jump to navigation

ទៅ​ជួប​ពួក​ម៉ាក ថ្ងៃពុធ 4 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
11 comments

ល្ងាច​មិញ​នេះ​បាន​ទៅ​ជួប​ពួក​ម៉ាក (អ្នក​រួម​ការងារ​នៅ​កន្លែង​ចាស់​របស់​ខ្ញុំ យូរ​ៗ​ទៅ​ក៏​ស្និទ្ធ​នឹង​គ្នា) ​ដែល​វា​មោ​ស្រុក​ថៃ​នេះ​២​សប្ដាហ៍​ឯណុះ មក​ត្រេននីង​ស្អី​វា​ទេ។ ក្រៅ​ពី​ជួប​វា (រួម​និង​មិត្រ​រួម​កាងារ​ម្នាក់​ទៀត) និង​នាំ​គ្នា​ដើរ​លេង​តាម​ផ្សារ​ប៊ីក​ស៊ី​រួច​មក​ក៏​នាំ​គ្នា​ជិះ​អា​ស្កាយ​ត្រេន អាទេះ​ភ្លើង​លើ​អាកាស​ស្អី​គេ​នោះ ដ្បិត​វា​មិន​ដែល​ឃើញ​និង​​វា​ចង់​ជិះ !ឡ! ណា​មួយ​ផ្លូវ​វា​ស្ទះ​ផង ខ្ជិល​នាំ​គ្នា​ជិះ​តាក់ស៊ី។ ជិះ​ម៉ា​ស្ថានីយ៍​នឹង​ឯង ទៅ​ស្យាម ហេហេ អស់​ម៉ា​នាក់​១៥​បាទ​ស៊ឺ​ៗ។

នឹក​ឃើញ​ថា​នាំ​វា​មក​ញ៉ាំ​អាហារ​នៅ​ហាង​ឆ្ងាញ់​មួយ​ជិត​សាលា​រៀន​ផង ព្រោះ​មិន​ដឹង​ញ៉ាំ​អី​នៅ​ប៊ីក​ស៊ី។ អា​កន្លែង​ហាង​ដែល​ខ្ញុំ​និយាយ​នោះ​បើ​ចង់​ទៅ​ញ៉ាំ​លើក​ណា​ក៏​ត្រូវ​អង្គុយ​រង់​ចាំ​យ៉ាង​តិច​កន្លះ​ម៉ោង​ដែរ ដ្បិត​វា​ពេញ។ យប់​មិញ​ទៅ​ដល់​ក៏​ដូច​តែ​រាល់​ដង​ចឹង មាន​អ្នក​ចាំ​ឡើង​ពេញ​មុខ​ហាង ពួក​យើង​ក៏​ខ្ជិល​ចាំ​ដែរ ម្នាក់​ៗ​ហេវ​ដល់​ក​ហើយ​ដែរ ហេហេ…។ នឹក​ឃើញ​ហាង​មួយ​ទៀត​ក៏​នាំ​គ្នា​ទៅ ហាង​នំ​បញ្ចុក​បាងកក នៅ​អ៊ឹមប៊ីឃេ។ ឮ​តែ​នំ​បញ្ចុក​ថា​ជា​អាហារ​អ្នក​ក្រ​ស្រុក​ខ្មែរ មិន​ចឹង​ទេ នៅ​ហាង​នេះ​គេ​មាន​អាហារ​ផ្សេង​ៗ​ទៀត​អាច​កម្ម៉ង់​បាន នំ​បញ្ចុក​ក៏​ឆ្ងាញ់​ដែរ។ គិត​ហើយ​ក៏​នាំ​គ្នា​ទៅ​ញ៉ាំ​នៅ​ទី​នោះ​ទៅ អស់​ជាង​៥០០​បាទ​ល្ងាច​មិញ​នេះ ហេហេ ទុក​ឲ្យ​២​គ្រឿង​នឹង​ចេញ​ទៅ។

បន្ទាប់​ពី​ញ៉ាំ​ហើយ​ក៏​នាំ​គ្នា​ដើរ​លេង​ផ្សារ​ម៉ា​ត្រួស និង​ជូន​វា​ទៅ​ទិញ​កាត​ទូរស័ព្ទ​តេ​ទៅ​ស្រុក​ខ្មែរ​ទៅ​ប្រពន្ធ​កូន​វា ម៉ោង​ប្រមាណ​ជា​៩​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​វិញ។ ខ្ញុំ​ក៏​ទៅ​ជាមួយ​វា (មិត្រ​រួម​ការងារ​គេ ដេក​សណ្ឋាគារ​ផ្សេង) និង​បែក​គ្នា​ជាមួយ​មិត្រ​រួម​ការងារ​វា​ទៅ ណា​មួយ​ចង់​ទៅ​មើល​អូតែល​គេ​ផង មិន​ដែល​ឃើញ​វា​ស្អាត​យ៉ាង​ណា​ទៅ ដេក​សុទ្ធ​តែ​ម៉ារ៉ាយ៉ុត​ម៉ា​យប់​ជាង​១០០​អ៊ុយអេស​ឯណុះ !ឡ! ណា​មួយ​ចង់​នៅ​និយាយ​គ្នា​ផង បែក​វា​យូរ​គួរ​សម ពួក​យើង​សម្បូរ​រឿង​ជជែក​ណាស់ ជា​ពិសេស​អា​រឿង​និយាយ​ដើម​គេ​នឹង​ឯង ហាហា..

ជា​ធម្មតា​ទេ តា​ជជែក​មាត់​ទទេ​វា​ឥត​សប្បាយ ទាល់​តែ​មាន​អី​មក​ផ្សើម​បំពង់​ក កិកិកិ…។ មក​ដល់​អូតែល​វា​ស្ងាត់​ជ្រាប មើល​ទៅ​ចង់​ខ្លាច​រក​ហាង​ប្រាំពីរ​ដប់​មួយ​អី​ក៏​គ្មាន ដើរ​សួរ​គេ​ទៅ​ក៏​បាន​ទៅ​ដល់​ហាង​មួយ នាំ​គ្នា​ទិញ​បាហេ (ពាក្យ​សម្គាល់​ពួក​យើង គ្មាន​អ្វី​ក្រៅ​ពី​ប៊ីយ៊ែរ​នឹង​ឯង :)) ៦​កំប៉ុង​ យ៉េហ៊ឺ​២​កញ្ចប់​មក​អូតែល​វិញ ដាក់​អស់​ម៉ា​នាក់​៣​កំប៉ុង ឡើង​ស៊្រឿង​ៗ និយាយ​ដើម​គេ​ពេញ​នឹង​ឯង ហាហា… ម៉ោង​ជាង​១២​ខ្ញុំ​ត្រឡប់​មោ​គេហដ្ឋាន​ដ៏​ស្ដុក​ស្ដម្ភ​ខ្ញុំ​វិញ ប្រោស​ខ្លួន​ដេក​ស្ដូក​ទៅ គ្មាន​លុប​មុខ​មុជ​ទឹក​ឪ​មេ​កា​ភីម​ស្អី​ទេ ស្រ៊ឿង​ៗ​ផង​នោះ 🙂 ណា​មួយ​កំពូល​ខ្ជិល​ដល់​ក​ហើយ​ខ្ញុំ​នោះ។ វា​ឲ្យ​នៅ​ដេក​ជាមួយ​វា​ដែរ តែ​ខ្ជិល​ណាស់ តែ​ដេក​នឹង​នៅ​ជជែក​គ្នា​ពេញ​នឹង​គ្មាន​បាន​ដេក​បាន​ពួន​ស្អី​ទេ ណា​មួយ​អាណិត​វា​ផង ស្អែក​វា​ត្រូវ​ត្រេននីង​ស្អី​វា ចំណែក​ខ្ញុំ​ក៏​ត្រូវ​មាន​ការងារ​ធ្វើ​ទៀត មោ​ផ្ទះ​យើង​ដេក​វា​មាន​ក្ដី​សុខ​ជាង ទោះ​បី​អូតែល​ធំ​ស្អាត​យ៉ាង​ណា​ក៏​មិន​ស្មើ​បន្ទប់​ដ៏​តូច​អស្ចារ្យ​របស់​យើង​ដែរ ហេហេហេ ចេះ​តែ​ថា​ទៅ។

និយាយ​ពី​យប់​មិញ​ហ្នឹង​ឯង ជជែក​ចុះ​ជជែក​ឡើង​វា​និយាយ​ដើម​ប្អូន​ជីដូន​មួយ​របស់​វា ដឹង​អី​សួរ​ចុះ​សួរ​ឡើង គ្មាន​នរណា​ក្រៅ​ពី​អ្នក​មាន​វត្តមាន​នៅ​ក្នុង​វើដប្រេស​នេះ​ឯង​សោះ ហាហា… ពិភពលោក​នេះ​ពិត​ជា​មិន​ធំ​មែន។ ចាំ​មើល​ង៉ៃ​សុក្រ ឬ​ក៏​ចុង​សប្ដាហ៍​នេះ ស្រួល​មិន​ស្រួល​ជួប​គ្នា​ក៏​ថា​បាន ព្រោះ​មាន​គម្រោង​សៅរ៍​អាទិត្យ​នេះ ចង់​នាំ​វា​ទៅ​លេង​អយុធ្យា​ផង៕

Advertisements
%d bloggers like this: