jump to navigation

ថ្ងៃ​នេះ​បិណ្ឌ​វត្ត​និរោធ ថ្ងៃពុធ 16 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
5 comments

ធ្មេច​បើក​ៗ ថ្ងៃ​នេះ​បិណ្ឌ​១២​ទៅ​ហើយ បាំង​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ភ្ជុំ​បិណ្ឌ សម្រាប់​ឆ្នាំ​ឆ្លូវ​ ឯក​ស័ក ព.ស.​២៥៥៣ នឹង​ចូល​មក​ដល់។ ថ្ងៃ​នេះ ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ គឺ​ជា​វេន​របស់​ក្រុម​គ្រួសារ​ខ្ញុំ ដាក់​បិណ្ឌ​នៅ​វត្ត​និរោធ​រង្សី។ វត្ត​និរោធរង្សី នេះ​គឺ​ជា​វត្ត​ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ប៉ុន្មាន​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​១។ ពី​សម័យ​ដើម​វត្ត​និរោធ​រង្សី​នេះ ស្ថិត​ក្នុង​វត្ត​មួយ​នៃ​​ព្រះ​អារាម​ហ្លួង​ដែរ។

ជី​ដូន​ខ្ញុំ​នៅ​ពេល​ដែល​លោក​នៅ​មាន​ព្រះ​ជន្ម​នៅ​ឡើយ លោក​តែង​តែ​មក​វត្ត​នេះ​ជា​ប្រចាំ ដើម្បី​សមាទាន​សីល​ជាមួយ​ដូន​ជី និង​តា​ជី​ឯ​ទៀត។ ជី​ដូន​ខ្ញុំ​គឺ​ជា​អ្នក​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​ដ៏​ខ្ជាប់​ខ្ជួន និង​គួរ​ឲ្យ​គោរព​ម្នាក់។

យប់​ម្សិល​មិញ​នេះ អ្នក​ម៉ាក់​របស់​ខ្ញុំ​បាន​ទូរស័ព្ទ​មក (ជាប់​ខ្ញុំ​កំពុង​ទៅ​មើល​កុន​នៅ​ស្យាម រឿង Final Destination 4 ផង អត់​ល្អ​មើល​ទេ ផ្ដាំ​អ្នក​អត់​ទាន់​មើល​មិន​បាច់​ទៅ​មើល​ទេ ខាត​លុយ :D) ប្រាប់​ពី​បិណ្ឌ​ថ្ងៃ​នេះ​នៅ​វត្ត ហើយ​ព្រឹក​មិញ​គាត់​ក៏​​បាន​ផ្ញើ​សារ​មក​ជា​ច្រើន​ផង ទំនង​សប្បាយ​ហើយ​មើល​ទៅ។

និយាយ​ទៅ​កាល​ពី​នៅ​ក្មេង​សប្បាយ​ម្យ៉ាង​ដែរ។ យាយ​របស់​ខ្ញុំ​តែង​តែ​យក​ខ្ញុំ​ទៅ​វត្ត​ជាមួយ (ប្រហែល​ជា​ចៅ​សំណប់​ក៏​មិន​ដឹង ដ្បិត​ខ្ញុំ​ជា​ចៅ​ដំបូង​របស់​គាត់) រដូវ​ដាក់​បិណ្ឌ​នេះ ជា​ទូទៅ នៅ​ពេល​ត្រូវ​ដល់​វេន​អ្នក​ភូមិ​ម្ដុំ​ខ្ញុំ​ម្ដង​ៗ នៅ​ល្ងាច​មួយ​ថ្ងៃ​មុន​វេន​មក​ដល់ យាយ​ខ្ញុំ​រួម​នឹង​​ម្ចាស់​វេន​ទាំង​អស់​ត្រូវ​មក​សូត្រ​មន្ត និង​ស្ដាប់​លោក​សម្ដែង​ធម្ម​ទេសនា ហើយ​យប់​នោះ​ដែរ យាយ​ខ្ញុំ​តែង​តែ​សម្រាក​នៅ​វត្ត​នេះ​ឯង​រហូត​ដល់​ព្រឹក​ស្អែក​ឡើង ដើម្បី​វេរ​ចង្ហាន់​លោក​ជា​កិច្ច​បង្ហើយ​បិណ្ឌ។ សម្រាប់​អ្នក​ដែល​ត្រូវ​វេន​ទាំង​អស់​មក​រួប​រួម​គ្នា មាន​ចង្ហាន់​ពេល​ព្រឹក​ខ្លះ ពេល​ថ្ងៃ​ត្រង់​ខ្លះ និង​រាប់​បាត្រ​ព្រះ​សង្ឃ នាំ​គ្នា​ធ្វើ​បុណ្យ​ទាន​ដោយ​សទ្ធា​ជ្រះ​ថ្លា គួរ​សប្បាយ​ពន់​ពេក​ណាស់។

នឹក​ដល់​រឿង​នេះ ខ្ញុំ​ហាក់​ដូច​ជា​នឹក​ដល់​យាយ​របស់​ខ្ញុំ ប្រសិន​បើ​គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ ម្ល៉េះ​សម​លោក​សប្បាយ​និង​បន្ត​ការ​ធ្វើ​បុណ្យ​ទាន​របស់​គាត់​ទៀត​ណាស់។ សម្រាប់​អ្នក​ម្ដាយ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​មាន​កតញ្ញូតា​ចំពោះ​ម្ដាយ លោក​តែង​តែ​បន្ត​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​លោក​យាយ​ខ្ញុំ និង​អ្នក​មាន​គុណ​ឯ​ទៀត​ៗ​មិន​ដែល​ខក​ខាន​ម្ដង​ឡើយ។ ទោះ​បី​ឆ្នាំ​នេះ ខ្ញុំ​មិន​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​ដោយ​ផ្ទាល់​នៅ​ស្រុក​យើង​ក្ដី ខ្ញុំ​ក៏​សូម​អនុមោទនា​មគ្គផល សទ្ធា​ជ្រះ​ថ្លា​ឧទ្ទិស​កុសល​វេន​បិណ្ឌ​វត្ត​និរោធ​ថ្ងៃ​នេះ ​ជូន​ជី​ដូន​របស់​ខ្ញុំ​សូម​លោក​ជួប​តែ​ស្ថាន​បរម​សុខ​កុំ​បី​ឃ្លាត​ឃ្លា៕

_____________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ស្អែក​ដាក់​បិណ្ឌ​មួយ
២. បរាភវសូត្រ
៣. បិណ្ឌ​វត្ត​ចាក់អង្រែ​លើ
៤. របរ​ក្មេង​ៗ?!
៥. ស្អែក​នេះ​ភ្ជុំ​បិណ្ឌ
៦. ថ្ងៃ​នេះ​​ភ្ជុំ​បិណ្ឌ

%d bloggers like this: