jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ ថ្ងៃចន្ទ 12 ខែមករា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់សុភ័ក្ត្រជាទីគោរព, ឆ្នាំ២០០៨បានកន្លងទៅជាង១០ថ្ងៃហើយ អ្វីៗហាក់ដូចជាលឿនណាស់ ពេលវេលាមិនបានរង់ចាំមនុស្សយើងឡើយ ហេតុដូចនេះមនុស្សចាំបាច់ត្រូវយកពេលវេលាប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបំផុតសម្រាប់ខ្លួនគេម្នាក់ៗ។ សម្រាប់ឆ្នាំ២០០៨នេះ ចំពោះខ្លួនខ្ញុំ ដ្បិតតែមិនបានធ្វើអ្វីលេចចេញរូបរាងឲ្យប្រត្យក្ស តែឆ្នាំនេះខ្ញុំអាចរាប់បានថាជាការជោគជ័យមួយផងដែរសម្រាប់រូបខ្ញុំ រាប់តាំងពីឡើងឋានៈនៅកន្លែងធ្វើការចាស់, ប្រឡងជាប់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប់អាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យចុឡាឡុងករណ៍ ជាដើម។

ចប់ឆ្នាំ២០០៨នេះ ប្លក់នេះមានកំណើតបាន៣ឆ្នាំហើយ ឃើញថាទស្សនិកជនបានចូលមកមើលលេងក៏ឃើញថាមានចំនួនច្រើនគួរសម ឯចំនួនឃ្លីកមើលវិញ មកដល់ពេលនេះមានជាង១សែន២ម៉ឺនដងដែរ។ ឆ្នាំ២០០៨នេះមិនសូវមានការប្រកែកឈ្លោះគ្នាដូចកាលពីឆ្នាំ២០០៧នោះទេ ដោយសារទីមួយខ្ញុំ និងរួមអ្នកស្មោះសឯទៀតមួយចំនួនក្នុងពិភពប្លក់នេះប្រើប្រាស់វិធីសាស្ត្រធម៌អហិង្សា ពោលគឺប្រើប្រាស់វិធីផ្ចាញ់មារដោយមិនតបតជាមួយមារ និងជាលទ្ធផលមារឈ្លក់ទឹកមាត់តៃហោងដោយឯកឯងដោយមិនបាច់ប្រើកម្លាំង និងទីពីរខ្ញុំមិនបានអនុញ្ញាតឲ្យមានមតិច្រឡោមខាងកើតមានទេ ដើម្បីបញ្ជៀសការតឹងសសៃកដាក់គ្នារវាងអ្នកមកបង្ករឿងនៅទីនេះ ដែលមានជាហូរជាហែរ មិនដឹងថាខ្លួនអស់លោកទាំងហ្នឹងកើតមកពីរន្ធអី។

ណាស់ហើយ ខ្ញុំសូមងាកមកនិយាយពីប្រកាសសំខាន់ៗមួយចំនួនដែលខ្ញុំបានដាក់នៅទីនេះក្នុងឆ្នាំ២០០៨ ហើយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលមកទស្សនាដូចតទៅ៖

សម្រាប់ខែមករា និងកុម្ភៈ មិនសូវជាមានអត្ថបទណាមានការពិភាក្សាច្រើនទេ។ នៅខែកុម្ភៈ អត្ថបទមួយដែលមានឈ្មោះថា លោកជំទាវធំរិះគន់បទ “សុំបេះដូងមួយចំណែក” Sic ទទួលបានការវិភាគច្រើនគួរសម។ អស្ចារ្យណាស់ស្រុកខ្ញុំ អត្ថបទនៅខែមីនា បាននិយាយរៀបរាប់ពីស្ថានភាពមួយនៅឯក្រសួងការបរទេស នៅពេលដែលខ្ញុំទៅផ្ញើម៉ូតូនៅនីនោះ។

នៅខែមេសាវិញ អត្ថបទជួយទិញទង់ជាតិឲ្យខ្មែរ ត្រូវបានវិភាគច្រើនគួរសម អត្ថបទនេះនិយាយអំពីការដែលជនជាតិថៃទិញទង់ជាតិឧបត្ថម្ភដល់ខ្មែរនៅតាមជាយដែន។ សម្រាប់ខែឧសភាវិញ មានប្រកាស៣ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។ ប្រកាសទីមួយដែលធ្វើឲ្យមានការពិភាក្សាសម្បើមនោះគឺជាប្រកាសដែលខ្ញុំបានដកស្រង់ផែទីមួយដែលគូសវាសលេងៗ (តាមគាត់និយាយ) ពីស្ថានភាពឥណ្ឌូចិននាឆ្នាំ២០៥០។ អត្ថបទនេះមានឈ្មោះថា Indochina in 2050 – a fantasy ចុះថ្ងៃទី២០ ឧសភា។ អត្ថបទទីពីរដែលទទួលបានខមមេនត៍រហូតដល់ទៅ៥៧ និងថែមទាំងបានត្រូវគេយកទៅចុះនៅក្នុងទស្សនាវដ្ដីខ្មែរកម្ពុជាក្រោមផងទៀតនោះ គឺជាអត្ថបទដែលចុះនៅថ្ងៃទី២៤ ឧសភា មានចំណងជើងថា ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែលគួរលុបចោល? វាជាប្រភេទអត្ថបទវិភាគ និងតម្រូវឲ្យអ្នកអានប្រើវិចារណញ្ញាណក្នុងការអាន ទើបយល់ច្បាស់ពីអត្ថន័យពិតប្រាកដនៃអត្ថបទនេះ។ អត្ថបទជាស៊េរីដែលខ្ញុំចុះស្ដីពីដំណើរទស្សនកម្សាន្តរបស់ខ្ញុំទៅប្រទេសលាវ លើកទី២ ក៏ទទួលបានការស្វាគមន៍ច្រើនគួរសមដែរ។

មកដល់ខែមិថុនា នៅពេលដែលខ្ញុំបានដាក់ប្រកាសជាបន្តបន្ទាប់អំពីដំណើរកម្សាន្តរបស់ខ្ញុំនៅប្រទេសលាវនោះ ក៏ស្រាប់តែមានអាចម្កួតមួយណានោះមកដាក់ខមមេនត៍ជេរខ្ញុំពីរឿងថាខ្ញុំកុហក និងអួតគេថាខ្ញុំចេះភាសាថៃ ឡាវ បារាំងសេស អង់គ្លេស ឯណាឯណោះទៅវិញ នៅពេលដែលខ្ញុំមិនដឹងខ្លួនទាល់តែសោះ និងមិនដែលហាមាត់ពីរឿងភាសាអីនោះទាល់តែសោះ។ ពួកនេះមានទំនងជាក្រុមមួយដែលច្រណែនឈ្នានីសគេ មិនដឹងជាដើរជាន់ពែរស្អី មួយថ្ងៃៗគិតតែពីមកដើរសន្សំរឿងខ្មែរគ្នាឯងទៅវិញ (អត្ថបទឈ្មោះ៖ ប្លក់ខ្ញុំមានអាឆ្កួតមកតាមលង!) តែទីបំផុតបានរលាយរលត់ដោយខ្លួនឯងនៅពេលដែលខ្ញុំបកស្រាយភ័ស្តុតាងបំភ្លឺភ្នែកអ្នកផងច្បាស់លាស់បកអាក្រាតពីភាពអមនុស្សរបស់ពួកនោះ (អានអត្ថបទ៖ ភ័ស្តុតាងផ្ទួនៗវាយបំបាក់អាជាតិលាវក្លែងក្លាយ)។ អត្ថបទមួយទៀតឈ្មោះ สุดแต่ใจจะไขว่คว้า ដែលគ្រាន់តែខ្ញុំដាក់ ដោយសារវាជារឿងភាពយន្តបែបមនោសញ្ចេតនា អប់រំពីសង្គមគ្រួសារយ៉ាងមានអត្ថន័យបំផុតនោះ ត្រូវបានអ្នកទស្សនារបស់យើងថាឲ្យគួរសមដែរ។ ខ្ញុំមិនដឹងថាពួកយើងស្អប់ថៃ រហូតដល់មិនទស្សនារឿងដែលផ្ដល់គតិសោះនោះផងទេ។ នៅខែមិថុនា នេះបញ្ហាខ្មែរថៃក៏បានកើតឡើងក្ដៅគួរសម ជាពិសេសអត្ថបទមួយដែលមានឈ្មោះថា រឿងរ៉ាវកាន់តែវែងឆ្ងាយ ពួកថៃថ្លើមធំនាំគ្នាបាតុកម្មបន្ថែមរឿងទាមទារខេត្តមួយចំនួនដែលខ្លួនធ្លាប់គ្រប់គ្រងពីខ្មែរវិញ

នៅដើមខែកក្កដា នោះប្រាសាទព្រះវិហារជាទីសក្ការៈរបស់ខ្មែរ ត្រូវបានចុះជាបិតិកភណ្ឌពិភពលោក បើទោះបីជាមានការខិតខំឈ្នានីសរារាំងពីសំណាក់ប្រទេសថៃក៏ដោយ។ ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃជាតិខ្មែរនេះ ខ្ញុំក៏បានដាក់ប្រកាសមួយចំនួនជាអត្ថបទវិភាគ ហើយក៏ទទួលបានការពេញនិយមពីអ្នកអានយើងសម្បើមណាស់ដែរ។ អត្ថបទទាំងនោះរួមមាន៖ ទេវតាបរាមុខប្រទេសថៃ, ប្រជាជាតិខ្មែរអបអរសាទរប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក, នាយកហ៊ុន សែន ឡើងក្រេឌីតពីប្រាសាទព្រះវិហារ, បរាជ័យអ្វីដែលគេហៅថាកិច្ចចរចាខ្មែរ-ថៃ ប្រកាសទាំងនោះសុទ្ធតែឧទ្ទិសចំពោះប្រាសាទព្រះវិហារ។

ពួកអម្បូរចង្រៃជួបគ្នានៅសូរិយា គឺជាប្រកាសដែលបានដាក់នៅខែសីហា។ ពាក្យអម្បូរចង្រៃនេះត្រូវបានពួកម្សៀមួយចំនួនដាក់ងារដល់ខ្ញុំ និងអ្នកស្មោះសមួយចំនួនទៀតនៅក្នុងពិភពប្លក់ដោយពួកយើងឥតដឹងខ្យល់អ្វីទាំងអស់ ក្រៅពីស្មោះស្ម័គ្រនឹងជាតិខ្លួន។

អត្ថបទនៅខែកញ្ញា ហ៊ុន សែន ត្រូវបានរើសជាថ្មីជានាយកស្រុកខ្មែរ គឺជាអត្ថបទដែលទទួលបានការឆ្លងឆ្លើយគ្នាដ៏សម្បើមពីសំណាក់មិត្រអ្នកអានយើង ទាក់ទងនឹងករណីសម្ដេចនាយករដ្ឋមន្ត្រីខ្មែរ ដែលទើបទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជាថ្មី បន្ទាប់ពីគណបក្សរបស់លោកបានឈ្នះឆ្នោតកាលពីខែកក្កដា មកនោះ។ អត្ថបទ ទីតាំងមួយដែលមិនគួរសាងសង់ ក៏ទទួលបានការពិភាក្សាណាស់ដែរ។ អត្ថបទនេះរិះគន់អជ្ញាធរ ដែលបានសាងសង់អគារបញ្ជ្រាសទិសមួយនៅក្នុងក្រុងភ្នំពេញ។ នៅចុងខែនេះដែរ ខ្ញុំក៏បានធ្វើដំណើរមករស់នៅទីក្រុងបាងកក ប្រទេសថៃ។

នៅខែតុលា ប្រកាសបែបនយោបាយចំនួនពីរត្រូវបានពិភាក្សានោះគឺ៖ អ៊ុនតាក់ អត់បានការ និងភាពឆ្លាតវ៉ៃនៃជាតិស្យាម។ អត្ថបទសង្គម អនិច្ចាកម្ពុជរដ្ឋ ទទួលបានខមមេនត៍រហូតដល់ទៅ៣៥។

នៅចុងឆ្នាំ២០០៨នេះវិញ អត្ថបទ តើឥណ្ឌាពិតជាអ្នកផ្ដល់កំណើតដល់ខ្មែរមែនឬ? បានទទួលការវិភាគវិចារសម្បើមណាស់ដែរ រួមជាមួយអត្ថបទ តើខ្មែរគួរហៅប្រទេសភូមា យ៉ាងដូចម្ដេច? នៅពេលដែលខ្ញុំខិតខំណែនាំហ្វុនត៍ខ្មែរប្រភេទលំនាំអក្សរភូមា និងទេវនាគរីនោះ បានត្រឹមធ្វើឲ្យពួកច្រណែនឈ្នានីសមួយចំនួន មិនដឹងជាវាឡប់ស្អីវា មកផុសត៍ខមមេនត៍ជេរខ្ញុំពីរឿងបង្កើតហ្វុនត៍នេះទៅវិញ នៅពេលដែលខ្ញុំខំចំណាយពេលដើម្បីធ្វើឲ្យហ្វុនត៍អក្សរខ្មែរសម្បូរបែបឡើងសម្រាប់អ្នករចនានោះ តែដើម្បីកុំឲ្យវែងឆ្ងាយ និងមិនចង់ឲ្យមានជម្លោះគ្នានោះ ខ្ញុំក៏បានលុបចោលខមមេនត៍នោះអស់ហើយ។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ សម្រាប់ឆ្នាំ២០០៨នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________
អានផងដែរ
១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨
២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៦ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)

Advertisements

មតិ»

1. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០០៨ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 12 ខែមករា 2009

[…] ________________________________________________ ប្រកាស​ទាក់ទង៖ ១. សរុប​អ្នក​ទស្សនា​ប្រចាំ​ខែ​របស់​ប្លក់​សុភ័ក្ត្រ ២. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក… […]

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 12 ខែមករា 2009

[…] ___________________________________________ អាន​ផង​ដែរ​អំពី៖ ១. សរុប​អ្នក​ទស្សនា​ប្រចាំ​ខែ​របស់​ប្លក់​សុភ័ក្ត្រ ២. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក… […]

3. C*H*A*N*R*O*E*U*N - ថ្ងៃចន្ទ 12 ខែមករា 2009

និយាយអញ្ចឹងខ្ញុំមានសំណូមពរមួយ៖ គឺសូមអោយបងប្អូនយើងជួយសរសេរ អក្សរ​ខ្មែរអោយបានត្រឹមត្រូវ ទាំងអក្ខរាវិរុទ្ធ ការប្រើប្រាស់ពាក្យពេចន៍ ការបកប្រែ និង​ការបកប្រែតាមសំលេងអាន។ ឧទាហរណ៍ “ផារ៍ធី” ដែលបកប្រែតាមសំលេង​អានពីភាសាអង់គ្លេស “party”​, ពាក្យ ខមមេនត៍​ (comment),។ តាមពិតពាក្យ ទាំង​នេះ​សុទ្ធតែមានបកប្រែនៅក្នុងភាសាខ្មែរយើង ហេតុនេះយើងមិនចាំបាច់ នាំគ្នាបកប្រែ​តាមការអាន ឫសូរសំលេងឡើយ។ ចំពោះអ្នកដែលសរសេរ​ខុស​អក្ខរាវិរុទ្ធគួរតែឧស្សាហ៏មើលវចនានុក្រម។ ជាការងាយស្រួលណាស់ដែលឥឡូវ វចនានុក្រមខ្មែរត្រូវបានគេបង្កើតជាអេឡិចត្រូនិច (ប្រសិនបើមិនទាន់មានអាច ដោនឡូតពីប្លក់របស់ខ្ញុំ)​។ ខ្ញុំខ្លួនឯងមើលវាមិនចេះតិច​ដងទេក្នុងមួយថ្ងៃៗ។

បងប្អូនខ្លះប្រហែលជាគិតថាវាជាការចំណាយពេលឥតប្រយោជន៍ក្នុងការ សរសេរអត្ថបទមួយនៅលើប្លក់របស់ខ្លួន ឬបញ្ចេញមតិនៅក្នុងប្លក់របស់នរណា​ម្នាក់ដោយត្រូវយកចិត្តទុកដាក់ពីសុក្រឹត្យភាពនៃសំណេររបស់ខ្លួន។ ប៉ុន្តែអ្នក​ ដឹងទេថាមានមនុស្សប៉ុន្មាននាក់ដែលនឹងអានអត្ថបទរបស់យើង ថាមិន​ត្រូវកូន​ចៅរបស់យើងអាចនឹងអានវាទៀតផង។ តើយើងគួរបន្សល់កំហុសណា​មួយទុក​អោយអ្នកដទៃ ឬមនុស្សជំនាន់ក្រោយដែរឬទេ? អ្នកច្បាស់ជាឆ្លើយថា “ទេ” ហើយ។ ហេតុនេះគួរតែធ្វើជាគំរូល្អនៅក្នុងសង្គម និងសំរាប់អ្នកជំនាន់ក្រោយ។​

ប្រហែលជាបងប្អូនយើងសរសេរបែបនេះ ឬតាមភាសានិយាយដើម្បីជាស្ទីល​របស់ខ្លួន ឬដើម្បីទាក់ទាញអារម្មណ៍របស់អ្នកអាន ប៉ុន្តែការលេងសើចមួយ​ចំនួនមិនល្អឡើយ។ ទំលាប់មិនល្អយូរៗទៅនឹងក្លាយជាវប្បធម៌បុគ្គល រហូតដល់ វប្បធម៌សង្គមដែលពិបាក​នឹងកែ ព្រោះថាមានមនុស្សជាច្រើនចូលមើលប្លក់​របស់យើង។​ ហេតុនេះបើជ្រុលជាផ្សព្វផ្សាយហើយគួរតែធ្វើអោយបានកាន់តែ សុក្រឹត្យ។ តាមពិតមនុស្សយើងមិនមែនជាភាវះដែលល្អឥតខ្ចោះនោះឡើយ ប៉ុន្តែយើងត្រូវព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបានអោយល្អឥតខ្ចោះ។​​ បងប្អូន ទាំងអស់គ្នាសុទ្ធតែអ្នកមានចិត្តក្នុងការស្រលាញ់ វប្បធម៌និងជាតិយើង ​​​​តែត្រូវ​ចងចាំថាការស្រលាញ់គឺឆ្លុះបញ្ចាំងតាមរយះទង្វើរបស់យើង ហើយការផ្លាស់ប្តូរ ក៏ចាប់ផ្តើមពីខ្លួនយើងដែរ។​

សុំទោសយោបល់នេះដូចជាវែងបន្តិច។ ​ សូមជូនពរអោយជួបតែសេចក្តីសុខ សប្បាយ!

4. សុភ័ក្ត្រ - ថ្ងៃចន្ទ 12 ខែមករា 2009

សូម​អរគុណ C*H*A*N*R*O*E*U*N ចំពោះ​មតិ​ដ៏​ក្បោះក្បាយ! ខ្ញុំ​មាន​ការ​រីករាយ​ណាស់​ដោយ​ឃើញ C*H*A*N*R*O*E*U*N ក៏​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ភាសា​ជាតិ​ដូច​រូប​ខ្ញុំ​ដែរ! ខ្ញុំ​នឹង​ព្យាយាម​អនុវត្ត​តាម​មតិ​ដ៏​មាន​សារ​ប្រយោជន៍​របស់ C*H*A*N*R*O*E*U*N ។ C*H*A*N*R*O*E*U*N ហ្អា! តាម​រយៈ​មតិ​របស់ C*H*A*N*R*O*E*U*N ខាង​លើ​នេះ ខ្ញុំ​ឃើញ C*H*A*N*R*O*E*U*N ​សរសេរ​ខុស​ពី​វចនានុក្រម​ច្រើន​ក្រែល​ណាស់ ដូច​ជា​ទី​មួយ ពាក្យ “អោយ” (គ្មាន​ទេ​ក្នុង​វចនានុក្រម) ព្រម​ទាំង​ពាក្យ​ទំនាញ​សូរ និង​ព្យាង្គ​រាយ​ទាំង​ប៉ុន្មាន​ទៀត​ដែល C*H*A*N*R*O*E*U*N បាន​សរសេរ។ 😀 សូម​អរគុណ ម្ដង​ទៀត!

5. រដ្ឋ - ថ្ងៃចន្ទ 12 ខែមករា 2009

ខ្ញុំ​ក៏​ដឹង​ថា​ក្នុង​ចំណោម​នោះ បង​ចាន់រឿន (គួរ​ហៅ​ថា​លោក​គ្រូ តែ​ហៅ​បង​ចុះ​ដើម្បី​ឲ្យ​ស្និទ្ធ​ជាង) គាត់​ក៏​ចង់​ដៀម​ដាម​ដល់​ខ្ញុំ​ដែរ ព្រោះ​គាត់​ធ្លាប់​​បញ្ចេញ​មតិ​នៅ blog (ខ្ញុំ​មិន​សូវ​ហ៊ាន​ប្រើ​ពាក្យ “ប្លក់” ទេ គ្រាន់​យូរៗ​ប្រើ​តាម​គេ​ម្ដង! ប្រហែល​វៃយាករណ៍​ខ្មែរ​ពិបាក​រក​ក្បួន​ដើម្បី​ប្រកប ពាក្យ​ “ប្លក់” ឲ្យ​ចេញ​សំឡេង “-‘blog-“​ ទេ​ដឹង) របស់​ខ្ញុំ ពី​ការ​ប្រើ​ភាសា​និយាយ​មក​សរសេរ​ផ្សព្វ​ផ្សាយ នេះ​ជា​គំនិត​ល្អ​ដែល​ខ្ញុំ​ចង់​បាន និង​ចង់​ឲ្យ​គេ​អនុវត្ត​តាម​កាល​គ្រា​មុន​នោះ ។

តែ​គ្រាន់​ចង់​និយាយ​ថា​កន្លង​ក្រោយ​ៗ​មក ខ្ញុំ​កែ​មែន ពី​បញ្ហា​ប្រើ​ភាសា​និយាយ​ក្នុង​ប្រកាស ព្រោះ​វា​មិន​ល្អ តែ​ខ្ញុំ​នៅ​តែ​ប្រើ​ក្នុង​ពេល​ដាក់​មតិ​នានា ។ ក៏​សូម​អរគុណ​បង​ដែរ ដែល​ខំ​ព្យាយាម​ផ្ដល់​មតិ​ល្អ​ៗ​ក្នុង​ការ​ដាស់​តឿន​ដល់​ប្អូន​ៗ ដោយ​ហេតុ​បង​មើល​ទៅ​ដូច​ជា​ចាស់​ទុំ​ជាង​គេ​ផង ។

ការ​ពិត​ទៅ​ខ្ញុំ​ចង់​ប្រាប់​ថា មតិ​របស់​បង​ខាង​លើ​មាន​ពាក្យ​ខុស​ច្រើន​គួរ​សម (មើល​មួយ​ប្រាវ នឹង​ឃើញ​ពុំ​ខាន)! តែ​ខ្ញុំ​មិន​ទម្លាប់​ស្ដី​ឲ្យ​គេ​រឿង​សរសេរ​ខុស​ទេ តាំង​ពី​ខ្ញុំ​បើក​ចិត្ត​ទូលាយ ។ ណាមួយ​មិន​ចង់​ឲ្យ​គេ​ថា ខ្ញុំ​មាត់​ដាច អ៊ីចេះអ៊ីចុះ​ផង ឬ​ចេះ​ដឹង​ជាង​គេ​ជាង​ឯង​ ។ បើ​ឲ្យ​ខ្ញុំ​ទៅ​ចង្អុល​ប្រាប់​គេ គ្រប់​គ្នា​ថា​អ្នក​ឯង​ខុស​នេះ អ្នក​ឯង​ខុស​នោះ មិន​ដឹង​ជា​ប៉ុន្មាន​សិប​នាក់​ទេ (និយា​យ​តែ​ក្នុង​ blog) អ៊ីចឹង​ទេ អ្វី​ដែល​ធ្វើ​បាន គឺ​ខ្ញុំ​ព្យាយាម​មិន​ឲ្យ​សរសេរ​ខុស​ទៀត​ឡើយ ក្នុង​សំណេរ​របស់​ខ្ញុំ…. ពេល​គេ​អាន គេ​អាច​ពិចារណា​ខ្លួន​ឯង​ចុះ ! ទោះ​ខ្ញុំ​មាន​កំហុស​ខ្លះ ក៏​ខ្ញុំ​បាន​ព្យាយាម​កាត់​បន្ថយ​បាន​ភាគ​ធំ​រួច​ហើយ ។

មតិ​ខ្ញុំ​បាទ​សំយោគ​ប៉ុននេះ ដោយ​ពុំ​ប្រមាថ​អ្នក​ផង​ម្នាក់​ណា​ឡើយ! ច្នេះ​ទេ​សូម​អរគុណ​ទាំង​អស់​គ្នា និង​សូម​ជួយ​រក្សា​អក្សរ​សាស្ត្រ​ខ្មែរ​យើង តាម​ការ​គួរ​ផង​ទាន ។

6. Original Lab - ថ្ងៃចន្ទ 12 ខែមករា 2009

ដំបូងសូមជួយអបអរសាទដែលទំព័រកំណត់ហេតុរបស់លោក សុភ័ក្ត្រ ទទួល​បាន​​នូវការពេញនិយមដ៏ច្រើនបែបនេះ ។
ខ្ញុំមិនមែនជាអ្នកដែលឧស្សាហ៍សរសេរវិចារ​លើទំព័ររបស់លោកទេ ប៉ុន្តែចូល​ចិត្ត​អានម្នាក់របស់ទំព័រនេះ ។ ខ្ញុំយល់ស្របតាមអ្វីដែលបង C*H*A*N*R*O*E*U*N បានមានវិចារខាង​លើ ព្រោះដោយសារភាសារខ្មែរ​នៅមានកំរិត (ហេតុនេះទើបទំព័រខ្ញុំមិនសរសេរជាភាសាខ្មែរ [ ^_^ ; ] ) ពេលខ្លះត្រូវចំ​ណាយពេលបន្តិចដើម្បីស្វែងយល់នូវអត្ថន័យនៃពាក្យដែល​សរសេរ​ក្នុងទំព័រលោក ដូចជាពាក្យដែលបកប្រែសំលេពីភាសា អង់គេ្លស រឺ​ភាសាសៀម ។ ចំពោះខ្ញុំ ទំព័រដែលសរសេរជាភាសាខ្មែរមិនត្រឹម តែអាច​អោយ​​យើងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែវាក៏ជាទីដែល​អាច​អោយខ្ញុំអាចរៀនបន្ថែមនូវអក្សរខ្មែរដែលមិនបានរៀនជាយូរមកហើយ ។
ចំពោះការកែច្នៃហ្វុនត៍​ខ្មែរ​ប្រភេទ​លំនាំ​អក្សរ​ភូមា និង​ទេវនាគរី​ ខ្ញុំយល់ថាវាជា​ការច្នៃប្រឌិតមួយដ៏ល្អ(ទោះបីជាហ្វុនត៍​ខ្មែរ​ប្រភេទ​លំនាំ​ទេវនាគរី​ពិបាកអាចក៏​ដោយ) ហើយគួរតែបន្តការកែច្នៃនេះតទៅទៀត ប៉ុន្តែក៏គួរកុំភេ្លចរក្សានូវ​អត្តសញ្ញាតិ​របស់ជាតិយើងផង​​ ។

7. Chanroeun Pa - ថ្ងៃចន្ទ 12 ខែមករា 2009

@អរគុណសុភ័ក្រ្ត។ តាមពិតដូចខ្ញុំបានបញ្ជា​​​ក់ហើយថាពេលខ្លះ ឬក៏ពេលដែលខ្ញុំ​កំពុងសរសេរនេះក៏បង្កើតកំហុសដោយអចេតនាដែរ។ មនុស្សម្នាក់ៗសុទ្ធតែមាន​កំហុសតែយើងត្រូវរៀនកែវាទើបធ្វើអោយជីវិតរបស់យើងប្រសើរ។ លាក់បាំងអី ភាគច្រើនខ្ញុំនៅតែសរសេរពាក្យ “អោយ”​ ជាព្យាង្គរាយ។ នេះប្រហែលជា​ខ្ញុំបាន​រៀនពីគ្រូដែលនិយមសរសេរបែបនេះតាំងពីតូចមក។ នេះជាអ្វីដែលខ្ញុំហៅថា​មនុស្សខ្មែររមែងមើលគំរូគ្នា។​ មានមនុស្សច្រើនណាស់នៅជុំវិញខ្លួនយើងដែល នឹងអាចយកយើងធ្វើជាគំរូ។​ ខ្ញុំខ្លួនឯងនឹងខំកែដែរ។​​ ខ្ញុំតែងតែពេញចិត្តចំពោះការ រិះគន់ក្នុងន័យស្ថាបនាព្រោះវាការវិធីដែលអាចធ្វើអោយខ្ញុំស្គាល់ខ្លួនឯង​ និង​អភិវឌ្ឍខ្លួនបន្តអោយកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

@អរគុណណារដ្ឋ។ ប្អូនអាចហៅខ្ញុំថាម៉េចក៏បានដែរ។ ខ្ញុំក៏ជាកូនខ្មែរម្នាក់ដែល​បាន​កើត​ក្រោយសម័យប៉ុលពត ហើយក៏បាននឹងកំពុងភ្លក់រសជាតិនៃវិបត្តិសង្គម​ក្រោយសង្គ្រាមដូចអ្នកទាំងអស់គ្នាដែរ។​ ភរិយារបស់ខ្ញុំច្រើនកំប្លែងជាមួយខ្ញុំថា “ប្តីខ្ញុំបើមើលពីក្រោយគេនឹងហៅថាគ្រូតា តែបើមើលពីមុខកាលណាគេនឹងហៅ​បង”។ តើដឹងថាមូលហេតុអ្វីទេ? គឺដោយសារតែសក់ខ្ញុំស្កូវមុនអាយុ។ ពេលទៅ​ស្រុកខ្មែរវិញគិតទៅហាងប៉ូលីនឹងគេម្តង ប៉ុន្តែមិនមែនស្ទីលចាស់ឬក្មេងស្ទាវទេ។

@ខ្ញុំតែងតែសប្បាយចិត្តពេលចូលមើលប្លក់របស់ប្អូនបឿន, ណារដ្ឋ, សុភ័ក្រ្ត និងប្លក់របស់បងប្អូនខ្មែរយើងដទៃទៀត។ អ្នកទាំងអស់គ្នាសុទ្ធតែបាននាំយកនូវ រឿង និងលើកយកបញ្ហាដែលគួរអោយចាប់អារម្មណ៍មកផ្សព្វផ្សាយនិងចែក​រំលែកដល់អ្នកអានដទៃទៀត​អោយជួយគិត និងចាប់អារម្មណ៍។ ខ្ញុំជឿជាក់ថា​ទង្វើល្អ​របស់យើងទាំងអស់គ្នាទោះតិចក្តី ច្រើនក្តីនឹងក្លាយជាកំលាំងចលករមួយ​ដើម្បីលើកកំពស់ការអប់រំ ការគិត​ពិចារណា ការបញ្ចេញមតិ និងការឆ្លុះបញ្ជាំងពី​បញ្ហា​ជីវិតដែលយើងកំពុងតែជួបប្រទះប្រចាំថ្ងៃដើម្បីធ្វើអោយជីវិតកាន់តែប្រពៃ​ទាំង​អស់គ្នា។

សូមអភ័យទោសប្រសិនបើសំដីខ្ញុំត្រង់ចំណុចណាមួយមិនគួរគប្បី ឬប៉ះពាល់ដល់ បងប្អូនយើងណាម្នាក់ដោយអចេតនា។ ខ្ញុំមានមោទនភាពដែលបានស្គាល់អ្នក ទាំងអស់គ្នាតាមប្លក់ ហើយសង្ឃឹមថានឹងជួបគ្នានៅថ្ងៃណាមួយ។​​

សូមមេត្តានាំគ្នាបន្តវប្បធម៌នៃការចែករំលែក ការយកចិត្តទុកដាក់ ស្រលាញ់​រាប់​អាន​គ្នាជាភាតរះ និងការសន្ធនាយោគយល់គ្នា (dialogue) ជាងជាង​ការជជែក​យកតែឈ្នះនិងហឹង្សា។

សូមជូនពរអោយអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខនិងសុភមង្គល។

ច័ន្ទរឿន

8. វីរិយា - ថ្ងៃចន្ទ 12 ខែមករា 2009

ឧស្សាហ៍​ម៉្លេះលោក​ភាក់ ខ្ញុំ​វិញ​ខ្ជិល​បំផុត​អាសរុប​សង្ខេប​នេះ !!!​ចូល​ចិត្ត​​ពេញ​ៗ ធំ​ ​ៗ វែងៗ ហាហាហា ខ្លិល​អាន​ឡើង​វិញ​ហ្នឹង​ណា ហើយ​មិន​ចាំ​បាន​អស់​ផង​ថា​មាន​រឿង​អី​កើត​ឡើង​ខ្លះ!

9. super - ថ្ងៃចន្ទ 12 ខែមករា 2009

ខ្ញុំក៏គិតដូចបងចន្ទរើនចឹងដែរ តែផ្ទុយទៅវិញ ទាំងខ្ញុំទាំងគេគឺគិតថាការសរសេរនឹងគឺមិនប្រើប្រាស់ជាកាទូតអីទេ ចឹងហើយចេះតែខ្ជីខ្ជាចឹងទៅ ហើយវានឹងខ្លាយទៅជាទំលាប់អាក្រក់។

បើនិយាយពីការសរសេរខ្ញុំវិញគឺគ្មាសណ្តាប់ធ្នាប់ទេ ខុសគ្មានពាក្យថ្លែង។ ចំណែកឯការប្រើពាក្យវិញ គឺខ្ញុំចូលចិត្តប្រើភាសារនិយាយមកសរសេរ ដើម្បីជាការកំផ្លែង ឬ ក៏ចំណាប់អារម្មណ៏ក៏ថាបាន វាមានអារម្មណ៏ថាដូចជាយើងកំពុងតែជជែកគ្នាចឹងដែរ។

ពេលដែលលឺបងចន្ទរើននិយាយចឹង ធ្វើអោយខ្ញុំងាកមកចាប់អារម្មណ៏សំណេរខ្ញុំដែរ ខ្ញុំនឹងព្យាយាមកែរហើយចឹង។ តែអារឿងប្រើភាសារនិយាយមកសរសេរ ដូចមិនចង់កែសោះ 😀 : ។

10. អគ្គលីបុត្រ - ថ្ងៃអង្គារ 13 ខែមករា 2009

សរសេរ​បានទាំង​ពីរ​ហ្នឹង! តាម​កាលៈទេសៈទៅ ត្រូវ​ផ្លូវការ ៗ ត្រូវ​ភាសានិយាយ ៗ

11. ទឹម បឿន - ថ្ងៃអង្គារ 13 ខែមករា 2009

សុភ័ក្ត្រ​សង្ខេប​អ៊‍ីចឹង ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​ព្រឹត្តិការណ៍​ទាំង​នោះ​ឡើង​វិញ ។ ជូនពរ​ឲ្យ​ជោគជ័យ​ជា​ដរាប…

​អក្ខរាវិរុទ្ធ បើ​អាច​ប្រយ័ត្ន​គ្រប់ពេល​ដែល​សរសេរ យូរៗ​នឹង​ល្អ​ត្រឹមត្រូវ​មិន​ខាន, ប៉ុន្តែ​លុះ​ណា​តែ​ឧស្សាហ៍​សរសេរ​ផង​ដែរ ។

12. 4cambodia - ថ្ងៃអង្គារ 13 ខែមករា 2009

ឧស្សាហ៍មែន សុភក្ត្រ! សុំសរសើរហើយ បើមានពេលច្រើនសរសេរទៅ វាមិនអត់ប្រយោជន៍ឯណា យ៉ាងហោចណាស់ក៏ជាពត៌មានដែរ។

13. engsamnang - ថ្ងៃអង្គារ 13 ខែមករា 2009

សូមអោយបងសុភ្រក្ត័ខំប្រឹងបែ្រងសរសេរតទៅទៀតសំរាប់អោយ​អ្នកទាំងអស់​គា្នបានអានពត៏មានដែលបងបានសរសេ។ជាចុងក្រោយ​រីករាយឆាំ្នថ្នី​​(រាងយួរជាងគេ)​និងបុណ្យចូលឆាំ្នចិនខាងមុខនេះ។

14. សុភ័ក្ត្រ - ថ្ងៃអង្គារ 13 ខែមករា 2009

តប​ទៅ​ខមមេនត៍​លោក​លេខ​៨៖ ហ៊ឺយ! មិន​ដឹង​ជា​រណា​ទេ កាល​ពី​ថ្ងៃ​ទី​១៧ មករា ២០០៨ ជំទាល​ថា

“ហាហា, រៀប​រាប់​បាន​ល្អ​មែន, ខ្ញុំ​សន្យា​ថា​នឹង​សរុប​ព្រឹត្តិការណ៍​ដែរ តែ​រវល់​មហា​សែន បែប​ចាំ​សរុប​២​ឆ្នាំ​ហើយ​មើល​ទៅ!​”

😛 បាន​តែ​មាត់ ជ្រិញ!

15. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] […]

16. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 23 ខែមករា 2011

[…] […]

17. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្… ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ […]

18. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្… ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ […]

19. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែ​កុម្ភៈ 2014

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្… ៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ […]

20. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្… […]

21. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ១០. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្… […]

22. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] ក្នុងប្លក់សុភ័ក្ត្រ ១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុង… ១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: