jump to navigation

Repost: ស្ដាប់​លាវ​និយាយ​ពី​កំណើត​ភ្នំពេញ និង​ស្ទឹងត្រែង ថ្ងៃពុធ 23 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in រឿង​និទាន, អំពីស្រុកខ្មែរ, ພາສາລາວ.
5 comments

កកន៖ ប្រកាស​នេះ​បាន​ដាក់​ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៧ ដោយ​ចែក​ចេញ​ជា​បី​ប្រកាស​រួម​នឹង​ភាសា​លាវ​ផង​ដែរ។ ថ្ងៃ​​នេះ ខ្ញុំ​សូម​ដាក់​ជា​ថ្មី​ឡើង​វិញ​រួម​បញ្ចូល​គ្នា ដើម្បី​ងាយ​អាន។

អត្ថបទ​ប្រភេទ​និទាន​ខាង​ក្រោម​នេះ គឺ​ខ្ញុំ​បាន​បក​ប្រែ​ចេញ​ពី​ភាសា​លាវ ដែល​មាន​ចុះ​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី «ພຣະຄຣູຍອດແກ້ວ ໂພນສະເມັກ ອອກເດີນທາງຕໍ່ໄປຍັງປະເທສຂເມຣ» ឬ «ព្រះ​គ្រូ​យ៉ត​កែវ ភូមសៈមេក ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ខ្មែរ» ភាគ​ភាសា​លាវ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ពង្សាវតារ​លាវ និយាយ​ទាក់​ទង​នឹង​ក្រុង​កម្ពុជា។

អ្វី​ដែល​យើង​មិន​ដឹង​ដែល​ដឹង​ឮ​មាន​ពង្សាវតារ​ខ្មែរ​នោះ គឺ​កំណើត​ក្រុង​ភ្នំពេញ​ដែល​កូន​ខ្មែរ​បាន​ដឹង​ឮ​គ្រប់​ៗ​គ្នា​នោះ តាម​ពង្សាវតារ​លាវ គឺ​មាន​ទំនាក់ទំនង​នឹង​ជន​ជាតិ​លាវ​ដែរ គឺ​ព្រះ​គ្រូ​យ៉ត​កែវ ភូមសៈមេក ដែល​លោក​បាន​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ និង​បន្ទាប់​មក​ទៅ​ខែត្រ​ស្ទឹង​ត្រែង។ រឿង​និទាន​ខាង​ក្រោម​នេះ គឺ​និយាយ​ពី​ប្រវត្តិ​កំណើត​ «ភ្នំពេញ» និង «ស្ទឹងត្រែង» តាម​ពង្សាវតារ​លាវ។ សូម​អញ្ជើញ​អាន៖

ພຣະຄຣູຍອດແກ້ວ ໂພນສະເມັກ ອອກເດີນທາງຕໍ່ໄປຍັງປະເທສຂເມຣ
(ព្រះ​គ្រូ​យ៉ត​កែវ ភូមសៈមេក ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ខ្មែរ)

ចាត់​ជូន​ដោយៈ វៀង​សៃ

នា​សប្ដាហ៍​កន្លង​មក យើង​បាន​និយាយ​ដល់ ព្រះ​គ្រូ​យ៉ត​កែវ ភូមិ​សៈមេក ដែល​គ្រប់​គ្នា​បាន​ស្គាល់​ថា “ យ៉ា​គ្រូ​អាចម៍​ក្រអូប” ព្រះ​គ្រូ​បាន​បែង​ចែក​ក្រុម​គ្រួ​សារ​មួយ​ចំនួន ទុក​ឧបដ្ឋាក​ព្រះបរមធាតុ ក្រៅ​ពី​នោះ ក៏​បាន​នាំ​គ្នា​ចុះ​ទៅ​តាម​ដង​ទន្លេ​មេគង្គ ដើម្បី​ទៅ​ដល់​ប្រទេស​ខ្មែរ គេច​ភ័យ​ពី​ការ​ចង​វេន​ចង​កម្ម​ពី​ពួក​មារ​អត់​សីលធម៌​ក្នុង​ខ្លួន ដែល​កំពុង​ធ្វើ​បាន​ញ៉ាំ​ញ៉ី​ប្រជារាស្ត្រ។

នៅ​តាម​ផ្លូវ នៅ​ពេល​ព្រះ​គ្រូឈប់​ស្នាក់​អាស្រ័យ​ទីណា​ តំបន់​ណា ក៏​មាន​ប្រជាជន ដែល​មាន​ចិត្ត​ជ្រះ​ថ្លា​ជាមួយ​លោក ក៏​បាន​នាំ​គ្នា​ទៅ​ជាមួយ​ព្រះ​គ្រូ​ទៅ ភូមិខ្លះ​ទៅ​គ្នា​ពីរ​បី​គ្រួសារ។ នៅ​ពេល​ទៅ​ដល់​ភ្នំ​បន្ទាត់ (ភ្នំ​ដង​រែក?) ខេត្ត​ជាយ​ដែន​ខ្មែរ ដែល​មាន​ជ្រលង​ភ្នំ​អាច​មាន​ផ្លូវ​ចូល​បាន​តែ​មួយ ដែល​មាន​អ្នក​យាម​ដែន​ខ្មែរ រក្សា។ ពួក​គេ​ហាម​ដាច់​ខាត មិន​ឲ្យ​ជនជាតិ​ផ្សេង​ចូល​ទៅ​ទេ។ តែ​ថា នៅ​ខណៈដែល​ព្រះ​គ្រូ​អាចម៍​ក្រអូប ព្រម​ជាមួយ​គ្រួសារ​លាវ​ជា​ច្រើន ដែល​តាម​ព្រះ​គ្រូ​ឆ្លង​ចូល​ទៅ​នោះ គ្មាន​នរណា​មើល​ឃើញ​មនុស្ស​ឆ្លង​ចូល​ទៅ​ទេ សូម្បី​តែ​ម្នាក់ ព្រោះ​ហេតុ​នោះ ពួក​គេ​ទើប​នាំ​គ្នា​ហៅ​ទី​នោះ​ថា “ រួម​បំបាំង​កាយ” មក​ដល់​សព្វ​ថ្ងៃ​នេះ។

ពេល​ដល់​ខេត្ត​ប្រទេស​ឥទ្ទបត្ត ខ្មែរ​ហើយ គ្រួសារ​មួយ​ចំនួន ដែល​នឿយ​ហត់​ខ្លាំង​ពេក ក៏​នាំ​គ្នា​ឈប់​តាំងទី​លំនៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​នៅ​ទៅ​នោះ​ទៅ។ ទី​អាស្រ័យ​នៅ​របស់​ជនជាតិ​លាវ​នោះ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា “ភូមិ​លាវ​ដើម” ឬ “ភូមិ​ថ្លាយ” មក​ទល់​សព្វ​ថ្ងៃ​នេះ។

ចំណែក​គ្រួសារ​ដែល​នៅ​មាន​កម្លាំង​ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​បន្ត​ទៅ​ទៀត​ជាមួយ​ព្រះ​គ្រូ រហូត​ទៅ​ដល់​ជ្រោយ​ចង្វាក (?) ដែល​ខ្មែរ​ហៅ​ថា “ ជ្រោយចង្វា?” ព្រះ​គ្រូ​បាន​យល់​ថា ទី​នោះមាន​សភាព​ធំធេង សម​ស្រប​សម្រាប់​ការ​ចិញ្វឹម​ជីវិត​របស់​ប្រជាជន លោក​ព្រះ​គ្រូ ទើប​ពំនាក់នៅ​ទី​នោះ រួច​កសាង​ចេតិយ៍​អង្គ​មួយ នៅ​លើ​បរិវេណ​ភ្នំ​ដី​មួយ នៅឯ​ជ្រោយ​ចង្វា​នោះ។ នៅ​ពេល​សាង​សម្រេច​ហើយ នៅ​ថ្ងៃ​មួយ មាន​ដូន​ចាស់​ខ្មែរ​ម្នាក់ ឈ្មោះ “ដូន​ភេន” ដែល​ភាសា​លាវ​ហៅ​ថា “តេម” នៅ​ខណៈ​ដែល​ដូន​កំពុង​ងូត​ទឹក​នៅ​ក្នុង​ទន្លេ​នោះ ដូន​បាន​ឃើញ​គល់​ឈើ ដែល​ហូរ​តាម​ទឹក​មក និង​មាន​ពន្លឺ​រស្មី ចេញ​មក​ពី​គល់​ឈើ​នោះ ដូន​ចាស់​បាន​គិត​ថា​ជា​របស់​ចម្លែក ទើប​បាន​នាំ​ទៅ​ថ្វាយ​ដល់​ព្រះ​គ្រូ ភូមសៈមេក ដែល​កំពុង​សាង​ចេតិយ៍នោះ។ ព្រះ​គ្រូ​បន្ទាប់​ពី​បាន​ពិចារណា​ភាវនាធម៌​ហើយ ក៏​ឃើញ​ច្បាស់​ថា វត្ថុ​ដែល​មានរស្មីចេញ​មក​នោះ គឺ​ជា​ព្រះ​សារី​រិកធាតុ​របស់​ព្រះ​ពុទ្ធ​អង្គ​ យ៉ាង​ជាក់​ប្រាកដ។ ហេតុ​ដូច​នេះ​ហើយ ទើប​បាន​សុំ​​បិណ្ឌ​បាត្រដល់​ដូន​ភេន ដែល​បញ្ចេញ​សំឡេង​ជា​ភាសា​ខ្មែរ​ថា “ពេញ” ។ ចំណែក​ខាង​ដូន​ពេញ មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា ក៏​សុំ​​ឲ្យ​ព្រះ​គ្រូ​ទុក​ក្នុង​ចេតិយ៍ និង​ឲ្យ​ឈ្មោះ​​ព្រះ​ចេតិយ៍​​នោះ​ថា “ ធាតុដូនពេញ” ដែល​ក្រោយមក ភ្នំ​ដី​នោះ ទើប​មាន​ឈ្មោះ​ថា “ភ្នំ​ដូន​ពេញ” ។ តែ​ខ្មែរ​ហៅ​ថា​ “ភ្នំ​ពេញ” ដែល​មាន​ន័យ​ថា ភ្នំ​ដូន​ពេញ​នេះ​ឯង។

ដំបូង​ឡើយ លោក​ព្រះ​គ្រូ​តាំង​ចិត្ត​ថា នឹង​តាំង​សំណាក់​នៅ​ទី​ភ្នំ​ពេញ​នោះ ទើប​បាន​ចាប់​ផ្ដើម​សាង​ពុម្ព​ព្រះ​ពុទ្ធ​រូប​ទង់ដែង បាន​ធ្វើ​ពុម្ព​ចាក់​ត្រឹម​ព្រះ​សិរ​ចុះ​មក​ដល់​ព្រះ​ហត្ថ​ខាង​ស្ដាំ នៅ​មិន​ទាន់​បាន​សម្រេច ព្រះ​ចៅ​ក្រុង​បន្ទាយ​ (កកន៖ តាម​ខ្ញុំ​ធ្លាប់​ស្ដាប់​សម្ដេច​សង្ឃ​ ជួន​ ណាត ក្រុង​បន្ទាយ​នេះ គឺ​សម្ដៅ​សម័យ​បន្ទាយ​លង្វែក​នេះ​ឯង សម័យ​នោះ​គេ​ហៅ​ថា​បន្ទាយ​ៗ​នេះ​ឯង) បាន​ជ្រាប​ដំណឹង​ថា មាន​ព្រះសង្ឃ​លាវ​នាំ​ញាតិ​ញោម​ចូល​មក​ក្នុង​ដែន​ខ្មែរ ទើប​ឲ្យ​ពញា​ខ្មែរ​ទៅ​ទារពន្ធ​ក្នុង​មួយ​គ្រួ​៦​បាត។

លោក​ព្រះ​គ្រូ​យល់​ថា ជា​ការ​ធ្វើ​ឲ្យ​ញាតិ​ញោម​ក្ដៅ​ក្រហាយ ទើប​បាន​នាំ​ញាតិ​ញោម​ភៀស​ខ្លួន​ឡើង​មក​តាម​ដង​ទន្លេ​មេគង្គ។ នៅ​ពេក​មកដល់​ភូមិ​មួយ ឃើញ​ថា ជា​ទី​តាំង​ដែល​សមរម្យ ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត របស់​ញាតិ​ញោម លោក​ព្រះ​គ្រូ ទើប​បាន​សាង​វិហារ​ថ្មី​មួយខ្នង នៅ​ពេល​ជិត​សម្រេច​ហើយ ព្រះ​ចៅ​ផែន​ដី​ខ្មែរជ្រាប​ថា ព្រះ​សង្ឃ​លាវ​នៅ​មិនទាន់​ចេញ​ផុត​ពី​ដែន​ខ្មែរ ទើប​ឲ្យ​ទាហាន តាម​មក​រុកកួន។ លោក​ព្រះ​គ្រួ​យល់​ថា មិន​មាន​ភាព​ស្ងប់ ទើប​បាន​នាំ​ញាតិ​ញោម ឡើង​មក​ខាង​ជើង តាម​ដង​ទន្លេ​មេគង្គ មក​ដល់​ភូមិ​មួយ ឃើញ​ថា ជា​ជ័យ​ភូមិដ៏​ល្អ ទើប​នាំ​បរិវារ​ស្នាក់​នៅ​ទី​នោះ ព្រម​ធ្វើ​ពុម្ព​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ គឺ​ពុម្ព​ផ្នែក​ខាង​ក្រោម​ចុះ​មក​ដល់​ព្រះ​ភ្នែន។ នៅ​ពេល​ធ្វើ​ពុម្ព​បាន​សម្រេច​ហើយ ក៏​ឲ្យ​កូន​សិស្ស​ចុះ​ទៅ​អញ្ជើញ​ព្រះ​សិរ ដែល​បាន​ធ្វើ​ពុម្ព​ទុក​នៅ​ឯ​ចេតិយ ភ្នំពេញ ដែល​មិន​ទាន់​បាន​សម្រេច​នោះ​ យក​ឡើង​មក​ភ្ជាប់​គ្នា ទើប​គ្រប់​ជា​អង្គ​ព្រះ​ពុទ្ធ​រូប រួច​ថ្វាយ​ព្រះ​នាម​ថា “ព្រះ​ចៅ​អង្គ​សែន” ព្រោះ​ថា​មាន​ទម្ងន់​មួយ​សែន។ នៅ​ពេល​ព្រះ​ពុទ្ធ​រូប​សាង​សង់​បាន​សម្រេច​ហើយ ក៏​ហែរ​យក​អង្គ​ព្រះ​សែន ឆ្លង​ចូល​ទៅ​ទិស​ខាង​កើត​នៃ​ប៉ាកសេកង និង​ក៏​បាន​នាំ​ញាតិញោម តាំង​ភូមិ​លំនៅ​នៅ​ទី​នោះ។

នៅ​មាន​បុរស​ម្នាក់ ធ្វើ​ចំការ​ត្រសក់​នៅ​ប៉ាកសេកង។ គាត់​ឃើញ​លោក​ព្រះ​គ្រូ ក៏​កើត​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា បេះ​ត្រសក់​ទៅ​ថ្វាយ​លោក និង​សូម​អារាធនា​ឲ្យ​លោកមាន​ព្រះជន្ម​យឺន​យូរ។ លោក​ព្រះ​គ្រូ​ពិចារណា​ឃើញ​ថា ទី​នោះ ត​ទៅ​អនាគត​នឹង​ចម្រើន​ជា​ក្រុង ទើប​បាន​ឲ្យ​ញាតិញោម អញ្ជើញ​ព្រះអង្គ​សែន​ឡើង​ច្រាំង និង​បាន​សាង​វិហារ​មួយ​ខ្នង​ទុក​នៅ​ទី​នោះ។ លោក​ព្រះ​គ្រូ​ឃើញ​ថា បុរស​ដែល​ថ្វាយ​ត្រសក់​នោះ ជា​មនុស្ស​ដែល​មាន​គុណ​សម្បត្តិ​ល្អ ទើប​បាន​តែង​តាំង​គាត់​ជា​ប្រធាន​បរិប័ត្ត​រក្សា ព្រះ​ពុទ្ធ​រូប​អង្គ​សែន​នោះ។ ឲ្យ​ថាវសុទ្ធ ជា​ប្រធាន​ភូមិ ឲ្យ​មើល​សុខ​ទុក្ខ​ញាតិ​ញោម ដែល​តាំង​ភូមិ​លំនៅ ប្រកប​របរ​រក​ស៊ី​ក្នុង​ភូមិ​នោះ។ នៅ​វេលា​ត​មក នៅ​ពេល​ថាវសុទ្ធ ស្លាប់​ទៅ ភូមិ​នោះ ទើប​បាន​ឈ្មោះ​ថា “ភូមិ​សៀង​តេង” (កកន៖ ប្រទេស​លាវ​នៅ​ពេល​នេន​សឹក​ពី​បួស​គេ​ឲ្យ​ឈ្មោះ​ថា សៀង។ ឧ. នេន​ម៉េង សឹក​មក​គេ​ហៅ​ថា​សៀង​ម៉េង។ ចំណែក​លំដាប់​ធំ​ជាង​នេះ​គេ​ហៅ​ថា ទិត ដែល​សមមាត្រ​នឹង​ខ្មែរ​យើង​ដែល​ហៅ​ថា​អណ្ទិត​នោះ​ឯង) និង​ក្លាយ​មក​ជា “ស្រុក​សៀង​តេង” ដែល​បច្ចុប្បន្ន​នេះ​ខ្មែរ​គ្រប់​គ្រង។ (ខ្មែរ៖ ស្ទឹង​ត្រែង?)

ចំណែក​លោក​ព្រះ​គ្រូ នៅ​ពេល​ចាត់​ឲ្យ​ថាវសុទ្ធ​រក្សា​ព្រះពុទ្ធ​រូប​ហើយ ក៏​នាំ​ញាតិ​ញោម​មួយ​ចំនួន ឡើង​មក​តាម​ដង​ទន្លេ​មេគង្គ រហូត​មក​ដល់​កោះ​ខូង ដែល​ខ្ញុំ​នឹង​យក​មក​និទាន​ឲ្យ​ស្ដាប់​នៅ​សប្ដាហ៍​ក្រោយ។ សៈបាយ​ឌី៕

_______________________________________________________
អាន​ផង​ដែរ
១. ស្ដាប់​លាវ​និយាយ​ពី​កំណើត​ភ្នំពេញ និង​ស្ទឹងត្រែង
២. ព្រះ​គ្រូ​យ៉ត​កែវ ភូមសៈមេក ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ខ្មែរ
៣. ត​ចប់

Advertisements
%d bloggers like this: