jump to navigation

ម៉ង ថងឌី, ក្មេង​ប្រុស​ភូមា ដែល​ល្បី​នៅ​ប្រទេស​ថៃ​ថ្ងៃ​នេះ ថ្ងៃពុធ 2 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, ภาษาไทย.
2 comments

ថ្ងៃ​នេះ គ្រប់​ស្ថានីយ​ទូរទស្សន៍ និង​វេបសៃត៍​ថៃ​នាំ​គ្នា​ភ្លូក​ទឹក​ភ្លូក​ដី​នាំ​រឿង​ពី​ក្មេង​ប្រុស​សញ្ជាតិ​ភូមា​ម្នាក់​ឈ្មោះ ម៉ង ថងឌី (ថៃ៖ หม่อง ทองดี) ដែល​ត្រូវ​ទៅ​ប្រទេស​ជប៉ុន ប្រកួត​កីឡា​បង្ហោះ​យន្តហោះ​ក្រដាស។

ម៉ង ថងឌី មាន​ឳពុក​ម្ដាយ​ជា​ជន​ជាតិ​ភូមា ដែល​បាន​មក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចំណែក​ឯង​ប្អូន​ណង មាន​កំណើត​នៅ​ប្រទេស​ថៃ​ទៀត​ផង។ សព្វ​ថ្ងៃ​ប្អូន​កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ឯ​ខេត្ត​ជៀងម៉ៃ ប្រទេស​ថៃ។

ដោយ​សារ​សមត្ថភាព​របស់​ប្អូន ណង ក្នុង​ការ​ប្រកួត​បត់​យន្តហោះ​ក្រដាស និង​បង្ហោះ​បាន​យូរ​ជាង​គេ​នេះ ប្អូន​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ ហេតុ​ដូច​នេះ​ហើយ​ទើប​ប្អូន​ត្រូវ​ជាប់​ជា​តំណាង​ប្រទេស​ថៃ​ដើម្បី​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន នា​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ។

នៅ​ពេល​ដែល​ត្រួត​ចុះ​ត្រួត​ឡើង ប្អូន​ប្រុស​ស្រាប់​តែ​មិន​អាច​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ជប៉ុន​បាន​ទេ ដោយ​សារ​ប្អូន​មិន​មាន​សញ្ជាតិ​ថៃ​ឡើយ ហេតុ​ដូច​នេះ រដ្ឋការ​ថៃ​មិន​អាច​ចេញ​លិខិត​ឆ្លង​ដែន​ដើម្បី​ឲ្យ​ប្អូន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​បាន​ទេ ដែល​នេះ​វា​ជាប់​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ច្បាប់​របស់​ប្រទេស​ថៃ។

គ្រប់​គ្នា​មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ប្អូន​ប្រុស ម៉ង ក្រុម​សភា​មេធាវី​របស់​ប្រទេស​ថៃ​កំពុង​ស្វះ​ស្វែង​រក​វិធី​ដើម្បី​ឲ្យ​ប្អូន​ប្រុស​បាន​ចេញ​ទៅ​បង្ហាញ​ស្នាដៃ និង​ក្ដី​សង្ឃឹម​របស់​ប្អូន​នៅ​ប្រទេស​ជប៉ុន។ ព្រឹក​មិញ​នេះ ប្អូន ម៉ង ថងឌី បាន​មក​បាងកក​ជួប​ជាមួយ​តំណាង​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រម​ជាមួយ​គ្រូ​របស់​ប្អូន​ដែរ តែ​លទ្ធផល​មិន​មាន​ភាព​វិជ្ជមាន​ទេ ដោយ​សារ​ដូច​ប្រការ​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្អូន​ប្រុស ម៉ង បាន​ជូន​ពរ​អ្នក​ដែល​ទៅ​ជំនួស​ប្អូន (គឺ​អ្នក​ដែល​ទទួល​បាន​លេខ​២) ឲ្យ​ទទួល​បាន​ជោគជ័យ​សម្រាប់​មុខ​មាត់​ប្រទេស​ថៃ​ផង​ដែរ។ មើល​មុខ​ប្អូន​គួរ​ឲ្យ​អាណិត ម៉ង ព្រម​ទាំង​លោក​គ្រូ​បាន​បង្ហូរ​ទឹក​ភ្នែក​ផង​ដែរ នៅ​ពេល​ដែល​ដឹង​ថា​មិន​អាច​មាន​ដំណោះ​ស្រាយ​ណា​មួយ​អាច​ឲ្យ​ប្អូន​ទៅ​ប្រទេស​ជប៉ុន​បាន​ទេ​នោះ៕


ប្អូន​ប្រុស ម៉ង ថងឌី ក្នុង​ឱកាស​ទទួល​បាន​រង្វាន់​លេខ​១​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ

មើល​ព័ត៌មាន​និយាយ​ពី​ប្អូន ម៉ង ថងឌី ពី​ទូរទស្សន៍​ថៃ

_____________________________________________________
អាន​ផង​ដែរ
១. ម៉ង ថងឌី បាន​ទៅ​ជប៉ុន
២. កុមារ​ភូមា, ម៉ង ថងឌី លើក​កិត្តិយស​ប្រទេស​ថៃ​នៅ​ជប៉ុន

Advertisements
%d bloggers like this: