jump to navigation

កំពឹស​ចៀន​ភូមា ថ្ងៃពុធ 29 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
12 comments

និយាយ​កាល​ពី​ដើរ​លេង​នៅ​ភូមា ពេល​នៅ​អមរបុរី ជា​ទីក្រុង​បុរាណ​របស់​ភូមា​នោះ ដើរ​ៗ​ក៏​ប្រទះ​នឹង​គេ​ដាក់​លក់​កំពឹស​ចៀន មើល​ទៅ​ទំនង​ដល់​ហើយ ទាំង​រូប​ទាំង​រៀង​ដូច​នឹង​កំពឹស​ចៀន​ស្រុក​ខ្មែរ​យើង​គ្មាន​ខុស​ម៉ា​សសៃ​សក់​ត្រង់​ណា​ទេ តែ​ទាស់​ខ្ញុំ​មិន​បាន​ភ្លក្ស​រសជាតិ។

ក្រៅ​ពី​កំពឹស​ចៀន គេ​មាន​ថែម​ទាំង​កូន​ត្រី​ចៀន, ពោត​ចៀន​ផង​ទៀត (មើល​ក្នុង​រូប)។ អា​កូន​ត្រី​ចៀន និង​ពោត​ចៀន​នេះ​ខ្ញុំ​បាន​ញ៉ាំ ឆ្ងាញ់​អស់​ស្ទះ​ហើយ ថ្ងៃ​នោះ​បន្ទាប់​ពី​មក​ដល់​មន្ដលេះ ជិះ​ទូក​ហើយ​នាំ​គ្នា​ទៅ​ញ៉ាំ​ជាមួយ​បាយ​កក​មុខ​មាត់​ស្ទឹង​ឆ្ងាញ់​អស់​ស្ទះ​ម្រ៉ង! ហេហេ…


____________________________________________________
អាន​ផង​ដែរ
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១
២. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៦
៣. តាក់ស៊ី​ភូមា
៤. ធនបត្រ​ភូមា
៥. កំពឹស​ចៀន​ប្រុយណេ
៦. ចង្រិត​ភូមា

Advertisements

ព្រែក​ត្នោត ថ្ងៃអង្គារ 28 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
24 comments

មាន​អ្នក​ខ្លះ​ប្រហែល​ជា​ដឹង អ្នក​ខ្លះ​ប្រហែល​មិន​ដឹង​ទេ។ កាល​ពី​ខ្ញុំ​នៅ​តូច ពាក្យ​ព្រែក​ត្នោត​នេះ តែង​តែ​ត្រូវ​បាន​ឮ និង​នាំ​គ្នា​ចំអក​គ្នា​លេង។ “តិច​បញ្ជូន​ទៅ​ព្រែក​ត្នោត”។ សម្រាប់​បច្ចុប្បន្ន​ ក្មេង​ៗ​នៅ​ម្ដុំ​ខ្ញុំ​ប្រហែល​ជា​មិន​បាន​ចំអក​គ្នា​លេង​ដូច​កាល​ពី​ខ្ញុំ​នៅ​តូច​នោះ​ទេ។ សម្រាប់​អ្នក​ដែល​មិន​ដឹង​អត្ថន័យ អាច​សាកសួរ​គ្នា​ត​ៗ​ចុះ៕

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១ ថ្ងៃចន្ទ 27 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
20 comments

ថ្ងៃ​ទី​១, ថ្ងៃ​ពុធ ទី​០១ ខែ​មេសា ឆ្នាំ​២០០៩

​ជា​លើក​ទី​មួយ​របស់​ខ្ញុំ​ហើយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា។ ជា​ដំណើរ​ដែល​ទទួល​រង់​ចាំ​ការ​ទន្ទឹង​យូរ​មក​ហើយ​ដែរ។ ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០០៩ ខ្ញុំ​រួម​និង​មិត្រ​ភ័ក្ដិ​រួម​ថ្នាក់ រួម​និង​សាស្ត្រាចារ្យ​ផង​ដែរ នាំ​គ្នា​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​សុវណ្ណភូមិ​របស់​ថៃ តាម​ជើង​យន្តហោះ​បាងកក​អ៊ែរវេយ៍ លេខ​ PG701។ ខ្ញុំ​មាន​សំណាង​បាន​អង្គុយ​នៅ​ជាប់​បង្អួច ច្នេះ​បាន​មើល​ប្រទេស​ភូមា​ពី​លើ​ផង​ដែរ។ ម៉ោង​ប្រមាណ​ជា​២​រសៀល​ពួក​យើង​បាន​មក​ដល់​ទីក្រុង​រ៉នកុន នៃ​ប្រទេស​ភូមា​ដោយ​សុវត្ថិភាព ដោយ​មាន​មគ្គុទេសក៍​យើង​នៅ​រង់​ចាំ​ទទួល​ផង​ដែរ។ ម៉ោង​នៅ​ប្រទេស​ភូមា​យឺត​ជាង​ម៉ោង​នៅ​ប្រទេស​ថៃ និង​ប្រទេស​ខ្មែរ​យើង​៣០​នាទី។

យន្តហោះ​ចុះ​ចត ពួក​យើង​ធ្វើ​ដំណើរ​ចូល​ក្នុង​អាគារ​អ្នក​ដំណើរ​មក​ដល់​នៃ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ក្រុង​រ៉នកុន ដែល​ពីមុន​មាន​ឈ្មោះ​ថា Mingalardon Airport ខ្លួន​ខ្ញុំ​វិញ​ហាក់​បី​ដូច​ជា​ចំឡែក​ក្នុង​ចិត្ត​មិន​ដឹង​យ៉ាង​ម៉េច​រក​និយាយ​មិន​ត្រូវ​សោះ។ ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​បរទេស​ច្រើន​គួរ​សម​ដែរ តែ​មក​ដល់​ភូមា​លើក​នេះ​ហាក់​បី​ដូច​ជា​ខុស​ពី​ប្រទេស​ផ្សេង​ៗ​ដែល​ខ្ញុំ​ទៅ។ រៀង​ដូច​ជា​ភ័យ​យ៉ាង​ម៉េច​ទេ ម្យ៉ាង​ក៏​ព្រោះ​តែ​ព័ត៌មាន​ដែល​យើង​បាន​ដឹង បាន​ឮ​ពី​ខាង​ក្រៅ? និង​ឬ​ក៏​ម្យ៉ាង​ដែល​អាកាសយាន្ដដ្ឋាន​មាន​សភាព​ស្ងាត់? យូរ​ៗ​ទៅ​ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ថា ខ្ញុំ​ដូច​ជា​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​សម័យ​ខ្មែរ​ក្រហម​ដូច្នេះ​ដែរ។

អ្វី​ៗ​វា​មិន​មែន​ចេះ​តែ​អាក្រក់​ដូច​យើង​គិត​នោះ​ទេ។ ពួក​យើង​បាន​ដើរ​ឆ្លង​កាត់​កន្លែង​ពិនិត្យ​លិខិត​ឆ្លង​ដែន និង​អន្តោប្រវេសន្ត ព្រម​ទាំង​ភាព​រាក់​ទាក់​នៃ​ស្ត្រី​ភូមា​ដែល​ពិនិត្យ​លិខិត​ឆ្លង​ដែន ក្នុង​សំលៀក​បំពាក់​យោធា មិន​ខុស​ពី​នៅ​អាកាសយាន្តដ្ឋាន​ក្រុង​ភ្នំពេញ​ទេ ចំឡែក​តែ​អ្នក​ពិនិត្យ​លិខិត​ឆ្លង​ដែន​ទាំង​អស់​សុទ្ធ​តែ​នារី។ បន្ទាប់​ពី​យក​វ៉ាលីស​រួច​រាល់​ហើយ ពួក​យើង​នាំ​គ្នា​ចេញ​ពី​អាកាសយាន្តដ្ឋាន​ផ្នែក​ខាង​ក្រៅ ដើម្បី​ឡើង​ជិះ​រថយន្ត​ដែល​មគ្គុទេសក៍​យើង​បម្រុង​ទុក ធ្វើ​ដំណើរ​ចូល​ទៅ​ទីក្រុង។ អាកាសយាន្តដ្ឋាន​អន្តរជាតិ​ក្រុង​រ៉នកុន មិន​ជា​ធំ​ទេ ប្រហែល​នឹង​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ក្រុង​ភ្នំពេញ​នៃ​យើង តែ​ប្រហែល​ជា​របស់​យើង​មាន​លក្ខណៈ​វប្បធម៌​ស្អាត​ជាង​ក៏​មិន​ដឹង។

ពួក​យើង​ចេញ​ពី​អាកាសយាន្តដ្ឋាន​ភ្លាម​ឆ្ពោះ​ដំណើរ​កម្សាន្ត​របស់​យើង​ភ្លាម ដោយ​មិន​ទាន់​ចូល​សណ្ឋាគារ​ទេ។ ផ្លូវ​ចេញ​ពី​អាកាសយាន្តដ្ឋាន​ចូល​ក្រុង និង​ផ្លូវ​ទីក្រុង​រ៉នកុន​ទាំង​មួល​មាន​សភាព​ស្អាត​បាត និង​មិន​ហុយ​ធុលី​ទេ (អាន​អត្ថបទ៖ រ៉នកុន​ក្នុង​ចក្ខុ​ខ្ញុំ) និង​មាន​ដើម​ឈើ​ដុះ​ជា​ច្រើន​ដុះ​ពេញ​តែ​ទីក្រុង ប្រៀប​នឹង​ទីក្រុង​ក្នុង​ព្រៃ​យ៉ាង​ច្នេះ​ដែរ។

ទីតាំង​ទីមួយ​ដែល​យើង​ទៅ​ទស្សនា គឺ​បដិមា​ព្រះ​ពុទ្ធ​ដែល​ធ្វើ​អំពី​ថ្ម​ម៉ាប ដែល​គេ​ប្រាប់​ថា​ធ្វើ​អំពី​ថ្ម​តែ​មួយ​ផ្ទាំង​ប៉ុណ្ណោះ។ ព្រះ​បដិមារ​នេះ​នាម Kyauk taw Gyi ដែល​សាងសង់​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​កាល​ពី​ឆ្នាំ​១៩៩៨ ដោយ​សង់​លើ​កូន​ភ្នំ​មួយ​ដែល​មាន​ឈ្មោះ​ថា Mindama Kone ដែល​ប្រែ​ជា​ខ្មែរ​មក​ថា ព្រះមហាក្ស័ត្រិយ៍​ដែល​គ្រប់​គ្រង​ប្រទេស​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ។

ព្រះ​ពុទ្ធ​រូប​នេះ​មាន​សភាព​ធំ​អស្វារ្យ​ណាស់ ឬ​គេ​សន្មត​ថា​ជា​ប្រភេទ​ព្រះ​បដិមារ​ថ្ម​ម៉ាប​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​ផង​ដែរ។ នៅ​លើ​កូន​ភ្នំ​នេះ​យើង​អាច​មើល​ទីក្រុង​រ៉នកុន​ទាំង​មូល​បាន​ផង​ដែរ ដែល​មាន​អាគារ​ខ្ពស់​ៗ​ច្រើន​គួរ​សម លេច​ចេញ​ពី​ដើម​ឈើ​ជា​ច្រើន​ពេញ​ទីក្រុង។ អ្វី​ដែល​យើង​សង្កេត​ឃើញ​នោះ គឺ​វត្ត​អារ៉ាម​របស់​ភូមា​មាន​សភាព​ស្អាត​ណាស់ គឺ​ស្អាត​ជាង​វត្ត​នៅ​កម្ពុជា​យើង ដោយ​មាន​ការ​បោស​សម្អាត​ត្រឹម​ត្រូវ និង​ប្រជាជន​មាន​ជំនឿ​ខ្លាំង​ណាស់​ចំពោះ​ពុទ្ធសាសនា ដ្បិត​មាន​ប្រជាជន​ជា​ច្រើន​មក​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​អង្គ​នេះ ខ្លះ​អង្គុយ​ស្មាធិ​យ៉ាង​ផ្ចិត​ផ្ចង់។

បន្ទាប់​មក​ពួក​យើង​បាន​បន្ត​ដំណើរ​ទៅ​ទស្សនា​ដំរី​ស ចំនួន​បី​ក្បាល ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ទី​មួយ​ប៉ុន្មាន។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ខ្ញុំ​បាន​ឃើញ​ដំរី​ស​ដោយ​ផ្ទាល់​នឹង​ភ្នែក ដោយ​ហេតុ​ផល​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ថត​រូប​ដំរី​នៅ​ទី​នោះ​ទេ។

ដូច​ផែន​ការ​ដែល​យើង​បាន​ធ្វើ​មក​ទីតាំង​ចុង​ក្រោយ​របស់​យើង​ដើម្បី​ទៅ​ទស្សនា​ថ្ងៃ​ដំបូង​នេះ​គឺ​ Swedaw ជា​ចេតិយ​ដែល​គេ​សាង​ដ៏​អស្វារ្យ​ដើម្បី​ផ្ទុក​ព្រះ​សិរីរិកធាតុ​នៃ​ធ្មេញ​ព្រះ​ពុទ្ធ​នៅ​ទី​នោះ។ សិរីរិកធាតុ​នេះ​ជា​ប្រភេទ​ចម្លង​ទេ បន្ទាប់​ពី​សិរីរិកធាតុ​ពិត​ត្រូវ​បាន​អញ្ជើញ​ពី​ប្រទេស​ចិន​មក​ប្រទេស​ភូមា រួច​រដ្ឋាភិបាល​បាន​សាងសង់​ចម្លង​មួយ​យក​មក​ដាក់​នៅ​ទី​នេះ។

ចប់​តាម​ផែន​ការ​ដោយ​បរិបូណ៌ ពួក​យើង​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ក្រុង និង​ដោយ​សល់​ពេល​ពួក​យើង​បាន​ទៅ​ទស្សនា​ទន្លេ​រ៉នកុន។​ ទេសភាព​តាម​មាត់​ទន្លេ​ដូច​គ្នា​បេះ​បិទ​និង​ទន្លេ​នៅ​ម្ដុំ​វត្ត​ភ្នំ​នៃ​ភ្នំពេញ​យើង។ ទី​នេះ​ហើយ​ដែល​ព្យុះ​ស៊ីក្លូន​ ណាគីស​បាន​បំផ្លាញ​ប្រជាជន​ភូមា​អស់​ជា​ច្រើន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៨។

ក្រោយ​ពី​នេះ​មក​យើង​ក៏​បាន​ឈប់​នៅ​ម្ដុំ​សង្កាត់​ចិន នៃ​ក្រុង​រ៉នកុន។ មិន​ជា​ធំ​អស្វារ្យ​ដូច​យើង​គិត​មុន​នឹង​ទៅ​ទេ តែ​មើល​ទៅ​ក៏​មិន​មាន​ចិន​ច្រើន​ដែរ តែ​ជា​សង្កាត់​ជំនួញ​ចាស់​មើល​ទៅ ដ្បិត​សំណង់​ចាស់​មហា​សែន​ចាស់​ដល់​ហើយ និង​គគ្រិច​សម្បើម​ណាស់។ ប្រជាជន​នៅ​ទី​នេះ​មើល​ទៅ​មិន​ខុស​ពី​ជន​ប៉ាគីស្ថាន ឬ​ឥណ្ឌា​ទេ (អាន​អត្ថបទ៖ ឆាយណា​ថោន នៅ​រ៉នកុន)។

ព្រះ​អាទិត្យ​កាន់​តែ​អស្ដង្គត​ទៅ ម៉ោង​ប្រមាណ​៧​ពួក​យើង​បាន​ចូល​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា White Rice និង​ចូល​សម្រាក​នៅ​សណ្ឋាគារ Chatrium នា​យប់​ថ្ងៃ​ទី​មួយ​នៃ​ប្រទេស​ភូមា

អាន​ភាគ​ទី​ពីរ

រូប​ភាព​មួយ​ចំនួន


ផែន​ដី​ភូមា​ពី​អាកាស

ព្រះ​បដិមារ​ពី​ថ្ម​ម៉ាប​ដែល​គេ​អះអាង​ថា​ធំ​ជាង​គេ​ក្នុង​លោក

ក្រុង​រ៉នកុន​មើល​ពី​ចម្ងាយ​លើ​កូន​ភ្នំ Mindama Kone

ផ្លូវ​ចូល​ឡើង​ទៅ​វត្ត​ដែល​តម្កល់​បដិមារ

ចេតិយ Swedaw តម្កល់​សិរីរិកធាតុ​ធ្មេញ​ព្រះ​ពុទ្ធ​ចម្លង

សិរីរិកធាតុក​ចម្លង

ទន្លេ​រ៉នកុន

វិហារ​ចិន​នៅ​ឯ​សង្កាត់​ចិន ក្រុង​រ៉នកុន

សង្កាត់​ចិន

អ្នក​លក់​នៅ​សង្កាត់​ចិន

_________________________________________________
ប្រកាស​ទាក់ទង
១. ទៅ​ភូមា
២. បាន​វីសា​ភូមា
៣. My initial plan to Myanmar
៤. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​២
៥. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១០-ចប់
៦. រ៉នកុន​ក្នុង​ចក្ខុ​ខ្ញុំ
៧. ឆាយណា​ថោន នៅ​រ៉នកុន
៨. ជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា
៩. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល
១០. Myanmar (Burma) Trip Reflection
១១. វីដេអូ​នៅ​ភូមា
១២. មក​ភូមា​ជា​លើក​ទី​ពីរ

អស់​ពី​បក្សី​ចូល​ដល់​ជ្រូក ថ្ងៃអាទិត្យ 26 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
16 comments

មេរោគ​របាត​ផ្ដាសាយ​ថ្មី​ចេញ​មោ​ទៀត​ហើយ​ញាតិ​ញោម។ ម្ដង​នេះ​អស់​ពី​មាន់​ទា ឈាន​ចូល​ដល់​ជ្រូក​វិញ​ម្ដង​ហើយ។ សុទ្ធ​តែ​គ្រឿង​ឆ្ងាញ់​ទាំង​អស់ ហេហេ… ហេង​ហើយ​ដែល​ផ្អើល​ក្រោយ​ចូល​ឆ្នាំ​ បើ​មុន​ចូល​ឆ្នាំ​វិញ លោក​សង្ឃ​ច្បាស់​ជា​អស់​អាហារ​តា​ម៉ង !ឡ!

មេរោគ​ប្រភេទ​ថ្មី​នេះ ឈ្មោះ​គ្រុន​ផ្ដាសាយ​ជ្រូក ហះ​មួយ​អិន​មួយ អង់គ្លេស​គេ​ហៅ​ថា swine influenza A (H1N1) ឮ​ថា​ចេញ​ពី​ម៉ិកស៊ីកូ​មោ ដូច្នេះ​លោក​អ្នក​ណា​ទៅ​ម៉ិកស៊ីកូ ប្រយ័ត្ន​ប្រយែង​ផង​ណា ព្រោះ​តាម​ព័ត៌មាន​ថា​មាន​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ និង​ជាង​៤០០​នាក់​កំពុង​សង្ស័យ​ថា​បាន​រង​ជំងឺ​នេះ​ហើយ។

មើល​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក៖ http://www.who.int/csr/disease/swineflu/en/index.html
អាន៖ តើ​អ្វី​ជា​គ្រុនផ្តាសាយ​ជ្រូក​?

ស្វេតិកុន នា​រាត្រី​កាល ថ្ងៃសៅរ៍ 25 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ.
9 comments

__________________________________________________
អាន​ផង​ដែរ
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៩
២. ជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះ​ពុទ្ធ​សាសនា​របស់​ប្រជាជន​ភូមា
៣. ទៅ​សក្ការ​ព្រះ​ចេតិយ​ស្វេតិកុន
៤. ពិធី​បិទ​មាស​អង្គ​ព្រះ​ចេតិយ​ស្វេតិកុន

ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ * ថ្ងៃសុក្រ 24 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, អំពីស្រុកខ្មែរ.
25 comments

កកន៖ ខាង​ក្រោម​នេះ​ជា​អត្ថបទ​បក​ប្រែ​ពី​កាសែត​ TIME ដ៏​ល្បី​ដែល​បាន​ចុះ​ផ្សាយ​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៃ​ព្រះ​ករុណា​ព្រះបាទ​ព្រះ​ស៊ីសុវត្ថិ​ មុនីវង្ស​ នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​០៨ ខែ​កញ្ញា ឆ្នាំ​១៩៤១។ ខ្ញុំ​សូម​ប្រែ​ជា​ខេមរភាសា ទុក​ក្នុង​ទី​នេះ​ដើម្បី​ជា​ឯកសារ ឬ​លោក​អ្នក​អាច​អាន​ជា​ភាសា​អង់គ្លេស​នៅ​ទី​នេះ

ថ្ងៃ​ច័ន្ទ ទី​០៨ ខែ​កញ្ញា ឆ្នាំ​១៩៤១

បារាំង ឥណ្ឌូចិន

ការ​សោយទិវង្គត​កាល​ពី​ខែ​មេសា​​នោះ​គឺ​ជា​ព្រះមហាក្ស័ត្រិយ៍​នៃ​ប្រទេស​កម្ពុជា ស៊ីសុវត្ថិ​២ ** ដែល​មាន​ព្រះ​ជន្ម​៦៥​ព្រះ​វស្សា។ វា​គឺ​ជា​មរណភាព​ដែល​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ ជា​ពិសេស​កាល​ពី​ពីរ​បី​ឆ្នាំ​មុន​មក​នេះ​ដែល​បណ្តា​ស្រី​ស្នំ​រាប់​រយ​របស់​ទ្រង់​មាន​ការ​ក្រៀម​ក្រំ​ជា​ខ្លាំង។ កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​ពួក​ជប៉ុន​បាក​កាត់​ផ្ដាច់​ទឹក​ដី​ដែល​នៅ​សេសសល់​មួយ​ចំនួន​ធំ​នៃ​អាណាចក្រ​ដែល​សម្បូរ​ទៅ​ដោយ​ប្រាសាទ​នេះ​ពី​ឥណ្ឌូចិន​របស់​បារាំង​ទៅ​ឲ្យ​ប្រទេស​ថៃ។

បន្ទាប់​ពី​ការ​សោយទិវង្គត​នេះ ក្រុម​អាចារ្យ​ខ្មែរ​បាន​យក​ព្រះ​បរម​សព​របស់​ព្រះ​អង្គ​ដាក់​អប់​នឹង​ទឹក​ពិសេស​ដើម្បី​រក្សា​សាច់​របស់​ទ្រង់, និង​យក​សរីរាង្គ​ខាង​ក្នុង​របស់​ទ្រង់​ទាំង​អស់​ចេញ​លើក​លែង​តែ​បេះ​ដូង​ និង​ព្រះ​ខួរ។ បន្ទាប់​មក​ពួក​គេ​ក៏​ដាក់​ចង​ព្រះ​សព​ទៅ​ក្នុង​ព្រះ​កោដ្ឋ​​ក្នុង​ស្ថាន​ភាព​ដូច​ទារក​ដែល​មិន​ទាន់​ប្រសូត ដែល​ជា​សញ្ញាណ​សន្មត​ក្នុង​ប្រុង​ប្រៀប​ដើម្បី​ទៅ​កើត​ជា​ថ្មី​នៅ​ទី​ណា​មួយ​នា​ពេល​ណា​មួយ​ខាង​មុន​នេះ។

រហូត​មក​ដល់​សប្ដាហ៍​មុន​នេះ ព្រះ​បរម​សព​របស់​ព្រះ​បាទ​ស៊ីសុវត្ថិ​នៅ​ក្នុង​ព្រះ​កោដ្ឋ​នៅ​ឡើយ។ ក្រោយ​មក​ពួក​អាចារ្យ​បាន​យក​ព្រះ​បរម​សព​ចេញ​មក​ចម្អាស​ទឹក និង​ទ្រង់​ព្រះភូសា ដោយ​មាន​គ្រឿង​រាជ​អស្សរិយយស​​ដំរី​រាប់​លាន (កកនគ្រឿង​រាជ​អស្សរិយយស​របស់​ព្រះរាជអាណាចក្រ​លាវ) និង​ក្លស់​ព័ណ៌​ស​ និង​ដាក់​ព្រះ​សព​វិញ​ទៅ​ក្នុង​កោដ្ឋ​ដែល​ធ្វើ​ពី​កែវ​យ៉ាង​ប្រណិត។

ព្រះ​សង្ឃ​ក្នុង​សំពត់​ព័ណ៌​លឿង​រាប់​ពាន់​អង្គ​បាន​ហែរហម​ព្រះ​កោដ្ឋ​នៅ​តាម​ដង​ផ្លូវ​នានា​នៃ​រាជធានី​ភ្នំពេញ​បុរាណ​របស់​ប្រទេស​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ទីវត្ត​ដ៏​ស្រស់​ស្អាត​ថ្មី​មួយ។ ព្រះ​បរម​សព​ត្រូវ​បាន​ផ្លាស់​ទៅ​ដាក់​ក្នុង​ម្ឈូស​ដ៏​ប្រណិត​ធ្វើ​អំពី​មាស និង​ប្រាក់។ ក្នុង​ខណៈ​ដែល​សំឡេង​ភ្លេង​តន្ត្រី​ដែល​តម្អូញ​អន្លង់​អន្លោច​, ព្រះ​មហាក្ស័ត្រិយ៍​ថ្មី​ដ៏​ក្មេង​របស់​ប្រទេស​កម្ពុជា ព្រះ​បាទ​សីហនុ បាន​ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​បរម​សព​នៃ​ព្រះ​បាទ​ស៊ីសុវត្ថិ។ នៅ​ក្នុង​ចំណោម​នោះ​មាន​វត្តមាន​ឧត្ដមនាវី​ឯក​បារាំង​ឥណ្ឌូចិន លោក ស្សង់ ដេកូ (Jean Decoux) ដែល​ធ្លាប់​កាន់​តំណែង​ក្នុង​សម័យ​ស៊ីសុវត្ថិ និង​ឧត្ដមសេនីយ​ជប៉ុន តំណាង​អធិរាជ​ប្រទេស​ជប៉ុន ហ៊ីរូហ៊ីតូ (Hirohito), ដែល​បច្ចុប្បន្ន​នេះ​កាន់​កាប់​ជំនួស​ឧត្ដមសេនីយ​ដេកូ។

បើ​ទោះ​បី​ជា​ព្រះ​សព​របស់​ព្រះ​មហាក្ស័ត្រិយ៍​គេ​បាន​រំលាយ​ទៅ​ហើយ​ក្ដី ប្រជាជន​កម្ពុជា​នៅ​តែ​ជឿជាក់​ថា​នេះ​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ព្រះ​បាទ​សម្ដេច ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជ​បរមិន្ទរភូវណៃ​ក្រៃ​កែវ​ហ្វា សុឡាឡៃ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ទេ៕

*,** ចំណាំ៖ ពាក្យ​ដែល​ប្រើ​ថា ស៊ីសុវត្ថិ និង​ស៊ីសុវត្ថិ​២ នៅ​ទី​នេះ​សំដៅ​លើ​ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស មិន​មែន​ហ្លួង ស៊ីសុវត្ថិ ទេ

_____________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
២. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
៣. សិរីសុវត្ថិ មុនីវង្ស
៤. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស
៥. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
៦. កោដ្ឋ
៧. ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ
៨. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៩. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
១០. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស

សភា​ថៃ​ប្រជុំ​ល្អ​មើល ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​មេសា 2009

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, ภาษาไทย.
5 comments

តាំង​ពី​ម្សិល​មិញ​រហូត​មក​ដល់​ថ្ងៃ​នេះ​ទៅ​ហើយ​សភា​ថៃ​ប្រជុំ​នៅ​មិន​ទាន់​ចប់​ទៀត តាម​ទូរទស្សន៍​ជាតិ​ថៃ NBT។ មើល​ទៅ​សភា​ថៃ​ប្រជុំ​ល្អ​មើល​ជាង​រឿង​ភាគ​ចិន​ទៅ​ទៀត។ តំណាង​រាស្ត្រ​ម្នាក់​ៗ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ជជែក​ដេញ​ដោល​សាក​សួរ​រដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​​យ៉ាង​ក្លាហាន។ មើល​ទៅ​រដ្ឋាភិបាល​នាយ អភិសិទ្ធិ នេះ​ទំនង​ជា​នៅ​មិន​យូរ​ទៀត​ទេ៕


តំណាង​រាស្ត្រ​ស្ត្រី​រូប​នេះ​ពូកែ​និយាយ​សម្បើម​ណាស់ ខ្ញុំ​ចូល​ចិត្ត​គាត់​មែន​ទែន

%d bloggers like this: