jump to navigation

បរាភវសូត្រ ថ្ងៃសៅរ៍ 5 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, អំពីសុភ័ក្ត្រ.
9 comments

កកន៖ មុន​នឹង​ចូល​ដេក​យប់​ម្សិល តាំង​នាឡិកា​រោទិ៍​ម៉ោង​៤:៣០, ៥:០០ និង ៥:៣០ ដើម្បី​ងើប​ស្ដាប់​បរាភវសូត្រ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដាក់​បិណ្ឌ​ទី​១​ផង ខាន​ស្ដាប់​ជាង​មួយ​ឆ្នាំ​ហើយ។ ស្រាប់​តែ​ម៉ោង​ប្រមាណ​ជិត​៤ ព្រឹក​មិញ​នេះ ក៏​មិន​ដឹង​ជា​យ៉ាង​ម៉េច​ស្រាប់​តែ​ដឹង​ខ្លួន និង​ខំ​ប្រឹង​បិទ​ភ្នែក​ដេក​វិញ ដេក​មិន​លក់​សោះ។ ចាំ​ច្បាស់​ថា​ដាក់​នាឡិកា​រោទិ៍​ម៉ោង​៤​កន្លះ ពេល​នេះ ច្បាស់​ជា​មិន​ទាន់​ដល់​ម៉ោង​៤​កន្លះ​ទេ ព្រោះ​នាឡិកា​មិន​ទាន់​រោទិ៍​ផង។ ខំ​ដេក​ក៏​ដេក​មិន​លក់ ក៏​ងើប​តែ​ម្ដង​ទៅ មើល​នាឡិកា​​ម៉ោង​ទើប​តែ ០៤:០៤។ ងើប​ហើយ​ក៏​ទៅ​បើក​កុំព្យូទ័រ​ដើម្បី​ស្ដាប់​វិទ្យុ​ពី​ស្រុក​ខ្មែរ។

តាម​ពិត​ទៅ​ក៏​ដឹង​ដែរ​ថា​វា​មិន​ទាន់​ដល់​ម៉ោង​ទេ តែ​ធ្វើ​ម្ដេច​ដេក​មិន​លក់​ទៅ​ហើយ។ ទម្រាំ​តែ​ដល់​វិទ្យុ​ចាក់​បរា គឺ​រហូត​ដល់​ទៅ​ម៉ោង​៥​ភ្លឺ​ឯណុះ។ ខ្ញុំ​ក៏​បាន​ស្ដាប់​ដូច​បំណង​មែន គឺ​ពី​វិទ្យុ​អាស៊ី​អគ្នេយ៍, ចំណែក​ឯវិទ្យុ​រាជធានី​ភ្នំពេញ​១០៣​វិញ មិន​ឮ​ចាក់​ទេ គឺ​បែរ​ជា​ចាក់​បទ​ទេសនា​ធម៌​ទៅ​វិញ រី​វិទ្យុ​បាយ័ន​បើក​មិន​បាន។ មើល​ទៅ​ទំនង​បរា​ចាស់​ៗ ដែល​ខ្ញុំ​បាន​ស្ដាប់​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ គេ​លែង​ចាក់​ហើយ​មើល៍​ទៅ។ បរា ដែល​សូត្រ​ដោយ​សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ អ៊ុម ស៊ុម។ បរា​ដែល​ចាក់​​នៅ​វិទ្យុ​អាស៊ី​អគ្នេយ៍​ព្រឹក​មិញ​នេះ មិន​ដឹង​ជា​គេ​កាត់ ឬ​យ៉ាង​ណា​ទេ គឺ​មិន​មាន​ត្រង់​វគ្គ៖

យើង​ខ្ញុំ​ទាំង​ឡាយ បាន​ដឹង​ជាក់​ស្តែង វិនាស​នេះ​ឯង ព្រោះ​ហេតុ​ដូច្នោះ
ក្តី​វិនាស​នេះ បើ​រាប់​សង្រ្គោះ វិនាស​នោះ​ឈ្មោះ ទី​ (..) ទាន់​ហន់។

ទេ។ ចំណែក​ឯ​វគ្គ​ដែល​ត្រូវ​សូត្រ​ជា​បាលី ចាប់​ពី​វិនាស​ទី​៣ រហូត​មក​ដល់​ទី​៨ ក៏​មិន​ឮ​សូត្រ​ដែរ។ មិន​ដឹង​ជា​គេ​កាត់ ឬ​យ៉ាង​ណា មិន​ច្បាស់​ដែរ។ តែ​យ៉ាង​ហោច​ណាស់​ក៏​បាន​ស្ដាប់​ដែរ និង​បាន​ថត​សំឡេង​ទុក​ទៀត​ផង គ្រាន់​បាន​ស្ដាប់​ពេល​ក្រោយ​ៗ និង​ចែក​ចាយ​ជា​ទាន​នៅ​ទី​នេះ​សម្រាប់​អ្នក​ដែល​ស្នេហា​ព្រះ​ធម៌

សម្រាប់​អ្នក​ដែល​មិន​ដឹង​ថា «បរាភវសូត្រ» ជា​អ្វី? បរាភវសូត្រ គឺ​ជា​ធម៌​​សម្ដែង​នូវ​វិនាស​ទាំង​១២​ប្រការ ដែល​ជា​ការ​​ទូល​សួរ​របស់​ទេព្ដា និង​ការ​ឆ្លើយ​តប​​របស់​ព្រះ​សាស្ដា។ ព្រះ​ធម៌​នេះ ត្រូវ​បាន​ខ្មែរ​យើង​​យក​មក​សូត្រ​ជា​បទ​បឋ្យាវត្ត មាន​ភាគ​អន្លង់​អន្លូច​គួរ​ស្ដាប់​ក្រៃលែង ហើយ​​មាន​សូត្រ​តែ​រង្វង់​ពេល​ព្រឹក​នៃ​ទេសកាល​បិណ្ឌ​ភ្ជុំ​ទាំង​១៥​ថ្ងៃ​នេះ​ទេ។

អត្ថបទ​បរាភវសូត្រ ខាង​ក្រោម​នេះ ខ្ញុំ​បាន​ចម្លង​ចេញ​ពី​គេហទំព័រ khmeros និង​បាន​កែ​សម្រួល​អក្ខរាវិរុទ្ធ​មួយ​ចំនួន ព្រម​ទាំង​លុប​ផ្នែក​ដែល​បាត់​ខ្លះ ដូច​បាន​រៀប​រាប់​ខាង​លើ ដើម្បី​ឲ្យ​សម​ស្រប និង​សំឡេង​សូត្រ ងាយ​ស្រួល​ក្នុង​ការ​ស្ដាប់ សូត្រ​តាម។ សូម​អញ្ជើញ​លោក​អ្នក​ស្ដាប់ និង​អនុមោទនា​ផល​បុណ្យ​រៀង​ៗ​ខ្លួន! សាធុ!ៗ!ៗ!

បរាភវសូត្រ
(បទបឋ្យាវត្ត)

បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ។

យើង​ខ្ញុំ​ទាំង​ឡាយ មក​សូម​ទូល​សួរ នូវ​ហេតុ​ដែល​គួរ ចម្រើន​វិនាស
ប្រុស​ស្រី​ក្នុង​លោ ក​សន្និវាស ដែល​នឹង​វិនាស សាប​សូន្យ​ចាក​គុណ។
ឆ្ពោះ​ព្រះ​គោត្ដម ព្រះ​អង្គ​មាន​បុណ្យ មេត្តា​និមន្ត សម្តែង​ឲ្យ​ទាន
ធម្មជាតិ​ដូច​ម្តេច ដែល​ជា​ប្រធាន នាំ​សត្វ​…ឲ្យ​មាន… សេចក្តី​វិនាស។

សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី… បរាភវោ។

អ្នក​ដែល​ចម្រើន គេ​អាច​ស្គាល់​ងាយ អ្នក​ដែល​អន្តរាយ គេ​អាច​ស្គាល់​ពិត
អ្នក​ប្រាថ្នា​ធម៌ ល្អិត​ល្អ​ក្នុង​ចិត្ត ហើយ​ខំ​ប្រព្រឹត្ត នឹង​បាន​ចម្រើន។
អ្នក​ដែល​ទ្រូស្តធម៌ ស្អប់​ធម៌​ឥត​កើន ឥត​កើន…​ចម្រើន… វិនាស​ទៅ​មុខ។

ឥតិ ហេ…តំ… វិជានាម បឋមោ សោ…បរាភវោ
ទុតិយំ ភគវា ព្រូហិ កឹ…បរា…ភវតោ មុខំ។

 
បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​២ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ
អសតំ ធម្មរោចេតិ តំ… បរា…ភវតោ មុខំ។

អ្នក​ដែល​ស្រឡាញ់ ពេញ​ចិត្ត​សេ្នហា តែ​នឹង​មនុស្ស​ណា អ​សប្បុរស
តែង​មិន​ស្រឡាញ់ ពេញ​ចិត្ត​ទាំង​អស់ នឹង​អ្នក​សប្បរស មក​ធ្វើ​ជា​មិត្រ។
សេចក្តី​ស្រឡាញ់ ពេញ​ចិត្ត​គំនិត ហើយ​ទៅ​គប់​មិត្រ អ​សប្បុរស
គាប់​ចិត្ត​ក្នុង​ធម៌ ឬ​មួយ​របស់ ហេតុ​នោះ​ទាំង​​អស់ នាំ​ឲ្យ​វិនាស។

ឥតិ ហេ…តំ… វិជានាម ទុតិយោ សោ… បរាភវោ
តតិយំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​៣ អ្វី​ជា​ប្រធាន នាំ​សត្វ​…ឲ្យ​មាន (សេចក្តី​វិនាស)។

អ្នក​​ដេក​​ច្រើន​១ និយាយ​ច្រើន​១ និង​អ្នក​ឥត​ព្រួយ ឥត​គិត​ប្រឹង​ប្រែង
អ្នក​ខ្ជិល​ច្រអូស មិន​មាន​ខ្នះ​ខ្នែង ខឹង​ច្រើន​សម្តែង ឲ្យ​គេ​ឃើញ​បាន។
ហេតុធម៌​ទាំង​នោះ មិន​ជា​កល្យាណ នាំ​ឲ្យ​ខក​ខាន ខាត​ខូច​ប្រយោជន៍
មាន​ជា​ប្រធាន តិច​ច្រើន​ដោយ​ហោច នាំ​បង់​ប្រយោជន៍ ហើយ​ឲ្យ​វិនាស។

បពិត្រ​ព្រះ​អង្គ ព្រះនាមភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​៤ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

នរ​ជន​ណា មាន​ទ្រព្យ​ធន​ធាន ហើយ​ខ្លួន​មិន​បាន ចិញ្ចឹម​រក្សា
មាតា​បិតា ដែល​ចាស់​ជរា ហេតុ​នោះ​ទៅ​ជា នាំ​ឲ្យ​វិនាស។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​៥ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

ជន​បញ្ឆោត​ព្រាហ្មណ៍ ឬ​ពួក​សមណៈ ពួក​ស្មូម ឬ​អ្នក​ដទៃ
ដោយ​មុសាវាទ ឃ្លាត​ពាក្យ​ប្រពៃ នោះ​ប្រធាន​នៃ សេចក្តី​វិនាស។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​៦ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

បុរស​អ្នក​មាន ទ្រព្យ​ធន​ធាន​ច្រើន មាស​ប្រាក់​ចម្រើន និង​គ្រឿង​អាហារ
លប​លាក់​របស់ ដែល​ឆ្ងាញ់​ពិសា ស៊ី​ម្នាក់…​ឯង​ជា ប្រធាន​វិនាស។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​៧ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

អ្នក​ដែល​ប្រកាន់ ជាតិ​ទ្រព្យ​ត្រកូល ហើយ​មិន​ប្រមូល សាច់​ញាតិ​សន្តាន
មើល​ងាយ​ញតិ​ខ្លួន ដោយ​អាង​ខ្លួន​មាន នោះ​ជា​ប្រធាន សេចក្តី​វិនាស។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​៨ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

ជន​អ្នក​ប្រព្រឹត្ត ល្បែង​បី​ប្រការ ល្បែង​ស្រី​ល្បែង​ស្រា ល្បែង​ភ្នាល់​ទាំង​ឡាយ
ធ្វើ​ទ្រព្យ​ខ្លួន​មាន ឲ្យ​អន្តរាយ ការ​ល្បែង​ទាំង​ឡាយ នោះ​នាំ​វិនាស។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​៩ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ
ទុស្សតិ បរទារេសុ តំ…បរា…ភវតោ មុខំ។

ប្រុស​មិន​ត្រេក​អរ នឹង​ប្រពន្ធ​ខ្លួន ហើយ​ទៅ​ជាប់​ជួន នឹង​ស្រី​ពេស្យា
ទ្រុស្ត​នឹង​ប្រពន្ធ កូន​ជន​នា​នា ហេតុ​នោះ​ទៅ​ជា នាំ​ឲ្យ​វិនាស។

ឥតិ ហេ…តំ… វិជានាម នវមោ សោ… បរាភវោ
ទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​១០ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិ តំ… បរា…ភវតោ មុខំ។

 
បុរស​មាន​វ័យ ដែល​ចាស់​ហួស​ពេក ហើយ​មាន​តម្រេក ដោយ​ក្តី​តណ្ហា
នាំ​យក​ស្រី​ក្មេង មក​ធ្វើ​ភរិយា ហេតុ​នោះ​ទៅ​ជា នាំ​ឲ្យ​វិនាស។

ឥតិ ហេតំ… វិជានាម ទសមោ សោ… បរាភវោ
ឯកាទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​១១ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ ឋបេតិ តំ… បរា…ភវតោ មុខំ។

បុរស​តាំង​ស្រី អ្នក​លេង​ខ្ជះ​ខ្ជាយ ឬ​ស្រី​ទាំង​ឡាយ តាំង​បុរស​នោះ
ដែល​ជា​អ្នក​លេង ខ្ជះ​ខ្ជាយ​ដូច្នោះ អំពើ​ទាំង​នោះ នាំ​ឲ្យ​វិនាស។

ឥតិ ហេតំ… វិជានាម ឯកាទសមោ សោ… បរាភវោ
ទ្វាទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។

បពិត្រ​ព្រះ​អង្គ ព្រះ​នាម​ភគវ័ន្ត សូម​ទ្រង់​និមន្ត សម្តែង​ឲ្យ​ទាន
វិនាស​ទី​១២ អ្វី​ជា​ប្រធាន នាំ​សត្វ​ឲ្យ​មាន សេចក្តី​វិនាស។

អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ
សោ ច រជ្ជំ បត្ថយតិ តំ… បរា…ភវតោ មុខំ។

ជន​ណា​កើត​ក្នុង ត្រកូល​ជា​ក្សត្រ អ្នក​ក្សត់​សម្បតិ្ត ហើយ​ប្រាថ្នា​ធំ
ចង់​បាន​ជា​ស្តេច សោយ​រាជ្យ​ស្តុក​ស្តម្ភ ហេតុ​នោះ​នឹង​នាំ ឲ្យ​ដល់​វិនាស។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ
អរិយទស្សនសម្បន្នោ ស លោកំ… ភជតេ សិវំ៕

ជន​ជា​បណ្ឌិត គំនិត​ប្រសើរ បាន​ឃើញ​ដំណើរ នៃ​ហេតុ​វិនាស
ដល់​សត្វ​ក្នុង​លោ- ក​សន្និវាស គេច​ពី​វិនាស គប់​រក​ចម្រើន៕

បរាភវសុត្តំ និដ្ឋិតំ
(បរាភវសូត្រ ចប់)

________________________________________________
អាន​ផង​ដែរ
១. ស្អែក​ដាក់​បិណ្ឌ​មួយ
២. ថ្ងៃ​នេះ​បិណ្ឌ​វត្ត​និរោធ
៣. បិណ្ឌ​វត្ត​ចាក់អង្រែ​លើ
៤. ស្អែក​នេះ​ភ្ជុំ​បិណ្ឌ
៥. ថ្ងៃ​នេះ​​ភ្ជុំ​បិណ្ឌ

%d bloggers like this: