jump to navigation

សាវតារ​ត្រកូល «អភ័យវង្ស» ថ្ងៃអាទិត្យ 6 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
23 comments

កកន៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩ នេះ ខ្ញុំបានចុះប្រកាសមួយឈ្មោះថា នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ គឺនាយ ខួង អភ័យវង្ស។ ថ្ងៃនេះ ខ្ញុំសូមលើកប្រកាសមួយទៀត ទាក់ទងនឹងត្រកូលអភ័យវង្សនេះ ដែលជាត្រកូលមួយធ្លាប់គ្រប់គ្រងបាត់ដំបងអស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។ ខ្ញុំបានប្រែអត្ថបទនេះចេញពីភាសាថៃ ឈ្មោះ สกุลอภัยวงศ์។ ប្រកាសនេះ គ្មានបំណងអ្វីក្រៅពីផ្ដល់ជាចំណេះដឹងសម្រាប់ខេមរជន ទាក់ទងបន្ថែមនឹងត្រកូល «អភ័យវង្ស» នេះតែប៉ុណ្ណោះ។ សូមអញ្ជើញអាន។

ត្រកូល «អភ័យវង្ស»

ត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺពញាយមរាជ (បែន) ដែលជាមេទ័ពទី១ របស់សម្ដេចព្រះចៅតាកស៊ីនមហារាជ និងព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក មហារាជ។ នៅក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះចៅតាកស៊ីន ទ្រង់មានព្រះបរមរាជឱង្ការបញ្ជាលើកទ័ពទៅជួយខ្មែរ ពីការរុករានរបស់យួន ដោយព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក នៅគ្រាដែលព្រះអង្គគ្រងព្រះឥស្សរិយយសជា ចៅពញាមហាក្ស័ត្រិយ៍សឹក ជាមេទ័ពធំ ហើយដែលទ្រង់បានសុំខ្លួនពញាយមរាជ (បែន) ទៅជាមួយ ដោយជានាយទាហានថ្វីដៃល្អ។ នៅពេលស្ដេចនាំកងទ័ពទៅដល់ស្រុកកម្ពុជាហើយ ពញាស័គ្គ បានកក្បត់ឡើងនៅក្រុងធនបុរី ចៅពញាមហាក្ស័ត្រិយ៍សឹក ត្រូវប្រញាប់នាំទ័ពត្រឡប់មកវិញ ដើម្បីបង្ក្រាបពួកក្បត់ ចំណែកនៅឯកម្ពុជាវិញបានទុកឲ្យពញាយមរាជ (បែន) ជាអ្នករក្សា។ នៅមិនយូរក្រោយមក នៅពេលស្ដេចបានឡើងសោយរាជ្យសម្បត្តិជាព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាហើយ ចំណែកឯពញាយមរាជ (បែន) ក៏នៅជាប់រាជការឯស្រុកកម្ពុជាដដែរ។

តមក អ្នកអង្គ អេង ព្រះរាជបុត្រាខ្មែរ គ្រានោះនៅមានអាយុត្រឹមតែ៥ខួបនៅឡើយ ជាអ្នកដែលមានសិទ្ធិឡើងសោយរាជ្យសម្បត្តិខ្មែរ ពញាយមរាជ (បែន) គិតថា បើទុកឲ្យនៅទីនោះ នឹងកើតមានការវាយសម្លាប់គ្នាទៀត ទើបឲ្យពញាខ្មែរ និងខុនណាងថៃឃុំខ្លួនអ្នកអង្គ អេង យកមកថ្វាយដល់ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក នៅឯក្រុងរតនកោសិន្ទ្រ ដែលព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វា ក៏បានទ្រង់ទទួលអ្នកអង្គ អេងជារាជបុត្រធម៌ និងមានព្រះបរមរាជឱង្ការ ឲ្យតំឡើងយសរបស់ពញាយមរាជ (បែន) ជាពញាអភ័យភូបេស្ស (បេន) និងឲ្យធ្វើជាអ្នកគ្រប់គ្រងខ្មែរ។

បន្ទាប់ពីនោះ ដោយហេតុផ្នែកការគ្រប់គ្រង ទើបបានមានការបែងការគ្រប់គ្រងដែនដីខ្មែរ ចេះជាមណ្ឌលទាំងអស់៥មណ្ឌល ដោយហៅថា «មណ្ឌលបូព៌ា» គឺមាន៖ ព្រះដំបង, សៀមរាដ្ឋ, ស្រីសោផុន, មង្គលបុរី និងរៈសឺ ដោយទាំងអស់មានឋានៈជាខែត្រ និងដាក់រួមជាចំណុះអាណាចក្រស្យាម ដែលត្រកូលអភ័យវង្សបានទទួលត្រួតត្រាបម្រើផែនដីជាអ្នកគ្រប់គ្រងតរហូតមកដល់រជ្ជសម័យរបស់ព្រះបាទសម្ដេចព្រះចុលចមក្លៅ ចៅយូហួ ក៏ជានាទីរបស់ចៅពញាកថាថនធរណិន្ទ្រ (យា) និងចៅពញាអភ័យភូបេស្ស (ឈុំ អភ័យវង្ស) បិតារបស់នាយ ខួង អភ័យវង្ស នាយករដ្ឋមន្ត្រីទី៤ របស់ថៃ ជាអ្នករក្សាការខុសត្រូវរហូតដល់រាជអាណាចក្រស្យាមបាត់បង់ដែនដីចំណែកនេះទៅឲ្យបារាំងសេស នៅក្នុងព.ស.២៤៥០ (គ.ស.១៩០៧)។ ហេតុដូចនេះ តាំងពីការតវង្សត្រកូលមកពីរជ្ជកាលទី១ រហូតដល់ចុងរជ្ជកាលទី៥ ដែលការផ្សំផ្គុំរវាងត្រកូលថៃ ជាមួយខ្មែររបស់អ្នករួមត្រុកូលអភ័យវង្សនេះ រហូតដល់ថ្នាក់មិនអាចបែងចែកឲ្យបានច្បាស់លាស់។

បុគ្គលក្នុងត្រកូលនេះ ដែលមានឈ្មោះបោះសំឡេង

  • ចៅពញាអភ័យភូបេស្ស (ឈុំ អភ័យវង្ស)
  • ព្រះនាងចៅសុវទនា ព្រះវររាជទេវី
  • លេខា អភ័យវង្ស
  • ហ្មមហ្លួង ពូងរយ អភ័យវង្ស
  • ខួង អភ័យវង្ស
  • ត្រីដាវ អភ័យវង្ស
  • អសវិន អភ័យវង្ស

កកន៖
១. នៅពេលសៀមគ្រប់គ្រងខែត្របាត់ដំបងនេះ សៀមបានផ្លាស់ហៅខែត្របាត់ដំបងជា ខែត្រព្រះដំបង (ថៃ៖พระตะบอง)។ សូមអានប្រកាស រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
២. នៅពេលសៀមគ្រប់គ្រងខែត្រសៀមរាបនេះ សៀមបានផ្លាស់ហៅខែត្រសៀមរាបជា ខែត្រសៀមរាដ្ឋ (ថៃ៖เสียมราฐ) ប្រែថា ទឹកដី ឬរដ្ឋរបស់ស្យាម
៣. ស្រីសោផុន (ថៃ៖ ศรีโสภณ) គឺជាឈ្មោះតំបន់មួយ (សិរីសោភ័ណ្ឌ) ដែលសៀមបានលើកឋានៈជាខែត្រ។ ក្រោយមកខ្មែរបានហៅក្លាយតាមសំនៀងសៀមជា ស៊ីសុផុន។ នៅពេលបាត់ដំបងបានមកខ្មែរគ្រប់គ្រងវិញ ស៊ីសុផុន ឬសេរីសោភ័ណ្ឌ នេះ បានក្លាយជាស្រុកមួយ បច្ចុប្បន្នរាជការខ្មែរបានតំឡើងឋានៈជាក្រុង
៤. សៀមបានលើកស្រុកមង្គលបុរី (ថៃ៖ มงคลบุรี) ជាខែត្រ។ បច្ចុប្បន្នជាស្រុកមួយរបស់ព្រះរាជាណាចក្រកម្ពុជា
៥. រៈសឺ (ថៃ៖ ระสือ) នេះ អ្នកប្រែមិនជ្រាបប្រវត្តិទេ

_____________________________________________________
អានបន្ថែម
១. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
៣. ព្រះអង្គ អេង
៤. ព្រះអង្គ អេង (ចប់)
៥. រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត
៦. History of Battambang
៧. ក្រុងស្យាមចាត់ព្រះរាជពិធីបុណ្យរំលាយព្រះសពអតីតបុត្រីស្ដេចថៃដែលមានឈាមខ្មែរ
៨. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
៩. ពស់ក្បាលពីរ៖ ប៉ុក ផល្គុន ឬ ព្រះពិសេស ពានិជ
១០. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត”
១១. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់
១២. អត្ថបទ​ប្រែ ៖ ខួង អភ័យវង្ស រំឭក​ហេតុការណ៍​បុព្វ​ជន​ភៀស​ខ្លួន​មក​ប្រទេស​សៀម បន្ទាប់​ពី​គ្រប់​គ្រង​ខេត្ត​បាត់ដំបង​​ ៥​រជ្ជកាល ជាង​១១២​ឆ្នាំ

%d bloggers like this: