jump to navigation

ទី​បំផុត​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ ក៏​បាន​ចាប់​ផ្ដើម ថ្ងៃសៅរ៍ 28 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អាស៊ាន.
23 comments

កិច្ចប្រជុំកំពូលប្រទេសនៅក្នុងតំបន់អាស៊ីភាគអគ្នេយ៍ទាំង១០ប្រទេសនេះ ទីបំផុតបានចាប់ផ្ដើមបើកជាផ្លូវការហើយកាលពីថ្ងៃរសៀលទី២៨ កុម្ភៈ ២០០៩ នេះ។

ប្រទេសថៃដែលបានសិទ្ធិធ្វើជាប្រធានសម្រាប់កិច្ចប្រជុំនេះ ធ្លាប់ជួបប្រទះបរាជ័យមួយលើកជាពីរលើកក្នុងការរៀបចំកិច្ចប្រជុំនេះ រហូតដល់ថ្នាក់បិទអាកាសយានដ្ឋាន និងផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីទៀតផង។

នៅល្ងាចថ្ងៃសៅរ៍នេះ ជំនួបកំពូលអាស៊ានបានចាប់បើកជាផ្លូវការហើយ នៅក្នុងសណ្ឋាគារ “តុសិត” ស្ថិតក្នុងក្រុងហួហ៊ីន ប្រទេសថៃ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង១០ ជាសមាជិកអាស៊ាន បានមកចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ ក្នុងនោះរួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕


ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ានថតរូបជុំគ្នា ពីឆ្វេងទៅស្ដាំ ប្រធានាធិបតីឥណ្ឌូនេស៊ី សូស៊ីឡូ បាមបាង យុទ្ធោយូណូ, នាយករដ្ឋមន្ត្រីលាវ បួសន បុប្ផាវ័ន, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាប់ដូលល្លាហ៍ អាហម៉ាដ បាដាវី, ប្រធានាធិបតីហ្វីលីពីនស៍ ក្លូរៀ ម៉ាកាប៉ាហ្កាល អាររូយូ, នាយករដ្ឋមន្ត្រីសិង្ហបុរី លី ហ្សៀន លូង, នាយករដ្ឋមន្ត្រីថៃ អភិសិទ្ធិ វេជ្ជាជីវៈ, នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន ដុង, នាយករដ្ឋមន្ត្រីភូមា ឧត្ដមសេនីយ តៀន សៀន, ប្រមុខប្រ៊ុយណេ ហាស្សាណាល បូលគៀ, នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងអគ្គលេខាធិការអាស៊ាន សុរិន្ទ្រ ពិសសុវណ្ណ

_____________________________________________
ប្រកាសទាក់ទង
១. ថៃរៀបចំអស់ស្ទះកិច្ចប្រជុំអាស៊ាន
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨ និង២៩ នៅវៀងចន្ទន៍
១៦. ភីលីព្ពីនស៍​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០
១៧. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ បើក​ហើយ
១៨. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​សិង្ហបុរី
១៩. សិង្ហ​បុរី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣
២០. ថៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤

Advertisements

រឿង​ខ្លី៖ អា​ឆ្កួត​ជាន់​ពែ ថ្ងៃសៅរ៍ 28 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
5 comments

ប្រហែល​ជា​លោក​អ្នក​ស្គាល់​ពែ​ហើយ ជា​ពិសេស​​អា​មួយ​ដែល​អួត​ឯង​ខួរ​ខ្មែរ។ ចុង​សប្ដាហ៍​នេះ ខ្ញុំ​សូម​អញ្ជើញ​លោក​អ្នក​មក​ស្ដាប់​ពី​និទាន​រឿង​ខ្លី​មួយ គ្រាន់​កែ​អផ្សុក នឿយ​ណាយ​ការងារ​ ឬ​ការ​រៀន​សូត្រ​អស់​មួយ​សប្ដាហ៍​នេះ។ រឿង​នេះ​មាន​ចំណង​ជើង​ថា “អា​ឆ្កួត​ជាន់​ពែ”។

នៅ​ក្នុង​លោក​សន្និវាស​យើង​នេះ, ធម្មជាតិ​ដែល​បង្កើត​ជា​មនុស្ស​ឡើង មាន​គ្រប់​ពូជ គ្រប់​ពណ៌ គ្រប់​សណ្ឋាន​ទាំង​អស់។ មាន​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់ និង​មាន​ទាំង​ពួក​ប្រភេទ​មនុស្ស​ជាន់​ពែ គឺ​ពួក​អា​ឆ្កួត​អត់​ការងារ​ធ្វើ​ផង​ដែរ។ អា​ប្រភេទ​មនុស្ស​ចុង​ក្រោយ​គេ​នេះ រាប់​ចូល​ជា​ពួក​មនុស្ស​អត់​ផ្ទះ​សម្បែង ជួន​កាល​មាន​ផ្ទះ​ដែរ តែ​គ្រាន់​ជា​ផ្ទះ​សិប្បនិម្មិត គ្រាន់​បន្លំ​ភ្នែក​អ្នក​ផង​ទាំង​ពួង​ប៉ុណ្ណោះ។ អា​ប្រភេទ​មនុស្ស​ឆ្កួត​ជាន់​ពែ​នេះ វា​មិន​ចូល​ចិត្ត​សម្ដែង​ចេញ​ឲ្យ​គេ​ឃើញ គេ​ស្គាល់​វា​ប្រាកដ​ទេ, ម្ដង​ចេញ​នៅ​ទី​នេះ ម្ដង​ចេញ​នៅ​ទី​នោះ ប្រៀប​បាន​និង​សត្វ​អំពិលអំពែក​ច្នេះ​ឯង​ដែរ។

ក្រៅ​ពី​អត់​ការ​អត់​ងារ​ធ្វើ ដើរ​រក​រឿង​គេ​ពាសវាល​ពាស​កាល ទាំង​គេ​អត់​ដឹង​រឿង​អី​ជាមួយ​នឹង​ខ្លួន និង​ថែម​ទាំង​មិន​ដែល​ស្គាល់​ខ្លួន​ និង​មិន​ខ្ចី​ទាំង​ចង់​ស្គាល់​ខ្លួន​ទៀត​នោះ ប្រភេទ​មនុស្ស​បែប​នេះ​ចូល​ចិត្ត​លាប​ពណ៌ លាប​សម្បុរ​ឲ្យ​គេ និង​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចេះ​ដាក់​នាម​ប្រទាន​ងារ​ដល់​គេ​ឯង ដើរ​តួ​លើស​ស្ដេច​ផែន​ដី​ទៅ​ទៀត។

លោក​អ្នក​! នេះ​ហើយ​ជា​និទាន​ខ្លី ពី​ប្រភេទ​មនុស្ស​ឆ្កួត​ជាន់​ពេ ចប់​ដោយ​សង្ខេប​ត្រឹម​ណេះ ! អេ​វំ៕៚

រូបភាព​ផ្សេង​ទៀត​នៅ​សង្កាត់​ចិន ក្រុង​បាងកក ថ្ងៃសុក្រ 27 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
2 comments

រូបភាព​បន្ត​ទៀត​នៅ​ឯ​សង្កាត់​ចិន ក្រុង​បាងកក ត​ពី​ប្រកាស​មុន។


ធនាគារ​ក្រុង​បាងកក ជា​អគារ​ដំបូង​គេ​ស្ថិត​នៅ​សង្កាត់​ចិន​នេះ​ឯង

នេះ​ហើយ​ជា​អគារ​ធនាគារ​បាងកក សាខា​សាំផេង (សំផឹង)

ហាង​លក់​មាស​ដំបូង​គេ ដែល​មាន​ឈ្មោះ​ល្បី​នៅ​សង្កាត់​ចិន

ជ្រុង​មួយ​នៃ​សង្កាត់​ចិន

វិហារ​ព្រះពុទ្ធសាសនា មហាយាន និកាយ​ចិន ដ៏​ធំ​បំផុត​នៅ​សង្កាត់​ចិន ក្រុង​បាងកក

ក្លោង​ទ្វារ​វិហារ​ចិន

គ្រឿង​ជ្រក់​នៅ​សង្កាត់​ចិន

ក្ដាម​ប្រៃ (ចិន​ក៏​ស៊ី​ដែរ ខ្មែរ​ក៏​ស៊ី ស៊ី​ដៀ​តែ​ខ្នូច)

បង្កង​ប្រៃ? ខ្ញុំ​អត់​ស្គាល់​ផង

មើល​ចុះ ឃើញ​គួរ​ស្រក់​ទឹក​មាត់ តែ​គួរ​ឲ្យ​ស្ដាយ​ខ្ញុំ​អត់​ចេះ​ញ៉ាំ​របស់​នេះ​ទេ

_____________________________________________________
មើល​ផង​ដែរ
១.  ទស្សនកិច្ច​សិក្សា៖ ទៅ​សង្កាត់​ចិន នៃ​ក្រុង​បាងកក

ទស្សនកិច្ច​សិក្សា៖ ទៅ​សង្កាត់​ចិន នៃ​ក្រុង​បាងកក ថ្ងៃពុធ 25 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.
10 comments

ព្រឹក​មិញ​ (២៥ កុម្ភៈ ២០០៩) នេះ​ថ្នាក់​រៀន​អំពី​ពលកម្ម​ថៃ​របស់​ខ្ញុំ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ជា​លើក​ទី​ពីរ បន្ទាប់​ពី​គ្រា​មុន​បាន​ទៅ​ទស្សនា​នៅ​សារមន្ទីរ​ពលករ​ថៃ​រួច​មក។ ទស្សនកិច្ច​សិក្សា​លើក​នេះ អាច​ចាត់​ទុក​ថា​ចុង​ក្រោយ​ហើយ ដ្បិត​ឆមាស​នេះ​បញ្ចប់​ហើយ។

ទស្សនកិច្ច​សិក្សា​យើង​ព្រឹក​មិញ​នេះ​បាន​ទៅ​ឆាយណា​ថោន ឬ​សង្កាត់​ចិន​នៅ​ក្រុង​បាងកក។ នៅ​ទីក្រុង​បាងកក​នេះ មាន​ប្រជាជន​ដើម​កំណើត​ចិន​ច្រើន​ណាស់ រស់​នៅ​ម្ដុំ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា យុវរាជ (ភាសា​ថៃ៖ เยาวราช) ជា​អតីត​តំបន់​នៃ​រាជវង្ស​សៀម ដែល​បាន​ផ្ដល់​ឲ្យ​ពួក​ចិន​មក​តាំង​ទី​លំនៅ​បន្ទាប់​ពី​ដោះ​ដូរ​ជាមួយ​នឹង​តំបន់​រាជវាំង​ថៃ​បច្ចុប្បន្ន​នេះ។

ពួក​យើង​បាន​នាំ​គ្នា​ដើរ​ ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​ហែង​គ្មាន​មេត្តា​ឡើយ កាល​ពី​ព្រឹក​មិញ​នេះ។ តែ​អ្វី​ដែល​ទទួល​បាន​ការ​រៀន​សូត្រ​នោះ គឺ​អស្ចារ្យ​ណាស់​ដែរ។ លោក​អ្នក​ដឹង​ទេ កន្លែង​ដែល​យើង​ទៅ​ដល់​ដំបូង​គេ​នោះ គឺ​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​ថា សាមផាន។ សាម​ផាន​នេះ ជា​ពាក្យ​ក្លាយ​មក​ពី​ភាសា​ពួក​ខ្មែរ គឺ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ហៅ​កាត់​ខ្លី​ៗ​ថា “សំផឹង” នេះ​ឯង។ កាល​ពី​អតីត​កាល ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ ពួក​ចិន ដែល​ភាគ​ច្រើន​ជា​កម្មករ​មក​ធ្វើ​ការ​នៅ​តំបន់​អាស៊ី​នេះ រាល់​ពេល​ទំនេរ​ពួក​នេះ​តែង​តែ​នាំ​គ្នា​លេង​ល្បែង, ជក់​អាភៀន និង​លេង​ស្ត្រី​…។ ហើយ​តំបន់​នេះ​ គឺ​ជា​តំបន់​ដែល​មាន​ស្ត្រី​លក់​ខ្លួន ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​រឿង​បុរាណ​ចិន​ដូច្នោះ​ឯង។ ក៏​ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ភាសា​កម្ចី​ពី​ខ្មែរ​ប៉ុណ្ណោះ វា​មិន​មាន​ប្រវត្តិ​ថា​ស្ត្រី​ខ្មែរ​មក​លក់​ខ្លួន​នៅ​ទី​នេះ​ឡើយ។

សង្កាត់​ចិន នៅ​តំបន់​យុវរាជ​នេះ មាន​ឯក​លក្ខណៈ​ដាច់​ដោយ​ឡែក​របស់​ខ្លួន​ណាស់។ ប្រជាជន​រស់​នៅ​ទី​នេះ គឺ​សុទ្ធ​សឹង​ជា​អ្នក​ដែល​មាន​ដើម​កំណើត​ចិន និង​ជា​ទី​កំណើត​សេដ្ឋី​បច្ចុប្បន្ន​របស់​ថៃ តួ​យ៉ាង​បៀរ៍​ដំរី (ឆាង), ហាង​លក់​មាស, ម្ចាស់​សេដ្ឋី​ក្រុមហ៊ុន​ស៊ីភី, កំណើត​ធនាគារ​បាងកក​ជា​ដើម។

ដើម្បី​កុំ​ឲ្យ​វែង​ឆ្ងាយ សាក​ល្បង​ទស្សនា​រូប​ភាព​មួយ​ចំនួន​ដូច​តទៅ។ ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ដាក់​រូប​បន្ត​ទៀត៕


តំបន់​នេះ​ឯង​ឈ្មោះ​សាមផេន, កន្លែង​សប្បាយ​របស់​ពួក​ចិន ប្រប​នឹង​ដង​ទន្លេ​ចៅ​ពញា

ផ្លូវ​នេះ​គឺ​ជា​ផ្លូវ​គោម​ក្រហម កន្លែង​ដែល​ជា​សញ្ញាណ​ប្រាប់​ដល់​ពួក​ប្រុស​ៗ​ចិន សម័យ​ដើម

នៅ​តំបន់​នេះ​រួម​មាន​ជនជាតិ​ច្រើន​រស់​នៅ, អគារ​នេះ​ជា​សំណង់​បែប​ព័រទុយហ្កាល់

វិហារ​ចិន​មួយ ដែល​នៅ​ពី​ក្រោយ​នោះ​គឺ​សាលា​ដែល​មាន​ឈ្មោះ​ល្បី​និង​មាន​អ្នក​ដឹក​នាំ​ថៃ​មួយ​ចំនួន​ធ្លាប់​បាន​សិក្សា​នៅ​សាលា​នោះ​ដែរ។ វា​ជា​សាលា​ចិន ដែល​ធ្លាប់​មាន​ប្រវត្តិ​រដ្ឋាភិបាល​ថៃ​បាន​បិទ នៅ​ក្នុង​សង្គ្រាម​ត្រជាក់ ប្រឆាំង​នឹង​កុម្មុយនីស្ត។

ក្លោង​ទ្វារ​នៃ​វិហារ​ចិន​នេះ

តំបន់​នេះ​ជា​ផ្លូវ​ដឿងហែម​មួយ​មាន​ឈ្មោះ​ថា ស្ពាន​យួន ជា​តំបន់​ដែល​មាន​បង​ប្អុន​ខ្មែរ​រស់​នៅ​កាល​ពី​សម័យ​ដើម

នៅ​ទី​នេះ​ក៏​មាន​អ្នក​កាន់​សាសនា​មូស្លីម​ផង​ដែរ ដោយ​មាន​វិហារ និង​ផ្ទះ​បែប​មូស្លីម​នេះ

នេះ​ជា​វិហារ​សមាគម​ចិន​ហុក​កៀន នៅ​ប្រទេស​ថៃ

នេះ​ជា​ផ្លូវ​យុវរាជ​ដ៏​មាន​ឈ្មោះ​ល្បី​និង​ជា​វិថី​ដែល​រវល់​ជំនួញ​បំផុត​នៅ​បាងកក។ ទិដ្ឋភាព​មិន​ខុស​ពី​នៅ​ស្រុក​ចិន​ប៉ុន្មាន​ទេ។

ចរាចរណ៍​ដែន​តាន់​តាប់​នៅ​ក្នុង​សង្កាត់​ចិន​នៃ​ក្រុង​បាងកក

___________________________________________
អាន​ផង​ដែរ
១. ទស្សនកិច្ច​សិក្សា៖ សារមន្ទីរ​ពលករ​ថៃ
២. រូបភាព​ផ្សេង​ទៀត​នៅ​សង្កាត់​ចិន ក្រុង​បាងកក

ទស្សនកិច្ច​សិក្សា​៖ ទៅ​វត្ត​រគាំង, ក្រុង​បាងកក ថ្ងៃអង្គារ 24 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.
3 comments

ព្រឹក​មិញ​ (២៤ កុម្ភៈ ២០០៩) នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ថ្នាក់​រៀន​អំពី​សារមន្ទី និង​ប្រវត្តិសាស្ត្រ​ថៃ​របស់​យើង​ធ្វើ​ទស្សនកិច្ច​សិក្សា​។ ឆមាស​ទី​មួយ​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ជូន​លំហាត់​ទៅ​គ្រូ​ព្រឹក​មិញ​នេះ និង​ពួក​យើង​បាន​ជួប​ជុំ​គ្នា​ជា​លើក​ចុង​ក្រោយ​ធ្វើ​ទស្សនកិច្ច​សិក្សា តែ​គួរ​ឲ្យ​សោក​ស្ដាយ​ដែរ ព្រឹក​មិញ​នេះ មិន​សូវ​មាន​សិស្ស​មក​ច្រើន​សោះ ដោយ​អ្នក​ខ្លះ​ត្រឡប់​ទៅ​ស្រុក​គេ​វិញ​បាត់​ទៅ។

បន្ទាប់​ពី​យើង​បាន​ជួប​ជុំ​គ្នា​នៅ​ម៉ោង​១០​ព្រឹក​រួច​មក ពួក​យើង​បាន​នាំ​គ្នា​ដើរ​ឆ្លង​ថ្នល់​ដើម្បី​ទៅ​ជិះ​ទូក​ដ​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ក្រុង​បាងកក ដែល​គេ​ឲ្យ​ឈ្មោះ​ថា ធនបុរី។ ធនបុរី​នេះ​ឯង​តាម​ពិត​ជា​ទីក្រុង​ចាស់​សាង​មុន​បាងកក​ទៅ​ទៀត ទើប​ក្រោយ​មក​ស្ដេច​ថៃ​ (រាមា​ទី​១​) បាន​ប្លាស់​ពី​ធនបុរី​នេះ​មក​បាងកក​វិញ ដោយ​សារ​ធនបុរី​លិច​ទឹក​នៅ​រដូវ​វស្សា។ នៅ​ឯ​ត្រើយ​ខាង​មុខ​នោះ​ឯង​គឺ​វត្ត​រគាំង ឈ្មោះ​ពេញ​វត្ត​រគាំង​ឃោសិតារាមវរមហាវិហារ (ថៃ៖ วัดระฆังโฆสิตารามวรมหาวิหาร) គឺ​ជា​វត្ត​ដែល​ពួក​យើង​ត្រូវ​ទៅ​ធ្វើ​ទស្សនកិច្ច។

វត្ត​រគាំង​ឃោសិតារាមវរមហាវិហារ ជា​វត្ត​បុរាណ សាង​ក្នុង​សម័យ​អយុធ្យា ដែល​មាន​ឈ្មោះ​ដើម​ថា​វត្ត​បាង​វា​ហ្យៃ (ថៃ៖ วัดบางว้าใหญ่)។ នៅ​ក្នុង​សម័យ​ធនបុរី សម្ដេច​ព្រះ​ចៅ​តាកសិន មហារាជ ទ្រង់​បាន​សាង​ព្រះរាជវាំង​ជិត​វត្ត​នេះ ហើយ​ក៏​បាន​លើក​ឋានៈ​វត្ត​នេះ​ជា​ព្រះអារាម​ហ្លួង និង​ជា​ទី​ប្រថាប់​នៃ​សម្ដេច​ព្រះសង្ឃរាជ​ថៃ ក្នុង​សម័យ​រតនកោសិន្ទ្រ​ផង​ដែរ។

ពួក​យើង​បាន​នាំ​គ្នា​ទស្សនា​វត្ត និង​មើល​ត្រី​ដែល​គេ​ឲ្យ​ចំណី​យ៉ាង​ធំ​ៗ នៅ​ឯ​ទន្លេ​ចៅ​ពញា ខាង​មុខ​វត្ត​នេះ បន្ទាប់​មក​ម៉ោង​ប្រមាណ​១១ និង​៣០​នាទី ពួក​យើង​ក៏​បាន​នាំ​គ្នា​ឆ្លង​ដ​មក​ខាង​បាងកក​វិញ ដើម្បី​នាំ​គ្នា​ទៅ​ស្រស់​ស្រូប​អាហារ​ថ្ងៃ​ត្រង់ នៅ​ឯ​ហាង​មួយ​ឈ្មោះ​ថា​ចម្ការ​ដូង ក្បែរ​ព្រះបរមរាជវាំង​ថៃ យ៉ាង​ឆ្ងាញ់​ពិសារ​គ្រប់​ៗ​គ្នា និង​ជា​ពិសេស​នោះ សាស្ត្រាចារ្យ​របស់​ពួក​យើង​ចេញ​លុយ​ឲ្យ​ទៀត​ដូច​រាល់​ដង​ដែរ ហេហេ… ។ បន្ទាប់​មក​ពួក​យើង​ក៏​បែក​គ្នា​ទាំង​អាល័យ នៅ​ម៉ោង​ប្រមាណ​ជា​២​រសៀល។ សង្ឃឹម​ថា​ពួក​យើង​នឹង​មាន​ឱកាស​ជួប​គ្នា​ជា​ថ្មី​ទៀត​មិន​ខាន៕


ក្លោង​ទ្វារ​ចូល​បរិវេណ​វត្ត “ទ្វារ ព្រហ្មរំសី ២៥០៧”

ព្រះ​ឧបោសថ​ចាស់

វត្ត​មើល​ពី​ក្នុង​ទន្លេ​ចៅ​ពញា

អតីត​ដំណាក់​រាមា​ទី​១ ក្រោយ​មក​យក​មក​ធ្វើ​ជា​បណ្ណាល័យ​សម្រាប់​វត្ត

បាងកក​មើល​ពី​ទន្លេ​ចៅ​ពញា

បាងកក​មើល​ពី​ទន្លេ​ចៅ​ពញា

ពួក​អាវ​ក្រហម​ចេញ​មោ​ទៀត​ហើយ ថ្ងៃអង្គារ 24 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, ภาษาไทย.
13 comments

ព្រឹក​មិញ​នេះ​ជិះ​តាក់ស៊ី​កាត់​ស្នាម​ហ្លួង ក៏​បាន​ប្រទះ​នឹង​ពួក​អាវ​ក្រហម ពេល​នេះ​បាន​ក្លាយ​ជា​ពួក​ប្រឆាំង​រដ្ឋាភិបាល​វិញ​ម្ដង​ហើយ។

គិត​ៗ​ទៅ​សរសើរ​ពួក​នេះ​ណាស់ នាំ​គ្នា​ស្កាត់​មក​ពី​ណា​ពី​ណី ដើម្បី​បង​ទក្សិណ ហាហាហា…។ ព័ត៌មាន​ឮ​សូរ​ខ្សាវ​ៗ​មក​ថា​ឥឡូវ​នេះ​ទៅ​បាតុកម្ម​នៅ​វិមាន​រដ្ឋាភិបាល​ទៀត​ហើយ មិន​ដឹង​ម៉េច​ម៉ា​ទេ។

នៅ​ឯ​ស្នាម​ហ្លួង​ព្រឹក​មិញ​នេះ​ឡើង​ណែន​ពោរ​ដោយ​ពួក​គ្នា​គាត់ ឡើង​ក្រហម​ពេញ​នឹង​ឯង៕


ពួក​អាវ​ក្រហម​នៅ​ស្នាមហ្លួង ព្រឹក​មិញ​នេះ (រូប​ថត​ពី​ក្នុង​ឡាន​តាក់ស៊ី)

កំណត់ហេតុ​ខ្ញុំ​នៅ​ឯ​សារព័ត៌មាន​ព្រៃ​នគរ ថ្ងៃអង្គារ 24 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វេបសៃត៍​ថ្មីៗ, អំពីសុភ័ក្ត្រ, Tiếng Việt.
4 comments


សារព័ត៌មាន​ព្រៃ​នគរ http://preynokornews.blogspot.com ចេញ​ផ្សាយ​រាល់​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍

ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ សារព័ត៌មាន​ព្រៃ​នគរ​បាន​យក​អត្ថបទ​របស់​ខ្ញុំ​ទៅ​ចុះ​នៅ​ក្នុង​អត្ថបទ​ខ្លួន​ពីរ​លេខ​ជាប់​ៗ​គ្នា គឺ​ជា​អត្ថបទ​ដែល​ខ្ញុំ​បាន​ដាក់​ផ្សាយ​កាល​ពី​ខ្ញុំ​មាន​វាសនា​ទៅ​លេង​ខេត្ត​ព្រះ​ត្រពាំង​ ដែន​ដី​កម្ពុជា​ក្រោម​កាល​ពី​ឆ្នាំ​២០០៧។

តាម​ពិត​ទៅ គ្មាន​អ្វី​ប្លែក​ទេ ដ្បិត​សារព័ត៌មាន​ព្រៃ​នគរ ក៏​ធ្លាប់​យក​អត្ថបទ​ខ្ញុំ​មួយ​ដែល​និយាយ​ពី​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល ដែល​ពេល​នោះ​មាន​ការ​ជជែក​គ្នា​បែក​ពពុះ​មាត់​ទៅ​ចុះ​ម្ដង​ដែរ​ហើយ។

រំលឹក​ពី​ការ​ទៅ​លេង​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម​នោះ ពិត​ជា​ស្រណោះ​ណាស់។ ខ្ញុំ​បាន​ទៅ​ជួប​បង​ប្អូន​ខ្មែរ​យើង​ទាំង​ចាស់​ ទាំង​ក្មេង ទាំង​ប្រុស ទាំង​ស្រី ទាំង​គ្រហស្ថ ទាំង​បុព្វជិត និយាយ​រួម ខ្ញុំ​ថែម​ទាំង​បាន​នៅ​លេង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្មេង​ៗ នៅ​ទី​នោះ​យ៉ាង​សប្បាយ​ណាស់។ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​បាន​ទស្សនា​វីដេអូ​ស្ដី​ពី​ខ្ញុំ​និង​ក្មេង​ៗ​នៅ​កម្ពុជា​ក្រោម​ទេ សូម​អាន​នៅ​ទី​នេះ

តាម​ពិត​ទៅ នៅ​មាន​អត្ថបទ​ច្រើន​ទៀត​ដែល​ខ្ញុំ​បាន​ចុះ​ផ្សាយ​កាល​ពី​ទៅ​លេង​ខេត្ត​ព្រះ​ត្រពាំង (បើ​លោក​អ្នក​ចាប់​អារម្មណ៍​អាន អាច​សាក​ល្បង​ស្វែង​រក​ក្នុងបណ្ណសារ​បាន) ក៏​ដូច​ជា​ទៅ​លេង​វត្ត​ច័ន្ទរង្សី នៅ​ឯ​ព្រៃ​នគរ​ជា​ដើម។

គិត​ៗ​ទៅ​ដូច​ជា​ល្បី​ដែរ​តើហ៍​ខ្ញុំ ហេហេហេ…។

អាន​អត្ថបទ​ពី​សារព័ត៌មាន​ព្រៃ​នគរ ភាគ​១ (លេខ​៥៨), ភាគ​២ (លេខ​៥៩)

__________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. KI-Media បាន​ធ្វើ​ឲ្យ​ប្លុក​ខ្ញុំ​ឡើង​ចំនួន​ចុច​ថ្ងៃ​នេះ​​លើស​សព្វ​ដង

%d bloggers like this: