នៅ​ពេល​ដែល​មរណភាព​ទៅ​ ព្រះ​មហា​ក្សត្រិយ៍​ថៃ​ជា​អ្នក​ប្រទាន​ «កោដ្ឋ​» ទៅ​តាម​លំដាប់​ឋានៈ​នៃ​បុគ្គល​ដែល​បាន​ស្លាប់​នោះ ជា​តំណាង​ផង​ដែរ។ នៅ​ប្រកាស​ខាង​មុខ ខ្ញុំ​នឹង​រៀប​រាប់​ពី​ការ​ប្រើ​ប្រាស់​កោដ្ឋ នៅ​ក្នុង​សង្គម​ថៃ​នា​ពេល​បច្ចុប្បន្ន។ (អាន​ប្រកាសប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ)

_______________________________________________
អាន​បន្ថែម
១. កោដ្ឋ
២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៤. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ

សិល្បៈ​បាលី ​របាំ​បារ៉ុង និង​របាំ​គ្រីស ថ្ងៃពុធ 20 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in ទេសចរណ៍, វីដេអូ, អំពីសុភ័ក្ត្រ.
2 comments

កម្មវិធី​មួយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​បាលី​កាល​ពី​គ្រា​ថ្មី​ៗ​នេះ គឺ​ការ​ទៅ​ទស្សនា​របាំ​ដ៏​ល្បី​ល្បាញ​របស់​អ្នក​ស្រុក​នេះ គឺ​របាំ​បារ៉ុង និង​របាំ​គ្រីស (Barong & Kris Dance)។ ជា​ប្រភេទ​បូរាណ​និទាន​របស់​អ្នក​ស្រុក​បាលី តំណាល​អំពី​សភាវ​អាក្រក់ និង​សភាវ​ល្អ នៅ​ក្នុង​ភូមិ ដែល​ជា​ចុង​ក្រោយ​សភាវ​ល្អ​តែង​តែ​ឈ្នះ​សភាវ​អាក្រក់​ជា​និច្ច។

មាន​ក្រុម​អ្នក​ទេសចរណ៍​កញ្ចប់​ច្រើន​ណាស់ ដែល​ត្រូវ​បាន​ដឹក​តាម​ឡាន​ទៅ​ទស្សនា​របាំ​នេះ រាប់​ទាំង​ខ្ញុំ​ផង​ដែរ។ ក្រៅ​ពី​នោះ គួរ​ឲ្យ​សង្កេត​ក្រុម​អ្នក​ទេសចរណ៍​ក្នុង​ស្រុក​ក៏​ច្រើន​សន្ធឹក​ដែរ ដែល​ពួក​គេ​ចូល​រួម​ទស្សនា​របាំ​នេះ៕


ក្រុម​ភ្លេង​បូរាណ​របស់​អ្នក​ស្រុក​បាលី

អ្នក​ទស្សនា​កុះ​ករ

ការ​សម្ដែង​សិល្បៈ​បាលី ​របាំ​បារ៉ុង និង​របាំ​គ្រីស

ការ​សម្ដែង​សិល្បៈ​បាលី ​របាំ​បារ៉ុង និង​របាំ​គ្រីស

អ្នក​ទស្សនា

ការ​សម្ដែង​សិល្បៈ​បាលី ​របាំ​បារ៉ុង និង​របាំ​គ្រីស

______________________________
អាន​ផង​ដែរ
១.  មក​ដល់​បាលី
២. ជំនឿ​អ្នក​ស្រុក​បាលី

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: