jump to navigation

រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី ថ្ងៃចន្ទ 23 ខែ​មីនា 2009

Posted by សុភ័ក្ត្រ in កីឡា, ពីនេះពីនោះ, ស៊ីហ្កេមស៍​២៥, អំពីភាសា, ภาษาไทย, ພາສາລາວ.
12 comments

នៅ​ក្នុង​ភាសា​ខ្មែរ លាវ​ និង​ថៃ ដែល​ជា​បង​ប្អូន​ជិត​ខាង​យើង​នេះ មាន​ពាក្យ​មួយ​ចំនួន​យើង​ប្រើ​ដូច​គ្នា តែ​ក៏​មាន​ពាក្យ​មួយ​ចំនួន ក៏​ប្រើ​ខុស​គ្នា​ដែរ។

ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ពីរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ រវាង​ភាសា​លាវ និង​ភាសា​ខ្មែរ​យើង។ លោក​អ្នក​ដឹង​ទេ ផ្កា​ចម្ប៉ា និង​ចំប៉ី ត្រូវ​បាន​ខ្មែរ និង​លាវ ​ហៅ​បញ្ច្រាស​គ្នា​ទៅ​វិញ។ បាន​សេចក្ដី​ថា ផ្កា​ចម្ប៉ា គេ​ហៅ​ថា ចំប៉ី (ຈຳປີ៖ ចាំបី, លាវ​អាន​ថា ចាំពី) ឯ​ផ្កា​ ចំប៉ី គេ​ហៅ​ថា​ ចម្ប៉ា​ (ຈຳປາ៖ ចាំបា, លាវ​អាន​ថា ចាំប៉ា) ទៅ​វិញ។

ចំណែក​ឯ​នៅ​ក្នុង​ភាសា​ថៃ​វិញ​ក៏​ហៅ​បញ្ជ្រាស​ខ្មែរ ដែរ​សម្រាប់​ផ្កា​ចម្ប៉ា។ ថៃ​គេ​ហៅ​ដូច​លាវ​យ៉ាង​ដូច​នេះ​ដែរ គឺ ផ្កា​ចំប៉ី (จำปี៖ ចាំបី, ថៃ​អាន​ថា ចាំពី) តែ​ខុស​ត្រង់​ផ្កា​​ចំប៉ី គេ​ហៅ​ថា ឡាន់ធំ (ลั่นทม៖ ល័នទម) ទៅ​វិញ។

ចម្ប៉ា (ខ្មែរ ចំប៉ី) ស ត្រូវ​បាន​ប្រទេស​លាវ​យក​មក​ធ្វើ​ជា​ផ្កា​ប្រចាំ​ជាតិ​របស់​គេ​ថែម​ទៀត​ផង។ ចំណែក​ឯ​ផ្កា​នេះ​តាម​ជំនឿ​ខ្មែរ​យើង គេ​មិន​ឲ្យ​ដាំ​នៅ​ក្នុង​ផ្ទះ​ទេ។ គេ​ឃើញ​មាន​ដាំ​ជា​ច្រើន​នៅ​ក្នុង​វត្ត នៅ​លម្អ​នៅ​តាម​ទី​សាធារណៈ ទល់​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឯ​ក្រុង​ភ្នំពេញ​ជា​ដើម។ ចំណែក​ឯ​ចម្ប៉ា​វិញ បង​ប្អូន​ខាង​នារី​ៗ ចូល​ចិត្ត​យក​មក​ក្រង​ជាមួយ​នឹង​សក់​របស់​គាត់​សម្រាប់​ជា​ការ​លម្អ​ផង ដ្បិត​មាន​ក្លិន​ក្រអូប។

តាម​វចនានុក្រម​ខ្មែរ៖

  • ចំប៉ី  ( ន. )  ឈ្មោះ​ឈើ​មាន​ជ័រ​ស ស្រដៀង​នឹង​ទឹក​ដោះ ផ្កា​ក្រអូប​ឆ្អិត; មាន​បី​យ៉ាង​គឺ ចំប៉ី​លឿង, ចំប៉ី​ស, ចំប៉ី​ក្រហម ។
  • ចម្ប៉ា, ចំប៉ា  បា.; សំ.  ( ន. )  (ចម្បក; ចម្បក, ចម្បា) ឈ្មោះ​ឈើ​ពួក​មួយ​មាន​ផ្កា​ក្រអូប​ឈ្ងប់; មាន​ពីរ​យ៉ាង​គឺ ចម៉្បា​ស, ចម៉្បា​ក្រហម ។

ចម្ប៉ា និង​ចំប៉ី ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​រូប​សញ្ញា សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​២៥​នៅ​ទីក្រុង​វៀងច័ន្ទន៍ ប្រទេស​លាវ នា​ចុង​ឆ្នាំ​២០០៩ ខាង​មុខ​នេះ។

___________________________________________________
អាន​ផង​ដែរ
១. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ទឹក​ប្រាក់
២. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ខៀវ
៣. repost: រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី

Advertisements
%d bloggers like this: