jump to navigation

អស្ចារ្យ​ណាស់​លោក​បង គៀត ច័ន្ទធុច ថ្ងៃអង្គារ 15 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
22 comments

អាន​ព័ត៌មាន​ពី​ដើម​អម្ពិល​ថ្ងៃ​នេះ​ភ្ញាក់​ខ្លួន​ឲ្យ​ព្រឺត ព័ត៌មាន​ពី​ ព្រះ​គ្រូ គៀត ច័ន្ទធុច ដ៏​ល្បី​ល្បាញ​បរាជិក​ស្រវឹង​ស្រា​ដេញ​វាយ​ព្រះ​សង្ឃ​ដូន​ជី​ពេញ​វត្ត sic

វា​ហួស​ពី​ការ​នឹក​ស្មាន​មិន​ដឹង ប្រសិន​បើ​ព័ត៌មាន​នេះ​ពិត​មែន ដែល​ក្នុង​ឋានៈ​ខ្លួន​មាន​ឋានៈ​ខ្ពង់​ខ្ពស់​រហូត​ដល់​មន្ត្រី​សង្ឃ មាន​ឈ្មោះ​ល្បី​ល្បាញ​មួយ​រូប ប្រពឹត្ត​អំពើ​លាមក​យ៉ាង​នេះ! អស្ចារ្យ​ណាស់​លោក​បង។

ព័ត៌មាន​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​ពី​ព្រះ​សង្ឃ​អង្គ​នេះ ឲ្យ​ដឹង​ថា លោក​អង្គ​នេះ​បរាជិក ដោយ​ខុស​ដ៏​ធ្ងន់​ធ្ងរ​មិន​អាន​អត់​ឱន​បាន​ក្នុង​ព្រះ​ពុទ្ធ​សាសនា ផឹក​សុរា​ស្រវឹង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ប្រើ​អំពើ​ហិង្សា ​ដេញ​វាយ​គេ​ឯង​ទៀត រហូត​ដល់​មាន​គ្រោះ​ថ្នាក់។ លើស​ពី​នេះ​ទៀត​អំពើ​លាមក​នេះ កើត​ឡើង​ក្នុង​រយៈ​កាល​ដែល​ប្រជា​ពុទ្ធ​បរិស័ទ​ខ្មែរ​កំពុង​រួម​គ្នា​កាន់​បិណ្ឌ​ក្នុង​វត្ត។ ពិត​ជា​បាប​កម្ម​ខ្លាំង​ណាស់។

ប្រហែល​ជា​អាង​យស​ អាង​ឋានៈ​ហើយ​ដឹង ក្រោយ​ពី​មាន​ឈ្មោះ​អាចម៍​សេះ​តិច​តួច លោក​បង ច័ន្ទធុច ហ៊ាន​វាចា​​ក្អេង​ក្អាង ថ្លើម​ពាស​មេឃ​រហូត​ពោល​​ពាក្យ​បាត​ផ្សារ គួរ​ឲ្យ​ស្អប់​ខ្ពើម ដេញ​វាយ​គេ​ឯង យក​ឆ័ត្រ​មក​សង្កត់​ក​អាចារ្យ ចំទាល៖

… អញ «ធុច» អញ​ស្ដេច អញ​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ គ្មាន​នរណា​ហ៊ាន​ធ្វើ​អី​អញ​ទេ។ អញ​ខ្លាច​តែ​សម្ដេច ហ៊ុន សែន សម្ដេច​សង្ឃ ទេព វង្ស និង​សម្ដេច​​សង្ឃ នន្ទ ង៉ែត តែ​ប៉ុណ្ណោះ… sic
​​                                                                   ដើម​អម្ពិល

ប្រសិន​បើ​រឿង​អស់​ទាំង​នេះ បាន​កើត​ឡើង​ដូច​ដែល​ដើម​អម្ពិល​បាន​អះអាង​មែន សង្ឃ​អង្គ​នេះ​ពិត​ជា​មិន​ធម្មតា​ឡើយ។ លោក​បង គៀត ច័ន្ទធុច ប្រហែល​ជា​ស្កន់​ចូល ឬ​ថា​ប្រែត​នរក​អវចី​, ប្រែត​ទំនើង ចូល​ក៏​ថា​បាន ក្នុង​គ្រា​រដូវ​បិណ្ឌ​ភ្ជុំ​នេះ! sic

មិន​រាប់​ពី​ទោស​ឧក្រិដ្ឋ​ប្រើ​អំពើ​ហិង្សា​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ក្នុង​សង្គម​ហើយ លោក​បង​យើង​បាន​បរាជិក​​ខុស​ពី​វិន័យ​សង្ឃ​ហើយ ចាំ​មើល​ខាង​អ្នក​មេ​អ្នក​ការ​សាសនា​យើង​ហ៊ាន​ចាត់​វិធាន​អ្វី​ខ្លះ​ចំពោះ​សង្ឃ​អង្គ​នេះ បើ​មើល​ទៅ​ហ៊ាន​អះ​អាង​ថា​មិន​ខ្លាច​នរណា​អី​ទាំង​អស់​នោះ​ផង ក្រៅ​ពី​អាទិទេព​ទាំង​បី​អង្គា​ខាង​លើ។ យ៉ាប់​ហើយ! សាសនា​យើង!

ឥឡូវ​នេះ​មន្ទិល​នៅ​ត្រង់​ថា តើ​បុគ្គល គៀត ច័ន្ទធុច រូប​នេះ​ពិត​ជា​មាន​ចំណេះ​វិជ្ជា​ទស្សន៍ទាយ​អនាគត​ដូច​ដែល​ខ្លួន​បាន​អះអាង​ពី​មុន​មក​ដែរ​ឬ​ទេ? ឬ​មួយ​គ្រាន់​ជា​ការ​បោក​ប្រាស់​មនុស្ស? យ៉ាង​នេះ​មិន​ទោស​ជាន់​លើ​ទោស​ហើយ?

ប្រសិន​បើ​​សង្ឃ​អង្គ​នេះ​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​នេះ​មែន​ចាំ​បាច់​សង្គម​ខ្មែរ ត្រូវ​តែ​ផ្ដន្ទា​ទោស​សង្ឃ​អង្គ​នេះ​ឲ្យ​ខាន​តែ​បាន ដើម្បី​ការពារ​សាសនា​ជាតិ​របស់​យើង ដែល​ប្រជា​ស្ទើរ​ពេញ​មួយ​​ព្រះ​នគរ​គោរព​បូជា​នោះ! បុគ្គល​ធុន​នេះ​ដាច់​ខាត​មិន​ត្រូវ​អត់​ឱន​ឡើយ៕

អាន​ព័ត៌មាន​ពី ដើម​អំពិល

_________________________________________________
អាន​ផង​ដែរ៖
១. ផល​កម្ម​មាន​ពិត?

Advertisements
%d bloggers like this: