jump to navigation

ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល? ថ្ងៃសៅរ៍ 24 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
64 comments

ស្រុក​ខ្មែរ​បន្ទាប់​ពី​បង្កើត​ឲ្យ​មាន​រាជា​និយម​ឡើង​វិញ​នៅ​ឆ្នាំ​២០០៣​រួច​មក គេ​ឃើញ​មាន​ព្រះរាជ​ពិធី​ជា​ច្រើន​បាន​ត្រូវ​កើត​មាន​ឡើង​វិញ។ រាជា​ក្ស័ត្រយ៍​និយម​គឺ​សម្បូរ​ទៅ​ដោយ​សិល្បៈ​វប្បធម៌​ទំនៀម​ច្រើន​ជាង​សម័យ​ណា​ៗ​ទាំង​អស់ តួយ៉ាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក៏​បាន​រស់​ឡើង​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ។

សម្រាប់​ឆ្នាំ​២០០៨​នេះ ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក៏​បាន​ប្រារព្ធ​ធ្វើ​ដូច​រាល់​ឆ្នាំ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​សុក្រ​ ទី​២៣ ខែ​ឧសភា។ មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ទេ ឆ្នាំ​នេះ​ខ្ញុំ​ក៏​បាន​ទៅ​ចូល​រួម និង​ថត​រូប​ព្រះ​រាជ​ពិធី​នេះ​ដូច​រាល់​ឆ្នាំ (អាន​អត្ថបទ​ឆ្នាំ​២០០៦៖ ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល)។

ឆ្នាំ​នេះ​គោ​ឧសភរាជ​បរិភោគ​តែ​ពោត សណ្ដែក ស្រូវ ឃើញ​ថា​ជា​ពិធី​វប្បមង្គល​ដែល​លើក​ទឹក​ចិត្ត​ប្រជា​កសិករ​ខ្មែរ ដែល​ភាគ​ច្រើន​ជនជាតិ​នេះ​ប្រកប​របរ​កសិកម្ម និង​ជា​ពិធី​តំណាង​ប្រាប់​ដល់​ពលរដ្ឋ​ទាំង​នោះ​ថា​រដូវ​ធ្វើ​ស្រែ​ចាប់​ផ្ដើម​ហើយ។

ពិធី​នេះ​ជា​ពិធី​ឥត​ប្រយោជន៍​បំផ្លាញ​ថវិកា​ជាតិ?

បើ​និយាយ​ឲ្យ​ពិត​ទៅ​សម័យ​នេះ​ហើយ​គ្មាន​នរណា​គេ​ជឿ​លើ​សត្វ​គោ​ពីរ​ក្បាល​នោះ​ទេ! នរណា​ៗ​គេ​ក៏​ដឹង​ថា​វា​មិន​អាច​យក​ជា​ការ​បាន​ទេ​ចំពោះ​ការ​ផ្សង​គោ​ទៅ​នឹង​សភាព​មែន​ទែន​នៃ​ស្រុក​ទេស។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ លោក​មិន​បាន​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​នេះ​ទេ ឆ្នាំ​នេះ​ក៏​មិន​ខុស​ប្លែក​ពី​ឆ្នាំ​រាល់​ដង​ដែរ។

អវត្តមាន​នាយក​រដ្ឋមន្ត្រី​ជា​រឿង​ធម្មតា?

សម្រាប់​ខ្ញុំ ពិត​ជា​មិន​ធម្មតា​ទេ។ ព្រះ​រាជ​ពិធី​មួយ​ដែល​មាន​ព្រះ​មហាក្សត្រ​ជា​អធិបតី​រាល់​ឆ្នាំ តែ​នាយក​រដ្ឋមន្ត្រី​មិន​បាន​ចូល​រួម។ ក្នុង​ឱកាស​ជួប​ជាមួយ​ប្រជាជន​ជា​សាធារណៈ​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី (ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ) លោក​បាន​មាន​ប្រសាសន៍​ពី​អជំនឿ​របស់​លោក​ចំពោះ​ព្រះ​រាជ​ពិធី​នេះ និង​លោក​បាន​ពោល​ថា លោក​នឹង​ឈប់​ចូល​រួម​ពិធី​នេះ​ហើយ។

ជា​ការ​ពិត​ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​របស់​គេ ក្នុង​ការ​មាន​ជំនឿ​ និង​ចូលរួម សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ក៏​ដូច​គ្នា។ តែ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្ដែង​វា​ហាក់​បី​ដូច​ជា​ងាក​រេ​ពី​បវេណី​បុរាណ​របស់​ជាតិ​ដែល​មាន​ស្ដេច​ផែន​ដី​ចូលរួម។ ហេតុ​អ្វី​បាន​ជា​លោក​មិន​ចាត់​ទុក​នេះ​ជា​ពិធី​ជាតិ​តំណាង? ទោះ​បី​ជា​វា​ពិត​ឬ​មិន​ពិត​មាន​ការ​ផ្សង​របស់​គោ​ទៅ​ចុះ?

វា​ហាក់​បី​ដូច​ជា​ពិធី​មួយ​ដែល​មិន​ធម្មតា​ចំពោះ​អ្នក​ដឹក​នាំ​ដែល​ទល់​នឹង​វប្បមង្គល​របស់​ជាតិ។ ប្រសិន​បើ​សារៈសំខាន់​នៃ​ព្រះរាជ​ពិធី​បុណ្យ​នេះ​ពិត​ជា​ចំណាយ​ពេល​ឥត​ប្រយោជន៍ និង​រំខាន​ថវិកា​ជាតិ (ព្រម​ទាំង​ខាត​លុយ​ចំណូល ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ផង) ខ្ញុំ​យល់​ថា គួរ​តែ​លុប​បុណ្យ​នេះ​ចោល​ទៅ ជា​ជាង​ទុក​ឲ្យ​មាន​រំខាន​ដល់​គេ​ដល់​ឯង​ពេញ​មួយ​នគរ​បែប​នេះ៕

អាន​ប្រវត្តិ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​ពី​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី

_____________________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ
២. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣
៣. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២
៤. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល

Advertisements
%d bloggers like this: