jump to navigation

ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល? ថ្ងៃសៅរ៍ 24 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

ស្រុក​ខ្មែរ​បន្ទាប់​ពី​បង្កើត​ឲ្យ​មាន​រាជា​និយម​ឡើង​វិញ​នៅ​ឆ្នាំ​២០០៣​រួច​មក គេ​ឃើញ​មាន​ព្រះរាជ​ពិធី​ជា​ច្រើន​បាន​ត្រូវ​កើត​មាន​ឡើង​វិញ។ រាជា​ក្ស័ត្រយ៍​និយម​គឺ​សម្បូរ​ទៅ​ដោយ​សិល្បៈ​វប្បធម៌​ទំនៀម​ច្រើន​ជាង​សម័យ​ណា​ៗ​ទាំង​អស់ តួយ៉ាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក៏​បាន​រស់​ឡើង​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ។

សម្រាប់​ឆ្នាំ​២០០៨​នេះ ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក៏​បាន​ប្រារព្ធ​ធ្វើ​ដូច​រាល់​ឆ្នាំ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​សុក្រ​ ទី​២៣ ខែ​ឧសភា។ មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ទេ ឆ្នាំ​នេះ​ខ្ញុំ​ក៏​បាន​ទៅ​ចូល​រួម និង​ថត​រូប​ព្រះ​រាជ​ពិធី​នេះ​ដូច​រាល់​ឆ្នាំ (អាន​អត្ថបទ​ឆ្នាំ​២០០៦៖ ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល)។

ឆ្នាំ​នេះ​គោ​ឧសភរាជ​បរិភោគ​តែ​ពោត សណ្ដែក ស្រូវ ឃើញ​ថា​ជា​ពិធី​វប្បមង្គល​ដែល​លើក​ទឹក​ចិត្ត​ប្រជា​កសិករ​ខ្មែរ ដែល​ភាគ​ច្រើន​ជនជាតិ​នេះ​ប្រកប​របរ​កសិកម្ម និង​ជា​ពិធី​តំណាង​ប្រាប់​ដល់​ពលរដ្ឋ​ទាំង​នោះ​ថា​រដូវ​ធ្វើ​ស្រែ​ចាប់​ផ្ដើម​ហើយ។

ពិធី​នេះ​ជា​ពិធី​ឥត​ប្រយោជន៍​បំផ្លាញ​ថវិកា​ជាតិ?

បើ​និយាយ​ឲ្យ​ពិត​ទៅ​សម័យ​នេះ​ហើយ​គ្មាន​នរណា​គេ​ជឿ​លើ​សត្វ​គោ​ពីរ​ក្បាល​នោះ​ទេ! នរណា​ៗ​គេ​ក៏​ដឹង​ថា​វា​មិន​អាច​យក​ជា​ការ​បាន​ទេ​ចំពោះ​ការ​ផ្សង​គោ​ទៅ​នឹង​សភាព​មែន​ទែន​នៃ​ស្រុក​ទេស។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ លោក​មិន​បាន​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​នេះ​ទេ ឆ្នាំ​នេះ​ក៏​មិន​ខុស​ប្លែក​ពី​ឆ្នាំ​រាល់​ដង​ដែរ។

អវត្តមាន​នាយក​រដ្ឋមន្ត្រី​ជា​រឿង​ធម្មតា?

សម្រាប់​ខ្ញុំ ពិត​ជា​មិន​ធម្មតា​ទេ។ ព្រះ​រាជ​ពិធី​មួយ​ដែល​មាន​ព្រះ​មហាក្សត្រ​ជា​អធិបតី​រាល់​ឆ្នាំ តែ​នាយក​រដ្ឋមន្ត្រី​មិន​បាន​ចូល​រួម។ ក្នុង​ឱកាស​ជួប​ជាមួយ​ប្រជាជន​ជា​សាធារណៈ​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី (ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ) លោក​បាន​មាន​ប្រសាសន៍​ពី​អជំនឿ​របស់​លោក​ចំពោះ​ព្រះ​រាជ​ពិធី​នេះ និង​លោក​បាន​ពោល​ថា លោក​នឹង​ឈប់​ចូល​រួម​ពិធី​នេះ​ហើយ។

ជា​ការ​ពិត​ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​របស់​គេ ក្នុង​ការ​មាន​ជំនឿ​ និង​ចូលរួម សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ក៏​ដូច​គ្នា។ តែ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្ដែង​វា​ហាក់​បី​ដូច​ជា​ងាក​រេ​ពី​បវេណី​បុរាណ​របស់​ជាតិ​ដែល​មាន​ស្ដេច​ផែន​ដី​ចូលរួម។ ហេតុ​អ្វី​បាន​ជា​លោក​មិន​ចាត់​ទុក​នេះ​ជា​ពិធី​ជាតិ​តំណាង? ទោះ​បី​ជា​វា​ពិត​ឬ​មិន​ពិត​មាន​ការ​ផ្សង​របស់​គោ​ទៅ​ចុះ?

វា​ហាក់​បី​ដូច​ជា​ពិធី​មួយ​ដែល​មិន​ធម្មតា​ចំពោះ​អ្នក​ដឹក​នាំ​ដែល​ទល់​នឹង​វប្បមង្គល​របស់​ជាតិ។ ប្រសិន​បើ​សារៈសំខាន់​នៃ​ព្រះរាជ​ពិធី​បុណ្យ​នេះ​ពិត​ជា​ចំណាយ​ពេល​ឥត​ប្រយោជន៍ និង​រំខាន​ថវិកា​ជាតិ (ព្រម​ទាំង​ខាត​លុយ​ចំណូល ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ផង) ខ្ញុំ​យល់​ថា គួរ​តែ​លុប​បុណ្យ​នេះ​ចោល​ទៅ ជា​ជាង​ទុក​ឲ្យ​មាន​រំខាន​ដល់​គេ​ដល់​ឯង​ពេញ​មួយ​នគរ​បែប​នេះ៕

អាន​ប្រវត្តិ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​ពី​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី

_____________________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ
២. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣
៣. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២
៤. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល

Advertisements

មតិ»

1. singachea - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

totally agree!

2. ស្រីភា - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

តាម​យោបល់​របស់​បង​ថា​គួរ​តែ លុប​ពិធីនេះ​ចោលទៅព្រោះ វា​បំផ្លាញពេលអត់
ប្រយោជន៍​និង​ខាតលុយទទេៗ។
ប្អូនគិតថាគំនិតរបស់បង​ដូច​ជា​មិន​សមហេតុផល​ទេ​ព្រោះ ពិធី​នេះជា​ពិធី​ដែល​
បានប្រារព្ធ​តាំងពីបុរាណកាលមកម្ល៉េះ ហើយពិធីនេះ​គេធើ្វឡើងដើម្បី
ចង់ដឹងនឹងប្រៀបធៀបភោគផល​​ដំណាំពីឆ្នាំមួយទៅមួយទៀតដែលប្រជាពលរដ្ឋបានធ្វើទូទាំង
ខេត្តក្រុង។​ដូច្នេះ​កូនខ្មែរ​ទាំងអស់​មិន​គួរ​ចង់
បំភ្លេចពិធីបុណ្យនេះចោលទេព្រោះវាជាទំនៀមទំលាប់របស់ប្រទេសខ្មែរ
តាំងពីបុព្វបុរសយើងមកម្ល៉េះ។
និយាយដល់រឿងចង់លុបពិធីបុណ្យនេះធើ្វអោយប្អូននឹកដល់
រឿងដែល​កូនខ្មែរខ្លះចង់លុបរឺបំភ្លេចចោលនូវថ្ងៃទី៧​មករា​​។
បើតាមយោបល់របស់ប្ងូន!​ប្អូនគិតថាមិនគួរទេព្រោះវាជាថ្ងៃ​ដែល​ធ្វើ
អោយខ្មែរ​គ្រប់ៗ​គ្នាបានរស់រានហើយមានសេរីភាពដល់សព្វថ្ងៃនេះ។
បើតាមគំនិតរបស់បងតើការចង់បំភ្លេចថ្ងៃ៧មករាចោលនោះត្រូវរឺ​ខុស?
​​​​​​ ជាការពិតណាស់​កូនខ្មែរទាំងអស់មិនគួរចង់បំភ្លេចនូវអ្វីដែលជាទំនៀមទំលាប់
របស់ខ្មែរ​យើង​ទេ។

3. រង្សី, កូនរមាសតូច - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

ចំពោះខ្ញុំ មិនយល់ស្របទាល់តែសោះចំពោះមតិនេះ។ ពិធីបុណ្យនេះ ជាពិធីបុណ្យ ដែលបង្ហាញអំពីអត្តសញ្ញាណជាតិរបស់យើង។ ថ្វីត្បិតតែការទស្សន៏ទាយ មិនបានត្រឹមត្រូវក៏ដោយ ក៏វាជាផ្នែកមួយនៃការប្រារព្ធ របស់ព្រះមហាក្សត្រ និងជាទំនៀមទំលាប់របស់ប្រពៃណីជាតិរបស់យើង។ បើលុបមានតែបំផ្លាញអត្តសញ្ញាណជាតិខ្លួនឯង ហើយនាំគ្នាទៅឆ្កួតនឹងបុណ្យសង្សាអីគេនោះដែលមិនមែនជាវប្បធម៌យើងផង។ រួចមួយវិញទៀត វាជាបុណ្យតំនាងអោយរដូវវស្សាឈានចូលមកដល់ ការអបអររបស់ប្រជាកសិករ រឿងនាយករដ្ឋមន្រ្តីមិនមកចូលរួមជារឿងរបស់ គាត់ ស្រេចតែចិត្តរបស់គាត់!

4. sing - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

អត់ហ៊ុន សែនមួយ វប្បធម៌ខ្មែរ ក៏មិនស្លាប់ដែរ! អោយគាត់ភ្លាវខុសគេ តែគាត់ទៅ!
ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃបរាជ័យ នៃរបបប៉ុល ពត និង ជាថ្ងៃដែល កូនខ្មែរចេញពី របបកុំមុយនិស្ត ផ្តាច់ការមួយ (ប៉ុល ពត) ចូលទៅ របបកុំមុយនិស្ត ផ្តាច់ការ (យួនកាន់កាប់) មួយទៀត។ កូនខ្មែរ រស់ទ្រាំទ្រវេទនា ជាពិសេស ក្រោមការកាន់កាប់ របស់យួន រហូតដល់ឆ្នាំ ១៩៩១ (សន្ធិសញ្ញាក្រុងប៉ារីស) ទើបឃើញពន្លឺសេរីភាព ខ្លះៗ។
ប៉ុន្តែ ថ្ងៃ ដែលកូនខ្មែរ ពិតជាបាន ស្គាល់សេរីភាព ដំបូង គឺ ថ្ងៃ ២៣ ដល់ ២៨ ឧសភា ១៩៩៣ (ថ្ងៃបោះឆ្នោត រើសតំណាងរាស្រ្ត ទូទាំងប្រទេសកម្ពុជា រៀបចំឡើង ដោយ អង្គការ UNTAC តំណាង អង្គការសហប្រជាជាតិ) ហើយ រាជាណាចក្រកម្ពុជា ទី ២ ក៏បាន ចាប់បដិសន្ធិ នៅឆ្នាំ ១៩៩៣ ដែរ។

5. ស្រីភា - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

អូហ៍!បង​ស៊ីង​បង​និយាយបានក្បោះក្បាយណាស់។
ប្អូនចង់ដឹងយ៉ូហើយអំពីយួនចូលកាន់កាប់កម្ពុជាបន្ទាប់ពី
ប៉ុល​ ពត។
តើ​បងអាច​ប្រាប់ប្អូនបានទេ?​ប្អូនពិតជាចង់ដឹងណាស់ចំពោះការកាន់កាប់
របស់យួនមកលើខ្មែរ។មានបងប្រុសម្នាក់បានប្រាប់ប្អូនអំពីរឿងយួនកាន់កាប់
ខ្មែរបន្ទាប់ពីប៉ុល​ ពត​ នោះ។
ពិតជាឈឺផ្សាណាស់បង។ប៉ុន្តែគេប្រាប់មិនទាន់ច្បាស់ទេបង។
ប្អូនសង្ឃឹមថាបងនឹងវិលមកប្លក់នេះម្តងទៀតហើយបងប្រាកដ
ជាមិនយល់ទាស់ទេណាបង។

6. រចនា - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

»ពិធី​នេះ​ជា​ពិធី​ឥត​ប្រយោជន៍​បំផ្លាញ​ថវិកា​ជាតិ?

»»»ខ្ញុំ​គិត​ថា ពិធី​នេះ​ជា​ពិធី​ឥត​ប្រយោជន៍​ពិត​មែន តែ​ចំពោះ​រឿង​ថវិការ​វិញ ខ្ញុំ​គិត​ថា​ការ​ចំណាយ​វា​មិន​ច្រើន​ប៉ុន្មាន​ទេ​សម្រាប់​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​កសិករ​ដែល​ធ្លាប់​តែ​ប្រកាន់​យក​ជា​ប្រពៃណី! ពិធី​នេះ​ជា​ពិធី​មួយ​ក្នុង​ចំណោម​ពិធី​ទាំង​ឡាយ​ក្នុង​ពិធី​ទ្វារ​ទសមាស!!! ទោះ​បើ​ជា​ចង់​លុប​វា​ចោល​ក៏​នៅ​តែ​មាន​ការ​ពិបាក​ដែរ, សម្រាប់​ប្រពៃណី​ដែល​មាន​តាំង​ពី​បរមបុរាណ, ខ្ញុំ​នៅ​តែ​មាន​ការ​ស្ដាយ​ស្រណោះ, ម្យ៉ាង, បើ​និយាយ​ពី​ពិធី​នេះ, ខ្ញុំ​ចេះ​តែ​នឹក​ដល់​ព្រះ​ឆាយា​លក្ខណ៍​សម្ដេច​តា កាល​ដែល​ទ្រង់​យាង​ជា​អធិបតី​ក្នុង​ពិធី​នោះ, 😦 (បង​សុភ័ក្ត្រ, បើ​បង​មាន​ពេល ជួយ​ដាក់​ឱ្យ​ខ្ញុំ​មើល​ផង, ខ្ញុំ​ចង់​មើល​ទ្រង់​ម្ដង​ទៀត! អរគុណ!)

*ពិធី​នេះ គួរ​តែ​លុប, តែ​វា​មិន​អាច​ទៅ​រួច, ដូច្នេះ​មាន​តែ​បន្ត!!!

»អវត្តមាន​នាយក​រដ្ឋមន្ត្រី​ជា​រឿង​ធម្មតា?

»»»(ចម្លើយ​តែ​មួយ​ម៉ាត់) វា​ជា​ការ​ប្រមាថ​មួយ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ព្រះ​មហាក្សត្រ!

7. សុភ័ក្ត្រ - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

បង​មាន​តែ​រូប​ថត​សន្លឹក កាល​នោះ​បង​មិន​ទាន់​មាន​ម៉ាស៊ីន​ឌីជីថល​នៅ​ឡើយ មាន​តែ​ចាំ​ស្កេន​សិន។

8. khmerempire - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

ប្រសិនបើយើងគិតខ្លីយើងប្រាកដជាថាពិធីនេះគ្មានសារៈសំខាន់ តែតាមការ
ពិតរាល់ពិធីអ្វីទាំងអស់សុទ្ធតែមានសារៈសំខាន់របស់វា គ្រាន់តែថាមួយមានតិច
មួយមានច្រើនតែប៉ុណ្ណោះ ។
ខ្ញុំគិតថាប្រសិនបើយើងលុបពិធីនេះចោលដូចជាមិនសូវសមទេ!!!
ពិធីនេះតំណាងអោយវប្បធម៌របស់ប្រទេសជាតិយើងថ្វីត្បិតតែវាមានការ
ចំណាយប្រាក់ក៏ដោយ ក៏មានផលប្រយោជន៍ខ្លះដែរ។ វាជារឿងធម្មតានោះទេ
ពីព្រោះពិធីអ្វីក៏ត្រូវការចំណាយប្រាក់ដែរ ម្យ៉ាងទៀតវាមិនមែនអត់ប្រយោជន៍
សោះនោះទេ។
ទី១ ៖ ពេលប្រជាកសិករខ្មែរទាំងអស់លឺថា ភោគផលកសិកម្មខ្លួនបានល្អសំរាប់
ឆ្នាំនេះ​ ទាយទៅមើលថាពួកគាត់មានអារម្មណ៍យ៉ាងណា ?​ ច្បាស់ជាសប្បាយ
ចិត្តជាមិនខាន ម្យ៉ាងទៀតវាជាកំលាំងចិត្តសំរាប់ពួកគាត់ពេលធ្វើស្រែចំការ។
ទី២ ៖ ផ្តល់ថ្ងៃសំរាកដល់ប្រជាជន ខ្ញុំគិតថាឈប់តែថ្ងៃនឹងមួយវាមិនបាត់បង់
ចំណូលខ្លាំងឯណា ទាំងខ្ញុំទាំងបងរឺទាំងប្រជាជនទាំងអស់ឲ្យតែលឺថាបានឈប់
សំរាកច្បាស់ជាសប្បាយចិត្តជាមិនខាន។ត្រូវទេ? ម្យ៉ាងទៀតប្រសិនបើយើងនៅ
ផ្ទះក៏មិនមែនដេកដកដង្ហើមចោលនោះដែរប្រាកដជាធ្វើអ្វីមួយមិនខានដែលគិត
ថាមានសារៈសំខាន់សំរាប់ថ្ងៃនេះរឺថ្ងៃស្អែក។
ទី៣ ៖ ខ្ញុំក៏ចូលរួមសោកស្តាយដែលចំពោះការបាត់កាបូបរបស់បង ធ្វើម៉េចបើ ពីធីគេអោយចូលរួមដោយសេរី ប្រាកដជាមានពួកចោរចួលរួមជាមួយជាមិន
ខាន។

9. រង្សី, កូនរមាសតូច - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

ខ្ញុំហាក់មានអារម្មណ៏មិនសូវជាល្អសោះចំពោះពាក្យថាឥតប្រយោជន៏! វាជាការប្រារព្វមួយដែលបង្ហាញអំពីផ្នែកមួយនៃអត្តសញ្ញាណជាតិ! សូមទោសចំពោះការផ្តល់ comments ច្រើនបន្តិច ចំពោះអត្ថបទនេះ ហើយការដែលនិយាយអំពីការលុបចោលព្រះរាជពីធីនេះ ក៏អាចជាការប្រមាថចំពោះព្រះមហាក្សត្រដែរ!

10. រចនា - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

»» សម្រាប់​ខ្ញុំ, ខ្ញុំ​មិន​គិត​ថា​ការ​លុប​ចោល​ព្រះ​រាជ​ពិធី​នេះ ជា​ការ​ប្រមាថ​នោះ​ទេ! សាក​សួរ​ខ្លួន​ឯង​ទៅ​មើល​ថា ពិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​អី? (បើ​មិន​អាច​ឆ្លើយ​បាន ក៏​អាច​រក​សៀវភៅ​មក​អាន *ព្រះរាជ​ពិធី​ទ្វារ​ទសមាស* បើ​ខ្ញុំចាំ​មិន​ខុស) មិន​ដើម្បី​សម្ពោធ​នូវ​រដូវ​វស្សា រដូវ​ធ្វើ​ស្រែ​ចម្ការ និង ទស្សន៍ទាយ​ទៅ​លើ​ភោគផល​ដែល​នឹង​ទទួល​បាន​ក្នុង​ឆ្នាំ​ថ្មី, តែ​ប៉ុណ្ណឹង? ហើយ​បង​គិត​ថា ពួក​គាត់ (កសិករ) នឹង​នៅ​តែ​ជឿ​លើ​រឿង​អស់​ហ្នឹង​ហ្អី? ខ្ញុំ​ក៏​ឆ្ងល់​ថា ហេតុ​អី​បាន​ជា​នៅ​តែ​រក្សា​នូវ​ប្រពៃណី​មួយ​ដែល​ស្ទើរ​តែ​អស់​ជំនឿ​ទៅ​ហើយ​នោះ??? ហើយ… ខ្ញុំ​មិន​យល់​ថា​ការ​ដែល​លុប​ពិធី​នេះ​ចោល ជា​ការ​ប្រមាថ​ចំពោះ​ព្រះ​មហាក្សត្រ​ទេ ព្រោះ​ក្រៅ​ពី​ការ​យាង​ជា​អធិបតី​ក្នុង​ពិធី ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ប៉ះ​ពាល់​ដល់​ទ្រង់​ផង​ទេ!!!

11. រង្សី, កូនរមាសតូច - ថ្ងៃអាទិត្យ 25 ខែ​ឧសភា 2008

….ចំពោះរចនា សូមគិតអំពីពាក្យថាប្រពៃណីទំនៀមទំលាប់ មិនមែនអាច កើតភ្លាមក្នុងរយះពេលមួយថ្ងៃ មួយខែ រឺមូយឆ្នាំនោះទេ ហើយតាមគំនិតខ្ញុំពិធីនេះប្រារព្ធឡើង ក្នុងគោលបំនងបីយ៉ាង គឺ ១.រក្សាប្រពៃណី ទំនៀមទំលាប់ដ៏ផូរផង់របស់ជាតិ ២.ស្គាល់អំពីតំលៃរបស់វប្បធម៌របស់ជាតិយើង អោយយើងស្រលាញ់ វប្បធម៌របស់យើង
៣.ឆ្លុះបញ្ចាំអំពីធាតុពិតរបស់អត្តសញ្ញាណខ្មែរ ជូនជនរួមជាតិក៏ ដូចជាជនបរទេសបានស្គាល់ និងស្វែងយល់។
ប្រសិនបើ យើងស្រម៉ៃបន្តិចថា បើគ្មានព្រះរាជវត្តមានរបស់ព្រះរាជា សួរថាតើ រចនាមានអារម្មណ៏យ៉ាងណាដែរ?
ពិធីនេះជាពិធីរបស់ព្រះមហាក្សត្រ ថ្វីបើទ្រង់គ្រាន់តែយាងចួលជាអធិបតី តែមិនមានន័យថាពិធីនេះមិនមែនជាការប្រារព្វធម្មតាទេ វត្តមានរបស់ទ្រង់គឺជាសក្ខីភាពនៃពីធី ប្រសិនបើលុបចោល សួរថាជាការប្រមាថទេ? ហើយរចនាដឺងពីណាមកថាប្រជាជនខ្មែរអស់ជំនឿ លើពិធីនេះ?

12. បណ្ឌិត - ថ្ងៃចន្ទ 26 ខែ​ឧសភា 2008

អាម៉េចចេះអន្ទិតនេះ សុខៗមានគំនិតចង់លុបចោល??? ឈឺហ្អ៎?? ទៅលេបថ្នាំចេញ​ទៅក្រភាក់

13. រង្សី, កូនរមាសតូច - ថ្ងៃចន្ទ 26 ខែ​ឧសភា 2008

សូមអរគុណ សំរាប់អាប់ឌេតអត្តបទនេះ!

14. happylkt - ថ្ងៃចន្ទ 26 ខែ​ឧសភា 2008

Hay it doesn’t good idea for this u know

15. ស្រីភា - ថ្ងៃចន្ទ 26 ខែ​ឧសភា 2008

Very hard of khmer sons and khmer daughters are want to delete
their culture.
you must think over think again. because you are khmer sons or daughters.
Don’t all of you want to delete it!
Must take care it!
If the khmer sons or khmer daughters are want to delete
their culture will get bad story.

16. Rachna - ថ្ងៃចន្ទ 26 ខែ​ឧសភា 2008

PEA: REASON PLEASE!

17. រចនា - ថ្ងៃចន្ទ 26 ខែ​ឧសភា 2008

បង​សុភ័ក្ត្រ៖ សូម​បង​ជួយ​កែ​ត្រង់​ឃ្លា​ដែល​ highlight នៅ​ខាង​លើ… «សូម​ប្រើ​វិចារណញ្ញាណ​ក្នុង​ការ​អាន​អត្ថបទ​មួយ​នេះ» កុំ​ប្រើ «…នៃ…»

18. ពលៈ - ថ្ងៃអង្គារ 27 ខែ​ឧសភា 2008

បើសិនជាមិនធ្វើបុណ្យនេះតើអាចជួយសន្សំថវិកាជាតិបានបុន្មាន? បើមួយថៃ្ងមួយថៃ្ងពុកលួយបែបនេះនោះ តាមយោបលខ្ញុំបើមិនជួយកាពារអ្វីដែលមានស្រាប់ កុំអផ្សុកចង់តែលុបបុណ្យនេះនោះចោល។ ខ្មែរអញ្ចឹងបានជាអាយួនមើលងាយ។

19. ស្រីភា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​ថា​រឿង​អាក្រក់នោះ​គឺ !
*សូមអានសំដីរបស់បងពលៈ​ក្រោយគេបង្អស់នឹងដឹងសំដីរបស់ខ្ញុំ
ដែលបាននិយាយថាអាក្រក់នោះហើយ*!
Please!

20. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

»សម្រាប់​បង​រង្សី៖ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ប្រពៃណី​ទំនៀម​ទម្លាប់​វា​កើត​មាន​ជា​យូរ​លង់​ណាស់​មក​ហើយ, ហើយ​ក្នុង​មតិ​របស់​ខ្ញុំ​ខាង​លើ​ក៏​បាន​បញ្ជាក់​ដែរ​ថា «…វា​លំបាក, បើ​ចង់​លុប (តែ​វា​គួរ​តែ​លុប)…»
*ចំពោះ​មតិ​ដែល​ថា ចង់​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ខ្ញុំ​យល់​ថា​វា​ត្រូវ​តែ​បែប​នោះ តែ​មុន​នឹង​ចង់​រក្សា យើង​ក៏​ត្រូវ​មើល​ផង​ដែរ ថា​អ្វី​ដែល​យើង​ចង់​ថែ​នោះ វា​ផ្ដល់​អ្វី​ខ្លះ​ឱ្យ​យើង? កុំ​ចេះ​តែ​ថា​រក្សា​ដោយ​គ្មាន​ហេតុ​ផល​អ្វី​ទាំង​អស់​នោះ, វា​មិន​ទំនង។
*សម្រាប់​វប្បធម៌ អរិយធម៌​របស់​ជាតិ​ឯង តើ​អ្នក​ណា​មិន​ស្រឡាញ់? តែ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង, ត្រូវ​មើល​ផង, ត្រូវ​មើល​ថា អ្វី​ដែល​យើង​បម្រុង​នឹង​ធ្វើ​វា​យ៉ាង​ម៉េច? សម​ហេតុផល​នឹង​ត្រូវ​ស្រឡាញ់​ទេ?
*«…ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ខ្មែរ​ឱ្យ​បរទេស​បាន​ដឹង! …ឱ្យ​បរទេស​បាន​ដឹង​ថា ជាតិ​ខ្មែរ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​មិន​សម​នឹង​ធ្វើ, ជឿ​លើ​អ្វី​ដែល​មិន​សម​នឹង​ជឿ… បែប​នេះ​មែន​ទេ?

*សម្រាប់​បង​ពលៈ៖ អ្នក​ដែល​ចង់​លុប គេ​មាន​ហេតុ​ផល​ចង់​លុប, តែ​អ្នក​ចង់​ថែ បែរ​ជា​គ្មាន​ហេតុផល​ថា​ហេតុ​អី​ទើប​ខ្លួន​ចង់​ថែ​ទៅ​វិញ! ដូច​ជា​មិន​ស្មើ​ភាព​ទេ​ដឹង?

21. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

សូម​មេត្តា​អាន​អត្ថបទ​ខាង​ក្រោម ហើយ​សូម​ប្រើ​ខួរ​វិភាគ​ខ្លះ​ផង (កុំ​ទុក​វា​ចោល ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឱ្យ​ប្រើ មិន​មែន​ឱ្យ​ទុក​ចោល​នោះ​ទេ!)

“ឥទ្ធិពល​នៃ​ទំនៀមទម្លាប់”

ជា​ធម្មតា អ្នក​តែង​តែ​ទទួល​ឥទ្ធិពល​នៃ​ទំនៀម​ទម្លាប់ ច្រើន​ជាង​ការ​ដែល​អ្នក​រំពឹង​គិត ប្រវេណី​គឺ​ជា​ជំនឿ ឬ ជា​ទម្លាប់​មួយ​រមែង​តែង​តែ​ស្ថិតស្ថេរ ទោះ​បី​ជា​វា​លែង​មាន​ប្រយោជន៍​អ្វី​សម្រាប់​នរណា​ម្នាក់នោះក្ដី។ មិន​សូវ​មាន​នរណា​ដែល​ឆោត​ល្ងង់ នឹង​ទទួល​ស្គាល់​ថា ខ្លួន​បាន​ទទួល​ឥទ្ធិពល​នៃ​ទំនៀមទម្លាប់​នោះ​ឡើយ។ ប៉ុន្តែ​យើង​តែង​តែ​សង្កេត​ឃើញ​ថា ក្នុង​របៀប​ធ្វើ​ការ​រក​ស៊ី រមែង​តែ​មាន​ជំនឿ និង ទម្លាប់​ដ៏​ចាស់​គំរិល​យ៉ាង​ច្រើន។ សូម្បី​ក្នុង​មជ្ឈដ្នាន​ពាណិជ្ជកម្ម និង ឧស្សាហកម្ម ក៏​យើង​នៅ​សង្កេត​ឃើញ​មាន​ជំនឿ និង ទំនៀម​ទម្លាប់​ប្រពៃណី ដែល​គួរ​ណាស់​តែ​ត្រូវ​បាន​លុប​បំបាត់​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ដែរ។ តាម​ធម្មតា យើង​គួរ​តែ​ងឿង​ឆ្ងល់​ពី​តម្លៃ​នៃ​ជំនឿ ឬ បែប​បទ​ណា​មួយ​នោះ ដែល​យើង​ទើប​ជួប​ប្រទះ​ថ្មី​ៗ។ មុន​នឹង​ជឿ យើង​គប្បីធ្វើការ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន ត្រូវ​ពិនិត្យ​មើល ថា​តើ​វា​បាន​ផ្ដល់​ប្រយោជន៍​អ្វី​មួយ​ទេ ឬ​ក៏​គ្រាន់​តែ​ជា​ទម្លាប់​មួយ​ប៉ុណ្ណោះ។ ជា​ពិសេស គឺ​កុំ​ប្រកាន់​ខ្ជាប់​នូវ​បែប​បទ​នៃ​ជំនឿ​ណា​មួយ​ដោយ​គ្រាន់​តែ​នឹក​គិត​ថា វា​បាន​កើត​មាន​តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ​នោះ។

«ទំនៀម​ទម្លាប់ បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​ក្នុង​អារម្មណ៍​យើង​គ្រប់​ៗ​រូប យើង​ក៏​ក្លាយ​ជា​ប្រពៃណី ដែល​ពិបាក​នឹង​លុប​បំបាត់​បាន។ មុន​នដឹង​ដាក់​ចិត្ត​ជឿ ចូរ​អ្នក​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ផល​ប្រយោជន៍​របស់​វា។ កុំ​ទទួល​យក ឬ ប្រកាន់​ខ្ជាប់ នូវ​បែប​បទ​ណា​មួយ ដោយ​គ្រាន់តែ​វា​បាន​កើត​មាន​តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ​នោះ​ឱ្យ​សោះ»។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ ខ្លួន​របស់​ខ្លួន
ប្រមូល​ចង​ក្រង​ដោយ អ៊ុយ សុភ័ក្ត្រ (មិន​មែន សៀង សុភ័ក្ត្រ 😀 )

បញ្ជាក់៖ នេះ​ក៏​គ្រាន់​តែ​ជា​គំនិត​របស់​អ្នកនិពន្ធ តែ​វា​ជា​គំនិត​មួយ​ដែល​គួរ​ឱ្យ​គិត… សូម​មេត្តា​យក​ខួរ​គិត​ផង!

22. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​ឆ្ងល់​ថា ហេតុ​អី​បាន​ជា​យើង​ចូលចិត្ត​ធ្វើ​អ្វី​តាម​ដែល​ធ្លាប់​ធ្វើ​មក​ហើយ? ម៉េច​ក៏​មិន​គិត​ផង​ថា វា​បែប​ណា? ចេះ​តែ​ធ្វើ​ៗ​តាម​គ្នា តាំង​ពី​កើត​ដល់​ងាប់​ទៅ​វិញ​ឬ​យ៉ាង​ម៉េច?

23. secretgirl - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ជាលើកទីមួយហើយដែលនាងខ្ញុំបានចូលមកក្នុប្លក់ហើយ
​សូមបញ្ចេញមតិនូវសំដីរបស់ប្អូនស្រីរចនា!
រចនា៖គួរកុំនិយាយដល់ខួរពេកណារចនាអើយ។
យើងគួរគិតទៅមើល៍ថាតើពួកអ្នកដែលចូលនោះមាននរណាខ្លះគេតូចជាងយើងនោះ?​ពាក្យថាគួរតែយកខួរក្បាលគិតផង​នោះ​ជាពាក្យសំដីមួយដែល
មនុស្សដែលតូចជាងគេមិនគួរនិយាយវាឡើងទេណា។
ពោលជាសំដីព្រហើនណាស់សំរាប់មនុស្សតូចនិយាយទៅកាន់មនុស្សដែលធំជាងខ្លួន!
រចនាឯងគួរតែយកខួរខ្លួនឯងគិតវិញល៍មើលថាតើវាត្រឹមត្រូវរឺអត់?
អ្នកដែលមានវត្តមាននៅក្នុងនេះមិនមែនជាអ្នកដែលតូចជាង
រចនាទេណា។
បើមានគឺមានតែស្រីភាម្នាក់គត់បើតាមខ្ញុំធ្លាប់ស្គាល់ក្មេងស្រីនោះ!
ចាំណា៎!ពាក្យថាយកខួរក្បាលគិតនោះរចនាអាចនិយាយជាមួយអ្នកដែល
មានអាយុត្របាលនឹងនាងរឺអ្នកដែលតូចជានាង។
ចូរកែចំនុចចេញទើបល្អ​​៕

24. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

សូម​អ្នក​នាង​អាថ៌កំបាំង អញ្ជើញ​ទៅ​បើក​វចនានុក្រម សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត មើល៍,​ ថា​តើ ពាក្យ​ «ខួរ» មានន័យ​ថា​ម៉េច? បើ​មិន​ឱ្យ​ប្រើ​ពាក្យ​ហ្នឹង តើ​ប្រើ​ពាក្យ​អី? ក្រែង​ពាក្យ​ហ្នឹង​ជា​ពាក្យ​ខ្មែរ​មែន​ទេ?

25. ស្រីភា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​យល់ស្របនូវសំដីរបស់បងស្រីsecretgirl​ដែល​បាន​ស្នើរសុំ
ទៅបងស្រីរចនាហើយនោះ!

26. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​រៀន​ដប់​ពីរ​ឆ្នាំ​ហើយ មិន​ធ្លាប់​ឮ​អ្នក​ណា​មក​ហាម​ខ្ញុំ​ថា​កុំ​ឱ្យ​ប្រើ​ពាក្យ​ថា «ខួរ» នេះ​ទេ! …ប្រហែល​ជា​លោក​គ្រូ អ្នក​គ្រូ​ដែល​បង្រៀន​ខ្ញុំ​សុទ្ធ​តែ​ចេះ​មិន​ដល់​ទេ​ដឹង ទើប​មិន​ប្រាប់​ខ្ញុំ​ថា ពាក្យ «ខួរ» នេះ​ប្រើ​មិន​បាន!

27. secretgirl - ថ្ងៃពុធ 28 ខែ​ឧសភា 2008

មែនពាក្យថាខួរជាពាក្យខ្មែរមែន!
តែប្អូនស្រីគួរគិតផងថាតើប្រើវានៅពេលណាទើបសម?
ខ្ញុំ​មិន​ដែល​លឺក្មេងហ៊ានប្រើពាក្យសំដីនេះជាមួយអ្នកដែលធំទេ
គឺពេលនេះម៉ោងនេះដែលបានប្រទះនឹងនេត្រារបស់ខ្ញុំ។
រចនាអាចនិយាយថាគួរបងៗគិតសាកល៍មើលទើបសមនឹង
ហើយជាក្មេងឆ្លាតនោះអីរចនា?

28. secretgirl - ថ្ងៃពុធ 28 ខែ​ឧសភា 2008

គិតមុននឹងហ៊ានហើបមាត់មកនិយាយណា!

29. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

»ខ្ញុំ​មិនដែល​មិន​គិត​មុន​នឹង​ខ្ញុំ​និយាយ​ស្អី​នោះ​ទេ, ខួរ​ខ្ញុំ​រត់​រាល់​វិនាទី មិន​ថា​ពេល​ដែល​ខ្ញុំ​ដេក…

»អញ្ចឹង​ពេល​នេះ​អ្នក​នាង​ដឹង​ហើយ, មិន​ចាំ​បាច់​ឆ្ងល់​នោះ​ទេ! នោះ​ប្រហែល​ជា​អ្នក​នាង​មិន​ធ្លាប់​ជួប​ក្មេង​ដែល​ឈ្លើយ​ដូច​ខ្ញុំ​ទេ​ដឹង? កូន​ខ្មែរ​សុទ្ធ​តែ​ល្អ, ល្អ​រហូត​មើល​នឹង​ភ្នែក​មិន​បាន!

»ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ក្មេង​ឆ្លាត​ស្អី​នោះ​ទេ! អ្វី​ដែល​ខ្ញុំ​និយាយ អ្វី​ដែល​ខ្ញុំ​ធ្វើ​សុទ្ធ​តែ​ឆ្លុះ​បង្ហាញ​ពី​លក្ខណៈ​របស់​ខ្ញុំ! ខ្ញុំ​មិន​ធ្លាប់​ខ្វល់​ថា​អ្នក​ណា​យល់​យ៉ាង​ណា​នោះ​ទេ ព្រោះ​ខ្ញុំ​ជឿ​លើ​ខ្លួន​ឯង​ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​រឿង​ត្រឹម​ត្រូវ ឬ គួរ​តែ​ត្រូវ​ធ្វើ!

»ចំពោះ​ពាក្យ​ «ខួរ» នេះ, បើ​មាន​ច្បាប់​ណា​ចេញ​ថា មិន​ឱ្យ​ក្មេង​ប្រើ​ទៅ​លើ​ចាស់ ខ្ញុំ​នឹង​ឈប់​ប្រើ​ភ្លាម, តែ​នេះ​គ្មាន​ទេ! វា​ជា​សិទ្ធិ! ខ្ញុំ​មិន​ខ្វល់​ថា​អ្នក​នាង​យល់​យ៉ាង​ណា​ទេ, បើ​ខ្ញុំ​យល់​ថា​ត្រូវ​ប្រើ ខ្ញុំ​នឹង​ប្រើ!

»អ្នក​នាង​ធ្លាប់​មើល​ប្រមុខ​រដ្ឋយើង​ទេ? ពេល​គាត់​ទៅ​ណា​ទៅ​ណី​ម្ដងៗ? ធ្លាប់​ស្ដាប់​គាត់​ទេ? ធ្លាប់​សម្គាល់​សម្ដី​គាត់​ទេ​ថា​គាត់​ប្រើ​បែប​ណា? ឋានៈ​ដល់​គាត់​ជានាយក​រដ្ឋ​មន្ត្រី សម្ដី​គាត់​នៅ​មិន​ណយ (ទោះ​បី​ជា​គាត់​ប្រើ​ជាមួយ​ព្រះ​រាជា)។ ប្រហែល​ជា​ខ្ញុំ​ឆ្លង​តាម​គាត់​ក៏​មិន​ដឹង? តែ​ប្រហែល​ជា​ទេ​ច្រើន​ជាង ព្រោះ​ខ្ញុំ​មិន​សូវ​ចូលចិត្ត​សម្ដី​គាត់… ប៉ុន្តែ​ហេតុផល​តែ​មួយ​ដែល​ខ្ញុំ​ប្រើ​ពាក្យ​នេះ គឺ​ខ្ញុំ​ចង់​ប្រើ!

30. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

*ប្រមុខ​រដ្ឋ ប្ដូរ​មក ប្រមុខ​រាជរដ្ឋាភិបាល

31. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ឬ​ក៏… ប្រហែល​ជា​មក​ពី​ខ្ញុំ​អាន​សៀវភៅ​ច្រើន​ពេក? អាន​រហូត​តែ​មើល​មិន​ឃើញ​ថា គេ​ហាម​មិន​ឱ្យ​ក្មេង​ប្រើ​ពាក្យ «ខួរ» ទៅ​លើ​ចាស់?

32. ស្រីភា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

និយាយចឹង!បាត់មុខម្ចាស់ប្លក់លែងហ៊ានមកអើតបាត់!
ទៅណាបាត់ហើយបងភាក់?
ទុកអោយគេនិយាយតែបងបាត់មាត់បាត់កឈឹង!
បងSecretgirl​ប្អូនយល់នេះជាលើកទីមួយរបស់បង
តែវាមានប្រយោជន៍ខ្លាំងណាស់សំរាប់ប្អូនចំពោះសំដីរបស់បងនោះ!

33. រង្សី, កូនរមាសតូច - ថ្ងៃពុធ 28 ខែ​ឧសភា 2008

រចនា មានចាំពាក្យខ្មែមួយឃ្លាថា ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់ ហើយមានពាក្យមួយឃ្លាទៀតដែលខ្ញុំមិនលើកមកព្រោះវាមានការប៉ះពាល់ បន្តិច។ ខ្ញុំលើកមកនិយាយនេះមិនមែនចង់ឈ្លោះជាមួយ រចនានោះតែគ្រាន់តែចង់ប្រាប់រចនាថា ការប្រើពាក្យរបស់រចនានោះគឺពិតជា មិនត្រឹមត្រូវទេ ការដែលរចនាខំយកការបកស្រាយទាំងឡាយមកការពារខ្លួន គឺជាការបកស្រាយចេញពីគោលគំនិតអសីលធម៏ ( Immoral Stand ) ។ សូមពិចារណាឡើងវិញ។

34. secretgirl - ថ្ងៃពុធ 28 ខែ​ឧសភា 2008

«សំដីសរជាតិ​ រី​ ឯ​មារយាទសរពូជ!»
ប្រហែលប្អូននៅក្មេងពេកហើយប្រហែលនោះ!
ឬមួយក៏បងធំប៉ុនហ្នឹងហើយនៅមិនទាន់ចេះទេរឺ?
ប្រហែលបងជាអ្នកខុសហើយតាមតែមើលទៅ!
កុំប្រកាន់យកគំនិតខ្លួនជាធំពេក!
«ហេតុផល​តែ​មួយ​ដែល​ខ្ញុំ​ប្រើ​ពាក្យ​នេះ គឺ​ខ្ញុំ​ចង់​ប្រើ!»
ធ្វើជាមនុស្សមិនមែនប្រកាន់យកគំនិតរឺសំដីរបស់ខ្លួនឯងពេកទេ។
សំដីធ្លោះមែន?
ឃើញគេខុសគុំត្រាប់តាមគេ។កើតមកជាមនុស្សគឺត្រូវចេះលើកយកគំនិតរបស់
អ្នកដទៃមកគិតមិនថាគេតូចរឺធំជាងខ្លននោះទេ។
សំដីអោយមានក្រែងទើបមិនទាស់ទែងចិត្តអ្នកដទៃ។
តែសំរាប់បងមិនថាអីទេ។
ចាំមើលប្អូនរចនាទៀត។

35. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ថី​មិន​ចាំ! ពាក្យ​មួយ​ឃ្លា​ទៀត​នោះ ខ្ញុំ​ក៏​ដឹង​ហើយ, ហើយ​ខ្ញុំ​ក៏​មិន​យល់​ថា អ្វី​ដែល​បង​និយាយ​ទាំង​អស់​នេះ​ជា​ការ​រក​រឿង​ចង់​ឈ្លោះ​នោះ​ដែរ, បង​មានគំនិត​ផ្ទាល់​ខ្លួន! ខ្ញុំ​គ្មាន​សិទ្ធិ ហើយ​ក៏​មិន​ធ្លាប់​គិត​មិន​ឱ្យ​បង​និយាយ​នោះដែរ!

ប្រាប់​បង​ទៅ​ចុះ! ខ្ញុំ​ខុស​គេ​បន្តិច! ខ្ញុំ​មិន​ធ្លាប់​វាយ​តម្លៃ​មនុស្ស​តាម​សម្ដី​របស់​គេ​ទេ, តែខ្ញុំ​ដឹង​ថា​មានមនុស្ស​ដទៃ​ដែល​ចូលចិត្ត​វាយ​តម្លៃ​មនុស្ស​តាមរយៈ​ពាក្យ​សម្ដី! ខ្ញុំមិនខ្វល់ថា​ហេតុ​អី​បាន​ជា​ពួក​គេ​យល់​អញ្ចឹង​នោះ​ទេ, អ្វី​ដែលខ្ញុំ​គិត និង ផ្ដោត​ទៅ​លើ គឺ​ចិត្ត​គំនិត និង ទង្វើ​របស់​គេ, មិន​មែន​សម្ដី!

មនុស្សសម្ដីអាក្រក់ មិនមែន​សុទ្ធ​តែ​អាក្រក់នោះទេ, ដូចផ្លែ​ខ្នុរ, សម្បក​ក្រៅ​គ្រើម កំពីកកំពកមិន​គួរ​ឱ្យ​ចង់មើល, តែ​សាច់​ក្នុង​លឿង​ឆ្អិន​ឆ្អៅ ផ្អែមឈ្ងុយ, ខុស​ពី​ផ្លែ​ល្វា!

មនុស្ស​ខ្ញុំ មិន​ជា​ល្អ​ប៉ុន្មានទេ (ដូច​ដែល​បង​គិត) តែ​យ៉ាង​ហោច​ណាស់, ខ្ញុំមាន​សម្ដី​​ត្រង់, មិន​ចេះ​ពុត… វា​អាច​ជា​ចំណុច​ល្អ, តែ​វា​ក៏​អាច​មិន​ល្អ សម្រាប់​មនុស្សដែល​មិន​ចូល​ចិត្ត​មនុស្ស​ត្រង់,

ខ្ញុំ​មិន​ចេះ​លុត​ក្រាប ឱនអង្គ បន្ទន់​កាយ អីទេ,​ ខ្ញុំ​មិន​ខ្លាច, កុំ​ថា​ឡើយ​អ្នក​នៅ​ទី​នេះ, ទោះ​នាយក​រដ្ឋ​មន្ត្រី​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ ឱ្យ​តែ​ធ្វើ​ខុស ថា​ឱ្យ​តែ​ចឹង, មិន​ខ្លាច​ងាប់​ទេ កុំ​ច្រឡំ!

36. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

»សម្រាប់​អ្នកនាង​អាថ៌កំបាំង៖ អ្នក​នាង​ប្រហែល​ជា​មិន​ធ្លាប់​ឮ​ទ្រឹស្ដី​នេះ​ទេ ព្រោះ​ទ្រឹស្ដី​នេះ​វា​ចេញ​ពី «ខួរ» របស់​ខ្ញុំ, “អ្វី​ដែល​អ្នក​ស្ដាប់​ឮ ត្រូវ​តែ​ស្ដាប់​ឱ្យ​បាន​ទាំង​អស់, ប៉ុន្តែ ទុក​តែ​អាណា​ដែល​យល់​ថា​គួរ​ទុក​បាន​ហើយ”។ សម្រាប់​អ្វី​ដែល​ខ្ញុំ​យក​មក វា​នឹង​ក្លាយ​ជា​របស់​ខ្ញុំ​ហើយ ព្រោះ​ខ្ញុំ​បាន​ពត់​វា​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​ចង់​បាន ដូច្នេះ អ្វី​ដែល​ខ្ញុំ​សរសេរឬ​ធ្វើ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ!

ខ្ញុំ​បាន​បញ្ជាក់​រួច​ហើយ​ថា ខ្ញុំ​មិន​បាន​យក​តម្រាប់ ឬ ធ្វើ​តាម​សម្ដេច​នោះ​ទេ តែ​វា​ជា​អ្វី​ដែល​ខ្ញុំមាន! ខ្ញុំ​ជា​ខ្ញុំ!

37. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

»ម្ដង​ទៀត, កុំ​និយាយ​ថា​ខ្ញុំ​យក​តម្រាប់​តាម​សម្ដេច​តេជោ, បើ​ខ្ញុំ​ពិត​ជា​គ្មាន​ការ​ពិចារណា ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​យក​ប្រពៃណី ឬ ជា​ទម្លាប់​មក​ប្រើ​តាម​គេ​នោះ ខ្ញុំ​ប្រហែល​ជា​មិន​យល់​ថា «ច្រត់​ព្រះ​នង្គ័ល ជា​ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល​នោះ​ទេ»

38. secretgirl - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​មិន​មែនថាប្អូនយកគំនិតរបស់អ្នកដទៃទេ។
តែនិយាយចង់អោយប្អូនគិតទេតើ!
មនុស្សគេអាចសន្និដា្ឋនថាយ៉ាងម៉េចក៏អាចតាមពាក្យសំដីដែលណាប្អូន។
តែពេលខ្លះសំដីអាចសំដែងនូវចិត្តរបស់មនុស្សណាម្នាក់ណាប្អូន!
បងយល់ស្របចំពោះពាក្យសំដីរបស់ប្អូនចំពោះមនុស្សសំដីអាក្រក់មិន
មែនសុទ្ធតែអាក្រក់នោះទេ។ហើយមួយទៀតផ្លែខ្នុរ។
ល្អពិតជាល្អណាស់!
បងដឹងហើយថាមនុស្សប្អូនជាមនុស្សដែលយកគំនិតរបស់ខ្លួនជាធំហើយមិន
មិនសូវយកចិត្តទុកដាក់ចំពោះសំដីនិយាយរបស់គេទេ។
មានការជឿជាក់លើខ្លួនខ្លាំងពេក​មិន​សូវជាគិតថាគំនិតគេនិយាយថាល្អនោះទេ។បងធ្លាប់ជួបជាច្រើនមកហើយ!
ចង់ម្ចាស់ការលើខ្លួនឯងហើយមិនចង់អោយនរណាត្រួតលើទេ!
បងដឹងថាវ័យនេះជាវ័យដែលពិបាកបំផុតសំរាប់មនុស្សគ្រប់គ្នា។
មិនមែនមានតែប្អូនទេដែលយ៉ាងនេះគឺមានច្រើនណាស់តែគេមិនដែលនិយាយដូចប្អូនទេ!

39. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​មិនទាន់​ស្គាល់​ខ្លួន​ឯង​ថា​ជា​នរណា​ឱ្យ​ពិត​ប្រាកដ​ទេ តែ​ខ្ញុំ​ដឹង​ខ្លួន​ឯង​ច្បាស់​ថា ខ្លួន​ឯង​អាច​ពឹង​លើ​ខ្លួន​ឯង​បាន, ជឿ​ជាក់​លើ​ខ្លួន​ឯង, ខ្ញុំ​ស្រឡាញ់​នូវ​អ្វី​ដែល​ខ្ញុំ​មាន នឹង​គ្មាន​វិប្បដិសារី​លើ​អ្វី​ដែល​ខ្ញុំ​ធ្វើ ព្រោះ​រាល់​ជំហាន​ដែល​ខ្ញុំ​ដើរ គ្មាន​មួយ​ណា​ដែល​ខ្ញុំ​មិន​គិត​មុន​នោះ​ទេ! ដូច​ខ្ញុំ​បាន​និយាយ​ហើយ​ថា មនុស្ស​ផ្សេង​អាច​វាយ​តម្លៃ​មនុស្ស​គ្នា​ឯង​តាម​សម្ដី តែ​មិន​មែន​ខ្ញុំ!

ខ្ញុំ​ជា​មនុស្ស​ដែល​យក​សម្ដី​ខ្លួន​ឯង​ជា​ធំ, ថ្វី​ត្បិត​ការ​និយាយ​ស្ដី​របស់​ខ្ញុំ ពេល​ខ្លះ មិន​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស​ដទៃ តែ​ខ្ញុំ​យល់​ច្បាស់​ថា យើង​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​មួយ​ផែន​ដី​នេះ​បាន​ទេ, ខ្ញុំ​មិន​អាច​ទូល​ផែនដី​តែឯង​រួច​ទេ, ហេតុ​ដូច​នេះ​ទើប​ខ្ញុំ​មិន​សូវ​ខ្វល់​ថា​អ្នក​ដទៃ​គិត​យ៉ាង​ណា​ពី​ខ្ញុំ!

ត្បិត​តែ​ខ្ញុំ​ជា​មនុស្ស​ដែល​យក​គំនិត​ខ្លួន​ឯង​ជា​ធំ តែ​ខ្ញុំ​ពុំដែល​អារ​កាត់​សម្ដី​នរណា​ម្នាក់​ថា ត្រូវ ឬ ខុស នោះ​ទេ, សិទ្ធិ​គេ​មាន, គេ​ចង់​និយាយ​ស្អី​ក៏​បាន កុំ​ឱ្យ​តែ​បំពាន​មក​លើ​ខ្ញុំ!

40. សុភ័ក្ត្រ - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ស្លាប់​ហើយ គ្រាន់​តែ​ខ្ញុំ​ចេញ​ពី​ធ្វើ​ការ​មក​ដល់​ផ្ទះ​មិន​ដល់​២​ម៉ោង​ស្រួល​បួល​ផង នាំ​គ្នា​ជជែក​គ្នា​បែក​អាចម៍​បែក​នោម​អស់​ទៅ​ហើយ។
សូម​ឈប់​ទៅ​ណ៎ា​អ្នក​ទាំង​អស់​គ្នា។ តាម​ខ្ញុំ​អាន​ខមមេនត៍​ទាំង​អស់​ឡើង​ចឹង​វិល​ខួរ (ខួរ​ទៀត​ហើយ ហេហេ…) អស់​ហើយ មើល​ទៅ​គ្មាន​នរណា​ម្នាក់​យល់​ពី​អត្ថបទ​ដែល​ខ្ញុំ​បាន​ផុសត៍​នេះ​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​បក​ស្រាយ​អ្វី​ដែរ គ្រាន់​តែ​ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា ខ្ញុំ​ស្រឡាញ់​វប្បធម៌ ជាតិ​ខ្មែរ​យើង​ពន់​ពេក​ណាស់។ ឈប់​ជជែក​គ្នា​ទៅ​ណា! បើ​ជជែក​គ្នា​ខ្លាំង​ៗ ពេក ខ្ញុំ​សូម​រក្សា​សិទ្ធិ​លប់​ចេញ​ហើយ សូម​អរគុណ!

41. រង្សី, កូនរមាសតូច - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំពិតជាស្តាយក្រោយក្នុងការយកគំនិតរបស់ខ្ញុំទៅបកស្រាយលើអត្តបទនេះ តាំងពីដំបូងមកដល់ឥឡួវ​។
មិនគួរពាក្យសំដីប៉ុន្មានមាត់ដែលខ្ញុំបាននិយាយ ជះឥទ្ធិពលដល់អ្នកដល់ម្លឹង ​។
ម្ល៉េះសមបើការរិះគុណស្ថាបនា ធ្វើអោយអ្នកទោសះដល់ម្លឹង។
កំហឹងអ្នកប៉ុនហ្នឹង ធ្វើអោយអ្នកបញ្ចេញពាក្យអសុរសវាចាបែបហ្នឹង!

មកដល់ចំនុចនេះ ខ្ញុំមិនអាចរកការបកស្រាយសមស្របណាមួយសំរាប់ពន្យល់ បានអ្នកទេ!
ចុងបញ្ចប់ តែមានពាក្យមួយឃ្លាដែលខ្ញុំសូមប្រាប់
ពិតជាគួរអោយសង្វេកមែនទែនសំរាប់សង្គមខ្មែរ!!!!

ខ្ញុំមានបិតិសោមនស្សចំពោះមិត្តទាំងអស់ដែលបានគាំទ្រនូវប្រពៃណីដ៏ផូរផង់នេះ
សូមអោយរក្សាគំនិតនេះជាដរាបរៀងទៅ!
សូមអរគុណ!

42. ស្រីភា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

បើដូច្នោះ​មែន​ប្អូន​មានតែ​សូមទោសដែលបាន​ធ្វើអោយបង
វិលក្រោយពីបានអានខមមេន៍ទាំងអស់នេះ។
តែប្អូនក៏សូមនិយាយថាគួរអោយសោកស្តាយណាស់ខ្ញុំ​ពួកបងៗសុទ្ធ
តែចង់អោយម្នាក់ៗល្អទាំងអស់គ្នាសោះតែសំដីចុងក្រោយដែលបានបន្លឺ
ឡើងនោះគេ«​បើជជែកគ្នាខ្លាំងៗពេក​ ខ្ញុំ​សូមសិទ្ធិរក្សាលុបចោលហើយ»
គួរអោយសោកស្តាយចំពោះមតិណាស់។
ជាចុងក្រោយប្អូនមានតែពាក្យមួយឃ្លាតែប៉ុនោះគឺ៖
សូមថ្លែងក៏ដូចជាសូមកោតសរសើរដល់ពួកបងៗទាំងអស់
ដែលមានចិត្តស្រលាញ់នឹងថែប្រពៃណីរបស់ខ្លួន!

43. secretgirl - ថ្ងៃពុធ 28 ខែ​ឧសភា 2008

សូមទោសម្ចាស់ប្លក់!
ជាលើកដំបូងរបស់ខ្ញុំ​ហើយដែលបានចូលរួមកែលំអរនោះ
តែបែទៅជានិយាយយ៉ាងនេះទៅវិញ។
«បើកចិត្តអោយទូលាយ!»
រចនា៖អរគុណចំពោះការឆ្លងសន្ទនានោះ។
តែក៏មានចំនុចល្អដែរហើយក៏មានចំនុចខ្វះខាតច្រើនដែរ។
យើងជាក្មេងមិនត្រូវធ្លោះសំដីដាក់គេជាបងយើងពេកទេ។
មួយវិនាទីក៏បងដែរ។(ត្រង់ហ្នឹងចូលប្អូនគិត)
គួរគិតឡើយវិញណារចនាថាសំដីរបស់អ្នកដទៃក៏អាចបង្រៀនយើងបានដែរហើយក៏ជាការល្អដែរដែលចេះយកគំនិតរបស់គេមកគិតក្នុងខួរក្បាលនោះ។
ពាក្យសំដីរបស់គេមកលើយើងគួរតែខ្វល់ហើយព្រោះវាប៉ះពាល់លើ
យើងណាប្អូន។​ខ្វល់នោះមិនមែនអោយទៅខឹងគេទេពោលគឺគិតពីចារណា
ពីទង្វើរបស់យើង។
ជាចុងក្រោយនេះខ្ញុំ​មានតែពាក្យថាសូមទោសចំពោះម្ចាស់ប្លក់នេះឯង
ដែលមានការរំខានដែលអ្នកម្ចាស់ប្លក់!
សូមទោស!!!!!!!!!!!!!!!!!!!!

44. សុភ័ក្ត្រ - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​ឃើញ​ពួក​យើង​ជជែក​គ្នា​ខ្លាំង​ៗ ខ្ញុំ​ខ្លាច​មាន​ការ​ឈ្លោះ​គ្នា​ទើប​ខ្ញុំ​ចង់​ឲ្យ​បញ្ឈប់ មិច​បាន​ជា​នាំ​គ្នា​យល់​ខុស​ពី​គំនិត​របស់​ខ្ញុំ​ទៅ​វិញ។

45. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​គឺ​ខ្ញុំ! ខ្ញុំ​នឹង​ផ្លាស់​ប្ដូរ​អ្វី​ដែល​ខ្ញុំ​យល់​ថា​វា​អាក្រក់, តែ​ត្រង់​ចំណុច​នេះ, សុំ​ទោស, មិន​អាច​ទៅ​រួច​ទេ ព្រោះ​ថា​មាន​អ្នក​ដទៃ​ជា​ច្រើន​ដែល​ចូល​ចិត្ត​ឱ្យ​ខ្ញុំ​និយាយ​ត្រង់, ហើយ​ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​ខ្ញុំ​មាន។ ប្រសិន​បើ​នេះ​ជា​ចំណុច​ខ្វះ​ខាត​មែន​នោះ ខ្ញុំ​ប្រហែល​ជា​ធ្លាប់​អាន​វា​នៅ​ម្ដុំ​ណា​ក្នុង​សៀវភៅ​ហើយ តែ​វា​គ្មាន។ ប្រសិន​បើ​អ្នក​នាង​ដឹង សូម​ជួយ​ប្រាប់​ផង។ ខ្ញុំ​មិន​ធ្លាប់​ចង់​ឈ្នះ​អ្នក​ដទៃ​ទេ អ្វី​ដែល​ខ្ញុំ​ចង់​ឈ្នះ គឺ​ខ្លួន​ឯង… អរគុណ​សម្រាប់​សម្ដី​គ្រប់​ម៉ាត់​របស់​អ្នក​នាង, សង្ឃឹម​ថា​ខ្ញុំ​នឹង​យល់ពី​បំណង​របស់​អ្នក​នាង…

អូហ៍! អ្នក​នាង​ឃើញ​ទេ? កាល​ដែល​អ្នក​នាង​ស្ដាប់​ពាក្យ​អ្នក​ដទៃ​ច្រើន វា​ធ្វើ​ឱ្យ​អ្នក​នាង​ត្រូវ​ឈឺ​ក្បាល​វិល​មុខអញ្ចឹង (ដូច​ដែលអ្នកនាង​កំពុង​ឈឺ​ក្បាល​នឹង​កូន​ខ្មែរ​យ៉ាង​ខ្ញុំ​នេះ)… ណែ​នាំ​អ្នកនាង​ឱ្យ​បិទ​ត្រចៀក​ខ្លះ​ទៅ! អ្នក​នាង​ឆ្លង​កាត់​ជីវិត​ជា​សិស្ស ប្រហែល​​ជា​នៅ​ចាំ​បាន ទ្រឹស្ដី​ក្នុង​សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី​១២​ដែល​ថា «ដាំ​ដំណាំ​ក្នុង​ចំការ​យើង​ប្រសើរ​ជាង»។ វា​អាច​មិន​ត្រូវ​ក្នុង​កាលៈទេសៈ​ខ្លះ តែ​វា​សមរម្យ​នឹង​លើក​មក​និយាយ​ក្នុង​ពេល​នេះ។

46. រចនា - ថ្ងៃពុធ 28 ខែ​ឧសភា 2008

បង​សុភ័ក្ត្រ​អង្គុយ​ឱ្យ​ស្ងៀម​ៗ​ទៅ! បើខ្លាច​វិល «ខួរ» មិន​បាច់​អាន​ទេ, ពួក​គាត់​នៅ​ចង់​និយាយ​ក៏​ឱ្យ​គាត់​និយាយ​ទៅ, ខ្ញុំ​នៅ​ចង់​ស្ដាប់​ទៀត! សង្ឃឹម​ថា​បង​មិន​ប្រកាន់!!! 😀

47. secretgirl - ថ្ងៃពុធ 28 ខែ​ឧសភា 2008

អរគុណសំរាប់ការណែនាំ!
មិន​វិល​មុខ​ទេ​ណា​ប្អូនស្រី​តូច
ចង់​កែនរណាម្នាក់រឺ​ក៏​ចង់​កែអ្វី ដែល​ខុស​នោះ គឺ ទ្រាំបន្តិចហើយ។
មិន​មែន​ថា​ភ្លាម​បានភ្លាមនោះ ទេ​ប្អូនស្រី។
មិន​អី ទេ​បង​សុភក្ត្រ័​!​ខ្ញុំ​សូម​ហៅ​ថា​បង​ចុះ​ព្រោះ មិន​លើស​គ្នា​ប៉ុន្មាន​ទេ។
មិន​មែន​ជា​ការឈ្លោះ ទេ​តែ ជាការ​ជជែក​រក​ចំនុច​ដែលមិនត្រូវ​ហើយ​
លើក​យក​មក​កែតំរូវអោយ​ល្អ​ទៅ វិញ​ទៅ មក។
អ្នកដែលយល់ថាជាការឈ្លោះគ្នានោះគឺជាមនុស្សមិនបានយល់ហេតុផល
ច្បាស់លាស់ណាបង។

រចនា៖ខ្ញុំមិនបានឈឺក្បាលនឹងប្អូនទេ។
នេះជាចរិតរបស់មនុស្សម្នាក់ៗពីធម្មជាតិ(មិនមេននរណាកែអោយគេបាន
ក្រៅពីខ្លួនយើងនោះទេ)។
អរគុណបងសុភក្រ្ត័សំរាប់ការអោយខ្ចីផ្អះសំរាកបីម៉ោងនេះណាបងប្រុស!៕

48. tha - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ការជជែកដេញដោល (debate) លើប្លក គួរធ្វើអោយចូលចិត្ត និងមានប្រយោជមែន! វាពិតជាធ្វើអោយ ខួរក្បាល (ខួរ! ទៀតហើយ) ហាត់កីឡា!

“សំដីសរជាតិ មារយាទសរត្រកូល” ឃ្លានេះត្រូវម៉ាច់តែនឹងអ្វី ដែលហ៊ុន សែនបាន និង កំពុងធ្វើ ហើយនៅប្រទេសខ្មែរទាំងមូល មានតែមួយហ្នឹង(ហ៊ុន សែន) ក្រៅពីហ្នឹង គ្រាន់បើទាំងអស់។

រចនា៖ ប្រាកដនិយម, មោះមុត, រឹងប៉ឹង ក្នុងការគិត
Secretgirls៖ អភិរក្សនិយម, គិតដល់ថានានុក្រម ក្នុងការគិត

ទាំងពីរនាក់ ពិចារណា សមហេតុផល (logic) ប្រហាក់ប្រហែលគ្នា។
តើគួរជ្រើសយក គំនិតណាមួយ រវាង ប្រាកដនិយម និង អភិរក្សនិយម។

ប្រាកដនិយម (pragmatism) ៖ សំដៅលើអ្វី ដែលពិតជាក់ស្តែង, ឬ ជឿនលឿននិយម (progressivism)
អភិរក្សនិយម (conservatism)៖ សំដៅលើអ្វី ដែលជាទំនៀមទំលាប់, ឬ រក្សានៅដដែល ទំនៀមទំលាប់

49. tha - ថ្ងៃពុធ 28 ខែ​ឧសភា 2008

អស់ទាស់ នារីខ្មែរ សម័យនេះ (រចនា, Secretgirls) ខ្លាំង (ចេះវិភាគហេតុផល) អ៊ីចឹង !
ម្ចាស់ប្លក ញ័រអត់? ឃាត់ទៀតទៅ! ប្រយ័ត្ននារីទាំងពីរ នាំគ្នាចិញ្ច្រាំ ឥតប្រណី។

50. secretgirl - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​ឧសភា 2008

ចេះហ៊ាននិយាយអញ្ចឹងទៅកើតបងTha.។​គេ​មិន​ចិញ្រ្ចាំទេបើគេជាមនុស្ស
ចេះដឹងនៅក្នុងសង្គមនោះ។
តែគ្រាន់តែចង់កែនូវអ្វីដែលខុសហើយបើខ្ញុំ​បាននិយាយខុសក៏សូម
ជួយកែផង។
មនុស្សមិនមែនភឺហ្វិចទាំងអស់នោះទេ។​វាជារឿងធម្មតាសំរាប់
ការសំរាប់ការជជែករកចំនុចដែលខុសដើម្បីកែអោយត្រូវវិញនោះ។
សូមប្រាប់មុនអត់ចេះប្រើអំពើហឹង្សាទេណាបងថា។

51. naraths - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​ឧសភា 2008

ខាំម៉ិន​ច្រើ​នម៉្លេះ!! និយាយ​រួម​កុំ​លុប​ពិធី​នេះ​អី ប្រពៃណី​ពី​ណា​ពីណី​ហើយ។ កាល​មុន​លុប​ថ្ងៃ ២៣​តុលា ថា​វា​ចេះ​ចុះ!! តែ​នេះ​ជា​បុណ្យ​ជាតិ​ណា៎… […]

52. tha - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​ឧសភា 2008

ក្នុងសម័យនេះ អ្នកប្រើប្រាស់អំពើហឹង្សា ជាមនុស្សបញ្ញាអន់ ឬ ជាមនុស្សព្រៃ (ហ៊ុន សែនជាដើម)។

“នាំគ្នាចិញ្ច្រាំ” គឺសំដៅ ចិញ្រ្ចាំ ដោយពាក្យសំដី ដែលសមហេតុផល!!!

ទោះជាយ៉ាងណា សូមគាំទ្រវោហារនារីទាំងពីរ (រចនា នៅតែជានារី មានទេពកោសល្យខ្ពស់ ក្នុងសំណេរ, secretgirl ជា នៅតែជា នារីចំណាប់ ក្នុងសំណេរ ប៉ុន្តែលាក់មុខ)។

53. ស្រីភា - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​ឧសភា 2008

បងថា!តាមខ្ញុំ​គិតទៅវាមិនមានអ្វីគួរអោយបារម្ភទេ។
ព្រោះពួកគាត់សុទ្ធជាអ្នកចេះដឹងស្រាប់ទៅហើយទេតើបង!(បងរចនា​​ and Sis. Secreggirl )
ប្រាកដមិនមានរឿងហ្នឹងកើតឡើងទេ។

54. Bandith - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​ឧសភា 2008

អូយ..ឈឺក្បាល!!!

55. សុជាតិ - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​ឧសភា 2008

ពិតជាប្រកាសដែល មានអត្ថន័យដ៏ល្អ ភ្ជាប់ដោយវិចារប្លែកៗគ្នា គួរអោយរៀនសូត្រ និង ពិចារណាមែន!

56. mykhmerheritage - ថ្ងៃអាទិត្យ 1 ខែមិថុនា 2008

ច្រត់ព្រះនង្គ័លគឺជាបុណ្យរំលឺកទៅដល់អរិយធម៍រង់រើងរបស់ខ្មែរ។បើលប់ចោលនៅ
ស្រុកខ្មែរនោះប្រកដ់ជាបាត់លែងលឺសួរហើយ។ស្រុកសៀមគេនៅតែរំលឹកបុណ្ស
នេះរហូតដល់ស្រុកខ្មែរបាត់សៀមគេមានគេថាបុណ្សនេះជាបុណ្សរបស់គេ។
ខ្មែរត្រួវតែស្រាវជ្រាវអ្វីៗដែលបាត់ហើយរំលឹកឡើងវិញដូច្នេះកួនខ្មែរជំនាន់ក្រោយ
នឹងចងចាំរហួត។
ហុនសែនគាត់មិនចួលចិត្តរាជានិយមដួច្នេះគាត់ចង់លុបចោលអ្វឹៗដែលទាក់ទង
នឹងរាជា។ជាពិសេសគាត់មិនដែលរំលឺកថ្ងៃអង្កាសហប្រជាជាតិដែលបានបង្ខំ
យួនឪចេញពឹស្រុកខ្មែរទេគាតបែរជារំលឹកថ្ងៃដែលយួនឈ្លានពានស្រុកខ្មែរទៅ
វិញ។គាត់មិនយល់ថាយួនឈ្លានពានស្រុកខ្មែរពីព្រោះខ្មែរក្រហមឈ្លានពាន
ស្រុកយួន។មិនមែនយួនមករំដោះប្រជាពលរដ្នខ្មែរទេ។យួនចួលអន្ទាក់ខ្លួនវា
ដោយខ្មែរមានសំណាងបានអង្កាសហប្រជាជាត្ទិបង្ខំវាចេញពីស្រុកខ្មែរ។

57. ដើមត្នោត មួយ - ថ្ងៃចន្ទ 2 ខែមិថុនា 2008

វិចារ 43 របស់ secretgirl ថា អោយម្ចាស់ប្លក “បើកចិត្តអោយទូលាយ” អោយអ្នកផងដាក់វិចារ
ប៉ុន្តែប្លក របស់ secretgirl ហាក់ដូចជា “មិនបើកចិត្តអោយទូលាយ” អោយអ្នកផងដាក់វិចារ ព្រោះ ដើមត្នោត មួយ បានដាក់វិចារសាមញ្ញសោះ នៅប្លក secretgirl បែរជាត្រូវរាំងខ្ទប់ (blocked) ដោយម្ចាស់ប្លក secretgirl ទៅវិញ។

តើ secretgirl ថា “អោយម្ចាស់ប្លកដទៃ បើកចិត្តអោយទូលាយ អោយអ្នកផងដាក់វិចារ” មានប្រយោជអ្វី បើ ប្លក secretgirl ខ្លួនគាត់ រាំងខ្ទប់ វិចារនានា របស់គេឯង យ៉ាងដូច្នោះ?

58. កំណត់ហេតុ​ខ្ញុំ​នៅ​ឯ​សារព័ត៌មាន​ព្រៃ​នគរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 24 ខែ​កុម្ភៈ 2009

[…] តាម​ពិត​ទៅ គ្មាន​អ្វី​ប្លែក​ទេ ដ្បិត​សារព័ត៌មាន​ព្រៃ​នគរ ក៏​ធ្លាប់​យក​អត្ថបទ​ខ្ញុំ​មួយ​ដែល​និយាយ​ពី​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល ដែល​ពេល​នោះ​មាន​ការ​ជជែក​គ្នា​បែក​ពពុះ​មាត់​ទៅ​ចុះ​ម្ដង​ដែរ​ហើយ។ […]

59. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] អាន​ប្រកាស​ទាក់ទង៖ ១. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​… ២. […]

60. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្ - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] អាន​ប្រកាស​ទាក់ទង៖ ១. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​… ២. គោអើយគោ! ៣. […]

61. គោអើយគោ! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] គោអើយគោ!រូបភាព​ពី​ព្រះ​រាជ​ព… ច្រត់​ព្រះ​នង្គ័ល ពិធី​បុ…ព្រះរាជ​ពិធី​បុណ្យ​ច… […]

62. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] ឧសភា មាន​ចំណង​ជើង​ថា ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គ… វា​ជា​ប្រភេទ​អត្ថបទ​វិភាគ […]

63. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រ - ថ្ងៃចន្ទ 22 ខែ​មីនា 2010

[…] […]

64. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]


ឆ្លើយ​តប​ទៅ​កាន់ រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្ បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: