jump to navigation

Repost: ដំណើរ​កម្សាន្ត​មួយ​ទៀត​ដែល​ខ្ញុំ​ពេញ​ចិត្ត (ត) ថ្ងៃអាទិត្យ 4 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ພາສາລາວ.
3 comments

មក​ដល់​ហ្លួងព្រះបាង​ម៉ោង​ប្រហែល​ជា​៥​ល្ងាច។ ហ៊ី! មិន​ដឹង​ជា​ទៅ​ទី​ណា​ទេ​ខ្ញុំ។ ចំណត​រថក្រុង​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីក្រុង​គួរ​សម។ ដើរ​សួរ​គេ​សួរ​ឯង ឯណា​ទៅ​ក្រុង តើ​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ដូច​ម្តេច។ រួច​ក៏​ឆ្លៀត​ទៅ​ទិញ​ប័ណ្ណ​ទូរស័ព្ទ ដាក់​បញ្ចូល​លុយ ក្រែង​ល៍​មាន​ការ​អី អាច​ទូរស័ព្ទ ប្រាប់​ពួក​ម៉ាក​បាន។

រួច​ហើយ​ខ្ញុំ​ក៏​ត​ថ្លៃ​ទុក​ទុក ជិះ​ទៅ​ទីក្រុង​ហ្លួងព្រះបាង។ ជា​ទី​ក្រុង​តូច ស្ងប់ស្ងាត់។ ចម្លែក​តែ​របស់​របរ ផ្ទះ​សំណាក់ និង​ចំណី​អាហារ​វិញ គឺ​ថោក​ណាស់ ថោក​ជាង​ទីក្រុង​សៀមរាប របស់​កម្ពុជា ខ្លាំង​ណាស់។ ខ្ញុំ​បាន​ទៅ​ដើរ​រក​ផ្ទះ​សំណាក់ ដើម្បី​សម្រាក​ហើយ និង​បន្ទាប់​ពី​បាន​ងូត​ទឹក​ស្អាត​បាត​ហើយ ខ្ញុំ​ក៏​បាន​ដើរ​មើល​តាម ផ្សារ​រាត្រី ដែល​គេ​ដាក់​លក់​នៅ​ខាង​មុខ​ព្រះ​បរមរាជ​វាំង​ចាស់​របស់ ខែត្រ​ហ្លួងព្រះបាង​នេះ។ ភាគ​ច្រើន​របស់​របរ​ដែល​ដាក់​លក់ គឺ​សម្រាប់​ភ្ញៀវ​ទេសចរ និង​មាន​លក់​ដូច​ជា​សំពត់ សូត្រ ផ្ទាំង​គំនូរ និង​របស់​របរ​អនុស្សាវរីយ៍ ច្រើន​ឯ​ទៀត។

ហ្លួងព្រះបាង​ជា​ទីក្រុង​មួយ​សម្បូរ​ទៅ​ដោយ​អារាម។ មួយ​ស្អែក​ព្រឹក បន្ទាប់​ពី​ទស្សនា​សារមន្ទីរ​ព្រះ​បរមរាជវាំង របស់​ស្ដេច​លាវ រួម​មក ខ្ញុំ​សំណាយ​ពេល​សឹង​តែ​ពេញ មួយ​ថ្ងៃ​ជិះ​កង់ ទស្សនា​វត្ត​នានា នៅ​ក្នុង​ទីក្រុង ដែល​សុទ្ទ​សឹង​ជា​អារាម​ចាស់​ៗ មាន​រំលេច​ទៅ​ដោយ​ក្បូរ​ក្បាច់​រចនា យ៉ាង​រស់​រវើក និង​ស្រស់​ស្អាត​គួរ​ជា​ទី​ចាប់​ចិត្ត និង​ត្រូវ​ចិត្ត​ណាស់​សម្រាប់​ពួក​ជាង​ថត​រូប។

ហ្លួងព្រះបាង​ពិត​ជា​ទីក្រុង​ដ៏​ទាក់ទាញ​អារម្មណ៍​អ្នក​ទេសចរ ពិត​មែន។ រយៈ​ពេល​២​ថ្ងៃ​២​យប់ របស់​ខ្ញុំ​នៅ​ហ្លួងព្រះបាង ពិត​ជា​មិន​អាច​បំភ្លេច​បាន​ទេ។ ខ្ញុំ​ពិត​ជា​ទៅ​ជួប​អ្នក​ជា​ថ្មី​ទៀត មិន​ខាន​ក្នុង​ពេល​ឆាប់​ៗ។ ឱ​! ហ្លួងព្រះបាង!

កកន៖ អត្ថបទ​នេះ​បាន​ដាក់​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៦

%d bloggers like this: