jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​២) ថ្ងៃពុធ 28 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, ພາສາລາວ.
20 comments

អាន​ភាគ​មួយ

ព្រឹក​ឡើង​ថ្ងៃ​ច័ន្ទ ទី​១២ ឧសភា ២០០៨, ខ្ញុំ​ងើប​ខ្ទង់​ម៉ោង​៦ ព្រឹក ដេក​មិន​សូវ​ជា​លក់​សោះ​បន្ទាប់​ពី​ក្រោក​ដឹង​ខ្លួន​ម្ដង​ខ្ទង់​ម៉ោង​៤​កន្លះ​ភ្លឺ​មក។ ខំ​ស្រួត​រួត​រះ​ចេញ​មក​ក្រៅ​ដើម្បី​បាន​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក និង​អាល​បាន​ថត​រូប​ពីរ​បី​បុស្តិ៍​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ឆ្លង​ដែន​ចូល​ស្រុក​លាវ។

រៀប​ចំ​សាក់​កាដួ​អី​អស់​ហើយ ក៏​ចុះ​មក​ក្រោម​បង់​លុយ និង​ផ្ញើ​សាក់កាដូ​នៅ​ជាមួយ​ម្ចាស់​ផ្ទះ​សំណាក់។ ហើយ​ក៏​បាន​ចេញ​ទៅ​ថត​រូប​ភ្ជាប់​ជាមួយ​ទន្លេ​សេកុង និង​ស្ពាន​សេកុង​ថ្មី ដែល​ខ្ញុំ​បាន​ទៅ​ពី​យប់​បាន​ម៉ា​ប៉ុស្ត ពី​ប៉ុស្ដ​ដែរ។ ថត​មិន​ទាំង​ទាន់​បាន​អី​ស្រួល​បួល​ផង ស្រាប់​តែ​ព្រះ​ភិរុណ​លោក​បង្អុរ​ទឹក​ភ្លៀង​មក​ដូច​គេ​ចាក់​ទឹក​ពី​លើ​ផ្ទះ។ ខ្ញុំ​ឯនេះ​រត់​ឡើង​ត្រង់​ភ្លឹង ខ្លាច​ទទឹក​ខោ​អាវ​ថ្មី​ និង​ស្បែក​ជើង​ថ្មី​ផង ហាហា…។

ភ្លៀង​ធ្លាក់​ដូច​គេ​ចាក់​រក​ទៅ​ញ៉ាំ​អី​ក៏​មិន​បាន​ដែរ ម្យ៉ាង​មិន​ស្គាល់​ស្ទឹងត្រែង​ក្រុង​ច្បាស់​ផង។ ត្រូវ​បង្ខំ​ចិត្ត​ដើរ​តាម​របៀង​ផ្ទះ​ល្វែង​រក​កន្លែង​ញ៉ាំ​អី។

មក​ដល់​ផ្ទះ​មួយ​លក់​ចាប់រុយ ក៏​បាន​សាកសួរ​អ្នក​លក់​មាន​មី​កំប៉ុង​ទេ? អ្នក​លក់​គេ​ឆ្លើយ​ថា “មាន”។
ខ្ញុំ​សួរ​បន្ត “បង​មាន​ទឹក​ក្ដៅ​ទេ?”។
“ខ្ញុំ​មិន​មែន​ស៊ី​ឈ្នួល​ទឹក​ក្ដៅ​ទេ” គាត់​ឆ្លើយ​បែប​សម​សួន​ជា​ខ្មែរ​អ្នក​មាន​អម្បួរ​ដល់​ក។
លោក​អ្នក​មាន​ដឹង​ទេ ខ្ញុំ​មិន​ដឹង​ថា​គាត់​ជា​មនុស្ស​អី​ឲ្យ​ប្រាកដ​ទេ។ ខ្ញុំ​ខំ​និយាយ​យ៉ាង​សុភាព​ៗ ដល់​គាត់​តាំង​ពី​ដំបូង តែ​មិន​ដឹង​ជា​យ៉ាង​មិច​គាត់​ប្រើ​ពាក្យ​សុទ្ធ​តែ​ស៊ី​ឈ្នួល? ខ្ញុំ​មាន​បាន​ថា​គាត់​ស៊ី​ឈ្នួល​ខ្ញុំ​ឯណា? គ្រាន់​តែ​ចង់​ដឹង​ម្ល៉េះ​គាត់​មាន​ទឹក​ក្ដៅ​នៅ​ផ្ទះ​ស្រាប់​គ្រាន់​សុំ​ជួយ​ឆុង​មី​ដែល​ខ្ញុំ​នឹង​ទិញ​ពី​គាត់​តែ​ប៉ុណ្ណោះ​ឯង ដោយ​សារ​មេឃ​វា​ភ្លៀង​រក​ទៅ​ញ៉ាំ​អី​មិន​បាន។ ក្នុង​ឋានៈ​ជាមនុស្ស​ម្ល៉េះ​អី​កំណាញ់​នឹង​ទឹក​ក្ដៅ​មួយ​កូន​កំប៉ុង​មី​នេះ ឬ​បើ​គាត់​ចង់​លក់​ទឹក​ក្ដៅ​ក៏​និយាយ​មក​ក៏​បាន ព្រោះ​គាត់​ជា​អ្នក​រក​ស៊ី។ គាត់​មាន​ឬ​មិន​មាន ម្ដេច​មិន​និយាយ​ឲ្យ​ស្រួល​បួល​ទៅ? ម្ដេច​ចាំ​ប្រើ​ពាក្យ​យ៉ាង​នេះ! ខ្ញុំ​ខំ​និយាយ​ទៅ​កាន់​គាត់​បែប​នេះ​យ៉ាង​រៀបរយ តែ​ចរិក​បែប​មនុស្ស​អវិជ្ជា​របស់​គាត់​បាន​ស្រែក​មក​ដាក់​ខ្ញុំ​វិញ “មិច​ម៉ោ​ចង់​ឈ្លោះ​តាំង​ព្រឹក​អី?”។ ខ្ញុំ​ចប់​មែន​ទែន​ហើយ ខ្មែរ​យើង។

ខ្ញុំ​បាន​ដើរ​បន្ត​ទៅ​ការិយាល័យ​ក្រុមហ៊ុន​លក់​សំបុត្រ​រថយន្ត​ក្រុង​ដើម្បី​ប្រាប់​គេ​ពី​ការ​ចេញ​ដំណើរ​របស់​យើង ព្រោះ​សំបុត្រ​យើង​ទិញ​ពី​ភ្នំពេញ​ទៅ​ដល់​ព្រំដែន​លាវ ដែល​គេ​នឹង​ជូន​យើង​បន្ត​នៅ​ព្រឹក​នេះ។ តែ​លោក​អ្នក​អើយ ក្រុម​ហ៊ុន​នេះ​មើល​ទៅ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​អ្វី​ទាំង​អស់។ សូម​បញ្ជាក់​ថា​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ដី​ជាង​៦០​គីឡូម៉ែត្រ​ទៀត​ទៅ​ព្រំ​ដែន​លាវ មិន​ដោយ​តាម​រយៈ​ក្រុមហ៊ុន​នេះ​ទេ ស៊ី​លុយ និង​បោក​អតិថិជន​តែ​ម្ដង​ហើយ។ ខ្ញុំ​មិន​ណែនាំ​ឲ្យ​លោក​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ឈ្មោះ​សូរិយា​នេះ​ទៀត​ទេ។ លោក​អ្នក​ចង់​ធ្វើ​ដំណើរ​ចូល​លាវ ទិញ​សំបុត្រ​មក​ត្រឹម​ស្ទឹងត្រែង​បាន​ហើយ មាន​រថ​ឈ្នួល​នៅ​ស្ទឹងត្រែង​នេះ​ច្រើន​ណាស់​ដែល​នឹង​អាច​ជួន​យើង​ទៅ​ព្រំដែន​បាន។

ដូច​ខ្ញុំ​បាន​និយាយ​អញ្ចឹង! ភ្លៀង​ធ្លាក់​ខ្លាំង​ណាស់​ដូច​គេ​ចាក់​ទឹក។ ខ្ញុំ​ដើរ​បន្ត​មក​ក្បែរ​នោះ​ទៀត​មាន​ផ្ទះ​លក់​ចាប់រុយ​មួយ​ទៀត​ក៏​ខ្ញុំ​សួរ​ដូច​លើក​មុន​ដែរ ផ្ទះ​នេះ​ក៏​គេ​មាន​លក់​មី​កំប៉ុង​ដែរ ដល់​ខ្ញុំ​សួរ​រឿង​ទឹក​ក្ដៅ គេ​ក៏​និយាយ​ស្រួល​បួល​មក​យើង នឹង​សុំ​គិត​ថ្លៃ​ទឹក​ក្ដៅ​៥០០​រៀល ព្រោះ​គាត់​ត្រូវ​ដោត​ភ្លើង​ដាំ​ទឹក​ក្ដៅ។ បាទ បាន! មាន​ខ្ញុំ​ក៏​ដឹង​ពី​បញ្ហា​នេះ​ដែរ និយាយ​សម​សួន​បែប​នេះ​ទើប​សម​ជា​អ្នក​លក់​ដូរ​ប្រកប​ដោយ​សីលធម៌។ ថា​ហើយ គាត់​ក៏​មក​រៀប​ចំ​តុ​កៅ​អី​ឲ្យ​ខ្ញុំ​និង​ពួក​ម៉ាក​ខ្ញុំ​អង្គុយ​យ៉ាង​ស្រួល​បួល​ទៀត​ផង។ នេះ​ឯង​បាន​ជា​គេ​ថា​អ្នក​លក់​វ៉ៃ​ឆ្លាត នៅ​ពេល​ដែល​ពួក​យើង​ញ៉ាំ​ហើយ មាន​តែ​មួយ​ពីរ​កំប៉ុង​នេះ​​ឯណា មិត្រ​ខ្ញុំ​ញ៉ាំ​រហូត​ដល់​២​កំប៉ុង និង​ពួក​យើង​នាំ​គ្នា​ញ៉ាំ​ទឹក​ផ្លែ​ឈើ និង​ទិញ​របស់​របរ​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត គិត​ទៅ​អស់​ជិត​២០.០០០​រៀល​ដែរ ព្រឹក​នោះ។

ដោយ​សារ​ការ​បោក​ប្រាស់​របស់​ក្រុមហ៊ុន​សូរិយា​នេះ ព្រឹក​នោះ យើង​ក៏​បាន​ទាក់ទង​មិត្រ​ភ័ក្ដិ​ពួក​ម៉ាក​ខ្ញុំ​ដែល​គាត់​មក​ធ្វើ​ការ​នៅ​ខេត្ត​ស្ទឹងត្រែង​នេះ (យើង​បាន​ជួប​គាត់​ដោយ​ចៃដន្យ​ពី​ល្ងាច) គាត់​ក៏​បាន​យក​ឡាន​មក​ដឹក​ពួក​យើង​ទៅ​ព្រំដែន​ទាំង​ព្រះ​ភិរុណ​នៅ​បន្ត​ភ្លៀង​ឥត​ដាច់។ ថ្លៃ​សំបុត្រ​រថយន្ត​ដែល​ទិញ​បន្ត​នោះ​ត្រូវ​បោះ​ចោល​ទទេ​តែ​ម្ដង!

ពី​ស្ទឹងត្រែង​ក្រុង​ទៅ​ដល់​ព្រំដែន​មាន​ចម្ងាយ​ផ្លូវ​ជាង​៦០​គីឡូម៉ែត្រ នឹង​ត្រូវ​ឆ្លង​កាត់​ស្ពាន​សេកុង ដែល​ទើប​សង់​ថ្មី​ដោយ​ក្រុមហ៊ុន​ចិន។ ទាំង​ស្ពាន​ទាំង​ផ្លូវ​ល្អ​ស្អាត​ធេង​រហូត​ដល់​ព្រំដែន​តែ​ម្ដង។ មក​ដល់​ព្រំដែន​មេឃ​ក៏​ស្រឡះ​ល្អ ព្រះ​អាទិត្យ​ក៏​ចាប់​ផ្ដើម​បញ្ចេញ​សែង​ពេល​ខ្លះ​ក្ដៅ​ស្ទើរ​ប្រេះ​សស្បែក។ សភាព​ព្រំដែន​មើល​ទៅ​កម្សត់​ណាស់ តែ​បង​ៗ​តម្រួត​យោធា​ព្រំដែន​នៅ​ទី​នោះ​ម្នាក់​ៗ​មាន​សម្ដី​កាយ​វិការ​សាកសម​សុភាព​រៀបសារ​ជា​ខេមរជន​ណាស់។ លិខិត​ឆ្លង​ដែល​ខ្ញុំ​នឹង​ពួក​ម៉ាក (ខ្ញុំ​ធ្វើ​ដំណើរ​តែ​២​នាក់​ទេ) ត្រូវ​បាន​គាត់​ប្រថាប់​ត្រា និង​សុំ​ក្នុង​មួយ​លិខិត​ឆ្លង​ដែន​១០.០០០​រៀល។ ពួក​យើង​ព្រម​ឲ្យ​គាត់ ដោយ​ពេញ​ចិត្ត និង​និយាយ​អរគុណ​គាត់​រួច​ឡើង​ឡាន​បន្ត​ចូល​ទៅ​ខាង​លាវ​ទៀត (រថយន្ត​យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ដល់​ទឹក​ដី​លាវ​តែ​ម្ដង​ គឺ​ដល់​​វឿនខាំ។ សេវា​ទូរស័ព្ទ​របស់​កម្ពុជា​យើង​នៅ​ទី​នោះ​គឺ​ប្រើ​បាន 011, 012, 016)។

ចេញ​ពី​តូប​ព្រំដែន​ខ្មែរ​ប្រហែល​ជា​៥០​ម៉ែត្រ យើង​នឹង​បាន​ប្រទះ​បង្គល​ឡាក់​ព្រំដែន​ខណ្ឌ​ចែក​សីមា​ខ្មែរ​និង​លាវ ដ៏​ធំ​មួយ​នៅ​ខាង​ស្ដាំ​ដៃ ពួក​យើង​ក៏​បាន​ចុះ​ថត​រូប ហើយ​ធ្វើ​ដំណើរ​បន្ត​ទៀត​ប្រហែល​៥០​ម៉ែត្រ ក៏​នឹង​ទៅ​ដល់​តូប​យាម​ប្រថាប់​ត្រា​សម្រាប់​ចូល​ស្រុក​លាវ នៅ​ខាង​ស្ដាំ​ដៃ​យើង​ដែរ។ ពួក​នាយ​ទាហាន​លាវ​កំពុង​តែ​នាំ​គ្នា​ដេក អាកាស​ធាតុ​យេន​សប្បាយ (ត្រជាក់) ភ្លៀង​បន្ត​រលឹម​ៗ ម្នាក់​ៗ​ច្បាស់​ជា​បាយ​ឆ្ងាញ់ និង​ងងុយ​គេង​សម្បើម​ណាស់​មើល​ទៅ។

យើង​យក​លិខិត​ឆ្លង​ដែន​ប្រថាប់​ត្រា​ហើយ​ ទាហាន​លាវ​ទារ​លុយ​ម្នាក់​១​ដុល្លារ យើង​ក៏​ឲ្យ​១០.០០០​រៀល​ខ្មែរ​ទៅ​សម្រាប់​ពីរ​នាក់ (ថោក​ជា​ខាង​ខ្មែរ ពាក់​កណ្ដាល)។ រួច​រថយន្ត​យើង​ក៏​បន្ត​ចូល​ដី​លាវ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ពួក​យើង​បាន​មក​ដល់​វឿនខាំ​ប្រហែល​ជា​ម៉ោង​១០.៣០​នាទី​ព្រឹក ក៏​នាំ​គ្នា​ដើរ​លេង​មើល​ផ្សារ​តូច​មួយ​ក្បែរ​ដៃ​ទន្លេ​មេគង្គ។ តំបន់​នេះ​មាន​ខ្មែរ​ចូល​មក​ពេញ ភាគ​ច្រើន​អ្នក​រក​ស៊ី​ផ្នែក​ទេសចរណ៍​ដឹក​នាំ​ភ្ញៀវ​ចូល​កម្ពុជា​យើង។ តាម​ពិត​ទៅ​គម្រោង​របស់​យើង​គឺ​ចេញ​ពី​ទី​នេះ​បន្ត​ទៅប៉ាកសេ រួច​ឡើង​ទៅ​វៀងច័ន្ទន៍។ តែ​អ្វី​ដែល​ពួក​យើង​ចង់​នោះ​គឺ​ទៅ​មើល​ទឹក​ធ្លាក់​ដែល​ល្បី​ថា​ស្អាត​ក្នុង​ស្រុក​លាវ​នេះ។

រថយន្ត​ក្រុងដែល​ចេញ​ពី​វឿនខាំ​ទៅ​ប៉ាកសេ​កំណត់​ម៉ោង​១២ តែ​តាម​ពិត​ម៉ោង​ជិត​មួយ​ឯណោះ​បាន​ឡាន​មក​ដល់​នឹង​ចេញ​ទៅ​ប៉ាកសេ។ (ខ្ញុំ​សូម​ណែនាំ​លោក​អ្នក តាម​ពិត​ទឹក​ជ្រោះ​ខនផាកផេង​នៅ​មិន​ឆ្ងាយ​ពី​វឿនខាំ​ទេ។ ជិះ​ម៉ូតូ​ក៏​ដល់​ដែរ គឺ​ខ្ទង់​ប្រមាណ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ចំណាយ​ពេល​ទៅ​លេង​ទៅ​មក​ប្រហែល​៣០​ទៅ​៤៥​នាទី​ក៏​គ្រប់​គ្រាន់​ហើយ) តែ​ពួក​យើង​មិន​បាន​ដឹង​ទេ។ ពួក​យើង​ខំ​នាំ​គ្នា​បញ្ចុះ​បញ្ចូល​អ្នក​បើក​ឡាន​ក្រុង​ឲ្យ​ឈប់​តាម​ផ្លូវ​ដើម្បី​ខ្ញុំ​បាន​ចូល​ទៅ​មើល និង​ថត​រូប​ទឹក​ធ្លាក់​នេះ (ទឹក​ធ្លាក់​គឺ​នៅ​តាម​ផ្លូវ​ទៅ​ប៉ាកសេ​នេះ​ឯង)។ សំណាង​ល្អ​អ្នក​បើក​ឡាន​ក្រុង​នោះ​ចិត្ត​ក៏​ល្អ សម្ដី​ក៏​ពិរោះ សម​ជា​ជាតិ​លាវ​ណាស់។ ស្នាម​ញញឹម​នៃ​ជាតិ​លាវ​ទាំង​ប៉ុន្មាន​បាន​ទាក់​ទាញ​ខ្ញុំ​ពន់​ពេក​ណាស់។ ពួក​យើង​សាកសួរ​ព័ត៌មាន​ចប់​សព្វ​គ្រប់​ទាំង​អស់ ធ្វើ​ដំណើរ​លើក​ណាស​សម្រាប់​ខ្ញុំ​ ក៏​គឺ​មាន​តែ​ភាព​សប្បាយ​រំភើប​ណាស់ គឺ​ដំណើរ​បែប​ពនេចរ​នេះ​ឯង។ ពួក​យើង​ក៏​សម្រេច​ទិញ​សំបុត្រ​បន្ត​រហូត​ដល់​វៀងច័ន្ទន៍​តែ​ម្ដង គឺ​ប្រហែល​២៦​ដុល្លារ​អាមេរិក។ គិត​ទៅ​មិន​ថ្លៃ​ទេ។

ខ្ទង់​ជា​ម៉ោង​ប្រហែល​១ រថយន្ត​ក្រុង​ដ៏​ធំ​និង​ទំនើប​របស់​លាវ​បាន​ចេញ​ពី​តំបន់​ក្បែរ​ព្រំដែន​វឿនខាំ​ចេញ​ទៅ​ទីក្រុង​ប៉ាកសេ។ នៅ​តាម​ផ្លូវ​រថយន្ត​ក្រុង​នេះ​បាន​ឈប់​ឲ្យ​ខ្ញុំ​និង​ពួក​ម៉ាក​បាន​ចូល​ទៅ​ថត​រូប​នៅ​រមណីយដ្ឋាន​ទឹក​ជ្រោះ​ខនផាផេង​រយៈ​ពេល​ប្រមាណ​១៥​នាទី។ ថ្លៃ​សំបុត្រ​ចូល​មើល​ទឹក​ជ្រោះ​នេះ​តម្លៃ​១០.០០០​គីប (៨.០០០​គីប​ប្រហែល​១​ដុល្លារ​អាមេរិក) ហើយ​ពួក​យើង​ជួល​ម៉ូតូ​ឌុប​ជិះ​អស់​២៥.០០០​គីប​ទៀត។

មក​ដល់​ទឹក​ធ្លាក់​ពិត​ជា​អស្ចារ្យ​មែន បើ​ខ្ញុំ​មិន​បាន​ចូល​មក​ទស្សនា​ដោយ​ផ្ទាល់​ទេ ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ណាស់។ ទឹក​ធ្លាក់​នេះ​នឹង​ហូរ​ចូល​ទៅ​ស្រុក​ខ្មែរ​យើង​ម្ដុំ​ល្បាក់​ខោន។ ស្ដាយ​ណាស់​ខ្ញុំ​មាន​ពេល​តែ​១៥​នាទី​ប៉ុណ្ណោះ​សម្រាប់​ថត​រូប នាំ​គ្នា​រត់​ថត​រូប​ឡើង​ប្រញេបប្រញាប់ ដើម្បី​ត្រឡប់​មក​ឡាន​វិញ។ អស្ចារ្យ! អស្ចារ្យ!

បន្ទាប់​មក​យើង​ក៏​ធ្វើ​ដំណើរ​បន្ត​មក​ទៀត ដើម្បី​ទៅ​គោល​ដៅ​របស់​យើង​គឺ​ក្រុង​ប៉ាកសេ ខេត្ត​ចម្ប៉ាស័ក។ មក​ដល់​ប៉ាកសេ​ប្រមាណ​ជា​ម៉ោង​៤​រសៀល។ ពួក​ខ្ញុំ​ ៤​នាក់ (បាន​ជួប​ខ្មែរ​យើង​ម្នាក់​ដែល​រៀន​នៅ​វៀងច័ន្ទន៍ និង​សង្សារ​របស់​គេ​ដែល​ទើប​មក​ពី​លេង​ស្រុក​ខ្មែរ) បាន​នាំ គ្នា​ជិះ​កង់​បី​ដើម្បី​ទៅ​ផ្សារ​ទំនើប​ធំ​មួយ​របស់​ក្រុង​ប៉ាកសេ​ ដើម្បី​ញ៉ាំ​ប្រហិត និង​រួច​នាំ​គ្នា​ដើរ​លេង​ក្រុង​គេ​ម៉ា​សន្ទុះ​ដើម្បី​រង់​ចាំ​ឡាន​ក្រុង​ដែល​នឹង​ត្រូវ​ចេញ​ទៅ​វៀងច័ន្ទន៍​នៅ​ម៉ោង​៨​យប់​បន្ត​ទៀត។

អាន​ភាគ​ទី​បី

រូបភាព​មួយ​ចំនួន


ស្ពាន​សេកុង​ថ្មី​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន

ទី​នេះ​ទំនង​ជា​ទីតាំង​ចាស់​សម្រាប់​ឆ្លង​ទន្លេ​សេកុង

បាន​ភ្ជាប់​រូប​ជាមួយ​ទន្លេ និង​ស្ពាន​ថ្មី​នេះ​បាន​មួយ​ប៉ុស្ត​ហើយ ស្រាប់​តែ​មេឃ​ភ្លៀង​ធ្លាក់​ដូច​ចាក់​ទឹក

ភ្លៀង​ដូច​គេ​ចាក់​នៅ​ស្ទឹងត្រែង​ក្រុង

មី​កំប៉ុង​នេះ​ឯង​ញ៉ាំ​បណ្ដើរ​មើល​ទឹក​ភ្លៀង​ធ្លាក់​បណ្ដើរ

ស្ពាន​សេកុង ដែល​យើង​ត្រូវ​ឆ្លង​កាត់​ស្ទឹងត្រែង​ក្រុង ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន

ទៅ​ត្រុង់​ដល់​ប្រទល់​ដែន​លាវ (រូប​នេះ​ខ្ញុំ​ឆ្លៀត​រត់​មោ​ថត​ពេល​ឡាន​ឈប់ ដើរ​ទៅ​វិញ​ទៅ​មោ​ជិត​កន្លះ​គីឡូ​ដី សឹង​ដក​ចង្ការ​មាន់)

បង្គោល​សីមា​ខណ្ឌ​ចែក​ដែន​កម្ពុជ​ប្រទេស​និង​លាវ​ប្រទេស (ខ្មែរ​យើង​នៅ​ទី​នោះ​នាំ​គ្នា​និយាយ​ថា បង្គោល​នោះ​ត្រូវ​លាវ​លួច​ដក​រំកិល​ខិត​មក​ដី​ខ្មែរ​ទេ។ តាម​ពិត​ដី​ខ្មែរ​ហួស​ទៅ​មុខ​ប្រហែល​ជិត​មួយ​គីឡូម៉ែត្រ​ទៀត ដែល​ចាប់​ពី​ចន្លោះ​តូប​តម្រួត​ខ្មែរ និង​លាវ​នោះ​ត្រូវ​បាន​លាវ​ហាម​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​ថ្មី​ដែល​ខ្មែរ​យើង​ធ្វើ​នោះ​ទេ ព្រោះ​សំអាង​ថា​ដី​លាវ។ តែ​ក្រោយ​មក​តាម​រយៈ​ការ​ចរចា អាជ្ញាធរ​លាវ​ក៏​បាន​អនុញ្ញាត​ឲ្យ​សាងសង់​ផ្លូវ​នេះ​វិញ ហើយ​ឮ​ថា​លាវ​នឹង​ដក​ប៉ុស្តិ​យាម​ចូល​ដី​លាវ​មួយ​កម្រិត​ទៀត​នា​ពេល​ខាង​មុខ មិន​ដឹង​ជា​យ៉ាង​មិច​ហើយ​ទៀត ខ្ញុំ​មិន​ដឹង)

ប៉ុស្តិ​យាម​របស់​លាវ​ដែល​ត្រូវ​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន

ទោះ​បី​នេះ​ជា​ចំណុច​លាវ​ដាក់​ប៉ុស្តិ​ក៏​ដោយ​ក៏​ក្រុមហ៊ុន​ចិន​បាន​សាងសង់​ផ្លូវ​នេះ​ចូល​ក្នុង​ទឹក​ដី (មាន​ជម្លោះ មិន​ដឹង​ខ្មែរ ឬ​លាវ) ជ្រៅ​បន្ថែម​ទៀត​ភ្ជាប់​នឹង​ផ្លូវ​ចាស់​របស់​លាវ​តែ​ម្ដង។ ផ្លូវ​នេះ​ឯង​សាង​ដោយ​ក្រុមហ៊ុន​ចិន ចំណែក​ឯ​ប៉ុស្តិ​យាម​នេះ​គេ​និយាយ​ថា​លាវ និង​ដក​ខិត​ចូល​ទៅ​វិញ។

ទឹក​ធ្លាក់​ខនផាផេង ដ៏​ស្អាត​គ្មាន​អ្វី​ប្រៀប

ថត​រូប​មួយ​ទុក​អនុសាវម៉ាវ កិកិកិ…

ដាក់​ម៉ា​ប៉ុស្តិ​ទៀត​នៅ​ជ្រុង​ម៉ា​ខាង​ទៀត ទាន់​ខ្លួន​សង្ហារ ហាហាហា…

អាហារ​ដំបូង​ញ៉ាំ​នៅ​ប៉ាកសេ សុទ្ធ​តែ​ពួក​ថៃ​លក់ ព្រោះ​គេ​មាន​តាំង​ពិព័រណ៍​ថៃ​នៅ​ទី​នោះ

អគារ​សណ្ឋាគារ​ថ្មី​ដ៏​ធំ​នៅ​ប្រប​នឹង​មាត់​ទន្លេ​មេគង្គ​ក្បែរ​ស្ពាន​កាត់​ទន្លេ ក្នុង​ក្រុង​ប៉ាកសេ

ផ្លូវ​មួយ​ក្នុង​ក្រុង​ប៉ាកសេ ប្រកប​ដោយ​របៀបរៀបរយ និង​ស្អាត គ្មាន​ធុលី​ហុយ

អាន​ប្រកាស​ទាក់ទងក្រុង​ប៉ាកសេ ខេត្ត​ចម្ប៉ាស័ក

Advertisements

ពេញ​កំឡោះ​ហើយ​ខ្ញុំ ថ្ងៃពុធ 28 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
6 comments

ហ៊ឺ! គេ​ថា​ខ្ញុំ​ម៉ា​យូរ​ម៉ា​យារ​ហើយ​ទើប​ពេញ​កំឡោះ ហាហា ព្រោះ​ទើប​តែ​ដុះ​ធ្មេញ​ថ្គាម។ ល្ងាច​មិញ​នេះ​ឌុប​នាង​ពួក​ម៉ាក​ខ្ញុំ​ដើរ​លេង​ញ៉ាំ​អី​ម៉ា​សន្ទុះ​ហើយ មិន​ដឹង​ជា​យ៉ាង​មិច​ទេ ក្នុង​ក្រអូម​មាត់​ខ្ញុំ​ឈឺ​ៗ ពើត​ៗ ខ្ញុំ​សង្ស័យ​តែ​ពង​មាត់​តែ​ម្ដង ព្រោះ​ពង​មាត់​លើក​ណា​ៗ ក៏​ឈឺ​បែប​នេះ​រហូត។ សួរ​ពួក​ម៉ាក​ខ្ញុំ​ទៅ​វា​ថា​សង្ស័យ​មោ​ពី​ក្ដៅ​ក្នុង ឬ​មួយ​ម៉ោ​ពី​ស្ត្រេស​ហើយ ព្រោះ​ពេទ្យ​ធ្លាប់​ប្រាប់​វា​ចឹង។

ស្ត្រេស​ស្អី​ប៉ុន្មាន​សប្ដាហ៍​នេះ ដើរ​លេង​សប្បាយ​សឹង​ស្លាប់​បាន​អី​ស្ត្រេស​ បើ​ក្ដៅ​ក្នុង​ជឿ​ខ្លះ។ និយាយ​គ្នា​ចប់​គិត​ថា​វា​ក្ដៅ​ក្នុង​ទៅ​ចុះ។

ដេក​យប់​មិញ​ចេះ​តែ​ឈឺ​ទៅ​ៗ ជា​ពិសេស​ពេល​រៀប​ភ្លឺ​នេះ​ឯង។ ងើប​ពី​ដេក​អត់​ទ្រាំ​មិន​បាន​ទៅ​ឆ្លុះ​កញ្ចក់​វែក​រក​អា​កន្លែង​ពង​នឹង​ឲ្យ​វា​ដឹង​ដៃ​ម្ដង​មើល ម្រ៉ែ​អើយ មាន​ពង​មាត់​ឯណា កាល​ពិត​វា​ដុះ​ធ្មេញ​ចេញ​លេច​អញ្វាញ និង​ប៉ះ​បបេ​ទេ​តើហ៍​ចឹង​បាន​ជា​វា​ឈឺ​ណាស់។ 😦

ទូរស័ព្ទ​ទៅ​រក​ពួក​ម៉ាក​ខ្ញុំ​ម្នាក់​ទៀត​ដែល​អា​នោះ​ជា​ពេទ្យ​ធ្មេញ​វា​ថា​ឈឺ​ចឹង​ហើយ ពេល​ខ្លះ​អាច​ដ​ទៅ​ជា​គ្រុន និង​ក្ដៅ​ខ្លួន​ទៀត​ផង។ ហ៊ឺ! យ៉ាប់​ហើយ​ខ្ញុំ វា​ក៏​ប្រាប់​ឲ្យ​ទៅ​ទិញ​ថ្នាំ​សះ​​លេប​បំបាត់​ឈឺ​សិន​ទៅ ខ្ញុំ​ក៏​ចេញ​មក​ទិញ​ថ្នាំ​លេប​តាម​វា​ទៅ មក​ទល់​ពេល​នេះ​នៅ​តែ​ឈឺ​នឹង​បង​ប្អូន​អើយ។ បង​ប្អូន​ឯង​ដុះ​ហើយ​ឬ​នៅ។

មក​កន្លែង​ធ្វើ​ការ​និយាយ​ប្រាប់​មេ​ខ្ញុំ គាត់​ថា​ឲ្យ​ដក​ចេញ​ទៅ គាត់​ក៏​ដក​ចេញ​ដែរ តែ​អ្នក​ខ្លះ​គេ​ថា​កុំ​ដក​អី​មាន​គ្រោះ​ថ្នាក់​ណាស់។ ខ្ញុំ​ក៏​គិត​ថា​មាន​មាន​គ្រោះ​ថ្នាក់​ដែរ​ម៉ា​អា​រឿង​ធ្មេញ​នឹង ធ្លាប់​ឈឺ​ម្ដង​ហើយ​កាល​ពី​នៅ​ស្រុក​ចិន ម៉ែ​ឪ​អា​ស្បថ។ ចាំ​មើល​ទៅ​ទ្រាំ​ម៉ា​រយៈ​សិន​ទៀត​មើល៍។ ម៉ា​អា​កំពុង​ឈឺ​នេះ​ហើយ​មាន​អ្នក​ខ្លះ​មក​ផា​ឯង​ថា​ ប៉ុន​ណា​ណី​ហើយ​ទើប​ពេញ​កំឡោះ ព្រោះ​ទើប​ដុះ​ធ្មេញ​ហ្នឹង! ហាហា…

សូម​ជួយ​ណែនាំ​ផង អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ដែល​អ្នក​ដុះ​ធ្មេញ​ថ្គាម​ហ្នឹង!

Daulat Tuanku, Welcome the State Visit of ថ្ងៃពុធ 28 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
add a comment

His Majesty Al Wathiqu Billah Tuanku Mizan Zainal Abidin
Ibni Al Marhaum Sultan Mahmud Al Muktafi Billah Shah
The Yang Di-Pertuan Agong XIII of Malaysia

And

Her Majesty Tuanku Nur Zahirah
The Raja Permaisuri Agong

To The Kingdom of Cambodia
28 – 31 May 2008

%d bloggers like this: