jump to navigation

ចម្បាំង​វៃយរាពណ៍ ថ្ងៃសុក្រ 17 ខែ​កុម្ភៈ 2006

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, រាមកេរ្ដិ៍.
trackback

ឈុត​មួយ​នៃ​រឿង​រាមកេរ្តិ៍

សង្ខេប​រឿង

ក្រោយ​ពី​បរាជ័យ​ស្ទួន​គ្រប់​សមរភូមិ​មក ក្រុងរាពណ៍ ស្ដេច​ក្រុង​លង្កា បាន​ចាត់​បញ្ជា​ឲ្យ​សេនា ទៅ​អញ្ជើញ​វៃយរាពណ៍ ដែល​ជា​ព្រះ​អនុជ រួម​វង្ស ឲ្យ​មក​ជួយ​ធ្វើ​សង្គ្រាម ត​ទល់​នឹង​ព្រះរាម។ វៃយរាពណ៍ ស្ដេច​យក្ស នគរ​បាតាលបុរី បាន​ព្រម​ព្រៀង ជាមួយ​ក្រុងរាពណ៍ ក្នុង​ការ​ធ្វើ​សង្គ្រាម​នេះ។

ព្រះរាម​គង់​នៅ​ក្នុង​ព្រះ​ពន្លា​ជ័យ ហើយ​ក្នុង​រាត្រី​នោះ បាន​ទ្រង់​និម្មិត​ឃើញ ព្រះអង្គ​យាង​យាស​លើ​ប្រថពី ជាន់​លើ​ដី ជើង​ម្ខាង​ផ្អៀង​រញ្ជួយ តែ​ជើង​ម្ខាង​ទៀត ស្រាប់​តែ​ផុង​ទៅ​ក្នុង ស្រូប​យក​ទាំង​ព្រះកាយ​ព្រះអង្គ​ថែម​ទៀត ទ្រង់​ភ័យ​ពេក ខំ​ស្រែក​ឲ្យ​គេ​ជួយ ទាល់​តែ​ភ្ញាក់​ដឹង​ខ្លួន​ឡើង។ ទ្រង់​កោះ​ហៅ​ព្រះ​អនុជ​លក្ម្សណ៍ និង​សេនា​ឯក ទាំង​អស់​ឲ្យ​ចូល​គាល់ ហើយ​បាន​ឲ្យ​ពិភេគ ហោរា​ទស្សន៍ទាយ​តាម​សុបិន្ត​នេះ។ ពិភេគ​គន់​គូរ​រួច​ស្រេច ក៏​ទួល​ថ្វាយ​ថា ព្រះអង្គ​នឹង​មាន​គ្រោះ​ភ័យ ក្នុង​វេលា​យប់​នេះ ទាល់​តែ​ផ្កាយ​ព្រឹក​រះ​ទើប​រួច​ចាក​ទុក្ខ។ លុះ​សណ្ដាប់​រួច ព្រះរាម​ក៏​ត្រាស់​បញ្ជា ទៅ​ពល​សេនា ឲ្យ​យាម​កាម​ដោយ​ប្រុង​ប្រយ័ត្ន។ ឯ​ហនុមាន​វិញ បារម្ភ​ខ្លាច​ក្រែង​ព្រះរាម មាន​គ្រោះ​ក៏​ប្រែ​ក្រឡា ឲ្យ​ធំ ហើយ​ហា​មាត់​បៀម​ព្រះពន្លា​ជាប់​រហូត។

វៃយរាពណ៍ ក្រោយ​ពី​ចេញ​ដំណើរ​ពី​ក្រុង​លង្កា ក៏​បាន​មក​ដល់​ព្រះពន្លា ព្រះរាម​ដែល​មាន​ពល​សេនា កំពុង​យាម​កាម​យ៉ាង​ត្រៀប​ត្រា និង​ប្រុង​ប្រយ័ត្ន​បំផុត។ វៃយរាពណ៍​ក៏​ប្រែ​ក្រឡា ទៅ​ជា​សត្វ​ស្វា​កញ្ចាស់​មួយ ដើរ​ចូល​ហ្វូង​ពល​ស្វា​ទាំង​អស់ ព្រម​ទាំង​កាន់​ផ្លែ​ឈើ​នៅ​នឹង​ដៃ​ផង ដើម្បី​ប្រើ​ល្បិច​កល ស៊ើប​ឲ្យ​ដឹង​ហេតុការណ៍។ លុះ​ដឹង​ថា​ព្រះរាម នឹង​ផុត​គ្រោះ​ថ្នាក់ នៅ​វេលា​ផ្កាយ​ព្រឹក​រះ​នោះ ក៏​បាន​យក​កាំ​ភ្លោះ​កែវ ផ្លុំ​បណ្ដែត​ឡើង​លើ ដើម្បី​បំភ្លៃ​ថា ជា​ផ្កាយ​ព្រឹក​រះ ធ្វើ​ឲ្យ​ពួក​សេនា​ព្រះរាម នាំ​គ្នា​ដេក​លក់​អស់​ទៅ។ វៃយរាពណ៍ ឃើញ​ដូច្នោះ​ហើយ​ក៏​ចូល​មក​សេព​មន្តគាថា សណ្ដំ​បន្ថែម​ទៀត ដួច​ចាប់​ពិភេគ​យក​ទៅ​ដាក់​នៅ​ផ្លូវ​ព្រះ​អាទិត្យ បន្ទាប់​មក​ចាប់​ព្រះលក្ម្សណ៍​ដាក់​ក្រោម​ដើម​បបោស​ពេជ្រ និង​ចុង​ក្រោយ​ចាប់​ព្រះរាម​យក ទៅ​ដាក់​នៅ​បាតាលបុរី​របស់​ខ្លួន ដើម្បី​ធ្វើ​ទារុណកម្ម ឲ្យ​ស្លាប់។ ពេល​សាប​មន្តអាគម​នោះ សុគ្រីព ហនុមាន អង្គ័ទ ជម្ពូពាន និង​ពលសេនា​ទាំង​អស់ ភ្ញាក់​ដឹង​ខ្លួន​ពី​ដំណេក រក​ព្រះរាម ព្រះលក្ម្សណ៍ និង​ពិភេគ​មិន​ឃើញ។ ក្រោយ​ពី​ទស្សន៍ទាយ​ដឹង​ថា ជា​ឧបាយ​របស់​វៃយរាពណ៍ សុគ្រីព បញ្ជា​ឲ្យ​ហនុមាន​ទៅ​ជួយ​រំដោះ​ព្រះរាម អង្គ័ទ​ទៅ​ជួយ​រំដោះ​ព្រះលក្ម្សណ៍ និង​ជម្ពូពាន​ទៅ​រំដោះ​ពិភេគ ​រី​ឯ​ខ្លួន​ឯង ចាត់​ចែង​ពលសេនា យាម​កាម​ការពារ​ព្រះពន្លា។

ចាប់​ព្រះរាម​មក​ដល់​បាដាលបុរី​ហើយ វៃយរាពណ៍​ក៏​បញ្ជា​ឲ្យ​មច្ឆានុព្វ ដែល​ជា​បុត្រ​របស់​នាង​សុវណ្ណមច្ឆា និង​ជា​បុត្រ​ធម៌​របស់​ខ្លួន ចាត់​ចែង​ពលសេនា​យាម​ការពារ។ ហនុមាន នៅ​ពេល​មក​ដល់​ឋាន​បាតាល ក៏​ប្រយុទ្ធ​ជាមួយ​ពលសេនា របស់​មច្ឆានុព្វ រហូត​ទាល់​តែ​មច្ឆានុព្វ ជួយ​ច្បាំង​ត​ទល់​នឹង​ហនុមាន។ អ្នក​ទាំង​ពីរ​ច្បាំង មិន​ឈ្នះ​មិន​ចាញ់ ហើយ​ក៏​សួរ​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ដឹង​ថា​ជា​ឪពុក និង​កូន​បង្កើត។ មច្ឆានុព្វ​ក៏​ដើរ​ចេញ ពី​សមរភូមិ ទុក​ឲ្យ​ឪពុក​បង្កើត (ហនុមាន) និង​ឪពុក​ធម៌ (វៃយរាពណ៍) ច្បាំង​គ្នា​ចុះ។

លុះ​មច្ឆានុព្វ​ចេញ​ផុត​ទៅ ហនុមាន​បាន​ជួប​ជាមួយ​នឹង​យក្ស​ស្រី​តារាឃួន ដែល​ត្រូវ​ជា​ប្អូន​របស់​វៃយរាពណ៍ ដើរ​កណ្ដៀត​ក្អម​យំ ដោយ​សាវៃយរាពណ៍ បញ្ជា​ឲ្យ​ដង​ទឹក​ស្ងោរ​ខ្លួន​ឯង​ជាមួយ​ព្រះរាម។ ហនុមាន​ក៏​ស្ទាក់​ផ្លូវ​សួរ ហើយ​យល់​ការ​សព្ធ​គ្រប់​ហើយ ក៏​សន្យា​ជួយ​តារាឃួន ដោយ​ឲ្យ​នាង​នាំ​ចូល​ទៅ​កន្លែង​ធ្វើ​ទារុណកម្ម​ព្រះរាម។ តារាឃួន​ប្រាប់​ហនុមាន ថា​ចូល​មិន​បាន​ទេ ព្រោះ​ពេល​ចេញ​ចូល​ពួក​យក្ស​ឲ្យ​ថ្លឹង លើស​ទម្ងន់​មិន​បាន​ទេ។ ហនុមាន ក៏​ប្រែ​ក្រឡា ជា​សត្វ​ខ្មូត​ទំ​លើ​ខ្លួន​តារាឃួន ហើយ​នាង​យក្ស​ស្រី នាំ​ទៅ​កាន់​កន្លែង​ឃុំឃាំង​ព្រះរាម។

នៅ​ពេល​ដែល​តារាឃួន​ដើរ​ចូល​ដល់ សេនា​វៃយរាពណ៍ ក៏​ឲ្យ​តារាឃួន​ឡើង​លើ​ជញ្ចីង ហើយ​ក៏​ស្រាប់​តែ​បាក់​ដង​ជញ្ជីង ពល​យក្ស​ដឹង​ថា​មាន​ខ្មាំង​សត្រូវ​បន្លំ​ខ្លួន​ចូល ក៏​ប្រុង​ចាប់​តារាឃួន។ ឃើញ​ដូច្នោះ សត្វ​ខ្មូត (ហនុមាន) ក៏​បាន​ហោះ​ទៅ​ទំ​លើ​ដង​ជញ្ជីង ឯ​តារាឃួន​ខំ​ដោះ​សារ​ថា ដង​ជញ្ជីង​ពុក​ផុត ដោយ​សារ​ខ្មូត​ស៊ី។ សេនា​ទាំង​អស់​គ្នា ពិនិត្យ​លើ​ដង​ជញ្ជីង ក៏​ឃើញ​សត្វ​ខ្មូត (ហនុមាន) ទំ​លើ​ដង​ជញ្ជីង​នោះ​មែន ទើប​ជឿ ហើយ​ដោះ​លែង តារាឃួន​ឲ្យ​រួច​ខ្លួន​វិញ។ ចំណែក​ហនុមាន ក៏​ហើរ​មក​ទំ​លើ​តារាឃួន​វិញ ហើយ​ចូល​មក​ដល់​កន្លែង​ធ្វើ​ទារុណកម្ម​ព្រះរាម។ ហនុមាន​ក៏​ប្រែ​ក្រឡា​ខ្លួន ទៅ​ជា​ស្ដេច​ស្វា​ស​វិញ ហើយ​ច្បាំង​សម្លាប់​ពល​សេនា របស់​វៃយរាពណ៍​អស់​ជា​ច្រើន។ វៃយរាពណ៍​ឃើញ​ដូច្នោះ ខឹង​ខ្លាំង​ណាស់ ចូល​មក​ច្បាំង​ជាមួយ​ហនុមាន។ ហនុមាន ក៏​បាន​សម្លាប់​យក្ស វៃយរាពណ៍ ហើយ​រំដោះ​ព្រះរាម​បាន។ ព្រះរាម​តែង​តាំង​តារាឃួន ជា​ស្ដេច​នៅ​បាតាលបុរី និង​ព្រះអង្គ​យាង​ចូល ព្រះ​ពន្លា​ជ័យ វិញ​ដោយ​សុវត្ថិភាព៕ ៚

______________________________________________
អាន​ផង​ដែរ
១. ទស្សនកិច្ច​សិក្សា៖ ព្រះបរមរាជ​វាំង​ក្រុង​បាងកក
២. កំប្លែងសើចចុកពោះ៖ កេង វ៉ាន់សាក់ បន្ទោសហ្លួងនរោត្ដម រឿងឲ្យជាងគំនូរគូរ ផ្ទាំងរឿងរាមកេរ្តិ៍ នៅក្នុងរាជវាំង
៣. រាមកេរ្តិ៍ Vs รามเกียรติ์
៤. ទៅមើលល្ខោនខោល

Advertisements

មតិ»

1. ទៅ​មើល​ល្ខោន​​ខោល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 25 ខែធ្នូ 2008

[…] ខ្ញុំ​បាន​ទៅ​មើល​ល្ខោន​ខោល រឿង​ចម្បាំង​វៃយរាពណ៍ នៅ​ឯ​រោង​មហាស្រព​ចេនឡា […]

2. រាមកេរ្តិ៍ Vs รามเกียรติ์ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 25 ខែធ្នូ 2008

[…] ៣. ចម្បាំងវៃយរាពណ៍ ៤. […]

3. ព្រហ្មាស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 23 ខែមិថុនា 2009

[…] ៣. ចម្បាំងវៃយរាពណ៍ ៤. ទៅមើលល្ខោនខោល ៥. ល្ខោន​ខោល​ខ្មែរ […]

4. ល្ខោន​ខោល​ខ្មែរ ជួប​ជាមួយ​ល្ខោន​ខោល​ថៃ ចាំ​មើល​វា​យ៉ាង​ណា? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 23 ខែមិថុនា 2009

[…] ៣. ចម្បាំងវៃយរាពណ៍ ៤. ទៅមើលល្ខោនខោល ៥. […]

5. កំប្លែង​សើច​ចុក​ពោះ៖ កេង វ៉ាន់សាក់ បន្ទោស​ហ្លួង​នរោត្ដម រឿង​ឲ្យ​ជាង​គំនូរ​គូរ ផ្ទាំង​រឿង - ថ្ងៃអង្គារ 23 ខែមិថុនា 2009

[…] ២. រាមកេរ្តិ៍ Vs รามเกียรติ์ ៣. ចម្បាំងវៃយរាពណ៍ ៤. ទៅមើលល្ខោនខោល ៥. […]

6. តា ម៉ាប់ - ថ្ងៃអង្គារ 25 ខែធ្នូ 2012

រឿង​រាមកេរ្តិ៍ខ្មែរ​អាន​ទៅ​ខុសៗគ្នា ៖

ដែល​ត្រង់នេះ គឺតារាឃួន ដងទឹកទៅស្ងោរ វៃដាល ដែល​ជា​ចៅទើបស្ដាយ ។ ឯ​វៃរាពណ៍នោះ​វាយ​មិន​ស្លាប់ទេ ព្រោះ​មាន​ដួងកែវ ទាល់​តែ​កម្ទេច​ដួង​កែវវា ។ ក្រោយ​កម្ទេច​មក​ក៏​ឲ្យ មច្ឆានុព និង វៃដាល សោយរាជ្យ​នគរបាតាល ។ នេះ​ខ្ញុំ​អានរឿងរាមកេរ្តិ៍ដោយ តាចក់ និង រឿង​នៅ​តាម​ថែវរាជវាំង តាម​សៀវភៅលោក សាគូ សាមុត ។

ពូភ័ក្រ្តយក​មក​ពីណា​ដែរ ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: