jump to navigation

មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ ថ្ងៃសៅរ៍ 12 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា, អំពីស្រុកខ្មែរ.
trackback

មហា​សង្ក្រាន្ត​ឆ្នាំ​ជូត សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៥២
មហា​សករាជ​១៩៣០ ចុល្ល​សករាជ​១៣៧០ គ្រឹស្ទ​សករាជ​២០០៨

សុភមស្តុ! វរមង្គលាជយាតិរេក

ព្រះ​ពុទ្ធ​សករាជ ព្រះ​សាសនា អតិក្តន្តា​កន្លង​ទៅ​ហើយ បាន​២៥៥១​ព្រះ​វស្សា ត្រឹម​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ លុះ​ដល់​ថ្ងៃ​១រោច ខែ​ពិសាខ ចូល​ពុទ្ធ​សករាជ​២៥៥២ ព្រះ​វស្សា​តទៅ។

នឹង​គណនា​ឆ្នាំ​ជូត ឥឡូវ​នេះ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០០៨ វេលា​ម៉ោង១៨:២៤​នាទី​ នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី ទៅ​ស្ថិត​នៅ​ឯ​មេស​រាសី ដើរ​ផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្ដាល ទើប​មាន​ទេព​ធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គនាយិកា ព្រះ​នាម ទុង្សៈទេវី* ជា​បុត្រី​ទី​១ នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះកាណ៌​ដោយ​ផ្កា​ទទឹម អភរណៈ​ទ្រង់​ពាក់​កែវ​បទុមរាគ ភក្សាហារ​ទ្រង់​សោយ​ផ្លែ​ឧទុម្ពរ ព្រះ​ហស្ត​ស្ដាំ​ទ្រង់​ចក្រ ព្រះ​ហស្ត​ឆ្វេង ទ្រង់​ត្រីស័ង្ខ ទ្រង់​គង់​ពាក់​ឈៀង​បើក​ព្រះ​នេត្រ​លើ​ខ្នង​សត្វ​គ្រុឌ​បក្សី ជា​ពាហនៈ​ នាំ​អស់​ពពួក​ទេពនិករ​បវរ​កញ្ញា ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហា​កែវ ឈ្មោះ​ធម្មាលី នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ដែល​ប្រតិស្ឋាន​ទុក​ព្រះ​សិរសា​កបិល​មហា​ព្រហ្ម តម្កល់​នៅ​លើ​ពាន​មាស​នាំ​ចេញ​មក​ដង្ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុរាជ ជុំ​ចក្រវាឡ​តាម​ផ្លូវ​ព្រះ​អាទិត្យ ចរ​ជា​គម្រប់​៦០​នាទី ហើយ​ដង្ហែរ​ចូល​ទៅ តម្កល់​ទុក​ដូច​ដើម​វិញ ទើប​ប្រជុំ​ទេវ​បុត្រ​ទេវ​ធីតា ទាំង​មួយ​សែន​កោដិ ចូល​ទៅ​ស្រង់​ទឹក អនោត្ត​មហា​ស្រះ មាន​បំពង់​៧​ហូរ​ចេញ​ពី​ថ្ម​កែវ ជា​មាត់​គោ​​ឧសភរាជ ត្រជាក់​ត្រជុំ​ក្សេមក្សាន្ត​ព្រះ​ហ្ឬទ័យ ទើប​នាំ​គ្នា​ចូល​ទៅ​សមាទាន​សីល ដោយ​ព្រះ​ទ័យ​សោមនស្ស​រីករាយ​គ្រប់​ៗ​អង្គ ក្នុង​ភគវតី​សភា ដែល​វិស្សកម្ម​ទេវបុត្ត​និម្មិត​ថ្វាយ ហើយ​បន្ទោ​បង់​នូវ​អពមង្គល ឲ្យ​ជ្រះ​ស្រឡះ ចម្រើន​នូវ​សុភមង្គល សិរី​សួស្ដី ជន្មាយុ​យឺន​យូរ ដល់​មនុស្ស​សត្តនិករ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ។

  • ថ្ងៃ​អាទិត្យ ៨​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ មេសា ២០០៨ ជា​ថ្ងៃ​ចូល​ឆ្នាំ
  • ថ្ងៃ​ច័ន្ទ ៩​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​១៤ មេសា ២០០៨ ជា​ថ្ងៃ​វនប័ត
  • ថ្ងៃ​​អង្គារ ១០​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​១៥ មេសា ២០០៨ វេលា​ម៉ោង​២២, ២៣​នាទី, ៥៤​​វិនាទី ជា​ថ្ងៃ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត​៣ថ្ងៃ​ស្រេច បរិបូណ៌ ចូល​ជា​សកល ជូត សំរឹទ្ធិស័ក ចុល្ល​សករាជ​១៣៧០ ​ត​រៀង​ទៅ។

ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ​នេះ សូម​អស់​ជនានុជន​ប្រុស​ស្រី​ផង​ទាំង​ហ្លាយ រៀប​ចំ​គ្រឿង​សក្ការៈ​បូជា មាន​ទៀន​ធូប​ផ្កា​ភ្ញី​ថ្វាយ​ព្រះ​រតនត្រ័យ និង​នំ​ចំណី មាន​ផ្លែ​ឈើ​ជា​ដើម ជូន​មាតា​បិតា ព្រម​ទាំង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះ​បង់​នូវ​ចិត្ត​អាក្រក់ ឲ្យ​ជ្រះ​ស្រឡះ ចម្រើន​ឡើង​វិញ​នូវ​ចិត្ត​ប្រកប​ដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីល​៥​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទេព្ដា​នឹង​ឲ្យ​ពរ​សព្ទសាធុការ លោក​អ្នក​មាន​សេរី​សួស្ដី សុភមង្គល​វិបុលសុខ​គ្រប់​ប្រការ រក​ស៊ី​មាន​បាន ត្រជាក់​ត្រជុំ អាយុ​យឺនយូរ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ។

ទំនាយ​ប្រចាំ​ឆ្នាំ

– កែន​ព្រះ​ពិរុណ​សាស្ត្រៈ ឆ្នាំ​នេះ ភព​ព្រះ​អាទិត្យ​ជាអធិបតី នាគ​២​បង្អុរ​ភ្លៀង​៤០០​មេ។ ភ្លៀង​ធ្លាក់​នៅ​ចក្រវាឡ​១៦០​មេ ហិមពាន្ត​១២០មេ មហា​សមុទ្ទ​៨០​មេ ជម្ពូ​ទ្វីប​មនុស្ស​លោក​៤០​មេ។ ភ្លៀង​ដើម​ឆ្នាំ​ល្អ កណ្ដាល​តិច ចុង​ឆ្នាំ​ច្រើន។

– កែន​ធារាទិគុណរៈ ឆ្នាំ​នេះ​បឋវី​ធាតុ​ចុះ អាកាស​ធាតុ​មិន​ក្ដៅ​មិន​ត្រជាក់។ ឆ្នាំ​នេះ​ទឹក​ជំនន់​ដោយ​ភ្លៀង នឹង​ទឹក​ទន្លេ​មាន​ច្រើន គឺ​មាន​កម្រិត​១៦/១៦ គឺ​មាន​សំណល់ (០) ច្រើន​ជាង​ឆ្នាំ​ទាំង​ពួង។

– កែន​ធញ្ញាហារៈ ឈ្មោះ​មជ្ឈឹម​ទំនាយ​ថា ស្រូវ សំណាប ស្រែ​ចម្ការ ផល​ដំណាំ បាន​តែ​ពាក់​កណ្ដាល ភោជនាហារ​បាន​ជា​មធ្យម ប្រជានុរាស្ត្រ​បាន​សេចក្ដី​សុខ​ខ្លះ ទុក្ខ​ខ្លះ​ស្មើ​គ្នា ធញ្ញាហារ មង្សាហារ ផល្លាហារនឹង​មាន​ជា​មធ្យម។

ឆ្នាំ​នេះ​ជា​ឆ្នាំ​អធិកសុទិន ខែ​កុម្ភៈ មាន​២៩​ថ្ងៃ ថ្ងៃ​ខាង​សុរិយគតិ​មាន​៣៦៦​ថ្ងៃ។

ចូល​ព្រះ​វស្សា​នៅ​ថ្ងៃ​សុក្រ ១​​រោច ខែ​អាសាឍ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០០៨ ជា​វារៈចូឡាធិក​បាន​ឬក្ស​២១​តិថី​១៥ ជា​កាល​វស្សានរដូវ ត្រូវ​តាម​ប្រពៃណី​ពី​បូរាណ​ មាន​ព្រះ​អាទិត្យ​ ព្រះចន្ទ្រ​ចរ​តាម​ចក្រ​រាសី ជា​ប្រធាន​ឲ្យ​បាន​ដឹង​កំណត់​ទ្វាទសមាស​ទើប​ធ្វើ​ការ​សារពើ​ទាំង​ពួង​បាន​ចម្រើន​នូវ​សិរីសួស្ដី​មហាជ័យ​មង្គល​បរិបូណ៌​ហោង។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត

ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​សង្ក្រាន្ត ដូច្នេះ​ចូល​ក្នុង​ឆ្នាំ​ថ្មី​នេះ ទំនាយ​ទាយ​ថា ឆ្នាំ​នេះ​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​ល្អ​ឡើយ។ របស់​ក្នុង​ដែន​ដី​ស្រូវ​អង្ករ​នឹង​ថ្លៃ ដំណាំ​ផល្លា​បាន​ផល​តែ​ពាក់​កណ្ដាល​ខូច​អស់​ពាក់​កណ្ដាល មាន​មនុស្ស​កាប់​សម្លាប់​គ្នា​ច្រើន នឹង​ចាញ់ ឯ​អ្នក​ប្រាជ្ញ និង​អ្នក​សម្បុរ​ស មនុស្ស​ផង​ទាំង​ពួង​នឹង​ទទួល​នូវ​ក្ដី​លំបាក​ច្រើន។

ទំនាយ​ថ្ងៃ​វនប័ត

ត្រូវ​នឹង​ថ្ងៃ ច័ន្ទ ទំនាយ​ថា ឆ្នាំ​នេះ​អំបិល​ឡើង​ថ្លៃ ជំទាវ​ខុន​ណាង ទាំង​ហ្លាយ​នឹង​ក្ដៅ​ក្រហាយ​ចិត្ត ក្នុង​ស្រុក​រមែង​មាន​ជំងឺ​តម្កាត់​ច្រើន។

ទំនាយ​ថ្ងៃ​ឡើង​ស័ក

ត្រូវ​នឹង​ថ្ងៃ អង្គារ​ ទំនាយ​ថា ឆ្នាំ​នេះ​អាមាត្យ នាហ្មឺន​សព្វ​មុខ​មន្ត្រី​នឹង​រស់​នៅ​ត្រជាក់​ត្រជុំ​ជា​សុខ​ស្រួល​ទោះ​បី​ជា​តស៊ូ​ប្រយុទ្ធ​ជាមួយ​សត្រូវ​បច្ចា​មិត្រ​ក្នុង​គ្រប់​ទិសទី ក៏​នឹង​មាន​ជ័យ​ជម្នះ​គ្រប់​វេលា ភ្លៀង​ឲ្យ​ដោយ​អន្លើ នឹង​មាន​កើត​គលិយុគ​នៅ​ក្នុង​ព្រះ​នគរ៕

————————————
*
សម្គាល់៖ តាម​សៀវភៅ​មហាសង្ក្រាន្ត​របស់​លោក​អ៊ឹម បុរិន្ទ បាន​ហៅ​ឈ្មោះ​តាម​សំនៀង​ថៃ​ដោយ​គាត់​សម្អាង​តម្រា​មហា​សង្ក្រាន្ត​ថៃ​និង​លាវ គាត់​សរសេរ​ជា “ធុង្សៈទេវី”។ ថៃ​លាវ សរសេរ “ทุงสะเทวี” ដែល​អាន​ជា “ធុង​សៈ​ទេវី”។ តាម​សំនៀង​និង​បែបសំណេរ​ខ្មែរ​គួរ​ហៅ “ទុង្សៈ​ទេវី” ឬ “ទុង្សាទេវី” ដូច​ដែល​លោក​អ៊ឹម បុរិន្ទ បាន​យោង​ពី​សៀវភៅ​ព្រះរាជ​ពិធី​ទ្វា​ទសមាស​របស់​ពុទ្ធ​សាសនបណ្ឌិត្យ បោះ​ឆ្នាំ​១៩៦៩។ ដោយ​ឡែក​ឆ្នាំ១៩៩៧ និង​ឆ្នាំ​២០០២ ក៏​ប្រើ​ឈ្មោះ​ទុង្សា​នេះ​ដែរ។
– មហា​សង្ក្រាន្ត​នេះ​ខ្ញុំ​យក​លំនាំ​តាម​មហា​សង្ក្រាន្ត​ដែល​បោះ​ពុម្ព​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសនបណ្ឌិត្យ​ឆ្នាំ​២០០៧ និង​កែ​ប្រែ​តាម​មហា​សង្ក្រាន្ត​របស់​លោក​អ៊ឹម បុរិន្ទ ដោយ​ហេតុ​ឆ្នាំ​នេះ​ខ្ញុំ​មិន​អាច​រក​មហាសង្ក្រាន្ត​ដែល​បោះ​ពុម្ព​ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាសនបណ្ឌិត្យ​បាន។
អាន​ផង​ដែរ
១. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១
២. មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣
៣. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤
៤. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥
៥. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៦. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧
៧. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨
៨. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩
៩. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០

មតិ»

1. អ្នកseattle - ថ្ងៃអាទិត្យ 13 ខែ​មេសា 2008

ថា​ភាសា​ថែ​ទៅ​មើល​មិន​ដាច់ សូម​បី​តែ​ខ្មែរ​នេះ​ក៏​អាន​មិន​ចង់​ដាច់ដែរ!! សុទតែពាក្ស​ពិបាកៗ​ 😉 សួស្ដីឆ្នាំថ្មី!

2. សុភ័ក្ត្រ - ថ្ងៃអាទិត្យ 13 ខែ​មេសា 2008

ខំ​រៀន​ខ្មែរ​ឡើង​វិញ​ទៅ​ចឹង!

3. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 27 ខែ​មីនា 2010

[…] […]

4. មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 27 ខែ​មីនា 2010

[…] […]

5. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 11 ខែ​មេសា 2010

[…] […]

6. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 12 ខែ​មេសា 2011

[…] […]

7. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ « ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​មេសា 2012

[…] […]

8. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2013

[…] […]

9. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 11 ខែ​មេសា 2014

[…] […]

10. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 11 ខែ​មេសា 2015

[…] […]

11. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែ​មេសា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: