jump to navigation

ព្រះ​អង្គ​ អេង (ចប់) ថ្ងៃអង្គារ 10 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
8 comments

…… (ត​ពី​លេខ​មុន) នៅ​មាន​មិត្រ​អ្នក​អាន​សង្ស័យ​ពី​រឿង​សឹក​យួន ដែល​ចៅ​​ពញា​បតិន្ទ្រ​តេជោ ចេញ​ទៅ​ធ្វើ​សង្គ្រាម​យូរ​រហូត​ដល់​ទៅ​១៥​ឆ្នាំ។

សូម​សរុប​រឿង​សឹក​យួន​-ខ្មែរ​-ថៃ ដែល​ជា​វីរកម្ម​របស់​ចៅពញា​បតិន្ទ្រតេជោ “ខុនពលកែវ” គូ​ព្រះទ័យ​ព្រះបាទ​សម្ដេច​ព្រះ​ន័ងក្លៅ ដែល​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ចាត់​ការ​ឲ្យ​ស្រុក​ខ្មែរ​ស្ងប់​សុខ នឹង​អភិសេក​ឲ្យ​ព្រះ​អង្គ ដួង ឡើង​គ្រង​រាជ្យ​ជា​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សាធិបតី ជា​ព្រះ​ចៅ​ផែន​ដី​ខ្មែរ (តាំង​ពី​ព.ស.​២៣៧៦-ព.ស.​២៣៩០) សរុប​ដូច​ត​ទៅ​នេះ៖

នៅ​ព.ស.​២៣៧៦ ពួក​យួន​នៅ​ក្រុង​សៃហ្កន​ក្បត់​ចំពោះ​ស្ដេច​វៀតណាម​មិនណាង (ឱរស​របស់​សឿងឡុង) ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ ទ្រង់​ថ្នាក់​ថ្នាំង​នឹង​យួន​មក​ហើយ តាំង​ពី​រជ្ជកាល​ទី​២ រហូត​មក​ដល់​ដើម​រជ្ជកាល​ព្រះ​អង្គ ដោយ​យួន​ព្យាយាម​យាយី រហូត​គាំទ្រ​អ្នក​អង្គ​ ច័ន្ទ (បង​ប្រុស​ច្បង​របស់​ព្រះ​អង្គ ដួង) ឲ្យ​ក្រអឺតក្រទម​ជាមួយ​នឹង​ថៃ រួច​បាន​ចូល​ទៅ​គ្រប់​គ្រង​ជា​ម្ចាស់​របស់​ខ្មែរ។

ហេតុ​នេះ​ហើយ​ទើប​ទ្រង់​មាន​ព្រះរាជ​តម្រិះ​ថា​នឹង​យក​ខ្មែរ​ចេញ​ពី​អំណាច​យួន​មក​វិញ កុំ​ឲ្យ​យួន​បាន​ចិត្ត​ពេក ទើប​ទ្រង់​ឲ្យ​ចៅ​ពញាបតិន្ទ្រតេជោ ​ជា​មេ​ទ័ព​ជើង​គោក ឲ្យ​ចៅ​ពញា​ព្រះ​ឃ្លាំង (តិស) ជា​មេ​ទ័ព​ជើង​ទឹក លើក​ទៅ​វាយ​ក្រុង​ខ្មែរ និង​យួន​តាម​ដែន​សមុទ្ទ និង​ចូល​ទៅ​វាយ​បង្ក្រាប​ជាមួយ​កង​ទ័ព​ជើង​គោក​ចូល​វាយ​សៃហ្កន​ជាមួយ​គ្នា។ កង​ទ័ព​ជើង​គោក​នោះ នៅ​ពេល​ចូល​ដល់​ដែន​ខ្មែរ សម្ដេច​ព្រះ​ឧទ័យរាជា (អ្នក​អង្គ​ ច័ន្ទ, បង​ប្រុស​ព្រះ​អង្គ​ ដួង) ក៏​ភៀស​ទៅ​សៃហ្កន ពួក​ខ្មែរ​ទើប​ចុះ​ចូល ចៅ​ពញា​បតិន្ទ្រ ទើប​វាយ​ក្រុង​ជាយ​ដែន​យួន ចូល​ទៅ​សន្ធប់​ជាមួយ​កង​ទ័ព​ជើង​ទឹក ដែល​កំពុង​រង់​ចាំ​ចូល​វាយ​បន្ទាយ​ធំ​របស់​យួន ដែល​ជា​ផ្នែក​ព្រែក​ជីក តែ​កង​ទ័ព​ជើង​ទឹក​មាន​ភាព​ចុះ​ខ្សោយ ពួក​ខ្មែរ​ដែល​នៅ​ភាគ​ខាង​ក្រោម​ជាប់​នឹង​អាណា​ខេត្ត​យួន ឃើញ​កង​ទ័ព​ថៃ​ធ្វើ​ការ​មិន​សម្រេច ក៏​នាំ​គ្នា​ក្បត់ ទាំង​កង​ទ័ព​ថៃ​ដែល​ខ្វះ​ខាត​ស្បៀង​អាហារ ក៏​ត្រូវ​លើក​ទ័ព​ត្រឡប់​ទៅ​វិញ។

យួន​បាន​ការ​ទើប​តាំង​រាជ​ការ និង​ទាហាន​នាំ សម្ដេច​ព្រះ​ឧទ័យ​រាជា (អ្នក​អង្គ​ ច័ន្ទ) ត្រឡប់​មក​នៅ​ភ្នំពេញ​វិញ។ ខ្មែរ​ទើប​ធ្លាក់​ក្នុង​អំណាច​យួន​កាន់​តែ​ខ្លាំង​ឡើង។ ព្រះបាទ​សម្ដេច​ព្រះ​ន័ងក្លៅ ទើប​រាជានុញ្ញាត​ឲ្យចៅ​ពញា​បតិន្ទ្រ តាំង​ទ័ព​នៅ​ខេត្ត​បាត់ដំបង(៣) ដែល​ជា​សិទ្ធិ​ខាត​របស់​ថៃ ព្រម​ជាមួយ​នឹង​ខេត្ត​សៀមរាប (៤) តាំង​ពី​រជ្ជកាល​ទី​១ ដោយ​សម្ដេច​ព្រះ​នារាយណ៍​រាមាធិបតី (អ្នក​អង្គ អេង) ថ្វាយ​ជា​សិទ្ធិខាត​ដល់​ថៃ (ដែល​ចៅ​ពញា​អភ័យ​ធិបេស្ស ឬ​អភ័យភូបេស្ស (៥) ដើម​ត្រកូល “អភ័យ​វង្ស” ជា​អភិបាល​ខេត្ត​គ្រប់​គ្រង​រហូត​មក)។

រហួត​មក​ដល់​ព.ស.​២៣៧៧ សម្ដេច​ព្រះ​ឧទ័យរាជា (អ្នក​អង្គ ច័ន្ទ) ទ្រង់​ពិរាល័យ មិន​មាន​ព្រះរាជ​បុត្រ ទើប​ត្រូវ​យួន​លើក​ស្រី​ឲ្យ​ឡើង​សោយរាជ្យ និង​ជម្លៀស​យក​រាជ្យ​វង្ស​ខ្មែរ និង​ខុនណាង​ធំ​តូច​ទៅ​ស្រុក​យួន​អស់។ ពួក​យួន​ក៏​បាន​ចូល​មក​គ្រប់​គ្រង​ខ្មែរ​ដូច​ជា​គ្រប់​គ្រង​ស្រុក​យួន​ដែរ​ ដោយ​បាន​ផ្លាស់​ប្ដូរ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ឲ្យ​ទៅ​ជា​យួន, រើ​វត្ត​អារាម សឹក​ព្រះ​សង្ឃ​សាមណេរ​អស់​ជា​ច្រើន​អង្គ។ ពួក​ខ្មែរ​ត្រូវ​បង្គាប់​ធ្វើ​ស្រែ​យ៉ាង​ទារុណ ក្ដៅ​ក្រហាយ នាំ​គ្នា​បះបោរ។ ស្រុក​ខ្មែរ​ក៏​កលោហល​រហូត​ដល់​ព.ស.​២៣៨០ ពួក​ខុនណាង​ក៏​នាំ​គ្នា​មក​រក​ចៅ​ពញាបតិន្ទ្រតេជោ ដែល​តាំង​បន្ទាយ​ទ័ព​នៅ​ក្រុង​បាត់ដំបង សុំ​មក​រស់​នៅ​ជាមួយ​ថៃ​វិញ និង​សុំ​កម្លាំង​ទៅ​ជួយ​បង្ក្រាប​យួន និង​សុំ​ព្រះរាជទាន ព្រះ​អង្គ ដួង ប្អូន​ប្រុស​សម្ដេច​ព្រះ​ឧទ័យ​រាជា ដែល​កំពុង​រស់​នៅ​ក្រុង​ទេព​មហានគរ ឲ្យ​មក​គ្រង​ខ្មែរ​វិញ។

ហេតុ​ដូច​នេះ​ហើយ ទើប​ព្រះបាទ​សម្ដេច​ព្រះ​ន័ងក្លៅ ទ្រង់​ប្រោស​ឲ្យ​ពញាបតិន្ទ្រតេជោ​លើក​កងទ័ព​ចូល​ទៅ​ខ្មែរ និង​ប្រោស​ឲ្យ​ព្រះ​អង្គ ដួង ទៅ​ជាមួយ​កងទ័ព​ចៅ​ពញាបតិន្ទ្រតេជោ​ផង​ដែរ មាន​ព្រះបរមរាជឱង្ការ​ថា បើ​ខ្មែរ​ស្ងប់​រៀបរយ​ពេល​ណា ឲ្យ​អភិសេក​ព្រះ​អង្គ​ ដួង ឡើង​គ្រង​រាជ្យ​ខ្មែរ។

ចៅ​ពញា​បតិន្ទ្រតេជោ ត្រូវ​រស់​នៅ​ខ្មែរ ស៊ូ​សង្គ្រាម​ជាមួយ​យួន​យូរ​រហូត​ដល់​ទៅ ១៤-១៥​ឆ្នាំ តាំង​ពី​ព.ស.​២៣៧៦ រហូត​ដល់​ព.ស.​២៣៩០ ទើប​សឹក​ស្ងប់​បាន។

នៅ​​ពេល​ព្រះ​អង្គ ដួង ឡើង​គ្រង​រាជ្យ ជា​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សាធិបតី ព្រះ​បាទ​សម្ដេច​ព្រះ​ន័ង​ក្លៅ ប្រោស​ព្រះរាជទាន​ចុតហ្មាយ​ព្រះរាជទាន​ព្រះ​បរម​រាជ​ឱវាទ​ទៅ​ព្រះ​អង្គ ដួង ជា​ច្រើន​ខ​ប្រការ ដែល​សំខាន់​នោះ​គឺ៖

  1. ប្រសិន​បើ​តែង​តាំង​ពញា​មន្ត្រី​​ខ្មែរ​ត​ទៅ ឲ្យ​តាំង​អំណាច​ក្នុង​ចិត្ត​ថា មនុស្ស​នោះ​ជា​មនុស្ស​ដែល​ចាស់​ទុំ ឲ្យ​ពិនិត្យ​មើល​សតិបញ្ញា ជាតិ​ត្រកូល ភាព​ត្រឹមត្រូវ ការ​សឹក​សង្គ្រាម​ខ្លាំង​ក្លា បើ​គិត​ថា​សម​រម្យ​ហើយ​គួរ​តែង​តាំង​តាម​សម​គួរ។ ឲ្យ​អ្នក​តូច​គួរ​ខ្លាច​អ្នក​ធំ​ជា​លំដាប់​ត​គ្នា កុំ​ឲ្យ​អ្នក​តូច​មាន​អំណាច​ហួស​លើស​អ្នក​ធំ។ កុំ​ឲ្យ​យល់​មុខ​ក្រែង​ចិត្ត​បុគ្គល។ កុំ​ត្រចៀក​ស្រាល​ចិត្ត​ទន់។ មន្ត្រី​ខ្មែរ​ទាំង​អស់​ស្រឡាញ់​ទ្រទ្រង់​ព្រះ​អង្គ ដួង ជា​ម្ចាស់​ហើយ ព្រះ​អង្គ ដួង ក៏​ត្រូវ​គោរព​ស្រឡាញ់​មន្ត្រី​ពញា​ខ្មែរ​ជា​អ្នក​តូច​អ្នក​ធំ​ទាំង​អស់​នោះ​វិញ​ជា​លំដាប់​តាម​សម​គួរ។ រស​វាចា​ក៏​ឲ្យ​សុភាព​ទន់​ភ្លន់ ឲ្យ​ជា​ទី​និយម​គោរព​ស្រឡាញ់​ពី​សំណាក់​ពញា​មន្ត្រី​ខ្មែរ និង​ពល​ព្រៃ​ស្រុក​ផ្សេង​ៗ​ទាំង​ពួង។
  2. ធ្វើ​ខ្លួន​ឲ្យ​ពញា​មន្ត្រី​ខ្មែរ​ទាំង​ឡាយ​ទាំង​ពួង​ខ្លាច​អំណាច កុំ​ឲ្យ​ប្រមាថ​បាន។ ការ​ខ្លាច​នោះ​មាន​៣​ប្រការ​គឺ ខ្លាច​អាជ្ញា​ប្រការ​១ ខ្លាច​បុណ្យ​វាសនា​ប្រការ​១ ខ្លាច​សតិ​បញ្ញា​ប្រការ​១។
    តែ​ខ្លាច​បុណ្យ​វាសនា ខ្លាច​សតិ​បញ្ញា​នោះ ទាំង​ស្រឡាញ់ ទាំង​ខ្លាច ជា​ពិសេស​សតិបញ្ញា​នេះ​ឯង។
  3. ឲ្យ​ប្រយ័ត្ន​ចំពោះ​មន្ត្រី​ទាំង​នោះ កុំ​ឲ្យ​ឥច្ឆា​ឫស្យា​បែក​សាមគ្គី​គ្នា និង​ឲ្យ​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិត​ល្អន់​កុំ​ឲ្យ​មន្ត្រី​ទាំង​នោះ​ទៅ​បៀតបៀន​អាណា​ប្រជារាស្ត្រ​ឲ្យ​មាន​ភាព​ក្ដៅ​ក្រហាយ។
  4. ឲ្យ​ត្រចៀក​វាង​វៃ​រក​ស្ដាប់​ដំណឹង​រាជការ គិត​អ្វី​មួយ​ឲ្យ​គ្រប់​ធួន រក្សា​ការពារ​ខ្លួន ទាំង​ផ្នែក​ខាង​ក្រៅ​ទាំង​ផ្នែក​ខាង​ក្នុង កុំ​មាន​ភាព​ប្រមាថ។

នៅ​ក្នុង​ចុង​បញ្ចប់​នៃ​ព្រះ​លិខិត​នោះ ទ្រង់​ថា៖

“ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​ចៅ​យូហួរ មិន​មាន​ព្រះ​រាជ​បំណង​ចង់​បាន​ផល​ប្រយោជន៍​អ្វី​ពី​ស្រុក​ខ្មែរ​ទេ ក្រៅ​ពី​ព្រះ​កិត្តិយស​ដែល​ស្ដារ​សង្គ្រោះ​ស្រុក​ខ្មែរ​ឡើង​វិញ​នោះ មិន​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​នៅ​ស្រុក​ខ្មែរ​រលាយ​បាត់​បង់​ប៉ុណ្ណោះ៕”

_______________________________________________________
កកន.
៣. សៀម​ហៅ​ខេត្ត​​​បាត់ដំបង​​ថា​ព្រះ​ដំបង (พระตะบอง)។ សូម​មើល​ប្រកាស​ដែល​និយាយ​អំពី​ខេត្ត​នេះ (រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម)
៤. ខេត្ត​សៀមរាប នេះ​សៀម​ហៅ​ថា ស្យាម​រាដ្ឋ (เสียมราฐ) ប្រែ​ថា​ទឹក​ដី​របស់​សៀម
៥. ចៅ​ពញា​អភ័យ​ធិបេស្ស ឬ​អភ័យភូបេស្ស នេះ​ជា​មន្ត្រី​ខ្មែរ​ទេ តែ​ក្បត់​នឹង​ផែន​ដី​ខ្លួន​ទៅ​អំណប​ជាមួយ​នឹង​ស្ដេច​ថៃ រហូត​បាន​គ្រប់​គ្រង​បាត់ដំបង របៀប​ជា​អាណាចក្រ​មួយ​ចន្លោះ​ព្រះ​នគរ​កម្ពុជា និង​សៀម រហូត​ឲ្យ​សៀម​ផ្ដាច់​ខេត្ត​នេះ​ពី​ខ្មែរ​បាន

អត្ថបទ​ដើម៖ http://www.sakulthai.com/DSakulcolumndetailsql.asp?stcolumnid=3254&stissueid=2605&stcolcatid=2&stauthorid=13

_________________________________________________________
អាន​បន្ថែម
១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ
៣. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ
៤. อัจฉริยะข้ามคืน ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់
៥. សាវតារ​ត្រកូល «អភ័យវង្ស»

Advertisements
%d bloggers like this: