jump to navigation

ពិភព​លោក​នាំ​គ្នា​ឆ្កួត​នឹង​លេខ ៩ ថ្ងៃពុធ 9 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ, ภาษาไทย, 中文.
11 comments

ថ្ងៃ​នេះ​ទី​៩ ខែ​៩ ឆ្នាំ​​២០០៩ ឬ​ដែល​គេ​នាំ​គ្នា​ផ្អើល និង​៩​ត្រួត​គ្នា (០៩-០៩-០៩) រហូត​ដល់​ប្រទេស​ខ្លះ​នាំ​គ្នា​ឈូ​ឆរ​​ប្រារព្ធ​ពិធី​ផ្សេង​កាល​ពី​ព្រឹក​មិញ​នេះ នៅ​វេលា​ម៉ោង៩, ៩​នាទី​៩​វិនាទី​ទៀត​ផង។

សម្រាប់​លេខ​៩​នេះ ពិភព​លោក​ទាំង​មូល​ តាម​ជំនឿ​ជាតិ​ និង​សាសន៍​ផ្សេង​​ៗ​គ្នា សុទ្ធ​សឹង​តែ​អះអាង​ថា​លេខ​មង្គល​ទាំង​អស់។ ចំពោះ​សាសន៍​ពុទ្ធ​គេ​នាំ​គ្នា​ជឿ​លើ​ឋាន​សួគ៌  ឬ​ឋាន​បរម​សុខ​នោះ​ថា​មាន «៩» ជាន់ ដូច​គ្នា​នឹង​សាសន៍​អ៊ីស្លាម ដែល​ជឿ​ពី​លំហ​លោក​ធាតុ​ទាំង​ «៩» នៅ​ក្នុង​ចក្រវាឡ​ផង​ដែរ ខណៈ​ដែល​សាសន៍​គ្រឹស្ត​ជឿ​លើ​លំដាប់​ថ្នាក់​ទេវតា​ទាំង​​ «៩» ជាន់។

  • លេខ «៩»​ នៅ​ស្រុក​ខ្មែរ

ងាក​មក​មើល​ខេមរ​ប្រទេស​វិញ លេខ «៩» ក៏​ត្រូវ​បាន​ជន​ជាតិ​ខ្មែរ​ចាត់​ទុក​ថា​ជា​លេខ​ខ្ពង់​ខ្ពស់ និង​ជា​លេខ​មង្គល​ជា​អមតៈ​របស់​ព្រះ​ចៅ​ផែន​ដី និង​អ្នក​ដឹក​នាំ​ផង​ដែរ។

ព្រះ​មហាក្ស័ត្រិយ៍​ដែល​ជា​កំពូល​ស្ដេច​របស់​ស្រុក​ខ្មែរ បាន​សាង​សង់​មហា​នគរ​ព្រះ​អង្គ គឺ​ប្រាសាទ​បាយ័ន នៃ​ក្រុង​អង្គរ​ធំ ប្រកប​ដោយ​ជំនឿ​លេខ «៩» ដ៏​អស្ចារ្យ។ រូប​ចម្លាក់​ព្រះ​ពោធិសត្វ​អវលោកិតេស្វរ​ ព្រះ​ភ័ក្ត្រ​៤ បែរ​ទៅ​ទិស​ទាំង​៤ ដែល​ទ្រង់​បាន​សាងសង់​នៅ​ប្រាសាទ​បាយ័ន​នោះ គឺ​មាន​កំពូល​សរុប​ទាំង​អស់​៥៤​ឯណោះ។ លេខ​៥៤​នេះ ចេញ​មក​ពី ៥+៤=«៩»។

នៅ​លើ​កំពូល​នីមួយ​ៗ​ដែល​បាន​ឆ្លាក់​ព្រះ​ភ័ក្ត្រ​៤​នោះ បើ​យើង​យក​លេខ​៤ មក​គុណ​នឹង​កំពូល​ទាំង​អស់​៥៤ យើង​នឹង​ឃើញ ២១៦​ព្រះ​ភ័ក្ត្រ ហើយ​ដែល ២+១+៦=«៩»។

នៅ​តាម​ក្លោង​ទ្វារ​ច្រក​ចូល​មហា​នគរ ទាំង​ផ្នែក​ខាង​ស្ដាំ​ដៃ និង​ខាង​ឆ្វេង​ដៃ គឺ​ម្ខាង​មាន​រូប​ទេវតា​បី​សត្វ​​នាគ​នោះ​ទាំង​អស់​មាន​៥៤​អង្គ (៥+៤=«៩») និង​ម្ខាង​ទៀត គឺ​យក្ខ​ ៥៤ បី​សត្វ​ដែរ (៥+៤=«៩»)។ បើ​យើង​យក ចម្លើយ​ពី​ផ្នែក​ខាង​ស្ដាំ និង​ផ្នែក​ខាង​ឆ្វេង​មក​បូក​បញ្ចូល​គ្នា​នោះ គឺ ៩+៩=១៨ ហើយ​ដែល ១+៨=«៩» ទៀត​!

ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ មាន​ជំនឿ​ខ្លាំង​ណាស់​នឹង​លេខ «៩»​ នេះ ដោយ​អាច​និយាយ​ថា លេខ «៩» គឺ​ជា​លេខ​របស់​ស្ដេច​ផង​ដែរ ដែល​នេះ​គ្មាន​អ្វី​ចំឡែក​ដែល​ព្រះ​មហា​ស្វេតច្ឆត្រ​មាន​ «៩» ជាន់​នោះ។ យ៉ាង​ណា​មិញ លេខ «៩» របស់​ខ្មែរ​មាន​សណ្ឋាន​ និង​លំនាំ​ជា​ព្រះ​ឧណ្ណាលោម របស់​ព្រះ​សម្ពុទ្ធ​ ឬ​ក្សត្រិយ៍ ផង​ទៀត។

រឹត​តែ​អស្ចារ្យ​ទៅ​ទៀត​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ជា​រដ្ឋ​អធិបតេយ្យ​នា​ថ្ងៃ​ទី​ «៩» នា​ឆ្នាំ​១៩៥៣ ឬ​បើ​យើង​យក ១x៩x៥x៣=១៣៥ ឬ ១+៣+៥=«៩»។

សំណង់​វិមាន​ឯករាជ្យ​នា​ក្រុង​ភ្នំពេញ​ ប្រដាប់​ដោយ​នាគ​រាជ្យ​ចំនួន​៥ នៅ​ម្ខាង​ៗ​នៃ​ទិស​ទាំង​៤ ដែល ៥+៤=«៩»។ ទាំង​អស់​នេះ​ជា​ចំណុច​តូច​ៗ​មួយ​ចំនួន​នៃ​ឥទ្ធិពល​លេខ​ «៩» នៅ​ក្នុង​ខេមរ​ប្រទេស។

  • លេខ «៩»​ នៅ​ស្រុក​​ចិន

ងាក​មក​មើល​មហា​យក្ខ​ចិន​វិញ​ម្ដង​។ លេខ​ «៩» សរសេរ​ជា «九» និង​អាន​ថា “ជីវ” គឺ​ជា​លេខ​ដែល​ទាក់​ទង​នឹង​ព្រះ​ចៅ​អធិរាជ​ចិន ដូច​គ្នា​នឹង​ប្រទេស​ខ្មែរ​ដែរ។ ព្រះ​ពស្រ្ត​របស់​អធិរាជ​ចិន​មាន​លម្អ​ទៅ​ដោយ​នាគ​ចំនួន​ «៩» និង​បើ​តាម​​លំនាំ​ព្រេង​និទាន​របស់​ចិន នាគ​មាន​កូន​ទាំង​អស់​ចំនួន «៩»។ បន្ថែម​ពី​នេះ​ទៅ​ទៀត លេខ «៩» នៅ​ក្នុង​ភាសា​ចិន មាន​សទិសសូរ​និង​ពាក្យ «久» ដែល​មាន​ន័យ​ថា “អមតៈ” ផង​ទៀត។

  • លេខ «៩»​ នៅ​ស្រុក​​ថៃ

ប្រទេស​ថៃ​នៅ​ជិត​ខាង​យើង​នេះ ក៏​មាន​ជំនឿ​មិន​ខុស​ពី​ខ្មែរ​ប៉ុន្មាន​ទេ​ចំពោះ​លេខ «៩» នេះ។ ថ្ងៃ​នេះ​ប្រជាជន​ថៃ​នាំ​គ្នា​ប្រារព្ធ​បើក​យុទ្ធនាការ​មួយ​ឈ្មោះ​ថា “៩​ក្នុង​ដួង​ចៃ” ដើម្បី​​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​មហាក្ស័ត្រិយ៍​របស់​គេ ដែល​ជា​ព្រះ​មហាក្ស័ត្រិយ៍ រាមា​ទី «៩» ឬ រជ្ជកាល​ទី «៩»។ ម្យ៉ាង​វិញ​ទៀត លេខ «៩» នៅ​ក្នុង​ភាសា​ថៃ អាន​ថា “កៅ” មាន​សូរ​ដូច​នឹង​ពាក្យ “ก้าว” ដែល​ប្រែ​ថា “ឈាន​ទៅ​មុខ​” ទៀត​ផង។

សរុប​មក​លេខ «៩» ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ក្នុង​ពិភព​លោក ជា​ពិសេស​ថ្ងៃ​នេះ មាន​អស់​ខ្លះ​នាំ​គ្នា​រៀប​អាពាហ៍ពិពាហ៍ និង​រហូត​ដល់​អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​តាម​បែប​វិទ្យាសាស្ត្រ​ចាក់​ថ្នាំ​ឲ្យ​កូន​ចាប់​​កំណើត​នៅ​ថ្ងៃ​នេះ​ទៀត​ផង។

សម្រាប់​ឆ្នាំ​នេះ អ្វី​ដែល​អស្ចារ្យ​នោះ ប្រហែល​ជា ថ្ងៃ​ទី​៩ ឆ្នាំ​នេះ​ចំ​នឹង​ថ្ងៃ​ពុធ ដែល​ភាសា​អង់គ្លេស​និយាយ​ថា «wednesday» ប្រជុំ​ដោយ​តួ​អក្សរ​ទាំង​អស់ «៩» តួ​និង​ខែ​កញ្ញា «September» ដែល​ប្រជុំ​ដោយ​តួ​អក្សរ​ទាំង​អស់ «៩» តួ ផង​ដែរ៕

————————————————————————-
ឯកសារ​យោង

%d bloggers like this: